អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

លោកស្រីស៊ូជី​គោរព​វិញ្ញានក្ខ័ន្ធ​បិតា​ឯករាជ្យជាតិ​ភូមា ក្រោមវត្តមាន​ចូលរួម​របស់​មេដឹកនាំ​កងទ័ព​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃអង្គារ​១៩កក្កដា​នេះ លោកស្រី​អ៊ុងសាន​ស៊ូជី បាន​ប្រារព្ធ​វិញ្ញានក្ខ័ន្ធ​រំលឹក​ដល់​លោក​អ៊ុង សាន ជា​ឱពុក និង​ជា​បិតា​ឯករាជ្យ​ដែលបានតស៊ូ​​រំដោះ​ភូមា​ពី​អង់គ្លេស។​ លោក​អ៊ុងសាន ត្រូវបាន​គេ​ធ្វើឃាត​កាលពីថ្ងៃ​១៩កក្កដា ឆ្នាំ១៩៤៧។​ ជា​លើកទី១ និង​ជា​ហេតុការណ៍​កម្រមាន គេឃើញ​មេដឹកនាំ​​កងទ័ព​ដ៏​មាន​ឥទ្ធិពល​របស់ភូមា​​​ ចូលរួម​ក្នុង​ ​ពិធី​​គោរព​វិញ្ញានក្ខ័ន្ធនេះ ជាមួយ​លោកស្រី​ស៊ូជី​។ នេះ​អាច​បញ្ជាក់​ ពី​ការរួបរួមជាតិ រវាង​រដ្ឋាភិបាល​ស៊ីវិល​ថ្មី និង​កងទ័ព។

កងទ័ព​ភូមា​ចូលរួម​គោរព​វិញ្ញានក្ខ័ន្ធ​​វីរជន​ដើម្បី​ឯករាជ្យ​ភូមា ក្រុង​រ៉ង់ហ្គូន ​ថ្ងៃ១៩កក្កដា ២០១៦
កងទ័ព​ភូមា​ចូលរួម​គោរព​វិញ្ញានក្ខ័ន្ធ​​វីរជន​ដើម្បី​ឯករាជ្យ​ភូមា ក្រុង​រ៉ង់ហ្គូន ​ថ្ងៃ១៩កក្កដា ២០១៦ reuters
ផ្សាយពាណិជ្ជកម្ម

ថ្ងៃអង្គារ​១៩កក្កដា​នេះ​ ​លោក​អ៊ុងសាន​ ស៊ូជី បានប្រារព្ធ​ពិធី​​គោរវិញ្ញានក្ខ័ន្ធ​​ដល់​លោក​អ៊ុងសាន ជា​ឱពុក និង​ជា​វីរជន​ដែលបាន​​​រំដោះ​ភូមា ចេញ​ពី​អង់គ្លេស។ លោក​អ៊ិងសាន​ ជា​អ្នកដែល​បាន​ចរចា​ជាមួយ​អង់គ្លេសក្នុង​ឆ្នាំ១៩៤៧​ ដើម្បី​អោយ​​ភូមា​ទទួលបាន​​ឯករាជ្យ​ជាផ្លូវការ​ ឆ្នាំ១៩៤៨។ ប៉ុន្តែ លោក​និង​​មិត្ត​ក្នុង​ចលនា​តស៊ូ​ ​​៨រូបទៀត​ ​​​​ត្រូវបាន​គេ​លបធ្វើឃាត​ នៅ​​ថ្ងៃ​១៩កក្កដា ឆ្នាំ១៩៤៧។ ភូមាបាន​​កំណត់​​​យក​​ថ្ងៃ១៩កក្កដានេះ ​​​ ​​​​ឧទ្ទិស​​ដល់​​​វីរជន​​ដែល​បានពលី ​​​ដើម្បីឯករាជ្យ​​ជាតិ។

ជា​ការ​កត់សម្គាល់ ​ក្នុង​ពិធី​គោរពវិញ្ញានក្ខ័ន្ធ​​​ម្សិលមិញ គេឃើញវត្តមាន​ចូលរួម​របស់​​មេដឹកនាំ​កងទ័ព​ដ៏មានឥទ្ធិពល​របស់​ភូមា គឺលោកមីន អ៊ុងឡាន។ នេះ​ជា​ហេតុការណ៍​ដ៏កម្រ​។ ជាហេតុការណ៍​​​បង្ហាញ​ពី​ការរួបរួម ពី​ទំនាក់ទំនង​ដែល​ខិតទៅរក​ភាព​វិជ្ជមាន ​​រវាង​រដ្ឋាភិបាល​ស៊ីវិល​ចេញ​ពីការបោះឆ្នោត​ របស់​លោកស្រី​អ៊ុងសាន​ស៊ូជី និង​កងទ័ព ដែល​ធ្លាប់​ចាក់រឹស​គ្រប់គ្រង​ប្រទេស ជិត​៥០ឆ្នាំ។

​​លោក​ មីន អ៊ិងឡាន ជា​មេដឹកនាំ​កងទ័ព ធ្លាប់​សន្យា ​ថា​​​កងទ័ព​នឹង​ចូលរួម​រក្សា​​ស្ថិរភាព​​ប្រទេស​ ឆ្ពោះ​ទៅកាន់​លទ្ធិប្រជាធិបតេយ្យ។ ការ​សន្យា​នេះ ធ្វើឡើង​តាំងពី​ខែមិនា ដើមឆ្នាំ គឺ​មុនពេល​ ​បក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យរបស់​លោកស្រី​ស៊ូជី ​​ចូលកាន់អំណាចជាផ្លូវការ។ ​ការ​សន្យា​​កន្លងមក​នេះ បូករួម​នឹង​វត្តមាន​របស់មេដឹកនាំ​យោធា ក្នុងពិធី​នេះទៀត ​ពិតជា​​បាន​បំពេញ​ចិត្ត​លោកស្រី​ស៊ូជី ​​មិនតិចទេ។ ​ក្នុង​ការ​ចរចា​ជាមួយ​ក្រុមឧទ្ទាម ដើម្បី​បិទបញ្ចប់​សង្គ្រាម​ស៊ីវិល ក្នុងស្រុក ​រដ្ឋាភិបាល​លោកស្រី​ស៊ូជី ​​ត្រូវការការចួលរួម​របស់​​កងទ័ព។

វត្តមាន​របស់​មេដឹកនាំ​យោធា​ដ៏មាន​ឥទ្ធិពល​ ក្នុង​ពិធី​គោរពវិញ្ញានក្ខ័ន្ធ​វិរជនភូមា ​សបង្ហាញ​ថា ​កងទ័ព​បាន​​​បន្ទន់​ជំហរ​ខ្លួន​​ទៅរក​​រដ្ឋាភិបាល​របស់​លោកស្រីស៊ូជី។ តែ​សួរថា តើ​លោកស្រី​ស៊ូជី បាន​បន្ទន់ជំហរ​អ្វីខ្លះ​ចំពោះ​កងទ័ព​​ដែរ ទើបបាន​ជា​កងទ័ព​បន្ទន់​ជំហរ​មកវិញដូច្នេះ ?​ ​កុំភ្លេច​ថា លោកស្រី​ស៊ូជា ​ជា​អតីត​សកម្មជន​ប្រឆាំង​ដ៏ល្បីល្បាញ ​ដែលធ្លាប់​​ជាប់ឃុំ​ ក្នុង​ផ្ទះ ​ជិត​១៥ឆ្នាំ ​ក្រោម​ការ​ឃ្លាំមើល​របស់​​របប​សឹកភូមាចាស់។ ​លោកស្រី​ប្រហែល​អាច​បាន​​លះបង់អ្វី​​ខ្លហើយ​ចំពោះ​កងទ័ព ទើប​ពេលនេះ កងទ័ព​បន្ទន់​ជំហរ​មក​រក​លោកស្រី​វិញ។

មើល​ស្ថានការណ៍​ក្នុងស្រុក​ភូមា គិតចាប់​ពីពេល​​​រដ្ឋាភិបាល​ស៊ីវិល​ថ្មី​របស់​លោកស្រី​ស៊ូជី ចូល​កាន់​អំណាច ​ពី​ខែមេសា​មក រដ្ឋាភិបាល​​ហាក់​មិនទាន់​បាន​ដោះស្រាយ​​អ្វីជាដុំកំភួន​នៅឡើយ ​​ទាក់ទង​​​បញ្ហា​ធំៗ​ក្នុង​ស្រុក។ ហិង្សា​សាសនា​នៅតែ​បន្តមាន។ ​ប្រជាជន​ភាគតិច​រ៉ូហ៊ីងយ៉ាស នៅ​តែ​ រងភាព​រើសអើង​ពី​ក្រុម​ពុទ្ធសាសនា​ជ្រុលនិយម។ ​

ទាំង​របប​ដឹកនាំ​ភូមាចាស់ ទាំង​របប​ដឹកនាំ​ភូមា​ថ្មី ធ្វើមិនដឹង​មិនលឺ រហូត​ដល់​ ខែ​មិថុនា​មុននេះ​ ​អង្គការ​សហប្រជាជាតិ​ចេញ​​បាយការណ៍​រិះគន់​ថា ភូមា​អាច​ជាប់ទោស​ថា បាន​បង្ក​បទ​ឧក្រិដ្ឋ​​ធ្វើបាប​ជនជាតិ​រ៉ូហ៊ីងយ៉ាស។ កន្លងមក ​​​​រដ្ឋាភិបាល​ភូមា​ថ្មី​បានត្រឹមតែ​ចេញមុខ​ព្រមាន​ក្រុម​ពុទ្ធសាសនិក​​ជ្រុលនិយម​អោយ​ចៀសវាង​ហិង្សា​លើ​អ្នកកាន់​សាសនា​អ៊ីស្លា​មតែ​ប៉ុណ្ណោះ។
បញ្ហាគួរកត់​សំគាល់​​ជាងគេថ្មីៗនេះ​​ គឹ​បញ្ហា​​ទាក់ទង​នឹង​កងទ័ព ហើយ​ដែល​រដ្ឋាភិបាល​របស់​លោកស្រី​ស៊ូជី ​ហាក់​បិទភ្នែក​មិនអើពើ។ នោះ​គឺបញ្ហា​ដីធ្លី។ ​ថ្មីៗ​នេះ​ ​ប្រជា​កសិករ​រាប់ពាន់​នាក់ទូទាំង​ប្រទេស បាន​​ទាមទារ​អោយ​កងទ័ព​សងដីធ្លី ដែល​កងទ័ព​បាន​លួចយក​ពី​ពួកគេ កាលពី​ភូមាស្ថិតក្រោម​​​របបសឹកចាស់ ចន្លោះ​ឆ្នាំ១៩៦២ និង​​ឆ្នាំ​២០១១។​ ប្រជាជនភូមា​គ្មាន​កម្មសិទ្ធិ​ដីធ្លីច្បាស់លាស់ មិនអាច​អោយពួកគេ​ដាំដុះ ធ្វើចំការ រឺ​ធ្វើអាជិវកម្ម​អ្វីបាន។ ដូច្នេះ ​ប្រជាជន​​​បាន​ទាមទារអោយ​កងទ័ព​សរសេរ​​បញ្ជាក់​ថា កងទ័ព​មិនទទួល​យក​ដីធ្លីទាំងនោះទេ។

ប៉ុន្តែ រដ្ឋបាល​ភូមា​ថ្មី ក្រោម​ការគ្រប់គ្រង​របស់​​បក្ស​លោកស្រី​ស៊ូជី ហាក់ព្រងើយ​កន្តើយ មិនហ៊ាន​ជំរុញកងទ័ព​អោយ​ដោះស្រាយ​បញ្ហានេះ​អោយបាន​ដាច់ស្រឡះ។ ​ប្រជាជន​​ភូមា​ខ្លះ​លើកឡើង​ថា បក្ស​កាន់អំណាច​ដែល​កើតចេញ​ពី​ការបោះឆ្នោត​ ហាក់​ឃ្លាតឆ្ងាយ​ពី​សុខទុក្ខ​ពិតប្រាកដ​របស់​រាស្ត្រ។ ​

មើល​ជាក់ស្តែង ទោះ​ជា​ភូមា​​​កំពុង​ឆ្ពោះទៅកាន់​លទ្ធិ​ប្រជាធិបតេយ្យ​ក្តី ក៏​កងទ័ព​នៅតែ​មាន​អំណាចទាំងសេដ្ឋកិច្ច ទាង​នយោបាយ​ក្នុងស្រុក។ ​រដ្ឋាភិបាល​លោកស្រី​ស៊ូជី មិនអាច​​ធ្វើអ្វី​ផ្តេសផ្តាស​​ អោយ​ទាស់ចិត្ត​កងទ័ពទេ។

ក្រៅពី​បញ្ហា​ដីធ្លី ចលនា​តវ៉ា​របស់​កម្មករ​ក៏ហាក់​មិនត្រូវបាន​រដ្ឋាភិបាល​ធ្វើដឹងលឺដែរ។ កាលពី​ខែ​ឧសភា ​កម្មករ​៨០នាក់​បាន​ធ្វើដំណើរ​ថ្មើរជើង​​ ​៣០០គីឡូម៉ែត្រ ​ចេញ​ពី​រោងចក្រ ទៅ​ដល់​រដ្ឋធានី​ណៃពីដ៏ ដើម្បី​​​​តវ៉ា​ទារ​ដំឡើង​ប្រាក់ខែ។ ប៉ុន្តែ ​កម្មករ​ទាំងនេះ​​ត្រូវ​​ប៉ូលិស​ចាប់​ដាក់ពន្ធនាគារ ពីបទ​​បង្ក​ការប៉ះពាល់​សណ្តាប់ធ្នាប់​សាធារណៈ។ ការ​ចាប់ខ្លួននេះ បាន​ធ្វើឡើង​ក្រោម​បញ្ជា​របស់​កងទ័ព។ ​បក្ស​កាន់អំណាច​របស់​លោកស្រី​ស៊ូជី​ មិនបាន​ប្រតិកម្ម​អ្វី​នៅចំពោះ​ការចាប់ខ្លួន​កម្មករ​ទេ។
 តាម​រយៈ​បញ្ហា​ដែល​លើកឡើង​ខាងដើម​នេះ សបង្ហាញ​ថា កងទ័ព​នៅតែ​មា​នឥទ្ធិពល​ខ្លាំងក្លា​ក្នុងស្រុក​ ស្ទើរ​តែ​ក្នុង​​គ្រប់​ដំណោះស្រាយបញ្ហា។ ​សម្រាប់​ភូមា​ដែល​ធ្លាប់​ចាក់​ឬស​ក្នុង​របប​សឹកជិត​៥០ឆ្នាំ ​លទ្ធិ​ប្រជា​ធិបតេយ្យ ប្រហែល​​​ត្រូវការ​ពេលវេលាវែងឆ្ងាយ​ទៅមុខ​ទៀត ទើបអាច​ឈរជើងមានលំនឹង​​បាន។

លោកស្រី​ស៊ូជី ជា​ម្ចាស់ពាន​រង្វាន់​សន្តិភាព​ក៏ពិតមែន លោកស្រី​ជា​អតីត​សកម្មជន​ប្រឆាំង​ដ៏ល្បី​ក៏ពិតមែន​ ប៉ុន្តែ កាណុង​កាំភ្លើង​​គឺ​នៅលើកងទ័ព។ លោកស្រីស៊ូជី ​​ប្រហែល​ត្រូវទ្រាំ​បិទភ្នែក​ធ្វើថ្លង់ ធ្វើគ​​ខ្លះហើយ នៅចំពោះ​មុខ​បញ្ហា​នានា ដែល​ជាប់ពាក់ព័ន្ធ​ជាមួយ​កងទ័ព ទើប​អាច​​អោយ​បក្ស​លោកស្រី​​ឈរជើង​ កាន់​អំណាច​​បាន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ