អានតួអត្ថបទ

អាស៊ានជាប់​គាំង​ក្នុង​សំណុំរឿង​​​សមុទ្ទ​ចិន​ខាង​ត្បូង

ប្រទេស​ជា​សមាជិក​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ហៅ​កាត់​ថា​អាស៊ាន បាន​បង្ហាញ​ភាព​ប្រេះ​ឆា បែក​បាក់ ខ្វែង​គំនិត ជា​ថ្មី​ម្តង​ទៀត លើ​បញ្ហា​សមុទ្ទ​ចិន​ខាង​ត្បូង។ ក្រោម​គំនាប​របស់​ចិន វេទិកាអាស៊ាន​ដែល​កំពុង​ប្រព្រឹត្ត​ទៅ​នៅ​ប្រទេស​ឡាវ ត្រូវ​ធ្លាក់​ក្នុង​​​ស្ថានភាព​ទ័ល​ច្រក​យ៉ាង​ខ្លាំង​នៅថ្ងៃ​អាទិត្យនេះ។

ជំនួប​អាស៊ាន​នៅ​ប្រទេស​ឡាវ ចាប់បើក​នៅ​ថ្ងៃទី ២៤ កក្កដា ២០១៦
ជំនួប​អាស៊ាន​នៅ​ប្រទេស​ឡាវ ចាប់បើក​នៅ​ថ្ងៃទី ២៤ កក្កដា ២០១៦ (@asean secretariat)
ផ្សាយពាណិជ្ជកម្ម

ជំនួបរដ្ឋមន្ត្រី​ការបរទេស​​អាស៊ាន​នៅ​ក្រុង​វៀងចន្ទ​ប្រទេស​ឡាវ ថ្ងៃ​នេះ ជា​ជំនួប​ដ៏​សំខាន់​ដំបូង​គេ​បង្អស់​មួយ​ គិត​ចាប់​តាំង​តុលាការ​ក្រុង​ឡាអេ​ ចេញ​សេចក្តី​សម្រេច​ចិត្ត នៅ​ថ្ងៃ​ទី ១២ កក្កដា​ ​ថា ​​សមុទ្ទ​ចិន​ខាង​ត្បូងតែ​​​មិន​មែន​ជា​របស់​ចិន​តែ​ម្នាក់​ឯង​ទេ។

សមាជិកបួន​​ នៃ​​​១០ប្រទេស​របស់​អាស៊ាន ​កំពុង​ជាប់​ជម្លោះ​ដោយ​ផ្ទាល់​ជាមួយ​ចិន ក្នុង​ការ​ទាមទារ​គ្រប់គ្រង​សមុទ្ទ​ចិន​ខាង​ត្បូង និង​បាន​ចោទ​ចិន​ថា​បាន​ប្រើ​សម្ព័ន្ធភាព​ទៅ​ចង​ប្រទេស​តូចៗ​ ដូច​ជា​ឡាវ និងកម្ពុជា តាម​រយៈ​ការ​ផ្តល់​ជំនួយ​ និ​ងកម្ចី​ ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​អាស៊ាន​មាន​ប្លុក មាន​បក្ស​ និង​បំបែកភាព​ស្រុះស្រួល​ត្រូវរ៉ូវ​គ្នា​ជា​ធ្លុង​មួយ​ជា​ប្រពៃណី​របស់​អាស៊ាន។​ កាលពី​ខែ​មុន ប្រភពការទូត​​បាន​ចោទ​ចិន​ថា​បាន​ដាក់គំនាប​លើ​សមាជិក​អាស៊ាន​មួយ​ចំនួន​ដើម្បី​កុំ​ឱ្យ​អាស៊ាន​អាច​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​ស្នើ​ឡើង​ដោយ​ម៉ាឡេស៊ី​បាន នា​ជំនួប​លើក​នេះ។

នៅ​ក្នុង​គម្រោង​សេចក្តី​ថ្លែងការណ៍ អាស៊ាន​ចង់​ទាញ​អាសន្ន​អំពី​សកម្មភាព​ចិន​នៅ​សមុទ្ទ​ខាង​ត្បូង។ ​ប្រភពដដែល​នេះ​បាន​ថែម​ទាំង​​ចង្អុល​មុខ​​ឡាវនិង​កម្ពុជាផង​ ព្រោះ​ប្រទេស​ទាំង​ពីរ មាន​សេដ្ឋកិច្ច​ពឹង​ផ្អែក​​​យ៉ាង​ខ្លាំង​លើ​ចិន ហើយ​មិន​ចង់​រមិលគុណប្រឆាំង​នឹង​ប៉េកាំង​ឡើយ។​ ប្រភពការទូត​នោះ​ចោទ​ចំៗ​ថា​កម្ពុជា​ជា​អ្នក​រារាំង​​មិន​ឱ្យ​អាស៊ាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​ទាក់ទង​នឹង​សេចក្តី​សម្រេច​ចិត្ត​របស់​តុលាការ​ក្រុង​ឡាអេ​ នៅ​ល្ងាច​ថ្ងៃ​អាទិត្យ​នេះ​ទេ។

កាលពី​ឆ្នាំ​២០១២ ដោយហេតុ​តែ​សំណុំ​រឿង​សមុទ្ទ​ចិន​ខាង​ត្បូង ជំនួប​កំពូល​អាស៊ាន​បាន​​​បិទ​បញ្ចប់​កិច្ចប្រជុំ​ ជា​លើក​ទី​មួយ​ក្នុង​ប្រវត្តិអាស៊ាន ដោយ​គ្មាន​​ផ្សព្វផ្សាយ​សេចក្តី​ថ្លែងការណ៍​រួម។

នៅ​ថ្ងៃ​ចន្ទ​នេះ លោក​ចន​ឃែរី ប្រមុខ​ការទូត​អាមេរិក ក៏​នឹង​ត្រូវ​ចូល​ក្នុង​ជំនួប​កំពូល​​នៅ​ប្រទេស​ឡាវ​នេះ​ដែរ។ លោក​បាន​សន្យា​​ថា​អាមេរិក​នឹង​ប្រឹង​ជំរុញ​អាស៊ានឱ្យ​​បន្ធូរបន្ថយ​ភាព​តាន​តឹង​ជុំវិញ​ជម្លោះ​នៅ​សមុទ្ទ​ចិន​ខាង​ត្បូង និង​​រក​ឱ្យ​ឃើញ​ជំហរ​រួម​គ្នា ដែល​អាស៊ាន​ធ្លាប់មាន៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ