អានតួអត្ថបទ
បង់ក្លាដែស

បង់ក្លាដែស៖​ញត្តិ​របស់​អ្នកកាន់​សាសនា​អ៊ីស្លាម​ប្រឆាំង​នឹង​ភេរវនិយម

នៅ​ក្នុង​ប្រទេស​បង់ក្លាដែស អ្នកកាន់​សាសនា​អ៊ីស្លាម​ចំនួន ១០ម៉ឺននាក់​បាន​ចុះ​ហត្ថលេខា​លើ​ញត្តិ​មួយ​ផ្តន្ទាទោស​ភេរវនិយម។ គឺ​ក្រុមប្រឹក្សា​សាសនា​អ៊ីស្លាម​ជា​អ្នក​ផ្តួចផ្តើម​គំនិត​រៀបចំ​ញត្តិ​មួយ​នេះ និង​ដែល​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​បង់ក្លាដែស​បាន​ស្គាល់​កំណើន​ឃាតកម្ម​សម្លាប់​អ្នក​កាន់​សាសនា​ហីណ្ឌូ និង​អ្នក​កាន់​សាសនា​គ្រិស្ត ហើយ​ជាទូទៅ ទង្វើ​ឃាតកម្ម​នេះ​ត្រូវ​បាន​ប្រកាស​ទទួល​ស្គាល់​ដោយ​អង្គការ​អាល់កៃដា និង​អង្គការ​រដ្ឋអ៊ីស្លាម។ គិត​តាំង​ពី ៣ឆ្នាំ​កន្លង​ទៅ ទង្វើ​ឃាតកម្ម​ប្រភេទ​នេះ​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ប្រមាណ ៥០នាក់។

វិហារសាសនា​អ៊ីស្លាម​ក្នុង​ប្រទេស​បង់ក្លាដែស
វិហារសាសនា​អ៊ីស្លាម​ក្នុង​ប្រទេស​បង់ក្លាដែស STR / AFP
ផ្សាយពាណិជ្ជកម្ម

គឺ​នៅ​ថ្ងៃ​សៅរ៍ ទី១៨ មិថុនា​ដែល​ញត្តិ​ចុះ​ហត្ថលេខា​ដោយ​មន្រ្តី​សាសនា​អ៊ីស្លាម​នៅ​បង់ក្លាដែស​ចំនួន ១០ម៉ឺននាក់​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ និង​ដែល​មាន​គោលដៅ​ទប់​ស្កាត់​កុំ​ឲ្យ​អ្នក​កាន់​សាសនា​អ៊ីស្លាម​ខ្លះ​ជឿ និង​ផ្តាច់​ខ្លួន​ទៅ​ចូល​រួម​ជាមួយ​ក្រុម​ជ្រុលនិយម រួច​ដើរ​បង្ក​ភេរវកម្ម​សម្លាប់​ពលរដ្ឋ​ស្លូតត្រង់ ពិសេស​អ្នក​កាន់​សាសនា​ផ្សេង ​ក្រៅ​ពី​អ៊ីស្លាម។ បន្ទាប់​មក ញត្តិ​ដែល​មាន​លក្ខណៈ​ជា​សារ​សន្តិភាព​មួយ​នេះ​នឹង​ត្រូវ​គេ​យក​ទៅ​ផ្សព្វផ្សាយ​នៅ​តាម​សាលារៀន​សាសនា​អ៊ីស្លាម​ដើម្បី​ចូលរួម​ជួយ​ដាស់តឿន​កូនសិស្ស​ប្រុសស្រី​ដែល​កំពុង និង​មាន​បំណង​ទៅ​ចូលរួម​ជាមួយ​ពួក​ជ្រុលនិយម។

បន្ទាប់​មក​ទៀត ញត្តិ​ដដែល​នេះ​ក៏​នឹង​ត្រូវ​យក​ទៅ​ផ្សព្វផ្សាយ​តាម​មធ្យោបាយ​ឃោសនា​មហាជន និង​បណ្តាញ​សង្គម​ផ្សេងៗ​ដើម្បី​ប្រឆាំង​នឹង​នយោបាយ​ជ្រើសរើស​ពួកជីហាត​តាម​អ៊ីធ័រណែត​របស់​អង្គការ​ភេរវនិយម ដូច​យ៉ាង​អាល់កៃដា និង​អង្គការ​រដ្ឋអ៊ីស្លាម។ មន្រ្តី​ហត្ថលេខី​ទាំង ១០ម៉ឺន​នាក់​បាន​សម្គាល់​ឃើញ​ថា នយោបាយ​ជ្រើសរើស​សមាជិក​ជីហាត​តាម​អ៊ីនធ័រណែត​នៅ​បង់ក្លាដែស​របស់​អង្គការ​ភេរវនិយម​កំពុង​កើន​ឡើង​ខ្លាំង និង​មាន​ប្រសិទ្ធិភាព​ខ្ពស់។

ក្រៅ​ពី​ប្រើ​មធ្យោបាយ​គ្រប់បែប​យ៉ាង​ដើម្បី​ផ្សព្វផ្សាយ​ញត្តិ​របស់​ខ្លួន​ឲ្យ​បាន​ទូលំទូលាយ ក្រុមប្រឹក្សា​សាសនា​អ៊ីស្លាម​ក៏​បាន​ស្នើ​ឲ្យ​មាន​ការ​រួម​ចំណែក​ផ្សព្វផ្សាយ​ពី​រដ្ឋាភិបាល​ដែរ។ សូម​ជម្រាប​ជូន​ថា ញត្តិ​របស់​ក្រុមប្រឹក្សា​សាសនា​អ៊ីស្លាម​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​បង់ក្លាដែស​បាន​ស្គាល់​កំណើន​ឃាតកម្ម​សម្លាប់​អ្នកកាន់សាសនា​ផ្សេង​ក្រៅ​ពី​អ៊ីស្លាម ដូច​យ៉ាង​សាសនា​ហិណ្ឌូ និង​សាសនា​គ្រិស្ត ហើយ​ទង្វើ​ឃាតកម្ម​នេះ​ត្រូវ​បាន​ប្រកាស​ទទួល​ស្គាល់​ដោយ​អង្គការ​ភេរវនិយម​អាល់កៃដា និង​អង្គការ​រដ្ឋអ៊ីស្លាម។

ក្នុង​រយៈពេល​ក្រោយ​នេះ និង​ដើម្បី​ទប់ស្កាត់​កំណើន​ឃាតកម្ម កម្លំាង​ប៉ូលិស​បាន​ចេញ​​ប្រតិបត្តិការ​បោសសំអាត​ដោយ​ចាប់​មនុស្ស​សង្ស័យ​បាន​ជាង ១១ ០០០នាក់។ ក្រុម​គណបក្សប្រឆាំង​បាន​ចោទ​រដ្ឋាភិបាល​ពី​បទ​យក​លេស​ប្រឆាំង​នឹង​ឃាតកម្ម​ដើម្បី​បំបិតមាត់​ពួក​ប្រឆាំង។ ចំណែក​អង្គការ​ក្រៅរដ្ឋាភិបាល​បាន​យល់​ឃើញ​ថា រដ្ឋាភិបាល​ត្រូវ​តែ​ចាត់​វិធានការ​ប្រយុទ្ធប្រឆាំង​នឹង​កំណើន​ឃាតកម្ម តែ​បាន​បរិហារ​ពី​ការ​ឃាត់​មនុស្ស​ភាគ​ច្រើន​ដោយ​គ្មាន​ភស្តុតាង​ច្បាស់លាស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ