អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ឥណ្ឌា អត្ថន័យ​ពី​រ​នៃ​​ច្បាប់​ការងារ​​កុមារ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ឥណ្ឌា​​ទើប​កែប្រែ​​ច្បាប់​​​ការ​ងារ​កុមារ​។ វិសោធនកម្ម​ច្បាប់ ស្នើ​ឡើង​ដោយ​​រដ្ឋាភិបាល​របស់​លោក ម៉ូឌី និង​ដែល​ទើប​​អនុម័ត​ដោយ​សភា​កាលពី​ចុង​ខែកក្កដា ដើម្បី​​ការពារ​កុមារ​ផង​និង​ដោយ​​យោល​ទៅ​តាម​លក្ខខណ្ឌ​សង្គម​សេដ្ឋកិច្ច​ជាក់​ស្តែង​របស់​ប្រទេស​ផង។ នេះ​បើ​តាម​ការ​អះអាង​របស់​អាជ្ញាធរ​ឥណ្ឌា។ ប៉ុន្តែ​​អង្គការ​ការពារ​សិទ្ធមនុស្ស​វិញ បាន​​បរិហារ​​កំណែទម្រង់​ច្បាប់​នេះ​យ៉ាង​ខ្លាំង ព្រោះ​យល់​ថា​ច្បាប់​នេះ​អា​ច​នឹង​ផ្តល់​វិបាក​ដែល​ផ្ទុយ​ទាំង​ស្រុង​ពី​សេចក្តី​ប្រកាស​របស់​រដ្ឋាភិបាល។

កុមារ​ឥណ្ឌា​៧០%​ធ្វើ​ការក្នុង​វិស័យ​កាត់ដេរ ជា​សហគ្រាស​បែប​គ្រួសារ
កុមារ​ឥណ្ឌា​៧០%​ធ្វើ​ការក្នុង​វិស័យ​កាត់ដេរ ជា​សហគ្រាស​បែប​គ្រួសារ CHINA OUT AFP PHOTO
ផ្សាយពាណិជ្ជកម្ម

ច្បាប់​ថ្មី​ស្តី​ពីការងារ​របស់កុមារ បាន​សម្គាល់​ដោយ​ការ​ប្តូរ​ផ្លាស់​ពី​រ​ចំណុចចម្បង។ នេះ​ជា​មោទនភាព​របស់​រដ្ឋាភិបាល ៖ ទី​មួយ ហាមដាច់​ខាត​មិន​ឱ្យ​ប្រើ​កម្លាំង​ពលករ​កុមារ​ក្រោម​អាយុ​១៤​ឆ្នាំ។ ​ទីពីរ ឥណ្ឌា​លែង​អនុញ្ញាត​ឱ្យ​ជ្រើសរើស​ក្មេង​ពី​អាយុ​១៤​ទៅ​១៨ឆ្នាំ ឱ្យ​ធ្វើ​ការ​ក្នុងរបរ​ដែល​មាន​ "ហានិភ័យ"។ ប៉ុន្តែ​មាន​ករណី​លើក​លែង ដែល​បង្ក​ជា​បញ្ហា​ចោទ ឈាន​ដល់​ការរិះគន់ខ្លាំង នោះគឺ កុមារ​ទោះបី​ជា​ក្មេង​ខ្លាំង​ក៏​អាច​មាន​សិទ្ធិ​ធ្វើការ​បាន ដោយ​ស្របច្បាប់​ នៅ​ក្នុង​ក្រុមហ៊ុន​សហគ្រាស​របស់​គ្រួសារ “នៅ​ពេល​វិស្សមកាល និង​ក្រៅ​ម៉ោង​សិក្សា”។

 

អង្គការ​សហប្រជាជាតិ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជា​ច្រើន បាន​រិះគន់​មិន​សំចៃ​ ​ច្បាប់​នេះ ដោយ​យល់​ថានឹង​មាន​ការមាន​រំលោភ​​កម្លាំង​កុមារ តាម​រយៈ​​កថាខណ្ឌ​​មួយ​នេះ​ជា​ប្រាកដ។ ហើយ​នៅទី​បំផុត សិទ្ធ​ទទួល​បាន​ការ​សិក្សា ទៅ​រៀន​ក្នុង​លក្ខខណ្ឌ​សមស្រប​ ដែ​លមាន​ចែង​ក្នុង​ច្បាប់​អប់​រំ ឆ្នាំ​២០០៩ នឹង​បាន​បំពាន​យ៉ាង​ងាយ។

កុមារី ជា​ជនរងគ្រោះមុន​គេ

​នៅ​ប្រទេស​ឥណ្ឌា ៨០%​នៃ​កុមារ​សរុប​ទាំង​ប្រមាណ​១០​លាន​នាក់ សុទ្ធ​តែ​បាន​ស៊ីឈ្នួល​ធ្វើការ​ក្នុង​​ក្រុមហ៊ុន​របស់​គ្រួសារ ក្នុង​វិស័យ​ផ្សេងៗ​ដូច​ជា ភោជនីដ្ឋាន ច្នៃត្បូង ធ្វើកសិកម្ម ប្រមូល​សម្រាម ... នេះ​ដោយ​មិន​គិត អំពី​អត្ថន័យ​នៃ​ពាក្យ​ថា “គ្រួសារ” ដែល​ពេល​ខ្លះ​មិន​ដឹង​ជាប់​ខ្សែក្រឡាយ​ឈាម​ជ័រ​ កំរិត​ណា​ផង។ ពាក្យ​ថា “គ្រួសារ” មាន​ខ្លឹមសារ​ទូលំទូលាយ​ជ្រុល​ និង​ដែល​ក្រុមហ៊ុន​សហគ្រាស​ផ្សេងៗ​ប្រើ​កម្លាំង​កុមារ បាន​ពង្រីក​រាប់​ជីលួតជីលាផង​ក៏​មាន។
ម្យ៉ាង​វិញ​ទៀត ថ្វី​បើ​រដ្ឋាភិបាលបាន​ធានាអះអាង​ជាលើក​ទី​មួយ​ថា​ឥណ្ឌា​មាន​ច្បាប់​ការពារ​កុមារ​ពីអាយុ​១៤​ទៅ​១៨​ឆ្នាំ​មិន​ឱ្យ​ធ្វើ​ការ​ក្នុង​របរ​គ្រោះ​ថ្នាក់​មែន ប៉ុន្តែ​បញ្ជី​ឈ្មោះ​ការងារ​មាន​ហានិភ័យ​បាន​កាត់​បន្ថយពី​១៦​មក​ត្រឹម​តែ​បី​ប៉ុណ្ណោះ។

រដ្ឋាភិបាល​ឥណ្ឌា​បាន​ការពារ​វិសោធនកម្ម​ច្បាប់​យ៉ាង​ពេញ​ទំហឹង ដោយ​បញ្ជាក់​ថា​បាន​​គិតគូរ​យ៉ាង​ល្អិត​ល្អន់ រក​ផ្លូវកណ្តាល​ដ៏​ត្រឹម​ត្រូវ​មួយ រវាង​ការការពារ​សិទ្ធិ​កុមារ​មិន​ទាន់​ពេញ​វ័យ និង​ស្ថានភាព​ជីវភាព​លំបាកលំបិន​ជាក់​ស្តែង​របស់គ្រួសារ​ក្រីក្រ ដែល​ពេល​ខ្លះ​រស់​រំពឹង​​តែ​លើ​ប្រាក់​ចំណូល​របស់​កូនៗ​។ អំណះអំណាង​ដែល​ក្រុម​អ្នក​ការ​ពារ​សិទ្ធិ​កុមារ​មិនអាច​ទទួល​យក​បាន​ឡើយ។

ការងារមួយ​ភាគ​របស់កុមារ​មិន​លែង​នរណា​មើល​ឃើញ លែង​សូវ​ទៅ​សាលា​រៀន ហើយ​គ្រួសារ​ដែល​ក្រីក្រ​ខ្លាំង​ត្រូវ​តែប​ង្ខំ​ចិត្ត​បញ្ឈប់​ការ​សិក្សា​ ! នេះ​ជា​ប្រតិកម្ម​របស់​អង្គការ​យូនីសេហ្វ នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ។ ជ័យលាភី​រង្វាន់​ណូបែលសន្តិភាពឆ្នាំ​២០១៤ លោក កៃឡាស សាត្យាធី ក៏​យល់​ស្រប​ជាមួយ​អង្គការ​យូនីសេហ្វ​ដែរ​ ដោយ​ពន្យល់​បន្ថែម​ទៀត​ថា ច្បាប់​ការងារ​កុមារ​របស់​ឥណ្ឌា ​កំពុង​ប្រើ​តម្លៃ​គ្រួសារ​ សម្រាប់​យក​ចំណេញ​ពីកុមារ និង​ដែល​សង្គម​យល់​ច្រលំ រវាង​ ការហាត់រៀនធ្វើការ​​នៅ​ក្នុង​គ្រួសារ និង​ការងារ​នៅ​ក្នុង​ក្រុមហ៊ុន​សហគ្រាស​បែប​គ្រួសារ។

អ្នក​ដែល​រងគ្រោះ​ជាង និង​ដំបូង​​គេ​អំពីច្បាប់​នេះ គឺ​កុមារី និងយុវតី ដែល​មាន​ស្ថានភាព​យ៉ាប់យឺនខ្លាំង​ស្រាប់​ទៅ​ហើយ។ បើ​តាម​របាយការណ៍​ឆ្នាំ​២០១៤ កុមារី​ ឬ​ក្មេងស្រី តំណាង​ឱ្យ​៨០%​នៃ​កុមារ ធ្វើ​ការ​ស៊ីឈ្នួល​នៅ​តាម​ផ្ទះ។​ ៧០% ជា​បុគ្គលិក​កុមារ​ក្នុង​សហគ្រាសកាត់ដេរ​បែប​គ្រួសារ។ តាម​រយៈ​ច្បាប់​ថ្មីនេះ រដ្ឋាភិបាល​ឥណ្ឌា កំពុង​ដើរ​បញ្ច្រាស​នឹង​អ្វី​ដែល​លោក​ម៉ូឌី ធ្លាប់​បាន​សន្យា​នៅ​ក្នុង​ពេល​ឃោសនា​បោះឆ្នោត ចង់​​ផ្តល់សន្ទុះ​ដល់​​ការ​អប់រំ​​​កុមារី។

អ្នក​ខ្លះ​ទៀត ព្រួយ​បារម្ភ​​ខ្លាច​មាន​ការលួច​​ប្រើ​កម្លាំង​កម្មករកុមារក្រោម​អាយុ​១៤​ឆ្នាំ ក្នុង​វិស័យ​ឧស្សាហកម្ម​កាត់ដេរ ដើម្បីកាត់​បន្ថយ​ចំណាយ​​ប្រាក់​ខែ​ឱ្យ​នៅ​ទាប។ ព្រោះ​ថា ការ​អនុម័ត​ច្បាប់​ការងារកុមារ​ របស់​រដ្ឋ​សភា យ៉ាង​លឿន​រហ័ស​ដូច​ផ្លេក​បន្ទោល អាច​មិន​មែន​ជា​ការ​ចៃដន្យ​ធម្មតា​ឡើយ។ វិសោធនកម្មច្បាប់​នេះ ប្រព្រឹត្ត​ទៅ​​តែ​ប៉ុន្មាន​សប្តាហ៍​ក្រោយ​សេចក្តី​ប្រកាស​របស់​ក្រសួង​ហិរញ្ញវត្ថុ អំពី​ផែនការ​ឧបត្ថម្ភ​រដ្ឋ​សម្រាប់​ផ្តល់​សន្ទុះដល់​វិស័យ​ឧស្សាហកម្ម​ឥណ្ឌា។ រដ្ឋាភិបាល​គ្រោង​នឹង​​បង្កើត​ការងារ​ថ្មី​ចំនួន​១០លាន​ការងារ ​ក្នុងរយៈ​ពេល​បី​ឆ្នាំ។

ឥណ្ឌា​សង្ឃឹម​ថា​នឹង​នាំ​មុខ​ចិន បង់ក្លាដែស និង​វៀតណាម ដែល​​ប្រាក់​ខែ​កម្មករកម្មការិនី​កាត់​ដែរមាន​និន្នាការ​ឡើងរហូត​សន្សឹមៗ​​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​។ ការកែប្រែ​ច្បាប់ អាច​ជា​យុទ្ធសាស្ត្រ​មួយ​គួរ​ឱ្យ​ព្រួយ​បារម្ភ​ ​បង្កើត​ឱ្យ​មាន​​ការ​ប្រើកម្លាំងពលកម្មកុមារមិន​ទាន់​ពេញ​វ័យ​ ក្នុង​តម្លៃទាប៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ