ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 12/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 12/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 11/11 12h00 GMT
អាស៊ី

អាមេរិក និង​កូរ៉េខាងត្បូង​បើក​សមយុទ្ធ​ក្រោម​ការ​គំរាម​របស់​កូរ៉េខាងជើង

media  
អាមេរិក និង​កូរ៉េខាងត្បូង​បើក​សមយុទ្ធ​ក្រោម​ការ​គំរាម​របស់​កូរ៉េខាងជើង Reuters

សហរដ្ឋអាមេរិក និង​កូរ៉េ​ខាង​ត្បូង​បាន​បាន​​ធ្វើ​សមយុទ្ធ​ប្រចាំ​ឆ្នាំ​នៅ​ថ្ងៃ​ចន្ទ​នេះ​ដោយ​មាន​ការ​ចូល​រូម​ពី​កងទ័ព​កូរ៉េ​ខាង​ត្បូង​៥​ម៉ឺន​នាក់​និង​កងទ័ព​អាមេរិក​៣​ម៉ឺន​នាក់​។​ បើ​តាម​ការ​អះអាង​របស់​ទីក្រុង​វ៉ាស៊ីនតោន​ក៏​ដូច​ជា​សេអ៊ូល សមយុទ្ធ​លើក​នេះ​មាន​គោលដៅ​តែ​មួយ​គត់ គឺ​ដើម្បី​បង្ការ​ការ​វាយ​លុក​ជាយថាហេតុ​ពី​កូរ៉េ​ខាង​ជើង។ ​រីឯ​ព្យុងយ៉ាងវិ​ញ នៅ​តែ​ស្រែក​គំរាម​ដដែល​​ថា កូរ៉េ​ខាង​ជើង​​នឹង​ធ្វើការ​សងសឹក​វិញ​ភ្លាម ប្រសិន​បើ​មាន​ការ​បង្កហេតុ​ដោយប្រការ​ណា​មួយ​នា​ពេល​ធ្វើ​សមយុទ្ធ​នេះ។

សមយុទ្ធ​ប្រចាំ​ឆ្នាំ​ដែល​មាន​ឈ្មោះ​ថា Ulchi Freedom Guardian ភាគច្រើន ​គឺ​ជា​ការហាត់​សម​នៅ​លើ​កុំព្យូទ័រ ធ្វើ​ដូច​ជា​ការ​វាយ​ប្រហារ​ពិតៗ​ពី​សំណាក់​កូរ៉េ​ខាងជើង។ សមយុទ្ធ​​ហាត់​សម​រូម​គ្នា​រវាង​ទាហាន​អាមេរិក​និង​កូរ៉េ​ខាង​ត្បូង​ដែល​មាន​គ្នា​ចំនួន​ទាំងអស់​៨​ម៉ឺន​នាក់ ជា​រាងរាល់​ឆ្នាំ​តែងតែ បង្កើន​កំដៅ​នៃ​ភាព​តានតឹង​នៅ​ក្នុង​ឧបទ្វីប​កូរ៉េ ជាពិសេស​នៅ​ឆ្នាំ​នេះ​តែ​ម្តង​ដែល​ស្ថានភាព​នៅ​ក្នុង​តំបន់​បាន​ធ្លាក់​ចុះ​ដុន​ដាប។​
 
ម្យ៉ាងទៀត បន្ទាប់ពី​ព្យុងយ៉ាង​បាន​បាញ់​សាកល្បង​គ្រាប់​មីស៊ីល​របស់​ខ្លួន​ជា​បន្ត​បន្ទាប់​គ្នា​រហូត​មក​ដល់​លើក​ទី​បួន​កាលពី​ខែ​មករា​កន្លង​មក ក្រុម​អ្នក​ជំនាញ​ខ្លះ ជឿជាក់ ថា​ទំនាក់​ទំនង​រវាង​ប្រទេស​កូរ៉េ​ទាំង​ពីរនេះ កាន់​តែ​តាន​តឹង​ខ្លាំងជាងមុន ចាប់​តាំង​ពី ទសវត្ស​ឆ្នាំ​១៩៧០។ ទោះបីជា​វ៉ាស៊ីនតោននិងសេអ៊ូល ខិតខំបញ្ជាក់​អះអាង​ថា ​​“សមយុទ្ធ​របស់​ខ្លួន​ដែល​មាន​គោលដៅ​ដើម្បី​បង្ការ​ការពារ​ខ្លួន​ដ៏​សុទ្ធសាធក្តី​ ក៏ព្យុងយ៉ាង​នៅតែ​មិន​សុខចិត្ត​និង​នៅ​តែចាត់ទុក​ថា​ជា​ការ​បង្កហេតុ​ដដែល។​
 
មួយ​វិញទៀត ព្យុងយ៉ាង កំពុង​តែ​មួរម៉ៅ​ក្តៅក្រហាយចិត្ត​រួច​ទៅ​ហើយ ក្រោយពី​មាន​រលក​រត់ចោល​ស្រុក​នាពេលថ្មីៗ​នេះ ​​ជាពិសេស​ពុំមាន​នរណា​ក្រៅ​ពី​ឯកអគ្គរដ្ឋទូត​រង​របស់​កូរ៉េ​ខាង​ជើង​ប្រចាំ​នៅ​​ប្រទេស​អង់គ្លេស​ឡើយ។ ដូច្នេះហើយ បានជា​ព្យុងយ៉ាង ខំសែ្រក​យក​លេស​ថា សមយុទ្ធ​អាមេរិកនិងកូរ៉េខាងត្បូង​នេះ ជា​ការ​បង្កហេតុ​ពិតៗ​ដើម្បី​ប្រឆាំងកូរ៉េ​ខាងជើង។
 
ទន្ទឹមនេះទៀត ​កងទ័ពប្រជាមានិត​កូរ៉េខាងជើង នៅ​ក្នុង​សេចក្តីជូនដំណឹងមួយ​របស់​ខ្លួន បាន​ប្រកាស​ជូន​ដំណឹង​ថាអង្គភាព​កងទ័ព​កូរ៉េខាងជើង​ដែលកំពុង​ដាក់​នៅ​តាម​ព្រំដែន​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​បើក​ការ​វាយ​ប្រហារ​បង្ការ​ខ្លួន​ប្រឆាំង​ទល់​នឹង​កម្លាំង​សត្រូវ​ទាំង​ឡាយ​​ដែល​បៀតបៀន​ប្រទេស​ខ្លួន។
 
កងទ័ព​កូរ៉េខាងជើង​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ប្រសិន​បើ​មាន​ការ​រំលោភ​លើ​អធិបតេយ្យភាព​​របស់​កូរ៉េខាងជើង​តែ​បន្តិចបន្តួច​ក្តី​នៅ​ក្នុង​ពេល​ធ្វើ​សមយុទ្ធ​នេះ ព្យុងយ៉ាង​នឹង​ចាត់​ទុក​ថា ​ជា​ការ​បង្ក​ហេតុ​​ដែល​កូរ៉េ​ខាងជើង ​មិន​អាច​អត់ឱនអោន​នឹង​ចាត់​វិធានការ​តាម​សងសឹក​ដោយ​ធ្វើការ​វាយប្រហារ​​នុយក្លេអ៊ែរ​ឲ្យ​ខ្ទេច​កូរ៉េ​តែម្តង៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ