ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 26/05 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 25/05 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 25/05 12h00 GMT
អាស៊ី

សមុទ្រចិនខាងត្បូង៖​អាមេរិក និង​ចិន​កំពុង​ដំឡើង​សរសៃ ក ដាក់​គ្នា​ជា​ថ្មី

media  
លោកប្រមុខការទូតអាមេរិកចន ឃ៊ែរី និង​សមភាគី​ម៉ុងហ្គោលី​លោក Lundeg Purevsuren Reuters

សង្រ្គាម​ពាក្យ​សម្តី​បាន និង​កំពុង​បន្ត​កើត​មាន​យ៉ាង​ផុសផុល​ជា​ថ្មី​រវាង​ចិន និង​អាមេរិក​ទាក់ទង​នឹង​សមុទ្រចិនខាងត្បូង។ នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ក្នុង​ទីក្រុង​អ៊ូឡង់បាទ័រ ប្រទេស​ម៉ុងហ្គោលី​ថ្ងៃ​អាទិត្យ ទី៥ មិថុនា​នេះ លោក​ប្រមុខ​ការទូត​អាមេរិក​ចន ឃ៊ែរ​បាន​ឆ្លៀត​បរិហារ​លើ​ការ​ពង្រីក​ឥទ្ធិពល​យោធា​របស់​ចិន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ព្រម​ទាំង​ព្រមាន​ចិន​ប្រឆាំង​នឹង​ការ​ញុះញង់។ ការ​ព្រមាន​ចិន​ពី​អាមេរិក​ក៏​មាន​ពី​សំណាក់​រដ្ឋមន្រ្តី​ការពារជាតិ​អាស្តុន កាទ័រ​នៅ​ក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​នៃ​ថ្នាក់រដ្ឋមន្រ្តី​ការពារជាតិ​អាស៊ីប៉ាស៊ីហ្វិក​រៀបចំ​ក្នុង​ប្រទេស​សិង្ហបុរី។ ចិន​បាន​ឆ្លើយ​បក​វិញ​ដោយ​អំពាវនាវ​កុំ​ឲ្យ​អ្នកផ្សេង​លូកដៃ និង​ថា ចិន​មិន​ខ្លាច​ប្រឈម​មុខ​នឹង​បញ្ហា​ទេ។

គោលដៅ​នៃ​ទស្សនកិច្ច​របស់​ប្រមុខ​ការទូត​អាមេរិក​ចន ឃែរី​នៅ​ក្នុង​ប្រទេស​ម៉ុងហ្គោលី​ថ្ងៃ​នេះ បាន​បង្កប់​ដោយ​អត្ថន័យ​នយោបាយ​ជាង​អត្ថន័យ​សេដ្ឋកិច្ច។ ការ​ហ៊ាន​និយាយ​យ៉ាង​ដូច​នេះ​ដោយ​គេ​សំអាង​លើ​ទីតាំង​ភូមិសាស្រ្ត​របស់​ប្រទេស​ម៉ុងហ្គោលី​ដែល​ស្ថិត​ចន្លោះ​រវាង​ប្រទេស​មហាយ័ក្ស​កម្មុយនិស្ត​ពីរ គឺ​ចិន និង​រស្ស៊ី។ គួរ​ជម្រាប​ជូន​ថា ម៉ុងហ្គោលី​ជា​អតីត​រដ្ឋ​សហភាព​សូវៀត និង​ដែល​ទើប​ទទួល​បាន​ឯករាជ្យ​នៅ​ក្រោយ​ការ​រលំរលាយ​សហភាព​សូវៀត​ក្នុង​ឆ្នាំ ១៩៩១។ តែ​ក្នុង​រយៈពេល ២៥ឆ្នាំ​កន្លង​ទៅ ម៉ុងហ្គោលី​បាន​ធ្វើ​ដំណើរ​នៅ​លើ​គន្លង​ផ្លូវ​ប្រជាធិបតេយ្យ​ដោយ​បាន​ប្រែក្លាយ​ពី​នយោបាយ​សេដ្ឋកិច្ច​តាម​បែប​សង្គមនិយម​ទៅ​ជា​នយោបាយ​សេដ្ឋកិច្ច​តាម​បែប​មូលធននិយម​យ៉ាង​ឆាប់​រហ័ស។

នៅ​ក្នុង​ន័យ​នេះ លោក​ប្រមុខ​ការទូត​អាមេរិក​ចន ឃែរី​បាន​ថ្លែង​សរសើរ​ម៉ុងហ្គោលី​ពេញ​មាត់​ថា ជា​ប្រទេស​ប្រជាធិបតេយ្យ​ក្មេងខ្ចី​មែន តែ​បាន​បោះ​ជំហាន​ទៅ​មុខ​យ៉ាង​លឿន​គួរ​ឲ្យ​កត់សម្គាល់។ ទន្ទឹម​គ្នា​នេះ លោក​ចន ឃែរី​ក៏​បាន​លើក​ឡើង​ពី​ម៉ុងហ្គោលី​ដែល​ជា​ប្រទេស​កំពុង​បន្ត​ស្ថិត​ក្នុង​សម្ពាធ​រវាង​ចិន និង​រុស្ស៊ី​ក្បែរ​ខាង។ វត្តមាន​របស់​លោក​ចន ឃែរ​ក្នុង​ទឹកដី​ម៉ុងហ្គោលី​បាន​បង្កប់​ដោយ​អត្ថន័យ​ចំនួន​ពីរ ទី១ អាមេរិក​ចង់​លើក​ទឹកចិត្ត គាំទ្រ​ប្រទេស​ប្រជាធិបតេយ្យ​ក្មេងខ្ចី និង​ទី២ អាមេរិក​ចង់​ព្រមាន​ប្រាប់​ចិន រួម​ទាំង​រុស្ស៊ី​កុំ​ឲ្យ​ដាក់សម្ពាធ​នយោបាយ​លើ​ប្រទេស​តូច​ក្បែរ​ខាង​របស់​ខ្លួន។

សូម​ជម្រាប​ជូន​ថា​សព្វថ្ងៃ តម្រូវការ​ប្រេងឥន្ធនៈ​ជាង ៣ភាគ៤ របស់​ម៉ុងហ្គោលី​បាន​នាំ​ចូលពី​ប្រទេស​រុស្ស៊ី ហើយ​ការ​ដោះដូរ​ពាណិជ្ជកម្ម​ប្រមាណ​ជា ៩០% ត្រូវ​បាន​ម៉ុងហ្គោលី​ធ្វើ​ជា​មួយ​ចិន។ ម៉ុងហ្គោលី​មាន​ប្រជាជន​រស់នៅ​ប្រមាណ​ជា ៣លាននាក់ តែ​ជា​ទឹកដី​សម្បូរ​ដោយ​ធនធាន​ធម្មជាតិ ពិសេស​ធនធាន​រ៉ែ​មាស ទង់ដែង និង​អ៊ុយរ៉ាញ៉ូម។ ចំណូល​បាន​មក​ពី​ការ​ធ្វើ​អាជីវកម្ម​លើ​ធនធាន​ធម្មជាតិ​ទាំង​នេះ​បាន​ធ្វើ​ឲ្យ​ម៉ុងហ្គោលី​ទទួល​បាន​កំណើន​សេដ្ឋកិច្ច​រហូត​ដល់​ទៅ ១៧% ក្នុង​ឆ្នាំ ២០១១ តែ​បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក​ដល់​៣% ក្នុង​ឆ្នាំ ២០១៥ ដោយសារ​តម្លៃ​លោហធាតុ​ក្នុង​ទីផ្សារ​អន្តរជាតិ​ធ្លាក់​ថ្លៃ​ខ្លាំង​ពេក។

អាមេរិក និង​ចិន​បន្ត​គ្នា​ក្នុង​បញ្ហា​សមុទ្រ​ចិនខាងត្បូង

គឺ​នា​ឱកាស​ដំណើរ​ទស្សនកិច្ច​ក្នុង​ប្រទេស​ម៉ុងហ្គោលី​ថ្ងៃ​នេះ​ដែល​លោក​ប្រមុខ​ការទូត​អាមេរិក​ចន ឃែរី​ឆ្លៀត​វាយប្រហារ​ចិន​នៅ​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង។ លោក​ចន ឃែរី​បាន​ចាត់​ទុក​ការ​បង្កើត​តំបន់​ការពារ​ផ្លូវអាកាស​របស់​ចិន​នៅ​ពី​លើ​សមុទ្រ​ចិន​ខាង​ត្បូង​ក្នុង​ឆ្នាំ ២០១៣ ថា ជា​ទង្វើ​បង្ក​រឿង និង​ជា​ទង្វើ​បង្ក​ឲ្យ​មាន​អស្ថិរភាព​នៅ​ក្នុង​តំបន់។ ប្រមុខ​ការទូត​អាមេរិក​បាន​ទទូច​ជា​ថ្មី​ឲ្យ​ចិន​បញ្ឈប់​រាល់​វិធានការ​ទាំង​ឡាយ​ដែល​មាន​លក្ខណៈ​ឯកតោ​ភាគី និង​ញុះញង់ ហើយ​ធានា​ជា​ថ្មី​ថា អាមេរិក​មិន​មាន​ចំណែក​នៅ​ក្នុង​ជម្លោះ​ទាមទារ​ទឹកដី​នៅ​ក្នុង​សមុទ្រចិន​ខាង​ត្បូង​ទេ។

ប្រតិកម្ម​ព្រមាន​របស់​អាមេរិក​ចំពោះ​ចិន​ក៏​មាន​ពី​កិច្ចប្រជុំប្រចាំឆ្នាំ​ថ្នាក់រដ្ឋមន្រ្តី​ការពារជាតិ​ក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វិក​ដែល​រៀបចំ​ក្នុង​ប្រទេស​សិង្ហបុរី​ដែរ។ លោក​រដ្ឋមន្រ្តី​ការពារជាតិ​អាមេរិក​អាស្តុន កាទ័រ​បាន​ព្រមាន​ត្រង់ៗ​ថា នយោបាយ​របស់​ចិន​ទាក់ទង​នឹង​សមុទ្រ​ចិន​ខាង​ត្បូង​អាច​នឹង​ទទួល​ប្រតិកម្ម​ពី​អាមេរិក និង​ពី​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់។ តែ​ឧត្តមសេនីយ​ចិន​ស៊ុន ជាំងហ្គួ​ដែល​បាន​ដឹកនាំ​គណៈប្រតិភូ​យោធា​ចិន​ទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នៅ​សិង្ហបុរី​បាន​ឆ្លើយ​បក​វិញ​ថ្ងៃ​នេះ​ថា ក្រុមប្រទេស​ដែល​មិន​ពាក់ព័ន្ធ​ផ្ទាល់​នឹង​ជម្លោះ​គួរ​តែ​ដើរ​តួនាទី​ក្នុង​ន័យ​ស្ថាបនា ពោល​មិនមែន​ក្នុង​ន័យ​ញុះញង់​ទេ។

ឧត្តមសេនីយ​ចិន​រូប​នេះ​ដដែល​បាន​ចង្អុល​ចំ​មុខ​អាមេរិក​ថា ជា​អ្នក​បង្ក និង​ជា​អ្នក​ចិញ្ចឹម​ភាព​តានតឹង​ក្នុង​សំណុំរឿង​សមុទ្រ​ចិន​ខាង​ត្បូង​ដើម្បី​ផលប្រយោជន៍​ផ្ទាល់​ខ្លួន។ ថ្លែង​ក្នុង​ន័យ​ព្រមាន លោក​ឧត្តមសេនីយ​ចិន​ស៊ុន ជាំងហ្គួ​បាន​បញ្ជាក់​ថា ចិន​មិន​ញញើត និង​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ប្រឈម​ទប់​នឹង​គ្រប់​បញ្ហា​ដែល​កើត​មាន​ឡើង​ទាក់ទង​នឹង​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។ ទន្ទឹម​គ្នា​នេះ លោក​ស៊ុន ជាំងហ្គួ​ក៏​ឆ្លៀត​អំពាវនាវ​ឲ្យ​ក្រុមប្រទេស​ពាក់ព័ន្ធ​ផ្ទាល់​នឹង​ជម្លោះ​ចូលរួម​ដោះស្រាយ​បញ្ហា​ផ្ទាល់​ជាមួយ​ចិន​តាម​ផ្លូវ​សន្តិវិធី​ដែរ។

សូម​ជម្រាប​ជូន​ថា សង្រ្គាមពាក្យ​សម្តី​រវាង​អាមេរិក និង​ចិន​ពេល​នេះ​បាន​កើត​មាន​ឡើង មួយ​ថ្ងៃ​មុន​អាមេរិក និង​ចិន​បើក​ជំនួប​កិច្ចសន្ទនា​យុទ្ធសាស្រ្ត និង​សេដ្ឋកិច្ច​ប្រចាំ​ឆ្នាំ​​នៅ​ថ្ងៃ​ចន្ទ និង​ថ្ងៃ​អង្គារ ទី៧ មិថុនា​ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន។ ជំនួប​ដែល​គេ​មើល​ឃើញ​ថា នឹង​គ្រប​ដណ្តប់​ដោយ​បញ្ហា​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។

អាមេរិក​មិន​ចង់​ទុក​ចិន​ឲ្យ​សោយរាជ្យ​ម្នាក់​ឯង​នៅ​អាស៊ី
អាមេរិក​មិន​មាន​ជាប់​ពាក់ព័ន្ធ​ផ្ទាល់​នឹង​ជម្លោះ​ទឹកដី​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​មែន តែ​អាមេរិក​ក្នុង​នាម​ជា​មហាអំណាច​ម្នាក់ និង​តែង​តាំង​ខ្លួន​ជា​បិតា​ប្រជាធិបតេយ្យ​ក្នុង​លោក​ក៏​មិន​ចង់​ឃើញ​ចិន​ក្រសោប​យក​តំបន់​អាស៊ី​តែ​ម្នាក់​ឯង​ទេ។ តំបន់​អាស៊ី​ដែល​រដ្ឋបាល​អាមេរិក​របស់​លោក​អូបាម៉ា​ក៏​បាន​ចាត់​ទុក​ជា​តំបន់​អាទិភាព​នៅ​ក្នុង​នយោបាយ​ការបរទេស​របស់​ខ្លួន​ដែរ។ ក្តីបារម្ភ​របស់​ទីក្រុង​វ៉ាស៊ីនតោន​មាន​ពីរ​ទាក់ទង​នឹង​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ដែល​ចិន និង​បណ្តាប្រទេស​អាស៊ាន​មួយ​ចំនួន​កំពុង​បន្ត​ប្រឈម​មុខ​ដាក់​គ្នា ទី១ មក​អាមេរិក​មិន​ចង់​ទុក​បណ្តោយ​ឲ្យ​ចិន​បន្ត​ពង្រីក​ឥទ្ធិពល​សេដ្ឋកិច្ច និង​យោធា​តែ​ម្នាក់​ឯង​នៅ​ក្នុង​តំបន់ និង​ទី២ មក​ពី​អាមេរិក​ខ្លាច​ចិន​ចូល​កាន់កាប់​ផ្តាច់មុខ​លើ​តំបន់​ក្នុង​សមុទ្រ​ចិន​ដែល​ជា​តំបន់​យុទ្ធសាស្រ្ត​នៃ​ពាណិជ្ជកម្ម​ផ្លូវសមុទ្រ​អន្តរជាតិ។

កន្លង​មក និង​ដើម្បី​បង្ហាញ​សាច់ដុំ​ដាក់​ចិន អាមេរិក​បាន​បញ្ជូន​នាវាចម្បាំង និង​យន្តហោះ​​ទៅ​ក្នុង​តំបន់​ដើម្បី​បញ្ជាក់​ពី​វត្តមាន​របស់​ខ្លួន​លើ​ផ្ទៃទឹកសមុទ្រ និង​ដែនអាកាស​អន្តរជាតិ​ដែល​ជា​កម្មសិទ្ធិ​រួម​ទាំង​អស់​គ្នា។ ទន្ទឹម​គ្នា​នេះ ទង្វើ​របស់​អាមេរិក​ក៏​ដើម្បី​បង្ហាញ​ពី​ការ​គាំទ្រ​ចំពោះ​ប្រទេស​មាន​ជម្លោះ​ជាមួយ​ចិន ដូច​យ៉ាង​វៀតណាម ម៉ាឡេស៊ី ព្រុយណេ និង​ហ្វីលីពីន​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ដែរ។ ដូច្នេះ​ឃើញ​ថា សង្រ្គាមពាក្យ​សម្តី​រវាង​អាមេរិក និង​ចិន​ហាក់​ដូច​ជា​កំពុង​ឡើង​តានតឹង​គ្មាន​ថ្ងៃ​បញ្ចប់ និង​ដែល​គ្មាន​នរណា​ម្នាក់​ហ៊ាន​ប្រមើលមើល​ថា តើ​វា​នឹង​ត្រូវ​បញ្ចប់​តាម​មធ្យាបាយ​អ្វី​ទេ ព្រោះ​មក​ទល់​ពេល​នេះ គឺ​មាន​តែ​ការ​ចោទ​ដាក់​គ្នា​ទៅ​វិញ ទៅ​មក៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ