អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សមុទ្រចិនខាងត្បូង៖​តុលាការ​ក្រុង​ឡាអេ​សម្រេច​ឲ្យ​ហ្វីលីពីន​ឈ្នះ​ចិន តែ​ចិន​ថា​មិន​ឈឺ​ក្បាល

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​អង្គារ ទី១២ កក្កដា​នេះ តុលាការ​អចិន្រ្តៃយ៍​នៃ​អាជ្ញាកណ្តាល​ដែល​មាន​ទីស្នាក់ការ​ក្នុង​ទីក្រុង​ឡាអេ ប្រទេស​ហូឡង់​បាន​ចេញ​សេចក្តីសម្រេច​ទាក់ទង​នឹង​បណ្តឹង​របស់​ប្រទេស​ហ្វីលីពីន​ដែល​បាន​ប្តឹង​ប្រទេស​ចិន​ក្នុង​ឆ្នាំ ២០១៣ ជុំវិញ​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។ តុលាការ​បាន​សម្រេច​ឲ្យ​ហ្វីលីពីន​ឈ្នះ​ចិន តែ​ចិន​បាន​បញ្ចេញ​ប្រតិកម្ម​ភ្លាមៗ​ដោយ​មិន​ទទួល​ស្គាល់ និង​មិន​គោរព​តាម។

ពលរដ្ឋ​ហ្វីលីពីន​សាទរ​សេចក្តី​សម្រេច​របស់​តុលាការ​​ក្រុង​ឡាអេ​ទាក់ទង​នឹង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង
ពលរដ្ឋ​ហ្វីលីពីន​សាទរ​សេចក្តី​សម្រេច​របស់​តុលាការ​​ក្រុង​ឡាអេ​ទាក់ទង​នឹង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង Reuters
ផ្សាយពាណិជ្ជកម្ម

អ្វី​ដែល​គួរ​បញ្ជាក់​ជូន​ជា​ដំបូង គឺ​ភាព​ខុស​គ្នា​រវាង​តុលាការ​អចិន្ត្រៃយ៍​នៃ​អាជ្ញាកណ្តាល និង​តុលាការ​យុត្តិធម៌​អន្តរជាតិ​ដែល​ទីស្នាក់ការ​កណ្តាល​នៅ​ក្នុង​ទីក្រុង​ឡាអេ ប្រទេស​ហូឡង់​ដូច​គ្នា។ តុលាការ​យុត្តិធម៌​អន្តរជាតិ គឺ​ជា​សា្ថប័ន​តុលាការ​របស់​អង្គការ​អន្តរជាតិ​ពិតៗ រីឯ​តុលាការ​អចិន្រ្តៃយ៍​នៃ​អាជ្ញាកណ្តាល​ក៏​ជា​ស្ថាប័ន​របស់​អង្គការសហប្រជាជាតិ​ដែរ តែ​ជា​ស្ថាប័ន​អាជ្ញាកណ្តាល​ដែល​មាន​សមត្ថកិច្ច​កាត់​សេចក្តី​លើ​ជម្លោះ​ទាក់ទង​នឹង​ដែនសមុទ្រ​ដោយ​ផ្អែក​លើ​អនុសញ្ញា​អង្គការ​សហប្រជាជាតិ​ស្តីពី​ច្បាប់​សមុទ្រ។

តុលាការ​អចិន្រ្តៃយ៍​នៃ​អាជ្ញាកណ្តាល​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ស្ថាប័ន​របស់​អង្គការ​សហប្រជាជាតិ​ដែល​មាន​អាយុកាល​ច្រើន​ជាង​គេ ព្រោះ​វា​បាន​ចាប់​កំណើត​តាំង​ពី​ឆ្នាំ ១៨៩៩ ហើយ​ដែល​ចិន និង​ហ្វីលីពីន​ជា​សមាជិក​ដូច​គ្នា។ ជា​ទូទៅ ដំណើរការ​ជំនុំជម្រះ​នៅ​ក្នុង​តុលាការ​មួយ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​បិទទ្វារ មិន​អនុញ្ញាត​ឲ្យ​អ្នកកាសែត​ចូលរួម​ទេ គឺ​លើកលែង​តែ​មាន​ការ​យល់ព្រម​ពី​ភាគី​ដើមចោទ និង​ចុងចោទ។ កំណត់​សម្គាល់​មួយ​ទៀត តុលាការ​អចិន្រ្តៃយ៍​នៃ​អាជ្ញាកណ្តាល​ទទួល​បណ្តឹង​ពី​គ្រប់​ភាគី​គូបដិបក្ខ​ទាំង​អស់ គិត​ទាំង​រវាង​រដ្ឋ និង​រដ្ឋ រវាង​រដ្ឋ និង​អង្គការ​សាធារណៈ ឬ​អង្គការ​ឯកជន ឬ​មួយ​ក៏​ជម្លោះ​រវាង​ភាគី​ឯកជន និង​ឯកជន។

ប្រភេទ​សំណុំរឿង​ដែល​តុលាការ​អចិន្រ្តៃយ៍​នៃ​អាជ្ញាកណ្តាល​មាន​សិទ្ធិអំណាច​ចាត់ការ

ពិតមែន​តែ​តុលាការ​អចិន្រ្តៃយ៍​នៃ​អាជ្ញាកណ្តាល​មាន​សមត្ថកិច្ច​ក្នុង​ការ​ជំនុំជម្រះ​លើ​ជម្លោះ​ដែនសមុទ្រ​មែន តែ​ស្ថានប័ន​របស់​អង្គការ​សហប្រជាជាតិ​មួយ​នេះ​មិន​មាន​សិទ្ធិអំណាច​ក្នុង​ការ​កាត់​សេចក្តី​លើ​ជម្លោះ​ទាក់ទង​នឹង​ខ្សែព្រំដែន​ទឹក​ទេ។ សិទ្ធិអំណាច​របស់​តុលាការ​អចិន្រ្តៃយ៍​នៃ​អាជ្ញាកណ្តាល​ត្រូវ​បាន​កំណត់​ត្រឹមតែ​ជម្លោះ​ប្រទាញ​ប្រទង់​រវាង​ប្រទេស​ពីរ ឬ​ច្រើន​ទាក់ទង​នឹង​សិទ្ធិ​មួយ​ចំនួន​ដែល​ជាប់​នឹង​ដែនទឹក ទាំង​ផ្នែក​ខាង​លើ និង​ផ្នែក​ខាង​ក្រោម។ សិទ្ធិ​មួយ​ចំនួន​ទាំង​នោះ​រួម​មាន សិទ្ធិ​បង្កើត​តំបន់​សេដ្ឋកិច្ច​ផ្តាច់​មុខ សិទ្ធិ​ក្នុង​ការ​នេសាទ ឬ​មួយ​សិទ្ធិ​ក្នុង​ការ​ធ្វើ​អាជីកម្ម​ផ្សេងៗ​ជា​ដើម។

ជាក់ស្តែង​នៅ​ក្នុង​បណ្តឹង​ចំនួន ១៥ចំណុច​របស់​ហ្វីលីពីន​ដែល​ប្តឹង​ចិន មាន​តែ​ចំណុច​មួយ​ចំនួន​ប៉ុណ្ណោះ​ដែល​តុលាការ​អចិន្រ្តៃយ៍​នៃ​អាជ្ញាកណ្តាល​យក​ទៅ​ពិនិត្យ វិនិច្ឆ័យ ពោល​យក​តែ​ចំណុច​ណា​ដែល​មិនមែន​ជា​ជម្លោះ​ខ្សែព្រំដែនទឹក។ សូម​ជម្រាប​ជូន​ថា មុន​នឹង​រឿងរ៉ាវ​អ្វី​មួយ​ឡើង​ទៅ​ដល់​ដៃ​តុលាការ​អចិន្រ្តៃយ៍​នៃ​អាជ្ញាកណ្តាល មក​ពី​រឿងរ៉ាវ​មួយ​នោះ​មិន​ត្រូវ​បាន​ភាគី​គូបដិបក្ខ​អាច​ដោះស្រាយ​រវាង​គ្នា​បាន។ ជាក់ស្តែង​ដូច​ករណី​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ដែល​ហ្វីលីពីន និង​ចិន​មិន​អាច​ចរចា​ស្វែង​រក​ការ​សម្រុះសម្រួល​គ្នា​បាន។

ដោយឡែក សេចក្តីសម្រេច​របស់​តុលាការ​អចិន្រ្តៃយ៍​នៃ​អាជ្ញាកណ្តាល​ជា​សេចក្តីសម្រេច​មួយ​ដែល​មាន​លក្ខណៈ​បង្ខិតបង្ខំ មាន​ន័យ​ថា ភាគី​ចាញ់​ត្រូវ​តែ​គោរព​តាម។ ទន្ទឹម​គ្នា​នេះ ភាគី​ចាញ់​អាច​ស្នើ​ទៅ​តុលាការ​អចិន្រ្តៃយ៍​នៃ​អាជ្ញាកណ្តាល​ឲ្យ​ពន្យល់​បក​ស្រាយ​លើ​ការ​សម្រេច​ចិត្ត​នោះ។ តែ​ការ​ចាប់​បង្ខំ​ឲ្យ​គោរព​តាម​សេចក្តីសម្រេច​របស់​តុលាការ​អចិន្រ្តៃយ៍​នៃ​អាជ្ញាកណ្តាល​ជា​រឿងពិបាក ហើយ​គេ​ក៏​កម្រ​ឃើញ​មាន​ភាគី​ចាញ់​ណា​មួយ​គោរព​តាម​ណាស់។

តុលាការ​កាត់ក្តី​ឲ្យ​ហ្វីលីពីន​ឈ្នះ​ចិន តែ​ចិន​ថា​មិន​ទទួល​ស្គាល់ និង​មិន​ធ្វើ​តាម

នៅ​ទីបំផុត តុលាការ​អចិន្រ្តៃយ៍​នៃ​អាជ្ញាកណ្តាល​បាន​ចេញ​សេចក្តីសម្រេច​មាន​កម្រាស់ ៤៧៩ទំព័រ​ដោយ​កាត់ក្តី​ឲ្យ​ហ្វីលីពីន​ឈ្នះ​ចិន។ នៅ​ក្នុង​សេចក្តីសម្រេច​ទាំង ៤៧៩ទំព័រ​នោះ តុលាការ​បាន​បញ្ជាក់​ច្បាស់ៗ​ថា ការ​ទាមទារ​របស់​ចិន​នៅ​សមុទ្រចិនខាងត្បូង​មិន​បាន​ផ្អែក​លើ​មូលដ្ឋាន​ច្បាប់​ទេ និង​ថា ទង្វើ​របស់​ចិន​បាន​រំលោភ​លើ​សិទ្ធិអធិបតេយ្យ​របស់​ប្រជាជន​ហ្វីលីពីន នាវា​របស់​ចិន​បាន​ប្រព្រឹត្ត​ទង្វើ​ខុស​ច្បាប់​ជា​ច្រើន​នៅ​ក្នុង​តំបន់ ហើយ​មាន​តំបន់​ខ្លះ​ដែល​ចិន​បាន​ទាមទារ គឺ​ស្ថិត​ក្នុង​ដែនទឹក​របស់​ហ្វីលីពីន​ទៀត​ផង។

ប្រតិកម្ម​ភ្លាមៗ ចិន តាម​រយៈ​ក្រសួង​ការបរទេស​បាន​បដិសេធ​មិន​ទទួល​ស្គាល់ និង​មិន​គោរព​តាម​សេចក្តី​សម្រេច​ចិត្ត​នោះ​ទេ។ ប្រតិកម្ម​របស់​ចិន​របៀប​នេះ​មិន​មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់​ឡើយ ព្រោះ​តាំង​ពី​ថ្ងៃ​ដែល​ហ្វីលីពីន​បាន​ប្តឹង​ចិន​ទៅ​តុលាការ​អចិន្រ្តៃយ៍​នៃ​អាជ្ញាកណ្តាល​ក្នុង​ឆ្នាំ ២០១៣ មក ចិន​បាន​បញ្ជាក់​ជា​ហូរហែ​ដោយ​បដិសេធ​មិន​ចូលរួម​នៅ​ក្នុង​ដំណើរការ​ជំនុំជម្រះ​តាម​បណ្តឹង​របស់​ហ្វីលីពីន ព្រម​ទាំង​លើក​ឡើង​ថា តុលាការ​អចិន្រ្តៃយ៍​នៃ​អាជ្ញាកណ្តាល​មិន​មាន​សមត្ថកិច្ច​ក្នុង​ការ​ជំនុំជម្រះ​លើ​ជម្លោះ​នេះ​ទេ។ ទន្ទឹម​នឹង​ប្រតិកម្ម​មិន​ទទួល​ស្គាល់​សេចក្តីសម្រេច​របស់​តុលាការ ចិន​ក៏​បាន​បញ្ជាក់​ជា​ថ្មី​ពី​សិទ្ធិ​ជា​ប្រវត្តិសាស្រ្ត​របស់​ខ្លួន​នៅ​សមុទ្រចិនខាងត្បូង​ដែល​ចិន​បាន​រក​ឃើញ និង​បាន​ធ្វើ​អាជីវកម្ម​តាំង​ពី​ប៉ុន្មាន​សតវត្ស​មក​ហើយ។

តែ​ស្រប​ពេល​គ្នា​នេះ ចិន​ក៏​បាន​បញ្ជាក់​ជា​ថ្មី​ពី​ការ​ត្រៀមខ្លួន​បន្ត​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី​ជាមួយ​ប្រទេស​ពាក់ព័ន្ធ និង​ដោយ​មិន​ចាំ​បាច់​មាន​អាជ្ញាកណ្តាល។ ចិន​មិន​ឈឺ​ក្បាល​នឹង​ការ​សម្រេច​របស់​តុលាការ​ពេល​នេះ​ជា​រឿង​ដែល​គ្រប់​គ្នា​បាន​រង់ចាំ រួម​ទាំង​ហ្វីលីពីន​ក្នុង​នាម​ជា​អ្នក​ឈ្នះ​ផង។ តែ​យ៉ាង​ហោច​ណាស់ ហ្វីលីពីន​សង្ឃឹម​ថា សេចក្តីសម្រេច​នេះ​នឹង​បង្កើន​គំនាប​ផ្លូវទូត​លើ​ចិន​ឲ្យ​បញ្ឈប់​នយោបាយ​វាតទី​របស់​ខ្លួន។ មួយ​វិញ​ទៀត ហ្វីលីពីន​ក៏​អាច​យក​សេចក្តីស្រេច​នេះ​ធ្វើ​ជា​បច្ច័យ​មួយ​ដើម្បី​មាន​ប្រៀប​ក្នុង​ការ​ចរចា​ជាមួយ​ចិន​នា​ពេល​ខាង​មុខ​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ