អានតួអត្ថបទ
ចិន-អំពើពុករលួយ

មនុស្ស​ជំនិត​ម្នាក់​​របស់​អតីត​ប្រធានាធិបតី​ហ៊ូជីនតាវ​​​ត្រូវ​តុលាការ​​កាត់​ទោស​​ដាក់​​គុក​​អស់​​មួយ​​ជីវិត​​

លោក​ Ling Jihua ​ទីប្រឹក្សា​ជំនិត​មួយ​រូប​របស់​អតីត​​ប្រធានាធិបតី​ចិន ហ៊ូជីនតាវ ​ត្រូវ​បាន​តុលាការ​​កាត់​ទោស​​ដាក់​​ពន្ធនាគារ​​អស់​​មួយ​ជីវិត​​ពី​​បទ​​ប្រព្រឹត្ត​​អំពើ​ពុក​​រលួយ​​​លួច​យក​ព័ត៌មាន​​​​សម្ងាត់​​របស់​​រដ្ឋ​​ដោយ​​ខុស​​ច្បាប់​​និង​​ការ​​រំលោភ​​អំណាច​​-នេះ​​បើ​​យោង​តាម​​ការ​ផ្សាយ​​រ​បស់​​ទូរទស្សន៍​​រដ្ឋ​​ចិន​​CCTV នៅ​ថ្ងៃ​ចន្ទ​​៤​កក្កដា។​ 

លោក Ling Jihua ក្នុងខែមីនា ២០១៣​ នៅទីក្រុង​ប៉េកាំង​.
លោក Ling Jihua ក្នុងខែមីនា ២០១៣​ នៅទីក្រុង​ប៉េកាំង​. REUTERS/Jason Lee/File Photo
ផ្សាយពាណិជ្ជកម្ម

លោក ​Ling Jihua ត្រូវ​អស់​បុណ្យស័ក្តិប​ន្ទាប់ពី​ការ​លេច​ធ្លាយ​រឿង​អាស្រូវ​មួយ​ក្រោយពីការ​ស្លាប់​កូន​ប្រុស​របស់​គាត់​កាលពី​ខែ​មីនា​ឆ្នាំ​២០១២​ក្នុង​គ្រោះថ្នាក់​រថយន្ត។ ក្នុង​​ពេល​​មាន​គ្រោះថ្នាក់​ កូន​​ប្រុស​​​របស់​​លោក Ling បានបើក​រថយន្ត ​ដ៏​ថ្លៃ​​បំផុត​​មួយ​​ម៉ាក Ferrari ដោយ​មាន​​អម​ដំណើរ​ដោយ​យុវនារី​អាក្រាត​ពីរ​រូប។

 
ដោយសារតែ​ការ​លេចធ្លាយ​រឿង​អាស្រូវ​​នេះ​ហើយ បាន​ជា​លោក​ Ling Jihua ​​ខកខាន​លែង​​បាន​​ឈាន​ជើង​​ចូល​ទៅ​ក្នុង​ការិយាល័យ​នយោបាយ​​របស់​គណបក្ស​កុម្មុយនិស្ត​ចិន​នៅ​​​ឆ្នាំ​​២០១២​ដែរ។

ក្នុង​អាយុ​៦០​ឆ្នាំ លោក ​Ling Jihua  បាន​ទទួល​សារភាព​ទោស​​របស់​ខ្លួន​​និង​​បាន​​សំរេចចិត្ត​មិន​​ប្តឹង​តវ៉ា​ទៅ​សាលាឧទ្ធរណ៍​ទេ។ មិនតែប៉ុណ្ណោះ លោក Ling និង​ភរិយា​គាត់ ​​ក៏​បាន​ទទួល​​ស្គាល់​​ទោស​​របស់​ខ្លួន​ដែរ​​ជាអាទិ៍​ការ ​ស៊ី​សំណូកសូកប៉ាន់​ដែល​មាន​ទឹកប្រាក់​ប្រមាណ​​ជា​​៧៧​​លាន​​យ័ន្ត ​ឬ​ ប្រមាណ ជា​១០​លាន​៤​សែន​អឺរ៉ូ​-នេះ​បើ​យោង​តាម​កាសែត​ផ្លូវការ​របស់​ចិន​ដដែល។

ចំណែក​មតិ​សាធារណៈជន​ចិន​វិញ ក៏មាន​ការ​​ទាស់​ចិត្ត​ជា​ខ្លាំងណាស់ ​ដោយបាន​​ចោទ​សួរ​ខ្លួនឯង​ថា តើ​កូន​ប្រុស​របស់​មេ​ដឹកនាំ​​ចិន​នោះ បាន​លុយ​មក​ពី​ណា ​ដើម្បី​អាច​ទិញ​​រថយន្ត​ម៉ាក Ferrari ​តម្លៃ​ជាង​៧០​ម៉ឺន​អឺរ៉ូ​នោះ ?

គួររំលឹកថា លោក Ling Jihua  ​នៅ​ឆ្នាំ​២០០៧ លោក មានឋានៈជា​នាយក​ការិយាល័យ​កិច្ចការ​ទូទៅ​របស់​​គណៈកម្មាធិការ​កណ្តាល​នៃ​គណ​បក្សកុម្មុយនិស្ត​ចិនដ៏មានឥទ្ធិពល​​នោះ បាន​​រំលោភ​អំណាច​របស់​​ខ្លួន​​នា​ពេល​កាន់​កាប់​មុខតំណែងដ៏​ខ្លឺម​នេះ ដើម្បី​លួច​យក​​ព័ត៌មាន​​​សម្ងាត់​​​​របស់រដ្ឋ​​ដោយ​ខុស​ច្បាប់។
 

សូមបញ្ជាក់ថា គណបក្ស​កុម្មុយនិស្ត​ចិន ធ្លាប់​បាន​ជូន​ដំណឹង​កាលពី​ខែ​កក្កដា​ឆ្នាំ​មុន​ អំពី​ការ​ដកហូត​​​លោក Ling Jihua ចេញ​ពី​ជួរ​គណបក្ស​របស់​ខ្លួនដោយសារ​តែ​លោក Ling ​បាន​ជាប់​ចោទ​ពីបទ​បាន​ប្រព្រឹត្ត​បទល្មើស​លើវិន័យ​នយោបាយរបស់រដ្ឋចិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ