អានតួអត្ថបទ

ចិនព្រមាន​អាមេរិក​ឱ្យ​ដោះស្រាយ​រឿង​រសើបៗ​ឱ្យ​ត្រឹមត្រូវ​ ដើម្បី​រក្សាទំនាក់ទំនង​យោធា​ល្អនឹង​គ្នា

ចិន​និ​ងអាមេរិក​ត្រូវ​តែ​ចេះ​ដោះស្រាយ​​​សំណុំ​រឿងដែល​​រសើបៗ ​ ឱ្យ​បាន​ត្រឹម​ត្រូវ​បំផុត បើ​ពុំ​នោះ​ទេ​ ទំនាក់ទំនង​យោធា​របស់​​ប្រទេស​ទាំង​ពីរ​នឹង​ត្រូវ​បាត់​លំនឹង ព្រមទាំង​រអាក់រអួល​ជាមិន​ខាន។ នេះ​ជាពាក្យ​ព្រមាន​របស់​អ្នក​ទទួល​ខុស​ត្រូវ​ជាន់​ខ្ពស់ចិន ទៅ​កាន់​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក លោកស្រី ស៊ូសាន រ៉ាយ Susan Rice ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ក្រុង​ប៉េកាំង។

អនុប្រធាន​គណៈកម្មការយោធា​មជ្ឈិមបក្ស​ចិន លោក Fan Changlong និង​លោកស្រី Susan Riceនៅ​ប៉េកាំង​ថ្ងៃទី​២៥​កក្កដា២០១៦
អនុប្រធាន​គណៈកម្មការយោធា​មជ្ឈិមបក្ស​ចិន លោក Fan Changlong និង​លោកស្រី Susan Riceនៅ​ប៉េកាំង​ថ្ងៃទី​២៥​កក្កដា២០១៦ © Reuters
ផ្សាយពាណិជ្ជកម្ម

លោកស្រី​ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​លោក​អូបាម៉ា អញ្ជើញ​ទៅ​ប្រទេស​ចិន ដើម្បី​រៀប​ចំ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​ នៅ​ខែ​កញ្ញា​ខាង​មុខ ជា​ឥស្សរជន​ជាន់​ខ្ពស់​អាមេរិក​ដំបូង​គេ​បង្អស់​ដែល​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន គិត​ចាប់​តាំង​ពី​តុលាការ​ក្រុង​ឡាអេ បាន​កាត់​ក្តី​ឱ្យ​ចិន​ចាញ់​ហ្វីលីពីន ចាត់​ទុក​​ការ​ទាមទារ​គ្រប់គ្រង​សមុទ្ទ​ចិន​ខាង​ត្បូង​តែម្នាក់​ឯង​ថា​មិន​ស្រប​ច្បាប់។

ប៉ុន្តែ​ចិន​ដែល​ចាត់​ទុក​សាលក្រម​តុលាការ​ឡាអេ​ថា​ជា​ក្រដាស​ដែល​គេ​ឈ្លី​ចោល​ បាន​ប្រើ​ឱកាស​នេះ​ សម្រាប់​ជះ​កំហឹង។ ឧត្តមសេនីយ៍ ហ្វាន ចង់ឡុង អនុប្រធាន​គណៈកម្មការ​យោធា​​មជ្ឈិម​បក្ស​ នៃ​នាយកដ្ឋាន​យោធា​កំពូល​ ក្រោម​បង្គាប់របស់​ប្រធានាធិបតី​ស៊ីជីនពីង បាន​ព្រមាន​លោកស្រី​ស៊ូសាន​ ដោយ​ផ្ទាល់​ អំពី​គ្រោះថ្នាក់​ដែល​មហាអំណាច​ទាំង​ពី​កំពុង​ប្រឈម​ដាក់​គ្នា។

 
“យើង​ត្រូវស្មោះត្រង់​នឹង​ខ្លួន​យើង និង​ដឹង​ថា​ទំនាក់ទំនង​ចិនអាមេរិក ត្រូវ​ជម្នះ​និង​ប្រឈមឧបសគ្គច្រើន។ មាន​ភាពស្មុគស្មាញ​និង​សំណុំ​រឿង​រសើបៗច្រើន​​អាចបំពុល​ដល់​ផ្នែក​យោធា។ ​បើ​មិន​ដោះស្រោយ​ឱ្យ​ត្រឹម​ត្រង់​ទេ នោះ​នឹង​អស្ថិរភាព​នៃ​ទំនាក់ទំនង​យោធា​ទាំង​ពីរ​ប្រទេស​អាច​កើត​ឡើង​បាន”។ នេះ​ជា​សំដី​របស់​ឧត្តមសេនីយ៍ ហ្វាង ដែល​អះអាង​បញ្ជាក់​ទៀត​ថា ប៉េកាំង​តាំង​ចិត្ត​សន្យា​ស្ថាបនា​ទំនាក់ទំនង​ល្អ​ជាមួយ​វ៉ាស៊ីនតោន ដោយ​ឈរ​លើ​គោលការណ៍ គ្មាន​ជម្លោះ​ គ្មាន​ភាពប្រឈម​ គោរព​គ្នា​ទៅ​វិញ​ទៅ​មក និង​មាន​កិច្ចសហប្រតិត្តិការឈ្នះ-ឈ្នះ។

លោកស្រី​រ៉ាយ បាន​តប​វិញ​ថាផលវិបាកប៉ះពាល់​ដល់​យោធា​​ដែល​គ្មាន​នរណា​ចង់​ឱ្យ​កើត​ឡើង​សោះ នឹង​ត្រូវ​កាត់​បន្ថយ​ប្រសិន​បើ​​ចេះ​និយាយ​គ្នា។ ចិន​និង​អាមេរិក​ត្រូវពិភាក្សា​គ្នា​និង​ចេះ​គ្រប់គ្រង​ភាព​ខ្វែង​គំនិត​គ្នា​នេះ ព្រោះ​ទំនាក់ទំនង​អាមេរិក​អាច​ផ្តល់​ផលវិបាក​ដល់​ពិភពលោក​ទាំង​មូល។

សូម​បញ្ជាក់ថា​​អាមេរិក​ខ្វល់​ខ្វាយ​​ណាស់​នឹង​មហិច្ឆតា​ចិន​ទាមទារ​គ្រប់គ្រង​តែ​ម្នាក់​ឯង​និងបង្កើន​ការ​សាងសង់​កោះ​សប្បនិម្មិត្ត​ នៅ​​តំបន់​សមុទ្ទ​ចិន​ខាង​ត្បូង។ កាលពី​ខែ​មុន​វ៉ាស៊ីនតោន​បាន​បញ្ជូន​នាវាចម្បាំង​​ទី​​៧​ទៅ​ឈរ​ជើង​នៅ​ទី​នោះ​ដើម្បី​ធានា​អំពី​សេរីភាព​ផ្លូវ​ទឹក និង​ដើម្បី​សម្លុត​ចិន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ