ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 19/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/08 12h00 GMT
អាស៊ី

ចិន​ការពារ​នយោបាយ​ខ្ជឹប​ការ​នាំ​ចេញ​វត្ថុ​ធាតុដើមខ្លួន​ថាត្រឹម​ត្រូវដើម្បីការពារ​បរិស្ថាន

media  
ធនធាន​រ៉ែក្រោម​ដី​នៅ​ម៉ុងហ្កោលីខាង​ក្នុង​របស់​ចិន តំណាង​ឱ្យ​ 95 % នៃ​ធនធាន​ពិភពលោក (Photo : Lei Yang/DR)

នៅ​ល្ងាច​ថ្ងៃ​អង្គារ​ម្សិលមិញ ចិន​បាន​បញ្ចេញ​ប្រតិកម្ម​​ យ៉ាង​ខ្លាំង ការពារ​នយោបាយ​​កាត់​បន្ថយ​ការ​នាំ​ចេញ​វត្ថុធាតុដើម​របស់​ខ្លួន​ ថាមាន​លក្ខណៈ​សម​ស្រប​ទាំង​ស្រុង ទៅ​​នឹង​តាម​បទ​ដ្ឋាន​ពាណិជ្ជកម្ម​អន្តរជាតិ។ កំហឹង​របស់​ចិន​នេះ បាន​ឆាប​ឆេះ​ឡើង នៅ​ពេល​ឃើញ​សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក​នាំ​គ្នា​ទៅប្តឹង​ប្រឆាំង​ចិន នៅ​ចំពោះ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក។

សហរដ្ឋ​អាមេរិក បាន​ទៅ​ប្តឹង​បរិហារ​ប្រាប់​អង្គការ​ពាណិជ្ជកម្មពិភពលោក OMC តាំង​ពី​សប្តាហ៍​មុន​ម្ល៉េះ ​ថា​ចិន​​ធ្វើ​ពាណិជ្ជកម្មនាំ​ចេញ​វត្ថុ​ធាតុ​ដើម​​ដើរ​ខ្សែលើ​គេ ដោយ​បំប៉ោង​តម្លៃដើម្បី​ផ្តល់​ផល​អនុគ្រោះ​ដល់​សហគ្រាស​ឧស្សាហកម្មចិន។

នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ សហភាព​អឺរ៉ុប​ក៏​បាន​នាំ​បណ្តឹង​ទៅ​ដល់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​​ដែរ ចំពោះ​ទង្វើ​យក​ពន្ធ​ និងកំណត់​កូតា របស់​ចិន​លើការ​នាំ​ចេញ​​វត្ថុ​ធាតុ​ដើម​លោហៈ​ដូច​ជា​ ស្ពាន់ធ័រ សំណរ ក្រូម សំណរប៉ាហាំង កូប័ល ... ​ ការ​ខ្ជឹប​បរិមាណ​នាំ​ចេញ​ និង​យក​ពន្ធ​បាន​បែប​នេះ ជា​វិធានការ​ដែល​ផ្ទុយ​ស្រឡះ​ទៅ​នឹង​ច្បាប់​ពាណិជ្ជកម្ម​អន្តរជាតិ ហេតុដូច្នេះ​ហើយ​ទើប​សហភាព​អឺរ៉ុប​សម្រេច​ចិត្ត​ត្រូវ​ចាត់​វិធានការ​ស្រប​ច្បាប់​តប​ទៅ​វិញ។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​បញ្ជាក់​របស់​គណៈកម្មការ​អឺរ៉ុប​ទទួល​បន្ទុកផ្នែក​​ពាណិជ្ជកម្ម។ ចិន​នាំ​ចេញ​វត្ថុធាតុ​ដើម​មក​អឺរ៉ុប​ក្នុង​​ទំហំ ១,២ពាន់​លាន​អឺរ៉ូ​ តែ​បើ​គ្មាន​បម្រាមវិញ​ការ​នាំ​ចេញ​អាច​ឡើង​បាន៩%។

ក្រោយ​ពី​បាន​ឮ​សេចក្តី​ប្រកាស​របស់​អឺរ៉ុប សហរដ្ឋ​អាមេរិក​​​រំលឹក​ក្រុង​ប៉េកាំង​ថា ចិន​ធ្លាប់​បាន​សន្យានៅ​ពេល​សុំ​ចូល​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក កាលពី​ឆ្នាំ​២០០១ ថា​ព្រម​បញ្ចប់​ទម្លាប់​អាក្រក់​យក​ពន្ធ លើការ​នាំ​ចេញ​វត្ថុធាតុដើម និង​​បាន​ពន្លាត​បណ្តឹង​របស់​ខ្លួន​ដើម្បី​ឱ្យ​ស៊ី​ចង្វាក់​និង​ដូច​គ្នា​ជាមួយ​អឺរ៉ុប។

ប៉ុន្តែ​ដោយ​គ្មាន​បង្អង់ ចិន​បញ្ចេញ​ប្រតិកម្ម​តប​យ៉ាង​ទាន់​ហន់ បញ្ជាក់​ថា រាល់​ការ​ត្រួត​ពិនិត្យ យក​ពន្ធ​ និង​ការ​កំរិត​កូតា​នាំ​ចេញ​ ត្រូវ​បាន​ធ្វើ​ឡើងដោយ​ឈរ​លើ​គោលការណ៍​រក្សា​ធនធាន​ធម្មជាតិ និង​បរិស្ថាន។ ចំណាត់ការ​ការ​ការពារ​បរិស្ថាន ឆ្លើយ​តប​បាន​ទាំង​ស្រុង​ទៅ​នឹង​វិធាន​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក។ ចិន​បាន​សម្តែង​ការ​សោកស្តាយ​យ៉ាង​ខ្លាំង​ចំពោះ​សកម្មភាព​របស់​អឺរ៉ុប​និង​អាមេរិក ដែល​ទៅ​ប្តឹង​ដល់​OMC។

ភាព​តាន​តឹង​ថ្មី​​រវាង​ចិន-អឺរ៉ុប​នេះ បានកើត​ឡើង​ក្នុង​ខណៈ​ដែលសហភាព​អឺរ៉ុប​កំពុង​សិក្សា​អំពី​លទ្ធភាព​ផ្តល់​ឬ​អត់​លក្ខន្តិកៈ ​“សេដ្ឋកិច្ចទីផ្សារ”​ ឱ្យ​ចិន។ ម្យ៉ាង​ទៀត អឺរ៉ុប​ធា្លប់​ឈ្នះ​ចិន​ពីរ​ដង​ហើយ (២០១២-២០១៤) ក្នុង​ករណី​ស្រដៀងគ្នា តែ​លើ​វត្ថុ​ធាតុ​ដើមរ៉ែ​កម្រ ​បុកស៊ីត ស័ង្កសី និង​ធ្យូងថ្ម៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ