អានតួអត្ថបទ
ថៃ

វាយប្រហារ​នៅ​ថៃ៖​របបសឹក​បន្ត​សង្ស័យ​លើ​វិច្ឆេទកម្ម​ក្នុង​ស្រុក​ជាង​លើ​ទង្វើ​ភេរវកម្ម​អន្តរជាតិ

នៅ​ក្នុង​ប្រទេស​ថៃ ជិត ៤៨ម៉ោង​ក្រោយ​ការ​វាយប្រហារ​ដោយ​គ្រាប់បែក​ដៃ​នៅ​ក្នុង​ខេត្ត​ចំនួន ៥​ស្ថិត​ប៉ែក​ខាង​ត្បូង​ដែល​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស ៤នាក់ និង​របួស​ជា​ច្រើន​នាក់​មក ការ​ស៊ើបអង្កេត​ស្វែង​រក​ក្រុម និង​ជនដៃ​ដល់​បាន​នឹង​កំពុង​បន្ត​ធ្វើ​យ៉ាង​សកម្ម។ នៅ​ថ្ងៃ​សៅរ៍ ទី១៣ សីហា​នេះ សន្តិសុខ​ត្រូវ​បាន​ពង្រឹង​នៅ​ទូទាំង​ប្រទេស ពិសេស​នៅ​កន្លែង​ទេចរណ៍ និង​កន្លែង​សាធារណៈ​មួយ​ចំនួន ដូច​យ៉ាង​នៅ​អាកាសយានដ្ឋាន និង​នៅ​ស្ថានីយ៍​រថភ្លើង។ យ៉ាង​ណា​ក៏​ដោយ ការ​វាយប្រហារ​នេះ​បាន និង​កំពុង​ជះឥទ្ធិពល​យ៉ាង​អាក្រក់​ដល់​វិស័យ​ទេសចរណ៍។

វាយប្រហារ​នៅ​ថៃ៖​របបសឹក​បន្ត​សង្ស័យ​លើ​វិច្ឆេទកម្ម​ក្នុង​ស្រុក​ជាង​លើ​ទង្វើ​ភេរវកម្ម​អន្តរជាតិ
វាយប្រហារ​នៅ​ថៃ៖​របបសឹក​បន្ត​សង្ស័យ​លើ​វិច្ឆេទកម្ម​ក្នុង​ស្រុក​ជាង​លើ​ទង្វើ​ភេរវកម្ម​អន្តរជាតិ LILLIAN SUWANRUMPHA / AFP
ផ្សាយពាណិជ្ជកម្ម

រហូត​ដល់​ពេល​នេះ នៅ​មិន​ទាន់​មាន​ក្រុម ឬ​ចលនា​ណា​មួយ​បាន​ចេញ​មុខ​ប្រកាស​ថា​ជា​ស្នាដៃ​របស់​ខ្លួន​នៅ​ឡើយ​ទេ ហើយ​ក្រុម​អ្នក​ស៊ើបអង្កេត​ក៏​កំពុង​បន្ត​ធ្វើ​ការ​ស្រាវជ្រាវ​ដោយ​នៅ​មិន​ទាន់​ហ៊ាន​សន្និដ្ឋាន​អ្វី​ទាំង​អស់។ ក៏​ប៉ុន្តែ របបសឹក​ហាក់​បី​ដូច​ជា​បាន​ចាត់​ទុក​ការ​វាយប្រហារ​នោះ​ជា​វិច្ឆេទកម្ម​ក្នុង​ស្រុក​ជា​ជាង​ជា​ទង្វើ​ភេរវកម្ម​អន្តរជាតិ។ មេប៉ូលិសរង​ថៃ​បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​សៅរ៍ ទី១៣ សីហា​នេះ​ថា កម្លាំង​ប៉ូលិស​នឹង​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​លើ​ព័ត៌មាន​សម្ងាត់ និង​ការ​ឃ្លាំមើល ហើយ​ថា ការ​សិក្សា​លើ ADN ដែល​ស្រង់​បាន​ពី​កន្លែង​កើត​ហេតុ​កំពុង​បន្ត​ធ្វើ​យ៉ាង​សកម្ម។

ដោយ​មិន​និយាយ​ចំៗ​លើ​ពួកប្រឆាំង​ដែល​គេ​ស្គាល់​ថា​ចា​ពួក​អាវក្រហម មេប៉ូលិសរង​ថៃ​រូប​នេះ​ដដែល​បាន​ព្យាយាម​បញ្ជាក់​ថា ព្រឹត្តិការណ៍​បំផ្ទុះ​គ្រាប់បែក​នោះ​មិនមែន​ជា​ការ​ពង្រីក​ឥទ្ធិពល​របស់​ក្រុម​ឧទ្ទាម​អ្នក​ទាមទារ​ផ្តាច់​ទឹកដី​និយម​នៅ​ប៉ែកខាងត្បូង​ទេ និង​ថា កម្លាំង​សន្តិសុខ​ត្រូវ​បាន​ពង្រឹង​បន្ថែម​នៅ​ទូទាំង​ប្រទេស​ចាប់​ពី​ថ្ងៃ​សៅរ៍​នេះ​ទេ​នៅ​តាម​តំបន់​ទេសចរណ៍ និង​នៅ​តាម​កន្លែង​សាធារណៈ ដូច​យ៉ាង​នៅ​អាកាសយានដ្ឋាន និង​ស្ថានីយ៍​រថភ្លើង។

ដោយ​ឡែក អ្នក​នាំ​ពាក្យ​ប៉ូលិស​ថៃ​បាន​បញ្ជាក់​នៅ​ថ្ងៃ​នេះ​ថា ប៉ូលិស​បាន​ចោទ​សួរ​លើ​ជន​មួយ​ចំនួន​នា​ថ្ងៃ​សុក្រ ទី១២​សីហា តែ​មិន​មាន​ការ​ឃាត់​ខ្លួន​ជន​ណា​ម្នាក់​ទេ។ អ្នក​នាំ​ពាក្យ​ប៉ូលិស​ថៃ​រូប​នេះ​ដដែល​មិន​បាន​ប្រាប់​ពី​អត្តសញ្ញាណ​លើ​ជន​ចោទ​សួរ​ទាំង​អស់​នោះ​ទេ តែ​បាន​បញ្ជាក់​ថា គ្រាប់បែក​ច្នៃ​ទាំង ១១គ្រាប់​ដែល​បាន​ផ្ទុះ​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ឆ្លង​ចូល​ថ្ងៃ​សុក្រ ទី១២ សីហា​ពិត​ជា​ស្នាដៃ​របស់​ក្រុម​តែ​មួយ។ គួរ​រម្លឹក​ជូន​ថា ក្នុង​ចំណោម​ខេត្ត​ទាំង ៥ ដែល​រង​ការ​វាយប្រហារ ហួរហ៊ីន​ជា​ខេត្ត​ទេសចរណ៍​មាត់​សមុទ្រ​ដែល​រងគ្រោះ​ធ្ងន់​ជាង​គេ​ជាមួយ​នឹង​ការ​បំផ្ទុះ​ចំនួន ២ដង​ដោយ​សម្លាប់​មនុស្ស ២នាក់។

នៅ​ថ្ងៃ​នេះ ស្ថានភាព​នៅ​ហួរហ៊ីន​បាន​វិល​មក​រក​ភាព​ប្រក្រតី​ឡើង​វិញ​ហើយ តែ​ក្តីបារម្ភ​នៅ​បន្ត​មាន​ខ្លាំង​ចំពោះ​អ្នក​ទេសចរណ៍​បរទេស។ អ៊ីចឹង​ហើយ​បាន​ជា​លោក​រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍​ថៃ​បាន​ធ្វើ​សន្និសីទកាសែត​បន្ទាន់​មួយ​ក្នុង​ថ្ងៃ​នេះ​ដើម្បី​ធានា​ដល់​ការ​ព្រួយបារម្ភ​របស់​អ្នកទេសចរណ៍៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ