អានតួអត្ថបទ

G២០ សន្យា​ជួយ​លើក​ស្ទួយ​កំណើន​សេដ្ឋកិច្ច ក្រោយ​អង់គ្លេស​​ដើរ​ចេញ​ពី​អឺរ៉ុប

រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ ប្រធានធនាគារ​កណ្តាល នៃ​ក្រុម​ប្រទេស​មាន​សេដ្ឋកិច្ច​លូត​លាស់​ខ្លាំង​ជាង​គេ​ទាំង​២០​ដំបូង​នៅ​លើ​ពិភពលោក ឬ​ហៅកាត់​ថា ហ្សេ២០ បាន​សន្យា​ជា​ថ្មី នៅ​ថ្ងៃអាទិត្យ​ នា​ឱកា​ជំនួប​ប្រជុំ​នៅ​ក្រុង​ឆេងឌូ ប្រទេស​ចិន ថា​នឹង​ខិត​ខំ​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច​ពិភពលោក និង​សហការ​គ្នា​បញ្ចេញ​សកម្មភាព​ឱ្យ​បាន​កាន់​តែ​ប្រសើរ​ឡើង ​ដើម្បីប្រឈម​នឹង​ភាព​មិនច្បាស់លាស់​ទាំង​ឡាយ​ ដែល​បណ្តាល​មក​ពី​អង់គ្លេស​ដើរ​ចេញពី​អឺរ៉ុប។

ជំនួប​ប្រជុំ​ហ្សេ​២០​នៅ​ប្រទេស​ចិន​ផ្តោត​ខ្លាំង​លើ​ការ​ដើរ​ចេញ​ពី​អឺរ៉ុប​របស់​អង់គ្លេស
ជំនួប​ប្រជុំ​ហ្សេ​២០​នៅ​ប្រទេស​ចិន​ផ្តោត​ខ្លាំង​លើ​ការ​ដើរ​ចេញ​ពី​អឺរ៉ុប​របស់​អង់គ្លេស 路透社
ផ្សាយពាណិជ្ជកម្ម

គិត​តាំ​ង​ពី​អង់គ្លេស​​បាន​បោះឆ្នោត​ប្រជាមតិ​ដើរ​ចេញ​ពី​អឺរ៉ុប​មក នេះ​ជាលើក​ទី​មួយ​ដែល​ក្រុម​ប្រទេស​ហ្សេ​២០ បាន​ជួប​ប្រជុំ​គ្នា ត្រៀម​​រៀប​ចំ​ជំនួប​កំពូល​ហ្សេ២០​​នៅ​ខែ​កញ្ញា​ខាង​មុខ។ ​ចង់​មិន​ចង់ ជំនួប​ប្រជុំ​នេះត្រូវ​​ផ្តោត​ខ្លាំង​តែ​ទៅរក​ដំណោះ​ឱ្យ​​បញ្ហាសេដ្ឋកិច្ច​ពិភពលោក ​ ដែល​កំពុង​ស្ថិតក្នុង​ស្ថានភាព​មិន​ជាក់លាក់ បណ្តាល​មក​ការ​សម្រេច​ដើរ​ចេញ​ពី​អឺរ៉ុប​របស់​អង់គ្លេស។ អភិបាល​ធនាគារ​ជប៉ុន​បាន​ថ្ងូចថ្ងូរ​ថា​ Brexit ជាប្រធានបទ​​ដ៏​ចំបង នៃ​របៀបវារៈ​ប្រជុំ។រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​អង់គ្លេស​ក៏​បាន​អញ្ជើញ​មក​ចូល​រួម​នឹង​គេ​ដែរ ដែល​ជា​ឱកាស​សម្រាប់​ហ្សេ២០​បញ្ជាក់​សួរ​​អំពី​កាលវិភាគ​នៃ​ការ​ចរចា​​លែង​លះ​ជាមួយ​អឺរ៉ុប។

Brexit នាំសេដ្ឋកិច្ចពិភពលោកឱ្យ​​កាន់​តែ​មិនជាក់លាក់​

សម្រាប់​ហ្សេ២០ ការ​ដើរ​ចេញ​ពី​អឺរ៉ុប​របស់​អង់គ្លេស ​Brexit​ មិន​មែន​ត្រឹម​រុញ​ច្រាន​ឱ្យ​អឺរ៉ុប​ស្ថិត​ក្នុង​ភាព​ឃ្លេងឃ្លោង​ប៉ុណ្ណោះ​ទេ តែ​បាន​គំរាម​កំហែង​ដល់​សេដ្ឋកិច្ច​ពិភពលោក​តែ​ម្តង និង​ធ្វើ​ឱ្យ​សេដ្ឋកិច្ចពិភពលោក​ធ្លាក់​ក្នុង​ភាព​មិន​ប្រាកដប្រជា​កាន់​តែ​ខ្លាំង​ឡើង។ ភាព​មិន​ជាក់លាក់​នេះ អាច​នឹង​ត្រូវ​បន្ត​អូស​បន្លាយ​រហូត​ទាល់​តែ​​អង់គ្លេស​និង​អឺរ៉ុប ចរចា​លែង​លះ​គ្នា​ចប់​សព្វគ្រប់។ ចំណែក​អង្គការ​មូលនិធិរូបិយវត្ថុ​អន្តរជាតិ​ យល់ថា​ការ​ការ​គំរាម​កំហែង​សេដ្ឋកិច្​ច​ពិភពលោក​រីកធំធាត់​ជា​រៀង​រាល់​ថ្ងៃ ជាពិសេស​គឺ​បណ្តាលមកពី​Brexit និង​ភេរវកម្ម​នេះ​ឯង។ ដូច្នេះ​ក្រុម​ប្រទេស​ហ្សេ២០​ ត្រូវ​តែ​នាំ​គ្នា​បង្កើន​ បំប៉ោង​ចំណាយ​សាធារណៈ​ដើម្បី​​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ដែល​ទាប​ស្រាប់។ កំណើន​សេដ្ឋកិច្ច​ដែល​FMI ព្យាករ​ថា​នឹង​ធ្លាក់​ចុះ​មក​ត្រឹម​ ៣,១%​នៅ​ឆ្នាំ​២០១៦ និង​៣,៤%​នៅ​ឆ្នាំ​២០១៧ តែ​ភាព​សង្ស័យ​បណ្តាល​មក​ពី​Brexit កំណើន​សេដ្ឋកិច្ច​នឹង​កាន់​តែ​ធ្លាក់​ចុះ​បន្ថែម​ទៀត​ជាក់ជា​មិន​ខាន។

តែ​ទោះ​ជា​យ៉ាង​ដូច្នេះ​ក្តី ក៏ក្រុម​រដ្ឋមន្ត្រីហិរញ្ញវត្ថុ​​ហ្សេ២០ និង​អភិបាល​ធនាគារ​​កណ្តាល​ ចង់​ផ្តល់​សារ​​ប្រកប​ដោយ​ទំនុក​ចិត្ត​មួយ​ដល់​ពិភពលោក។ ​

បើ​តាមគម្រោង​​សេចក្តី​ថ្លែងការណ៍​រួម​ ដែល​ជា​លទ្ធផល​នៃ​ជំនួប​ប្រជុំហ្សេ២០​នៅ​ប្រទេស​ចិន​ ចេញ​ផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​នេះ​ បាន​បញ្ជាក់​ថា ក្រុម​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប​ មាន​ជំហរ​ត្រឹមត្រូវ​ អាច​ប្រឈម​បាន​យ៉ាងស្វាហាប់​នឹង​ផលវិបាក​សេដ្ឋកិច្ច​ឬ​ហិរញ្ញវត្ថុ​នៃ​Brexit។ ហើយ​ហ្សេ២០​បាន​ត្រៀម​ខ្លួន​ មុន​លទ្ធផល​ប្រជាមតិ​អង់គ្លេស​ចង់​ដើរ​ចេញ​ពី​អឺរ៉ុប​ទៅទៀត។ ជំនួបប្រជុំ​នេះ ខ្វល់ខ្វាយ​ខ្លាំង​តែ​លើ​ទម្រង់​នៃ​ការ​បំបែក​អង់គ្លេស​ពី​អឺរ៉ុប​ប៉ុណ្ណោះ។

ហ្សេ២០​បាន​ប្រើ​គ្រប់​វិធានការ​​សម្រាប់​រំញោច​ទំនុក​ចិត្ត និង​កំណើន​សេដ្ឋកិច្ច។​ វិធានការ​នោះ គ្មានអ្វី​អំពី​ភាព​ដាច់​ខាត ជំនះ​ឧបសគ្គ​នយោបាយ​ រូបិយវត្ថុ ថវិកា និង​រចនាសម្ព័ន្ធ​ ជា​លក្ខណៈ​ដោយ​ឡែក និង​ជា​លក្ខណៈ​រួម ដើម្បី​សម្រេច​កម្មវត្ថុ​តែ​មួយ គឺ​មាន​កំណើន​សេដ្ឋកិច្ច​ខ្លាំង ជា​យូរអង្វែង​និង​សមភាព។

​ហ្សេ២០ ខ្វល់​ពី​ Brexit ជាង​ចិន

ថ្វី​បើ​កាលពី​នៅ​ក្នុង​ជំនួប​មុនៗ ក្រុមហ្សេ២០​នាំ​គ្នា​ព្រួយ​បារម្ភ​ខ្លាំង​លើ​ចិន​ តែ​នៅ​លើ​នេះម្ចាស់​ផ្ទះ​ហាក់​ដូច​ជា​មិន​សូវ​រង​គំនាប​ទេ។

តាំង​ពីថ្ងៃ​បើក​ទ្វារ​ជំនួប​ប្រជុំ​ដំបូង​ភ្លាម​មក ភាគី​​ចិនជា​ម្ចាស់​ផ្ទះ បាន​អះអាង និង​អំពាវនាវ​ឱ្យ​​ពិភពលោក​ចាំ​បាច់ត្រូវ​តែ​បង្កើន​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ ដើម្បី​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច​។ លោក​នាយក​រដ្ឋមន្ត្រីចិន បាន​ប្រកាស​ថា ពិភពលោក​ត្រូវ​ការ​ស្វែង​រក​ក្បាល​ម៉ាស៊ីន​ថ្មី​សម្រាប់​អូសទាញ​កំណើន​សេដ្ឋកិច្ច។ តាំង​ពី​យូរ​​ឆ្នាំ​មក​ហើយ ចិន ដែល​ជា​មហាអំណាច​បាន​តួនាទី​នេះ ប៉ុន្តែ​ចិន​មិន​អាច​ទទួល​បន្ទុក​តែ​ម្នាក់ឯង​បាន​ឡើយ។

នយោបាយ​​ផ្តល់​សន្ទុះ​សេដ្ឋកិច្ច​ក្នុងទ្រង់ទ្រាយ​ធំរបស់​ប៉េកាំង ក្រោយ​វិបត្តិ​ហិរញ្ញវត្ថុ​អន្តរជាតិ​ឆ្នាំ​២០០៨ បាន​អនុញ្ញាតឱ្យ​បាន​ក្លាយ​ជា​ទន្ទល់​សេដ្ឋកិច្ច​ពិភពលោក​ ​ព្រោះ​ក្រុម​ប្រទេស​លោក​ខាង​លិច​ងើប​ឡើង​វិញ​យ៉ាង​​ត្រដាប​ត្រដួស​។ ប៉ុន្តែ​ពីរ​ឆ្នាំ​ចុងក្រោយ​ សេដ្ឋកិច្ច​ចិន​បាន​បន្ថយ​ល្បឿន​គួរ​ឱ្យ​ព្រួយ​បារម្ភ។ កាលពី​ខែ​មករា​ ភាគហ៊ុន​និង​លុយ​យ័ន​បាន​ដាំ​ក្បាល​ចុះ​យ៉ាង​ខ្លាំង គួរ​ឱ្យ​តក់ស្លុត​ខ្លាច​ចិន​ធ្លាក់​ក្នុង​វិបត្តិ​​ហិរញ្ញវត្ថុ។ តាំង​ពី​ពេល​នោះ​មក​​ ទីផ្សា​រភាគ​ហ៊ុន​​ចិន​ក៏​ងាប់​ស្តូក តែ​អ្នក​វិនិយោគ​លែង​ភ័យ​ សកម្មភាព​សេដ្ឋកិច្ច​ហាក់​កំរើក​ឡើង​វិញ។ បើ​តាមការ​ព្យាករ​របស់​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ កំណើន​សេដ្ឋកិច្ច​ចិន​ នៅ​តែម្តុំ​៦,៦% ប៉ុណ្ណោះ។

ប៉ុន្តែ​ថ្វី​បើ​អន្តរកាល​កំណែទម្រង់​សេដ្ឋកិច្ច​ចិន​អាច​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ទន់​ខ្សោយ​របស់​​ពិភពលោក​ កាន់​តែ​ផុតផើយ​មែន តែ​គឺ​បញ្ហា​Brexit​ទេ​ដែល​ជា​គ្រាប់​មីន​បំបែក​ក្តី​សង្ឃឹម​មិន​ឱ្យ​ពិភពលោក​បានស្គាល់​កំណើន​សេដ្ឋកិច្ច​ដូច​ការ​គិត​បាន​នោះ។ នេះ​ជា​ការ​ព្រមាន​របស់​FMI ទៅ​កាន់​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​ហ្សេ២០៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ