ចិនព្រមានអាមេរិកឱ្យដោះស្រាយរឿងរសើបៗឱ្យត្រឹមត្រូវ ដើម្បីរក្សាទំនាក់ទំនងយោធាល្អនឹងគ្នា
ចិននិងអាមេរិកត្រូវតែចេះដោះស្រាយសំណុំរឿងដែលរសើបៗ ឱ្យបានត្រឹមត្រូវបំផុត បើពុំនោះទេ ទំនាក់ទំនងយោធារបស់ប្រទេសទាំងពីរនឹងត្រូវបាត់លំនឹង ព្រមទាំងរអាក់រអួលជាមិនខាន។ នេះជាពាក្យព្រមានរបស់អ្នកទទួលខុសត្រូវជាន់ខ្ពស់ចិន ទៅកាន់ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោកស្រី ស៊ូសាន រ៉ាយ Susan Rice ដែលកំពុងបំពេញទស្សនកិច្ចនៅក្រុងប៉េកាំង។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
លោកស្រីទីប្រឹក្សាសន្តិសុខជាតិរបស់លោកអូបាម៉ា អញ្ជើញទៅប្រទេសចិន ដើម្បីរៀបចំដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី នៅខែកញ្ញាខាងមុខ ជាឥស្សរជនជាន់ខ្ពស់អាមេរិកដំបូងគេបង្អស់ដែលអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសចិន គិតចាប់តាំងពីតុលាការក្រុងឡាអេ បានកាត់ក្តីឱ្យចិនចាញ់ហ្វីលីពីន ចាត់ទុកការទាមទារគ្រប់គ្រងសមុទ្ទចិនខាងត្បូងតែម្នាក់ឯងថាមិនស្របច្បាប់។
ប៉ុន្តែចិនដែលចាត់ទុកសាលក្រមតុលាការឡាអេថាជាក្រដាសដែលគេឈ្លីចោល បានប្រើឱកាសនេះ សម្រាប់ជះកំហឹង។ ឧត្តមសេនីយ៍ ហ្វាន ចង់ឡុង អនុប្រធានគណៈកម្មការយោធាមជ្ឈិមបក្ស នៃនាយកដ្ឋានយោធាកំពូល ក្រោមបង្គាប់របស់ប្រធានាធិបតីស៊ីជីនពីង បានព្រមានលោកស្រីស៊ូសាន ដោយផ្ទាល់ អំពីគ្រោះថ្នាក់ដែលមហាអំណាចទាំងពីកំពុងប្រឈមដាក់គ្នា។
“យើងត្រូវស្មោះត្រង់នឹងខ្លួនយើង និងដឹងថាទំនាក់ទំនងចិនអាមេរិក ត្រូវជម្នះនិងប្រឈមឧបសគ្គច្រើន។ មានភាពស្មុគស្មាញនិងសំណុំរឿងរសើបៗច្រើនអាចបំពុលដល់ផ្នែកយោធា។ បើមិនដោះស្រោយឱ្យត្រឹមត្រង់ទេ នោះនឹងអស្ថិរភាពនៃទំនាក់ទំនងយោធាទាំងពីរប្រទេសអាចកើតឡើងបាន”។ នេះជាសំដីរបស់ឧត្តមសេនីយ៍ ហ្វាង ដែលអះអាងបញ្ជាក់ទៀតថា ប៉េកាំងតាំងចិត្តសន្យាស្ថាបនាទំនាក់ទំនងល្អជាមួយវ៉ាស៊ីនតោន ដោយឈរលើគោលការណ៍ គ្មានជម្លោះ គ្មានភាពប្រឈម គោរពគ្នាទៅវិញទៅមក និងមានកិច្ចសហប្រតិត្តិការឈ្នះ-ឈ្នះ។
លោកស្រីរ៉ាយ បានតបវិញថាផលវិបាកប៉ះពាល់ដល់យោធាដែលគ្មាននរណាចង់ឱ្យកើតឡើងសោះ នឹងត្រូវកាត់បន្ថយប្រសិនបើចេះនិយាយគ្នា។ ចិននិងអាមេរិកត្រូវពិភាក្សាគ្នានិងចេះគ្រប់គ្រងភាពខ្វែងគំនិតគ្នានេះ ព្រោះទំនាក់ទំនងអាមេរិកអាចផ្តល់ផលវិបាកដល់ពិភពលោកទាំងមូល។
សូមបញ្ជាក់ថាអាមេរិកខ្វល់ខ្វាយណាស់នឹងមហិច្ឆតាចិនទាមទារគ្រប់គ្រងតែម្នាក់ឯងនិងបង្កើនការសាងសង់កោះសប្បនិម្មិត្ត នៅតំបន់សមុទ្ទចិនខាងត្បូង។ កាលពីខែមុនវ៉ាស៊ីនតោនបានបញ្ជូននាវាចម្បាំងទី៧ទៅឈរជើងនៅទីនោះដើម្បីធានាអំពីសេរីភាពផ្លូវទឹក និងដើម្បីសម្លុតចិន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ