អានតួអត្ថបទ
ហ្វីលីពីន-ចិន

លោក​ឌុយទែរតេ៖​ហ្វីលីពីន​ត្រៀម​ខ្លួន​​ដើម្បី​​បើក​កិច្ចសន្ទនា​ជាមួយ​ចិន​ក្នុង​ជម្លោះ​នៅ​សមុទ្រចិន​ខាងត្បូង

នៅ​ក្នុង​ប្រទេស​ហ្វីលីពីន លោក​ប្រធានាធិបតី​ដែល​ទើប​ចូល​កាន់​តំណែង​រ៉ូឌ្រីហ្គោ ឌុយទែរតេ​ធ្វើ​សំណើ​សុំ​បើក​កិច្ចសន្ទនា​ជាមួយ​ចិន​ទាក់ទង​នឹង​សេចក្តីសម្រេចចិត្ត​នា​ពេល​ឆាប់ៗ​ខាង​មុខ​របសឮ​តុលាការ​អាជ្ញាកណ្តាល​អន្តរជាតិ​ស្តីពី​​ជម្លោះ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។ សេចក្តី​សម្រេច​ចិត្ត​ដែល​លោក​ឌុយទែរតេ​មាន​សុទិដ្ឋិនិយម​ថា តុលាការ​ទីក្រុង​ឡាអេ​អាច​នឹង​ផ្តល់​ហេតុផល​ឲ្យ​ខាង​ភាគី​ហ្វីលីពីន។

លោក​ប្រធានាធិបតី​ហ្វីលីពីន​រ៉ូឌ្រីហ្គោ ឌុយទែរតេ
លោក​ប្រធានាធិបតី​ហ្វីលីពីន​រ៉ូឌ្រីហ្គោ ឌុយទែរតេ REUTERS/Romeo Ranoco
ផ្សាយពាណិជ្ជកម្ម

គេ​ត្រូវ​រង់ចាំ​រហូត​ដល់​ថ្ងៃទី១២ កក្កដា​ខាង​មុខ​ទើប​ដឹង​ថា តើ​តុលាការ​អាជ្ញាកណ្តាល​អន្តរជាតិ​ទីក្រុង​ឡាអេ​នឹង​សម្រេច​យ៉ាង​ម៉េច​ចំពោះ​បណ្តឹង​របស់​ហ្វីលីពីន​ប្តឹង​ចិន​ស្តីពី​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។ តែ​នៅ​ថ្ងៃ​អង្គារ ទី៥ កក្កដា និង​មួយ​សប្តាហ៍​មុន​នឹង​សេចក្តីសម្រេច​របស់​តុលាការ​ក្រុង​ឡាអេ​ធ្លាក់​មក លោក​ប្រធានាធិបតី​ហ្វីលីពីន​រ៉ូឌ្រីហ្គោ ឌុយទែរតេ​បាន​ស្នើ​ទៅ​ចិន​ជា​មុន​ថា ហ្វីលីពីន​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​បើក​កិច្ចចរចា​ជាមួយ​ចិន​លើ​សេចក្តីសម្រេចចិត្ត​នោះ។ សេចក្តី​សម្រេច​ចិត្ត​ដែល​លោក​ឌុយទែរតេ​មាន​សុទិដ្ឋិនិយម​ថា ហ្វីលីពីន​មាន​ប្រៀប​លើ​ចិន។

ខុស​ពី​លោក​អាតីត​ប្រធានាធិបតី​អាគីណូ​ដែល​ជ្រើស​យក​ការ​ប្រឈម​មុខ​ដាក់​ចិន លោក​ឌុយទែរតេ​បាន​បញ្ជាក់​ថា លោក​ចង់​បន្ត​រក្សា​ទំនាក់ទំនង​មិត្តភាព​ជាមួយ​ក្រុង​ប៉េកាំង។ គួរ​ជម្រាប​ជូន​ថា​នៅ​ក្នុង​ជំនាន់​លោក​អាគីណូ ហ្វីលីពីន​បាន​រត់​ទៅ​រក​អាមេរិក​ឲ្យ​ជួយ ដោយ​បាន​ចុះ​ហត្ថលេខា​ជាមួយ​ក្រុង​វ៉ាស៊ីនតោន​លើ​សន្ធិសញ្ញា​ថ្មី​ស្តីពី​វិស័យ​ការពារ និង​បាន​ប្តឹង​ចិន​ទៅ​តុលាការ​អាជ្ញាកណ្តាល​អន្តរជាតិ​ក្រុង​ឡាអេ​ក្នុង​ឆ្នាំ ២០១៣។ ទន្ទឹម​គ្នា​នេះ លោក​អាគីណូ​បាន​បដិសេធ​រាល់​ការ​ចរចា​ដោយ​ផ្ទាល់​ជាមួយ​ចិន​ដែល​លោក​យល់​ថា ហ្វីលីពីន​ចាញ់​ច្រាប​ចិន​រួច​ជា​ស្រេច។

តែ​ចំពោះ​លោក​ឌុយទែរតេ​វិញ លោក​បាន​បើក​ទ្វារ​ចរចា​ជាមួយ​ចិន ព្រម​ទាំង​ត្រៀម​ខ្លួន​ដើម្បី​ចែក​ផលប្រយោជន៍​ធនជាតិ​ធម្មជាតិ​ដែល​មាន​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ជាមួយ​ចិន​ទៀត​ផង។ ចិន​ដែល​នៅ​មិន​ទាន់​បាន​ឆ្លើយ​តប​យ៉ាង​ណា​ចំពោះ​សំណើ​ចរចា​របស់​ហ្វីលីពីន​នៅ​ឡើយ​ទេ។ តែ​ប៉េកាំង​បាន​បញ្ចេញ​ប្រតិកម្ម​តប​នឹង​បទវិចារណកថា​ចុះ​ផ្សាយ​ដោយ​កាសែត​ចិន​ឈ្មោះ Global Times ជា​ភាសា​ចិន និង​អង់គ្លេស​ដែល​ថា ចិន​ត្រូវ​តែ​ត្រៀម​កម្លាំងទ័ព​ធ្វើ​សង្រ្គាម​ទល់​នឹង​អាមេរិក​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង។

តែ​លោក​ហុង ឡី អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​បាន​ថ្លែង​ថា រដ្ឋាភិបាល​ចិន​ចង់​បាន​សន្តិភាព និង​ថា ចិន​នឹង​ធ្វើ​ការ​ជាមួយ​គ្រប់​ប្រទេស​អាស៊ាន​ដើម្បី​រក្សា​សន្តិភាព និង​ស្ថរិភាព​នៅ​ក្នុង​សមុទ្រ​ចិន។ សូម​ជម្រាប​ជូន​ថា ក្នុង​ចំណោម​ប្រទេស​សមាជិក​អាស៊ាន​ទាំង ១០ គឺ​មាន​តែ​វៀតណាម ហ្វីលីពីន ព្រុយណេ និង​ម៉ាឡេស៊ី​ទេ​ដែល​កំពុង​មាន​ជម្លោះ​ជាមួយ​ចិន​នៅ​សមុទ្រ​ចិន​ខាង​ត្បូង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ