អានតួអត្ថបទ
ប៉ាគីស្ថាន

ប៉ាគីស្ថាន៖ ផ្ទុះគ្រាប់បែក​​អត្តឃាត ​ស្លាប់​៧០​នាក់ និង​រងរបួស​ជាង​១០០នាក់

ពី​ថ្ងៃ​ច័​ន្ទ​ម្សិលមិញ យ៉ាងហោច​ណាស់​មនុស្ស​​៧០​ស្លាប់ និង​ជាង​១១០​នាក់​ផ្សេង​​ទៀត​រង​របួសដោយសារ​ការ​បំផ្ទុះ​គ្រាប់​បែក​អត្ត​ឃាត​មួយ ​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន​។ បុរស​ម្នាក់​ដែល​ជា​សមាជិក​​ក្រុម​ឧទ្ទាម​ផ្តាច់​ទឹក​ដី​តាលីបង់ និង​ដែលជា​ដៃ​ជើង​របស់​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម​​ជីហាតផង​ បាន​បើកការ​បំផ្ទុះ​គ្រាប់​បែក​​អត្តឃាត នៅមុខ​មន្ទីរពេទ្យមួយ​ ក្នុង​​ក្រុង Quetta​។ កន្លែង​នោះជាទី​ដែល​មាន​មនុស្ស​ជា​​ច្រើន​សិបនាក់​ ​កំពុង​ឈរ​គោរព​វិញ្ញាណក្ខន្ធ​លោក​ប្រធាន​​គណៈ​​មេធាវី​ប៉ាគីស្ថានម្នាក់ ដែល​បាន​ត្រូវ​ពួកដដែល​​នេះ ធ្វើ​ឃាត​។

ព្រឹត្តិការណ៍​ក្រោយ​ផ្ទុះ​គ្រាប់បែក
ព្រឹត្តិការណ៍​ក្រោយ​ផ្ទុះ​គ្រាប់បែក @Xinhua-AFP
ផ្សាយពាណិជ្ជកម្ម

ម្សិលមិញវេលា​ដែល​មនុស្ស​ម្នា​ជាង​២០០ភាគ​ច្រើន ​គឺ​សុទ្ធតែ​ជា​មន្ត្រី​មកពី​ក្រសួង​យុត្តិធម៌ ក្រុម​មេធាវី និង​កង​កម្លាំង​​ប៉ូលីសក្រុង​ Quetta ​រួម​ជាមួយ​នឹងហ្វូង​អ្នក​កាសែត​ផង កំពុងតែ​ឈរ​​ជុំ​គ្នាក្នុង​សម្លៀក​បំពាក់​អាវ​ខ្មៅ​កាន់​ទុក្ខ​ ដើម្បីគោរព​វិញ្ញាណក្ខន្ធ​ប្រធាន​គណៈមេធាវីមួយ​រូប​ដ៏​ល្បី​​ ដែល​ទើប​តែ​បាន​ត្រូវ​គេ​ធ្វើ​ឃាត​។ នា​ពេល​នោះស្រាប់​មាន​បុរសម្នាក់​បាន​ទាញ​ខ្សែ​ក្រវាត់​​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​ដែល​ចងជាប់​នឹងខ្លួន ហើយ​បណ្តាល​ឲ្យ​មានសំឡេងស្រែង​​កង​រំពឹងឡើងតែម្តង​។ ភ្លាម​ៗ​នោះ​ មាន​​មនុស្ស​ដេក​ដួល រណូករណែល​ រីឯ​បំណែក​រាង​ការ​មនុស្សបាន​ដាច់​ដោច ​បែកខ្ចាត់ខ្ចាយ​ពីគ្នា ឈាមក្រហម​ក៏​បាន​ហូរច្រាល​​ដាប​ដី។ អ្នក​ដែល​នៅ​សល់​ជីវិត និង​អ្នក​រងរបួសផ្សេងទៀត​​ក៏​ផ្តើមស្រែក​ទ្រហោ​យំ​ឆោ​ឆោរ​ឡើង។ មនុស្ស​ដែល​​នៅ​ជិត​ៗ​កន្លែង​កើត​ហេតុ ​ក៏​ភ័យ​ស្លន់​ស្លោ​រត់​យក​តែ​ប្រាសអាយុ​។ ចំណែក​អំបែង​គ្រាប់និង​ផ្សែង​ បាន​ឆេះ​ហុយ​យ៉ាង​សន្ធោ​សន្ធៅ ឆ្ងាយ​ជា​ច្រើន​គីឡូម៉ែត្រ។

 

គួរ​ជ្រាប​ថា កាលពី​​ព្រឹកថ្ងៃ​ច័ន្ទម្សិលមិញនេះ​ លោក​ប្រធាន​គណៈមេធាវី Bilal Anwar Kasi ត្រូវ​ខ្មាន់​កាំភ្លើង​មិន​ស្គាល់​មុខបាញ់​សម្លាប់ ក្នុងពេល​ដែល​លោក​ចេញដំណើរ​ពី​ផ្ទះ​ទៅធ្វើការ។ ​នៅពេល​ដែលមនុស្ស​ម្នា​ទៅ​គោរព​សព​របស់​គាត់​នៅ​មន្ទីរ​ពេទ្យ ក៏​មាន​ហេតុការណ៍​​បំផ្ទុះ​គ្រាប់​បែក​នេះកើត​ឡើង​មួយ​បន្ថែម​ទៀត។

 

ក្រោយ​ហេតុការ​ណ៍នេះ ភ្លាមៗ លោក​នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន​ Nawaz Sharif បាន​ចុះ​ទៅ​កន្លែង​កន្លែង​បំផ្ទុះ​គ្រាប់បែក ហើយ​បាន​​កោះ​ហៅ​កង​កម្លាំង​រក្សា​សន្តិសុខ​ឲ្យ​ធ្វើ​យុទ្ធនាការ​វែក​មុខពួក​ក្រុម​ភេវជន។ ស​ហគម​អឺរ៉ុង​បាន​ថ្កោលទោស​ទង្វើ​នេះ ហើយ​ប្រធានាធិបតីបារាំង​បាន​​ចាត់ទុកថា នេះជា​អំពើ​ដ៏​គំរក់គួរ​ឲ្យ​ស្អប់​ខ្ពើម។ ចំណែក​អគ្គលេខា​អង្គការ​សហប្រជាជាតិ​វិញ​ក៏​បាន​អំពាវវនារ​ឲ្យ​រដ្ឋ​អំណាច​ត្រូវ​ប្រើ​គ្រប់​មធ្យោបាយ​ដើម្បី​ការពារ​ប្រជាជន​ឲ្យ​បាន​ប្រសើរផងដែរ​។

 

នៅ​ប៉ុន្មាន​ម៉ោង​ក្រោយ​មក ក្រុម​ឧទ្ទាម​ផ្តាច់​ទឹក​ដី​តាលីបង់ Jamaat-ul-Ahrar និង​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម​ជីហាតបាន​ប្រកាស​ថា ​គឺ​ជា​ស្នាដៃ​របស់​ពួក​គេ ហើយ​ការ​សម្លាប់លោក​​ប្រធាន​គណៈមេធាវីម្នាក់​នោះ ក៏​ជា​ទង្វើ​របស់​ពួក​គេ​ផងដែរ។ ការ​អះអាង​នេះ គឺ​ជា​របស់​ទីភ្នាក់ងារ​Amaq ដែល​ជាឧបករណ៍​ឃោសនា​របស់​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម​ជីហាត នៅ​ប្រទេស​ប៉ាគីស្ថាន​។

 

សូម​រម្លឹក​ថា ជាង​១ទសវត្ស៍​ចុង​ក្រោយ​នេះ ពួក​ក្រុម​ឧទ្ទាម​ផ្តាច់​ទឹក​ដី​តាលីបង់ បាន​បង្ក​ព្យុះ​ភ្លៀង​​ នៅ​លើទឹក​ដី​ប៉ាគីស្ថាន ហើយ​មន្ត្រីរដ្ឋការ អ្នក​ធ្វើការ​ឲ្យ​ក្រសួង​ស្ថាប័ន​​រដ្ឋគឺ​មនុស្ស​គោលដៅ​របស់​ពួក​នេះ ដែល​ត្រូវ​កម្ទេចចោល​។

 

ជាការ​កត់​សម្គាល់ នៅ​ឆ្នាំ២០១៦ ពួក​នេះ បាន​វាយ​ប្រហារ​ភេវរកម្ម​ម្តងរួច​មក​​ហើយ នៅ​សួន​កុមារ​មួយ​ ដែល​នាំ​ឲ្យ​ស្លាប់​មនុស្ស​ប្រមាណ៧៥នាក់។ ចំណែក​​ការ​ធ្វើ​ភេវរកម្ម​លើកនេះ គឺជា​លើកទី​២​ហើយ ដែល​កើត​ឡើង​នៅ​​មន្ទីរ​ពេទ្យ គឺ​​កាលពី​ឆ្នាំ​២០១០ ពួក​គេ​បាន​បំផ្ទុះ​គ្រាប់​បែក​នៅមុខ​មន្ទីរពេទ្យ​មួយ ដែល​កាលណោះ ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​១៣នាក់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ