អានតួអត្ថបទ
អាមេរិក-ប៉ាគីស្ថាន-អាហ្វហ្កានីស្ថាន

អាមេរិក​ប្រកាស​ពី​ការ​ស្លាប់​មេ​អង្គការ​រដ្ឋអ៊ីស្លាម​នៅ​ប៉ាគីស្ថាន និង​នៅ​អាហ្វហ្កានីស្ថាន

នៅ​ថ្ងៃ​សុក្រ ទី១២ សីហា ក្រសួង​ការពារជាតិ​អាមេរិក​បាន​ប្រកាស​ឲ្យ​ដឹង​ពី​ការ​ស្លាប់​ជន Hafez Saïf មេ​អង្គការ​រដ្ឋអ៊ីស្លាម​នៅ​ប្រទេស​ប៉ាគីស្ថាន និង​នៅ​អាហ្វហ្កានីស្ថាន។ ជន Saïf ត្រូវ​បាន​ស្លាប់​ដោយ​គ្រាប់​កាំជ្រួច​បាញ់​ចេញ​ពី​យន្តហោះ​ដ្រូន​អាមេរិក​កាល​ពី​ថ្ងៃទី២៦ កក្កដា​កន្លង​ទៅ​នៅ​ក្នុង​ខេត្ត​អាហ្វហ្កានីស្ថាន Nangarhar។ ការ​សម្លាប់​បាន​ភេរវជន Saïf ជា​សក្ខីកម្ម​ថ្មី​មួយ​ទៀត​ដែល​បញ្ជាក់​ពី​ឆន្ទៈ​របស់​ទីក្រុង​វ៉ាស៊ីតោន​ក្នុង​ការ​បន្ត​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ចលនា​ភេរវនិយម​អន្តរជាតិ។

រដ្ឋមន្រ្តីការពារជាតិ​អាមេរិក​លោក Ashton Carter (រូបឆ្វេង) និង​មេបញ្ជាការទ័ព​អាមេរិក​លោក Joseph Dunford
រដ្ឋមន្រ្តីការពារជាតិ​អាមេរិក​លោក Ashton Carter (រូបឆ្វេង) និង​មេបញ្ជាការទ័ព​អាមេរិក​លោក Joseph Dunford AFP/SAUL LOEB
ផ្សាយពាណិជ្ជកម្ម

ជាមួយ​នឹង​ការ​ស្លាប់​មេ​អង្គការ​រដ្ឋអ៊ីស្លាម Hafez Saïf ដោយ​យន្តហោះ​ដ្រូន​អាមេរិក​ក្នុង​ទឹកដី​អាហ្វហ្កានីស្ថាន​នាំ​គេ​នឹក​ឃើញ​ពី​ការ​ស្លាប់​អតីត​មេ​ចលនា​ឧទ្ទាម​តាលីបង់ Mollah ដោយ​យន្តហោះ​ដ្រូន​អាមេរិក​ដូច​គ្នា​ក្នុង​ខែ​ឧសភា​កន្លង​ទៅ។ កាល​ពី ១ឆ្នាំ​មុន អាមេរិក​ធ្លាប់​បាន​គិត​ថា យន្តហោះ​ដ្រូន​របស់​ខ្លួន​បាន​សម្លាប់​ជន Hafez Saïf បាត់​ទៅ​ហើយ តែ​ទីបំផុត គឺ​ទើប​តែ​នៅ​ថ្ងៃទី២៦ កក្កដា​កន្លង​ទៅ​ថ្មីៗ​នេះ​ទេ​ដែល​ទើប​សម្លាប់​ជន Hafez Saïf បាន​ជាផ្លូវការ។ ទីក្រុង​វ៉ាស៊ីនតោន​សង្ឃឹម​ថា ការ​កំចាត់​បាន​មេ​អង្គការ​រដ្ឋអ៊ីស្លាម​ប្រចាំ​នៅ​ប៉ាគីស្ថាន និង​នៅ​អាហ្វហ្កាស្ថាន​រូប​នេះ​ជា​បច្ច័យ​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​ទប់​ស្កាត់​ការ​អភិវឌ្ឍន៍​របស់​បណ្តាញ​ភេរវនិយម​អន្តរជាតិ​នៅ​ក្នុង​តំបន់។

សូម​ជម្រាប​ជូន​ថា អង្គការ​រដ្ឋអ៊ីស្លាម​ដែល​កំពុង​ជួប​ការ​លំបាក​ខ្លាំង និង​បាត់បង់​ទឹកដី​មួយ​ភាគ​ធំ​នៅ​ក្នុង​ប្រទេស​ស៊ីរី និង​អ៊ីរ៉ាក់​បាន​និង​កំពុង​ព្យាយាម​ពង្រីក​ឥទ្ធិពល និង​ស្វែង​រក​ជម្រក​ថ្មី​នៅ​កន្លែង​ផ្សេង ពិសេស​នៅ​ក្នុង​ទឹកដី​អាហ្វហ្កានីស្ថាន និង​ប៉ាគីស្ថាន។ តែ​ដោយ​លំបាក​ក្នុង​ការ​កាន់កាប់​ទីតាំង​មួយ​ច្បាស់លាស់ ពួក​នេះ​បង្វែរ​គោលដៅ​បង្ក​ភេរវកម្ម​សម្លាប់​មនុស្ស ដូច​យ៉ាង​នៅ​ពី​មុខ​មន្ទីរពេទ្យ​មួយ​ក្នុង​ប្រទេស​ប៉ាគីស្ថាន​កាល​ពី​ថ្ងៃ​ចន្ទ ទី៨ សីហា​ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់៧៣នាក់ និង​ភេរវកម្ម​ក្នុង​ទីក្រុង​កាប៊ូល ប្រទេស​អាហ្វហ្កានីស្ថាន​កាល​ពី​ថ្ងៃទី២៣ កក្កដា​ដោយ​បណ្តាល​ឲ្យ​មាន​នុស្ស​ស្លាប់​ជា​ច្រើន​នាក់។

យ៉ាង​ណា​ក៏​ដោយ និង​ទោះ​បី​ជា​អង្គការ​រដ្ឋអ៊ីស្លាម​ព្យាយាម​បញ្ចុះបញ្ចូល​ពួក​ឧទ្ទាម​តាលីបង់​មួយ​ចំនួន​​ឲ្យ​ចូលរួម​ជាមួយ​ខ្លួន​ក៏​ដោយ ក៏​គេ​សង្កេត​ឃើញ​ថា តាលីបង់​នៅ​បន្ត​ជា​ចលនា​ឧទ្ទាម​ដែល​កំពុង​បន្ត​សោយរាជ្យ និង​កំពុង​មាន​ឥទ្ធិពល​ខ្លាំង​នៅ​ក្នុង​តំបន់​ដដែល។ តាំង​ពី​ការ​ចាក​ចេញ​របស់​កម្លាំងទ័ព​អូតង់ និង​អាមេរិក​ពី​ទឹកដី​អាហ្វហ្កានីស្ថាន​មក រដ្ឋាភិបាល​ទីក្រុង​កាប៊ូល​កំពុង​ជួប​ការ​លំបាក​ខ្លាំង​ក្នុង​ការ​ប្រឈម​មុខ​នឹង​ពួក​ឧទ្ទាម​តាលីបង់​ដោយ​ខ្លួន​ឯង។ តែ​ការ​កំចាត់​បាន​មេ​អង្គការ​រដ្ឋអ៊ីស្លាម Hafez Saïf ដោយ​យន្តហោះ​ដ្រូន​អាមេរិក​ក្នុង​ទឹកដី​អាហ្វហ្កានីស្ថាន​ពេល​នេះ​ជា​សក្ខីកម្ម​មួយ​ដែល​បញ្ជាក់​ថា អាមេរិក​មិន​បាន​បោះបង់​ចោល​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន​ទាំង​ស្រុង​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ