ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 06/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 06/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 06/12 12h00 GMT
អាស៊ី

ប៉ូលិស​ថៃ​ចង្អុល​មុខត្រង់ៗ​ពួក​ឧទ្ទាម​អ៊ីស្លាម​ជ្រុលនិយមរឿង​​ភេរវកម្ម​នៅ​ហួហ៊ីន

media  
ប៉ូលិស​ថៃពិនិត្យ​កន្លែងកើត​ហេតុ​ក្រោយ​ភេរវកម្ម​នៅ​ Hua Hin ថ្ងៃទី ១២ សីហា ២០១៦ LILLIAN SUWANRUMPHA / AFP

នៅ​ថ្ងៃ​ចន្ទ​នេះ ជា​លើក​ទី​មួយ ប៉ូលិស​ថៃ​បាន​លើ​​ឡើង​ចំៗ អំពី​សកម្មភាព​​​ស៊ើប​រក​ដាន​​​ពួក​ឧទ្ទាម​អ៊ីស្លាម​ជ្រុលនិយម​ចង់​ផ្តាច់​ទឹក​ដី​ភាគ​ខាង​ត្បូង​ប្រទេស ថា​ជាអ្នក​បង្កភេរវកម្ម​បំផ្ទុះ​គ្រាប់​បែក​ នៅ​តាម​តំបន់​ឆ្នេរ​សមុទ្ទ​ទេសចរណ៍ កាលពីថ្ងៃទី ១១ និង​១២ សីហា​កន្លង​ទៅ។

បើ​តាម​មេបូលិសថៃ មាន​ក្រុម​មនុស្ស​ប្រមាណ​ជាង​២០​នាក់ ជា​អ្នក​បញ្ជា​រៀប​ចំ​ធ្វើ​ភេរវកម្ម​ នៅ​ហួហ៊ីន កាលពី​សប្តាហ៍​មុន ដោយ​មាន​ខ្លះ​បាន​ធ្វើ​ដំណើរ​មក​ពី​តំបន់ជាប់​​ព្រំដែន​ភាគ​ខាងត្បូង​​បំផុត​នៃ​ប្រទេស​ផង។

ក្រុម​ជ្រុលនិយម​ភាគ​ខាង​ត្បូង​​នេះ ទំនង​ជា​ត្រូវ​បាន​ជួល ឬ​មាន​អ្នក​​បញ្ជាមក​ពី​ក្រៅ​តំបន់​ និង​ជា​ពិសេស​ទៅ​ទៀត នៅ​ក្នុង​ក្រុម​នេះ​គ្មាន​​ទាហាន​ចាស់ៗរបស់​ពួក​ឧទ្ទាម​ចង់​ផ្តាច់​ទឹក​ដី​ចូល​លាយ​លំឡើយ។​​ នេះ​បើ​តាម​ប្រភព​ប៉ូលិស​ដដែល។ គឺ​ជា​ក្រុម​ថ្មី​ មាន​មុខ​មាត់​ថ្មី ដែល​ផ្តល់​ការ​លំបាក​ខ្លាំង​ដល់​ការងារ​ស៊ើប​អង្កេត​របស់​ប៉ូលិស។

ក្រុម​ប៉ូលិស​អង្កេត​ ទើប​បាន​ចុះ​ទៅ​ឆែកឆេរ​ក្នុង​​សាលា​រៀន​អ៊ីស្លាម​មួយ នៅ​តំបន់​ភាគ​ខាង​ត្បូង ដែល​មាន​ជន​ជាប់​សង្ស័យ​ខ្លះ​រៀន​នៅ​ទី​នោះ។ ហើយ​ដើម្បី​ចៀសវាង​កុំ​ឱ្យ​មាន​​​ការ​បក​ស្រាយ​ខុស មេប៉ូលិស​ថៃ​​បាន​បង្កើន​ការ​ប្រុង​ប្រយ័ត្នពាក្យ​សំដី​​យ៉ាងខ្លាំង មិន​​ប្រើ​ពាក្យ​ថា អ៊ីស្លាម ទេ តែ​បាន​បង្ហើប​ថា​ជនជាប់​សង្ស័យ​ទាំង​នោះ​មិន​មែន​ជា​អ្នក​កាន់​ព្រះពុទ្ធសាសនា​ ដែល​ជា​សាសនា​របស់​ពលរដ្ឋ​ថៃ​ភាគ​ច្រើន​ឡើយ។

នេះ​គឺ​ជា​លើកទីមួយ​ដែល​ប៉ូលិសថៃ បាន​លើក​ឡើង​ដោយ​ច្បាស់ៗ​និងចំៗ ចង្អុល​មុខ​ពួ​ក​ឧទ្ទាម​អ៊ីស្លាម​ជ្រុលនិយម​នៅភាគ​ខាង​ត្បូង​ប្រទេស​ ថា​អាច​ជា​អ្នក​នៅ​ពីក្រោយ​​ភេរវកម្ម​ ផ្ទុយ​ស្រលះ​ពី​ការ​ចោទ​ប្រកាន់​របស់រដ្ឋាភិបាល​សឹក​ថៃ។

ការ​អង្កេត​លើ​សំណុំ​រឿង​ភេរវកម្ម​បំផ្ទុះ​គ្រាប់​បែក​នៅ​មាត់​សមុទ្ទ​ បាន​រង​ការ​រិះគន់​យ៉ាង​ខ្លាំង ជា​ពិសេស​ក្រោយ​ប៉ូលិស​និង​ក្រុម​យោធា​​បាន​ផ្តល់​អំណះអំណាង​បញ្ច្រាស​គ្នា​មក។ រដ្ឋាភិបាល​សឹក​ថៃ ដែល​បាន​ឡើង​កាន់អំណាច​ដោយ​រដ្ឋប្រហារ​នៅ​ឆ្នាំ​២០១៤ បាន​ធានា​អះអាង​ថា ចាប់​ជន​សង្ស័យ​១៥​នាក់ ជា​អ្នក​ធ្វើ​ភេរវកម្ម ប៉ុន្តែ​ប៉ូលិស​បាន​បដិសេធ។

នៅ​ថ្ងៃទី ១១​និង​១២​សីហា មានគ្រាប់​បែក​១១​គ្រាប់​បាន​ផ្ទុះ​ នៅ​តំបន់​​ភាគ​ខាង​ត្បូង​ប្រទេស​ ក្នុង​នោះ​ពីរ​បាន​ផ្ទុះ​នៅ​តំបន់​ទេសចរណ៍​ឆ្នេរ​សមុទ្ទដ៏​ល្បីល្បាញ​ បង្ក​ឱ្យ​ស្លាប់​មនុស្ស​បួននាក់។ គ្មាន​ក្រុម​ណា​ចេញ​មុខ​ប្រកាស​ទទួល​ស្គាល់​ស្នាដៃ​ភេរវកម្ម​នេះ​ឡើយ។ ប៉ុន្តែ​ប្រសិន​បើ​ពិត​ជា​ដូច​ការ​គិត​របស់​ប៉ូលិស​មែន នេះ​ជា​ការ​វាយប្រហារ​ដ៏​ធ្ងន់ធ្ងរ​បំផុត​របស់​ពួកអ៊ីស្លាម​​ជ្រុលនិយម​ភាគ​ខាងត្បូង​បំផុត​ បន្ទាប់​ពី​បាន​បង្ក​សកម្មភាព​តែ​ក្នុង​តំបន់​អស់​រយៈ​ពេល​ជាង​មួយ​ទសវត្សរ៍​មក៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ