អានតួអត្ថបទ

ឥណ្ឌូណេស៊ីបើក​យុទ្ធនាការ​ប្រឆាំង​នឹងការ​​នេសាទ​ខុសច្បាប់

ឥណ្ឌូណេស៊ី​បាន​ប្រកាស​នៅ​ថ្ងៃ​ចន្ទ​នេះ ថា​នឹង​ធ្វើការ​ពន្លិច​ទូក​​នេសាទបរទេស ចំនួន​៧១​គ្រឿង ដែល​អាជ្ញាធរ​​​ចាប់​រឹប​អូសបាន​ពេល​កំពុង​ធ្វើ​ការ​នេសាទ​ដោយ​ខុស​ច្បាប់។ សេចក្តី​ប្រកាស​របស់​ក្រសួងនេសាទ​ឥណ្ឌូណេស៊ី​នេះ​ធ្វើ​ឡើង​ដើម្បី​បញ្ជាក់​អំពី​ជំហរ​ប្រយុទ្ធ​ប្រឆាំងដាច់ខាត​ ​នឹង​ការ​នេសាទ​ខុស​ច្បាប់​នៅ​ក្នុង​ដែន​ទឹក​របស់​ខ្លួន។

ទូកនេសាទចិន
ទូកនេសាទចិន
ផ្សាយពាណិជ្ជកម្ម

​ជា​ច្រើន​ខែ​មក​ហើយ​ដែល​ឥណ្ឌូណេស៊ី​បាន​បើក​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​នេសាទ​ខុស​ច្បាប់​។ បើ​តាមលោក​​ប្រធានាធិបតី​ ហ្សូកូ វីដូដូ ការនេសាទ​ខុស​ច្បាប់​បាន​ធ្វើ​ឱ្យ​ឥណ្ឌូណេស៊ី ខាត​បង់​ប្រាក់​ចំណូល​ជាតិ​ដល់​ទៅ​រាប់​ពាន់​លាន​អឺរ៉ូ ក្នុង​មួយ​ឆ្នាំៗ។

គិត​ចាប់​តាំ​ងពី​ឆ្នាំ​២០១៤ ឆ្នាំ​ដែល​លោក វីដូដូ បាន​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​មក មាន​ទូក​នេសាទ​បរទេស​ចំនួន ១៧៦​គ្រឿង ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់​បាន​ពេល​កំពុង​ធ្វើការ​នេសាទ​ដោយ​ខុស​ច្បាប់ និង​ត្រូវ​បាន​អាជ្ញាធរ​​មាន​សមត្ថកិច្ច​ចាប់​ពន្លិច​ចោល​ បន្ទាប់​ពី​បាន​ចាប់អ្នក​បើកបរ​និង​​កម្មកររួច។ ទូក​នេសាទ​ខ្លះ​ត្រូវ​បាន​ដាក់​គ្រាប់​បំផ្ទុះ​បំផ្លាញ​ចោល​ នៅ​ចំពោះ​មុខ​សាធារណជន​តែ​ម្តង​ផង។

សម្រាប់​ឥណ្ឌូណេស៊ី ការ​ពន្លិច ឬ​បំផ្ទុះ​ទូកនេសាទ​យ៉ាង​ស្រស់ៗ​បែប​នេះ គឺ​ដើម្បី​ឱ្យ​បំបាក់​ទឹកចិត្ត​ក្រុម​អ្នក​នេសាទ​បរទេស​ទាំង​នោះ ហ៊ាន​បើក​ចូល​ក្នុង​ដែន​ទឹក​ឥណ្ឌូណេស៊ី​ ធ្វើ​ការ​នេសាទ​ខុស​ច្បាប់​ទៀត។ នៅ​ថ្ងៃទី ១៧​សីហា ខាង​មុខនា​ឱកាស​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ ទូក​នេសាទ​បរទេស​ចំនួន​៧១​គ្រឿង នឹង​ត្រូវ​ពន្លិច​ចោល​ ​នៅ​តាម​កន្លែង​ផ្សេងៗ ពេញ​ផ្ទៃ​ប្រទេស​តែ​ម្តង។ ប៉ុន្តែ​ក្រសួង​នេសាទ​ឥណ្ឌូណេស៊ី មិន​បាន​គូស​បញ្ជាក់​ថា​តើ​ទូក​នេសាទ​ទាំង​នោះ ជា​របស់​ប្រទេស​ណា​ខ្លះ​នោះ​ឡើយ។ នៅ​លើក​នេះ ឥណ្ឌូណេស៊ី បាន​ជ្រើសរើស​ការ​បំផ្លាញ​ទូក​នេសាទ ដោយ​មិន​ប្រើ​វិធី​បំផ្ទុះ​ទេ ព្រោះ​ក្រុម​អ្នក​ការពារ​បរិស្ថាន​តែង​តែ​មិន​សប្បាយ​ចិត្ត​នឹង​ផល​ប៉ះពាល់​ដល់​បរិស្ថាន​បណ្តាល​មក​ពី​ការ​បំផ្ទុះ​បំបែក​ទូក​នេសាទ។

ទូកនេសាទ​បរទេស​​ជា​ច្រើន​ប្រទេស​ដូច​ជា ចិន ថៃ វៀតណាម ហ្វីលីពីន និង​ម៉ាឡេស៊ី ធ្លាប់​ត្រូវ​បាន​កម្ទេច​ចោល​ ក្នុង​ក្របខ័ណ្ឌ​នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​នេសាទ​ខុស​ច្បាប់​ពី​មុន​មក។ ម្យ៉ាង​វិញ​ទៀត យុទ្ធនាការ​នេះ​បាន​ចាប់​ធ្វើ​ក្នុង​បរិបទ​នៃ​ភាព​តាន​តឹង​ខ្លាំង រវាង​ឥណ្ឌូណេស៊ី​និង​ប៉េកាំង ដោយ​ហេតុ​តែ​ជម្លោះ​ក្នុង​សមុទ្ទ​ចិន​ខាង​ត្បូង។ មាន​ការ​ប៉ះទង្គិច​គ្នា​ជា​ញយ​ដង​រួចមកហើយ​ ឥណ្ឌូណេស៊ី​បាន​ហ៊ាន​ដល់​ទៅ​បាញ់​សម្លុត​ទូក​នេសាទ​ចិន ដែល​ចូល​មក​នេសាទ​ក្នុង​ដែន​ទឹក​ឥណ្ឌូណេស៊ី។ តែ​ប៉េកាំង​បាន​បដិសេធ និង​ក្រេវក្រោធ​យ៉ាង​ខ្លាំង​ ដោយ​​ចោទ​ហ្សារកាតាថា​​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​នេសាទ​ខុស​ច្បាប់​ក្នុង​ដែន​ទឹក​របស់​ចិន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ