អានតួអត្ថបទ

ហ្វីលីពីន បញ្ចេញ​បញ្ជី​ខ្មៅ​អ្នក​ជាប់ពាក់ព័ន្ធ​នឹង​គ្រឿង​ញៀន

ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូដ្រីហ្កោ ឌុយទែរតេ Rodrigo Duterte ដែល​បាន​សន្យា​ប្រយុទ្ធ​ប្រឆាំង​​គ្មាន​អាសូរការ​ជួញដូរ​គ្រឿង​ញៀន បាន​ធ្វើ​ការ​ចោទ​ប្រកាន់​អ្នក​ទទួល​ខុសត្រូវ​ហ្វីលីពីន ជាង​១៦០​នាក់ ខ្លះ​ជា​ចៅក្រម តំណាង​សភា ប៉ូលិស និង​យោធា ថា​មាន​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​គ្រឿង​ញៀន។ លោកប្រមុខ​រដ្ឋ​ បាន​ស្នើ​សុំ​ឱ្យ​ពួក​គេ​ទាំង​នោះ​សុខ​ចេញ​សារភាព។

ប្រធានាធិបតី​ហ្វ្លីលីពីនលោក Rodrigo Duterte បញ្ចេញ​បញ្ជី​ឈ្មោះ​អ្នក​ជាប់​ពាក់ព័ន្ធ​នឹង​គ្រឿង​ញៀន
ប្រធានាធិបតី​ហ្វ្លីលីពីនលោក Rodrigo Duterte បញ្ចេញ​បញ្ជី​ឈ្មោះ​អ្នក​ជាប់​ពាក់ព័ន្ធ​នឹង​គ្រឿង​ញៀន REUTERS/Erik De Castro
ផ្សាយពាណិជ្ជកម្ម

ប្រធានាធិបតី​ហ្វីលីពីន​ថ្មី បាន​សន្យា​នឹង​កម្ចាត់​ឱ្យ​អស់​ក្រុម​ឧក្រិដ្ឋជន​គ្រឿង​ញៀន ក្នុង​រយៈ​ពេល​៦​ខែ។ តាំង​ពេល​នោះ​មក គេ​រាប់​ឃើញ​មាន​មនុស្សចំនួន​៨០០​នាក់ ដែល​ជាប់​​ចោទ​ថា​មាន​ពាក់ព័ន្ធ​នឹង​ពួក​ជួញ​ដូរ​គ្រឿង ត្រូវ​បាន​ប្រហារ​ជីវិត ដោយ​ប៉ូលិស ឬ​ដោយ​មនុស្ស​របស់​ប្រធានាធិបតី។

នៅ​ក្នុង​សុន្ទរកថាប្រចាំ​​ថ្ងៃអាទិត្យ​នេះ ​ លោក ឌុយទែរតេ បាន​បញ្ចេញ​ឈ្មោះ ចៅក្រម​៩​នាក់ និង​តំណាងសភា ឬ​អតីត​សមាជិក​សភា ចំនួន​ជាង​៥០​នាក់ អភិបាលក្រុង និង​តំណាង​ឃុំសង្កាត់​ជា​ច្រើន​រូប​ទៀត ថា​មាន​ប្រលាក់​ប្រលូស​ជាមួយ​សំណុំ​រឿង​គ្រឿង​ញៀន។ លោក​ប្រមុខ​រដ្ឋ​បាន​បញ្ជា​ឱ្យ​គេ​ដក​អង្គរក្ស ដក​សិទ្ធ​កាន់​អាវុធ​ពី​ឥស្សរជន​ទាំង​នោះ និង​ដោយ​បាន​ស្នើ​សុំ​ឱ្យ​ពួក​គេ​ចេញ​មុខ​សារភាព​ ដោយ​គំរាម​ថា​ប្រសិន​បើ​នរណា​ម្នាក់​ហ៊ាន​ប្រកែក ឬ​បញ្ចេញ​សកម្ម​ភាព​ហិង្សា​ ឬ​ក្រាញ​ នោះ​ប៉ូលិស​មាន​សិទ្ធិ​បាញ់​សម្លាប់​ភា្លម។

​មាន​សំដី​អសុរស និយាយផាំងៗ​ រហូត​ឡើង​ប្រជាប្រិយភាព​ខ្លាំង និង​បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី លោកឌុយទែរតេ បាន​ទទួល​ស្គាល់​ថា អាច​មាន​ការ​ចោទ​ប្រកាន់​ច្រលំ​ ចំពោះជន​ខ្លះ។ ប៉ុន្តែ​បញ្ជីខ្មៅ​ ដៅ​ឈ្មោះ​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​រដ្ឋាភិបាលជាប់​ដាន​គ្រឿង​ញៀន​ ទាំង​ជាង​១៦០​នាក់ រៀប​ចំ​ដោយ​​ប៉ូលិស និងដោយ​​យោធានេះ ធ្វើ​ឡើង​ដោយ​គ្មាន​គិត​អំពី​និន្នការ​នយោបាយ​ទេ ជាក់​ស្តែង​សូម្បី​តែ​មនុស្ស​ជា​មិត្ត​របស់​លោក​ប្រធានាធិបតី ក៏ជាប់​ក្នុង​សំណាញ់​ច្បាប់​ដែរ។

ក្លាយ​ជា​ប្រមុខ​ដឹកនាំ​ប្រទេស​ ដោយ​សារកម្មវិធី​សន្តិសុខ​មហា​តឹង​តែង លោក ឌុយទែរតេ បាន​បើក​ភ្លើង​ខៀវ​ឱ្យ​ប៉ូលិស​កុំ​ស្ទាក់​ស្ទើរ​នឹង​បាញ់​សម្លាប់​អ្នក​ជួញ​ដូរ​គ្រឿងញៀន និង​បាន​លើក​ទឹក​ចិត្ត​ពលរដ្ឋ​ឱ្យជួយ​សហការ​ជាមួយ​រដ្ឋាភិបាលវែក​រកមុខ​ឧក្រិដ្ឋជន។ លោកប្រធានាធិបតី ក៏​បាន​ច្រាន​ចោទ និង​មិន​ខ្វល់​នឹង​​ពាក្យ​រិះគន់​របស់​អង្គការ​ការពារ​សិទ្ធិមនុស្ស​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ