អានតួអត្ថបទ

ជំនួប​ជា​វិជ្ជមាន​រវាង​លោកស្រី​ស៊ូជី និង​ក្រុមប្រដាប់​អាវុធវ៉ាដ៏​មាន​អំណាច នៅភូមា

ក្រុមឧទ្ទាម​ប្រដាប់​អាវុធ​ដ៏​មាន​អំណាច​បំផុត​របស់​ភូមា បាន​អះអាង​នៅ​ថ្ងៃ​សុក្រ​នេះ​ ថា​បាន​ជួប​សន្ទនា​ជាមួយ​លោកស្រី​ប្រធាន​ដឹកនាំ​រដ្ឋាភិបាល​ អ៊ុង សានស៊ូជី ប្រកប​ដោយ​ទស្សនៈ​ជា​វិជ្ជមាន​បំផុត។ ក្រុមឧទ្ទាម​នេះបាន​បង្ហាញ​ជំហរ​គាំទ្រ​សន្និសីទ​បាងឡុង ស្នើ​ឡើង​ដោយ​លោកស្រី​ជ័យលាភីរង្វាន់​ណូបែល​សន្តិភាព ដើម្បី​ស្វែង​រក​សន្តិភាព​ឱ្យ​ភូមា។ ដំណើរ​ស្វែង​រក​សន្តិភាព​ជា​អាទិភាព​ដ៏​ចម្បង​មួយ​របស់​រដ្ឋាភិបាល។

គំនូសបែងចែកតំបន់​នានា ​ដែល​មានជនជាតិ​​​ខុសៗ​​គ្នា​រស់​នៅ​ ក្នុង​ប្រទេសភូមា
គំនូសបែងចែកតំបន់​នានា ​ដែល​មានជនជាតិ​​​ខុសៗ​​គ្នា​រស់​នៅ​ ក្នុង​ប្រទេសភូមា le-cartographe.net
ផ្សាយពាណិជ្ជកម្ម

តាំង​ពី​បាន​ឯករាជ្យ​នៅ​ឆ្នាំ​១៩៤៨​មក ភូមា​ដែលមាន​ជនជាតិ​ភាគតិច​រស់​នៅ​ចម្រុះគ្នាដល់​ទៅ​ជាង​១៣០​ជាតិ​ពិន្ធុ ត្រូវ​ប្រឈម​នឹង​ការ​ប៉ះបោរ​ទាមទារ​ស្វ័យភាព​ យ៉ាង​តាន​តឹង​បំផុត ពី​សំណាក់​ក្រុម​ប្រដាប់អាវុធ​ផ្សេងៗ។ នៅ​តាម​តំបន់​ព្រំដែន​ មាន​ការ​ប្រយុទ្ធ​បង្ហូរ​ឈាម​គ្នា​ឥត​ឈប់​មក​ទល់​បច្ចុប្បន្ន​នេះ រវាង​កង​កម្លាំង​រដ្ឋាភិបាល​ និង​ក្រុមឧទ្ទាមប៉ះបោរ​ ​ទាំង​នោះ។

នៅ​ក្នុង​ចំណោម​នោះ ក្រុម​ប្រដាប់​អាវុធដ៏​មាន​អំណាច​មួយ​ក្រុម​ឈ្មោះ​ថា “យោធា​រួម​រដ្ឋ​វ៉ា UWSA” បាន​បញ្ឈប់​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​កងទ័ព​រដ្ឋាភិបាល​ភូមា​តាំង​ពី​ឆ្នាំ​១៩៨៩​មក ជា​ថ្នូរ​នឹង​ការ​គ្រប់​ដែន​ដី​មួយ​ភាគ នៅ​តំបន់​ព្រំដែន​ជាប់​ប្រទេស​ចិន ដែល​ល្បី​ថា​ជា​ដែនដី​រត់​ពន្ធ​គ្រឿង​ញៀន។ ក្រុមវ៉ា ជាប់​ចោទ​ជា​អ្នក​ជួញដូរ​គ្រឿងញៀន ដូច​ជា​អាភៀន និង​អំហ្វេតាមីន ដើម្បី​យក​លុយ​មក​ទិញ​អាវុធ។ ក្រុម​នេះ​មាន​ទាហាន​ជា​អចិន្ត្រៃយ៍​ប្រមាណ​ពី ២ម៉ឺន ទៅ​២៥០០០នាក់ និង​ត្រូវ​បាន​ចាត់ជាភាគី​​ដ៏​សំខាន់​មួយ​ នៃ​ដំណើរ​ការ​ចរចា​ឈប់​បាញ់​ ស្នើ​ឡើង​ដោយ​រដ្ឋាភិបាល។

នៅ​ថ្ងៃសុក្រ​នេះ មេដឹកនាំ​យោធា​រួម​រដ្ឋ​វ៉ា បាន​ជួប​ពិភាក្សា​ជាមួយ​លោកស្រី អ៊ុង សានស៊ូជី ក្នុង​អត្ថន័យ​ជា​វិជ្ជមាន​ណាស់ ព្រោះ​ជាដំណាក់កាល​ដំបូង​នៃ​ការ​ស្ថាបនា​ទំនុក​ចិត្ត​រវាង​គ្នា​។ នេះ​បើតាម​អ្នក​នាំ​ពាក្យ​ក្រុម​វ៉ា។

លោកស្រី អ៊ុង សានស៊ូជី រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​និង​ជា​ទីប្រឹក្សា​ពិសេស​របស់​រដ្ឋ​ មាន​កម្មវត្ថុ​ប្រមូល​ផ្តុំ​ក្រុម​ឧទ្ទាម​ប្រដាប់​អាវុធ​នៅ​ភូមា​ទាំងអស់​ឱ្យ​មក​ចូល​តុ​ចរចា​សន្តិភាព ក្នុង​សន្និសីទ​បានលុង​សតវត្សរ៍​ទី​២១ តាម​គំរូ​ចរចា​ដែល​ឪពុក​លោកស្រីធ្លាប់​ដឹកនាំ​ធ្វើកាលពី​ឆ្នាំ​១៩៤៧។

លោកស្រី​ ស៊ូជី មិនទាន់​បាន​កំណត់​កាលបរិច្ឆេទ​នៃ​ជំនួប​ប្រជុំ​នេះ​ទេ ប៉ុន្តែ​បាន​​បង្កើន​កិច្ចពិភាក្សា​ជាមួយ​ក្រុម​ប្រដាប់​អាវុធៗ​ ជា​ច្រើន​នា​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ ដើម្បី​ធានា​អះអា​ថា​ពិត​ជាន​ក្រុម​ឧទ្ទាម​ចូល​រួម​ច្រើន។ ក្រុម​យោធា​បាន​បង្ហាញ​ជំហរ​គាំទ្រ​សន្និសីទ​បានលុង​នេះ ហើយ​សន្យា​ប្រឹង​ប្រែង​ចូល​រួម​ប្រជុំ​ទៀត​ ដើម្បី​បាន​សន្តិភាព។

ថ្វីបើ​លោកស្រី​បាន​បង្កើន​ការ​អំពាវនាវ​រក​សន្តិភាព​ ដោយ​បង្ហើប​លទ្ធភាព​​បង្កើត​ជា​រដ្ឋ​សហព័ន្ធ​ដើម្បី​ផ្តល់​អំណាច​ដល់​តំបន់​នីមួយក្តី​ ក៏ ​ក្រុម​ប្រដាប់​អាវុធ​ជា​ច្រើន​ផ្សេង​ទៀត នៅ​តែ​ច្បាំង​ជាមួយ​រដ្ឋាភិបាល ជាពិសេស​នៅតំបន់​កាជិន ភាគ​ខាង​ជើង​ និង​សាន​ ភាគ​ខាង​កើត​ប្រទេស៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ