អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ជប៉ុន៖​លោក​ស្ហ៊ីនហ្សូ អាបេ​មាន​សម្លេង​គ្រប់គ្រាន់​ក្នុង​ការ​ផ្តើម​មហិច្ឆតា​កំណែទម្រង់​រដ្ឋធម្មនុញ្ញ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​ចន្ទ ទី១១ កក្កដា​នេះ លោក​នាយករដ្ឋមន្រ្តី​ជប៉ុន​ស្ហ៊ីនហ្សូ អាបេ​បាន​បញ្ជាក់​ថា លោក​មាន​បំណង​ផ្តើម​កិច្ចចរចា​ជាមួយ​គណបក្ស​ផ្សេង​ស្តីពី​គម្រោង​កំណែទម្រង់​លើ​រដ្ឋធម្មនុញ្ញ​សន្តិភាពនិយម។ ការ​ថ្លែង​របស់​លោក​អាបេ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​សន្និសីទកាសែត​មួយ បន្ទាប់​ពី​គណបក្ស​សេរីប្រជាធិបតេយ្យ​របស់​លោក និង​គណបក្ស​ដៃគូ​ក្នុង​រដ្ឋាភិបាល​បាន​ទទួល​ជោគជ័យ​ដោយ​ទទួល​បាន​សំឡេង​ភាគច្រើន​លើសលុប​នៅ​​ក្នុង​ការ​បោះឆ្នោត​ព្រឹទ្ធសភា​នា​ថ្ងៃ​អាទិត្យ ទី១០ កក្កដា។ គួរ​រម្លឹក​ជូន​ថា រដ្ឋធម្មនុញ្ញ​ជប៉ុន​បច្ចុប្បន្ន​បាន​ហាម​ជប៉ុន​មិន​ឲ្យ​បញ្ជូន​ទ័ព​ទៅ​ចូលរួម​នៅ​ក្នុង​ប្រតិបត្តិការ​យោធា​ជាមួយ​ប្រទេស​ផ្សេង​ក្នុង​តំបន់ និង​ក្នុង​ពិភពលោក​ទេ ពោល​បាន​ត្រឹម​តែ​ការពារ​ខ្លួន​ឯង​ប៉ុណ្ណោះ។

លោក​​នាយករដ្ឋមន្រ្តី​ជប៉ុន​ស្ហ៊ីនហ្សូ អាបេ
លោក​​នាយករដ្ឋមន្រ្តី​ជប៉ុន​ស្ហ៊ីនហ្សូ អាបេ
ផ្សាយពាណិជ្ជកម្ម

អ្វីៗ​បាន​ចាប់​ផ្តើម​កាល​ពី ៧០ឆ្នាំ​មុន ពោល​នៅ​ថ្ងៃទី១៥ សីហា ឆ្នំា ១៩៤៥ ដែល​ជប៉ុន​បាន​ចាញ់​សង្រ្គាមលោក​លើកទី២ ប្រឈម​មុខ​នឹង​សហរដ្ឋអាមេរិក។ កាល​ណោះ អាមេរិក​ក្នុង​នាម​ជា​អ្នក​ឈ្នះ​សង្រ្គាម​បាន​ចាប់​បង្ខំ​ជប៉ុន​ឲ្យ​បង្កើត​រដ្ឋធម្មនុញ្ញ​មួយ​ដែល​ដាក់​កំហិត​ឲ្យ​ជប៉ុន​មាន​កម្លាំង​ទ័ព​សម្រាប់​តែ​ការពារ​ខ្លួន ពោល​មិន​ចូលរួម​ជាមួយ​កម្លំាងទ័ព​អន្តរជាតិ​នៅ​ក្នុង​តំបន់ ឬ​មួយ​នៅ​ក្នុង​ពិភពលោក។ នយោបាយ​បង្ខិតបង្ខំ​របស់​រដ្ឋបាល​អាមេរិកំាង​លើ​រដ្ឋាភិបាល​ជប៉ុន​ជំនាន់​នោះ​គឺ​ដើម្បី​រារំាង និង​ទប់ស្កាត់​ទីក្រុង​តូក្យូ​កុំ​ឲ្យ​ធ្វើ​ការ​អភិវឌ្ឍន៍​កម្លំាង​យោធា​របស់​ខ្លួន ពិសេស​ទប់​កុំ​ឲ្យ​ជប៉ុន​វិលត្រឡប់​ទៅ​រក​នយោបាយ​យោធានិយម និង​នយោបាយ​វាតទីនិយម​ដូច​មុន​សម័យ​សង្រ្គាមលោក​លើកទី២ ជា​ថ្មី​ឡើង​វិញ។

សូម​រម្លឹក​ជូន​ថា នៅ​មុន​ចាញ់​សង្រ្គាមលោក​លើកទី២ កងទព័​ជប៉ុន​បាន​ចូល​ទៅ​វាតទី​សឹង​តែ​មួយ​ទ្វីប​អាស៊ី​ទំាង​មូល តំាង​ពី​បណ្តា​ប្រទេស​ជាប់​ព្រំដែន​ខ្លួន រហូត​ដល់​បណ្តា​ប្រទេស​ឆ្ងាយ​ពី​ព្រំដែន​ខ្លួន។ តែ ៧០ឆ្នាំ​ក្រោយ​វត្តមាន​រដ្ឋធម្មនុញ្ញ​សន្តិភាពនិយម​មក លោក​នាយករដ្ឋមន្រ្តី​ជប៉ុន​ស្ហ៊ីនហ្សូ អាបេ​ដែល​ជា​អ្នកជាតិនិយម​ម្នាក់​បាន​យល់​ឃើញ​ថា វា​ល្មម​ដល់​ពេល​ដែល​ជប៉ុន​ត្រូវ​ពិនិត្យ ពិចារណា​ឡើង​វិញ​លើ​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ស្ថានការណ៍​ពិភពលោក​សព្វថ្ងៃ​ដែល​ខុស​គ្នា​ឆ្ងាយ​នឹង​ស្ថានការណ៍​កាល​ពី ៧០ឆ្នាំ​មុន។

ពឹង​លើ​កម្លាំង​អ្នកដទៃ​មិនដូច​ពឹង​លើ​កម្លាំងខ្លួន​ឯង

លោក​ស្ហ៊ីនហ្សូ អាបេ​ធ្លាប់​បាន​បង្ហើប​ឲ្យ​ដឹង​ពី​បំណង​ចង់​ធ្វើ​វិសោធនកម្ម​ច្បាប់​រដ្ឋធម្មនុញ្ញ​សព្វថ្ងៃ​តាំង​ពី​ពេល​ដែល​លោក​បាន​វិល​មក​កាន់​តំណែង​នាយករដ្ឋមន្រ្តី​ជប៉ុន​ជាថ្មី​នា​ដំណាច់​ខែ​ធ្នូ ឆ្នំា ២០១២។ ដូច្នេះ​អ្វី​ដែល​លោក​ស្ហ៊ីនហ្សូ អាបេ​បាន​បញ្ជាក់​ជា​ថ្មី​ពេល​នេះ ពិត​ជា​គ្មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ឡើយ។ លោក​ស្ហ៊ីនហ្សូ អាបេ​តែងតែ​រម្លឹក​ម្តង​ជា​ពីរ​ដង​អំពី​មូលហេតុ​ដែល​លោក​ចង់​ធ្វើ​កំណែទម្រង់​ច្បាប់រដ្ឋធម្មនុញ្ញ​សន្តិភាពនិយម​បច្ចុប្បន្ន។ មូលហេតុ​សំខាន់ គឺ​ជប៉ុន​ត្រូវ​ការ​បោះ​ជំហាន​ទៅ​មុខ និង​ប្រឹងប្រែង​កសាង​ប្រទេស​របស់​ខ្លួន​ដោយ​ខ្លួន​ឯង​ឲ្យ​សក្តិសម​ទៅ​នឹង​ស្ថានការណ៍​ពិភពលោក​នៃ​សតវត្សទី២១។

អ្វី​ដែល​លោក​ស្ហីនហ្សូ អាបេ​ចង់​បាន​នោះ គឺ​ការ​ប្តូរ​លក្ខន្តិក​កងទ័ព​ជប៉ុន ពី​កងកម្លាំង​ការពារខ្លួន​មក​ជា​កងទ័ពជាតិ​ពេញ​លក្ខណៈ​ដូច​ប្រទេស​ផ្សេង​ក្នុង​លោក។ សូម​ជម្រាប​ជូន​ថា អាមេរិក​ដែល​ជា​អ្នក​បង្ខំ​ជប៉ុន​ឲ្យ​បំពាក់​រដ្ឋធម្មនុញ្ញ​សន្តិភាពនិយម​បាន​សុខ​ចិត្ត​ជួយ​ការពារ​ជប៉ុន​នៅ​ចំពោះ​គ្រប់​ការ​គំរាមកំហែង​ពី​ខាង​ក្រៅ។ បច្ចុប្បន្ន​នេះ មាន​ទាហាន​អាមេរិក​ចំនួន ៣៨ ០០០នាក់​កំពុង​ឈរ​ជើង​ក្នុង​ទឹកដី​ជប៉ុន។ តែ​បើ​ទោះ​បី​មាន​អាមេរិក​ជួយ​ការពារ​ក៏​ដោយ ក៏​ជប៉ុន​កំពុង​បារម្ភ​ខ្លាំង​ពី​ការ​គំរាម​របស់​កូរ៉េខាងជើង និង​ចិន ពិសេស​ចិន​ដែល​ជប៉ុន​កំពុង​មាន​ជម្លោះ​ដណ្តើម​ទីប្រជុំ​កោះ​សេនកាគុ។

ជប៉ុន​ពិត​ជា​យល់​មិន​ច្រឡំ​ទេ​ថា បើ​ថ្ងៃ​ណា​មួយ​ចិន​ប្រើ​កម្លាំងបាយ​វ៉ៃខ្លួន​ក្នុង​រឿង​ជម្លោះ​ទីប្រជុំ​កោះ​សេនកាគុ​មែន អាមេរិក​ក៏​មិន​ល្ងង់​ទៅ​វ៉ៃ​ចិន​ឆៅៗ​ឡើយ ព្រោះ​អាមេរិក​ក៏​ត្រូវ​គិត​ផលប្រយោជន៍​សេដ្ឋកិច្ច​ដែល​ខ្លួន​មាន​ជាមួយ​ចិន​ដែរ។ ម្យ៉ាង​ទៀត ជប៉ុន​ហាក់​ដូច​ជា​បាន​ដឹង​ខ្លួន​ថា បើ​ខ្លួន​បាន​រងការ​វាយប្រហារ​ដោយ​គ្រាប់មីស៊ីល ឬ​នុយក្លេអ៊ែរ​ពី​កូរ៉េខាងជើង​នៅ​ថ្ងៃ​ណា​មួយ​នោះ តើ​អាមេរិក​អាច​នឹង​ការពារ​ជប៉ុន​បាន ១០០% ឬ​អត់។ លោក​ស្ហ៊ីនហ្សូ អាបេ​ដែល​គេ​ស្គាល់​ថា​ជា​អ្នកជាតិនិយម​បាន​យល់​ច្បាស់ណាស់​ថា ការ​ពឹងពាក់​លើ​អ្នកដទៃ វា​មិនស្រួល និង​មិន​អាច​ជឿទុកចិត្ត​ដូច​ពឹង​លើ​ខ្លួន​ឯង​ទេ។

មាន​ការងារ​ជា​ច្រើន​ដែល​ត្រូវ​ធ្វើ និង​ឧបសគ្គ​ជា​ច្រើន​ដែល​ត្រូវ​ឆ្លងកាត់

ឥឡូវ​នេះ និង​ក្រោយ​ពី​បាន​ទទួល​ជោគជ័យ​ដោយ​ទទួល​បាន​សំឡេង​ភាគច្រើន​លើសលុប​នៅ​​ក្នុង​ការ​បោះឆ្នោត​ព្រឹទ្ធសភា​នា​ថ្ងៃ​អាទិត្យ ទី១០ កក្កដា​មក លោក​អាបេ រួម​ជាមួយ​នឹង​គណបក្ស​ដៃគូ​ក្នុង​រដ្ឋាភិបាល​មាន​សម្លេង​គ្រប់គ្រាន់​ដើម្បី​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ។ តែ​នៅ​មាន​ការងារ​ជា​ច្រើន​ដែល​លោក​ត្រូវ​ធ្វើ និង​មាន​ឧបសគ្គ​ជា​ច្រើន​ដែល​លោក​ត្រូវ​ឆ្លង​កាត់ មុន​នឹង​ឈាន​ដល់​គោលដៅ។ កន្លង​មក លោក​អាបេ​ធ្លាប់​បាន​ប្រាប់​ឲ្យ​ដឹង​ថា លោក​នឹង​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ​ឲ្យ​បាន​មុន​ឆ្នាំ ២០២០។

បន្ទាប់​ពី​បាន​ទទួល​ជោគជ័យ​នៅ​ក្នុង​ការ​បោះឆ្នោត​ព្រឹទ្ធសភា គណបក្ស​សេរីប្រជាធិបតេយ្យ​របស់​លោក​អាបេ រួម​ជាមួយ​គណបក្សដៃគូ​ក្នុង​រដ្ឋាភិបាល​មាន​សម្លេង​គ្រប់​គ្រាន់ គឺ​២ភាគ៣​នៅ​ក្នុង​សភា និង​ព្រឹទ្ធសភា​ដើម្បី​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ។ ក៏​ប៉ុន្តែ វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​មិនមែន​ធ្វើ​នៅ​ត្រឹម​ការ​បោះឆ្នោត​នៅ​ក្នុង​សភា និង​ព្រឹទ្ធសភា​ដោយ​សម្លេង​គាំទ្រ​២ភាគ៣​ប៉ុណ្ណោះ​ទេ តែ​ក៏​នឹង​ត្រូវ​ឆ្លង​ការ​បោះឆ្នោត​ប្រជាមតិ​ផង​ដែរ។ លោក​អាបេ​បាន​បញ្ជាក់​នៅ​ថ្ងៃ​ចន្ទ ទី១១ កក្កដា​នេះ​ថា ការ​សុំ​មតិ​យោបល់​របស់​ប្រជាជន គឺ​ចាំ​បាច់ និង​សំខាន់​ជាង​គេ។

ដូច្នេះ​ឃើញ​ថា មាន​ដំណាក់ការ​ជា​ច្រើន​ដែល​លោក​អាបេ​ត្រូវ​ឆ្លង​កាត់ ព្រោះ​ចូរ​កុំ​ភ្លេច​ថា ទោះ​បី​ជា ៧០ឆ្នំា​បាន​កន្លង​ផុត​ទៅ​ក៏​ដោយ ក៏​គម្រោង​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នៅ​បន្ត​បំផុស​ឲ្យ​មាន​ការខ្វែងគំនិត​គ្នា​យ៉ាង​ខ្លំាង​នៅ​ក្នុង​ចំណោម​អ្នកនយោបាយ ក៏​ដូច​ជា​ប្រជាជន​សាមញ្ញ។ អ្នក​ខ្លះ​យល់​ថា គឺ​រដ្ឋធម្មនុញ្ញសន្តិភាព​និយម​នេះ​ឯង​ដែល​បាន​អនុញ្ញាត​ឲ្យ​ជប៉ុន​រស់ក្នុង​សុខ​សនិ្តភាព និង​មាន​ការ​រីកចម្រើន​ខ្លាំង​មក​ដល់​សព្វថ្ងៃ។ តែ​អ្នក​ខ្លះ​ទៀត​យល់​ថា រដ្ឋធម្មនុញ្ញសន្តិភាពនិយម​សព្វថ្ងៃ​ជា​អន្ទាក់​ទាក់ ក ខ្លួន​ឯង​ទៅ​វិញ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ