អានតួអត្ថបទ
Unesco-អាស៊ី-អប់រំ

Unesco៖​មាន​កុមារ​ជាង ២៦០លាននាក់​ក្នុង​លោក​មិន​បាន​ចូល​សាលារៀន

អង្គការ Unesco ទើប​បាន​ផ្សព្វផ្សាយ​របាយការណ៍​ប្រចាំ​ឆ្នាំ​ស្តីពី​ស្ថានភាព​កុមារ​ក្នុង​លោក។ របាយការណ៍​បាន​ប្រាប់​ឲ្យ​ដឹង​ថា មាន​កុមារ​ជាង ២៦០លាននាក់​នៅ​ទូទាំង​ពិភពលោក​មិន​បាន​ទៅ​សាលារៀន​ទេ ក្នុង​នោះ មាន ១ភាគ៤ ថែម​ទាំង​មិន​បាន​ចូលរៀន​នៅ​សាលាបឋម​សិក្សា​ផង។ ក្រៅ​ពី​តំបន់​អាហ្រ្វិក​សាហារ៉ា​ដែល​កុមារ​មិន​ចូល​សាលា​មាន​អត្រា​ខ្ពស់ អាស៊ីខាងត្បូង​បាន​និង​កំពុង​ក្លាយ​ជា​តំបន់​មួយ​ដែល​មាន​ចំនួន​កុមារ​កាន់​តែ​ច្រើន​ឡើងៗ​មិន​អាច ឬ​ក៏​គ្មាន​លទ្ធភាព​ទៅ​សាលា​ទេ។

Unesco៖​មាន​កុមារ​ជាង ២៦០លាននាក់​ក្នុង​លោក​មិន​បាន​ចូល​សាលារៀន
Unesco៖​មាន​កុមារ​ជាង ២៦០លាននាក់​ក្នុង​លោក​មិន​បាន​ចូល​សាលារៀន REUTERS/Fayaz Aziz
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ចំនួន​កុមារ​ទាំង​ជាង ២៦០លាននាក់​ក្នុង​លោក​ដែល​មិន​បាន​ចូល​សាលារៀន មាន ១ភាគ៣ រស់​ក្នុង​តំបន់​អាស៊ី​ខាងត្បូង ហើយ​គឺ​នៅ​ក្នុង​តំបន់​នេះ​ដដែល​ដែល​មាន​យុវជន​យ៉ាង​តិច​ពាក់កណ្តាល​មិន​បាន​ទៅ​រៀនសូត្រ​នៅ​សាលា​ទេ នេះ​បើ​ផ្អែក​តាម​របាយការណ៍​របស់​អង្គការ Unesco។ ប្រទេស​ក្នុង​តំបន់​អាស៊ី​ខាងត្បូង​ដែល​មាន​អត្រា​កុមារ​មិន​បាន​ចូល​សាលា​ច្រើន​ជាង​គេ គឺ​ឥណ្ឌា ប៉ាគីស្ថាន និង​ប្រទេស​បង់ក្លាដែស។ ឥណ្ឌា​ត្រូវ​បាន​អង្គការ Unesco ចាត់​ចំណាត់ថ្នាក់​ជា​ប្រទេស​ដែល​មាន​យុវជន​រហូត​ដល់​ទៅ ៤៧លាននាក់​មិន​បាន​ចូល​សាលារៀន ពោល​មាន​យុវជន​ម្នាក់​ក្នុង​ចំណោម ២នាក់។

លក្ខណៈ​ពិសេស​មួយ​ទៀត​នៅ​ក្នុង​តំបន់​អាស៊ីខាងត្បូង​ស្តីពី​ការ​អប់រំ គឺ​គន្លាត​ខ្លាំង​នៃ​អត្រា​អ្នក​អាច​ចូល​សាលា​ដោយ​គិត​តាម​ភេទ មាន​ន័យ​ថា ភេទ​ប្រុស​មាន​សំណាង​ជាង​ភេទ​ស្រី​ដើម្បី​​ចូល​សាលា។ កុមារ៉ា​នៅ​អាស៊ីខាងត្បូង​មាន​សំណាង ៣ដង​ច្រើន​ជាង​កុមារី។ គិត​សរុប មាន​ក្មេងស្រី​ក្រោម​អាយុ ១១ឆ្នាំ​ប្រមាណ​ជា ៥លាននាក់​រស់​ក្នុង​តំបន់​អាស៊ីខាងត្បូង​មិន​បានចូល​សាលរៀន​ទេ។ ជា​ទូទៅ ឱពុក ម្តាយ និង​ក្រុម​គ្រួសារ​តែងតែ​គិត​ថា ការ​បញ្ជូន​កូនស្រី​ទៅ​សាលា​ជា​រឿង​ឥតប្រយោជន៍ ព្រោះ​ទុក​កូនស្រី​ឲ្យ​ជួយ​ធ្វើ​កិច្ចការ​ផ្ទះ​គ្រាន់​បើ​ជាង​កូនប្រុស​ឆ្ងាយ​ណាស់។

តែ​គំនិត​នេះ​មិន​ត្រូវ​បាន​អង្គការ Unesco យល់​ស្រប​តាម​ទេ និង​ថា កុមារ​គ្រប់រូប​ទោះ​បី​មាន​ភេទប្រុស ឬ​ស្រី និង​រស់នៅ​ទីកន្លែង​ណា​ក៏​ដោយ​ក្នុង​លោក​ត្រូវ​តែ​ចូល​សាលារៀន​ដោយ​មិន​អាច​ខាន​បាន។ អង្គការ Unesco បាន​ប្រមើលមើល​ថា ដើម្បី​អនុញ្ញាត​ឲ្យ​យុវជន​ក្នុង​លោក​អាច​ចូល​រៀន​នៅ​អនុវិទ្យាល័យ​បាន ពិភពលោក​ត្រូវ​ការ​ប្រាក់​ចំនួន ៣៩ ០០០លានដុល្លារ​ក្នុង​មួយ​ឆ្នាំ​ចាប់​ពី​ពេល​នេះ​ទៅ​ដល់​ឆ្នាំ ២០៣០ ដើម្បី​ធ្វើ​ការ​អភិវឌ្ឍន៍​វិស័យ​អប់រំ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ