អានតួអត្ថបទ

អង្គការ​សហប្រជាជាតិ ៖​ ​កូរ៉េ​ខាង​ជើងដាក់​មីន​តាម​ព្រំដែន​ជាមួយ​កូរ៉េខាង​ត្បូង

កូរ៉េខាង​ជើង​បាន​និងកំពុង​បង្កប់​មីន ក្រោមដី ​ថ្មីៗ​ទៀត ​នៅ​ក្នុង​តំបន់​គ្មាន​យោធា ដែល​ខណ្ឌ​ចែក​កូរ៉េ​ខាង​ជើង​ពី​ខាង​ត្បូង។ នេះ​បើ​តាម​ទី​បញ្ជាការដ្ឋាន​អង្គការ​សហប្រជាជាតិ​​នៅ​កូរ៉េ ដែលមាន​ភារៈ​ឃ្លាំមើល​​បទ​ឈប់​បាញ់​ ព្រមព្រៀង​ដោយ​កូរ៉េខាង​ទាំង​ពីរ ដើម្បី​បិទ​បញ្ចប់​សង្គ្រាម​ នៅ​ឆ្នាំ​១៩៥៣។

ប៉ុស្តិ​ត្រួត​ពិនិត្យកូរ៉េខាងត្បូង នៅ​តំបន់គ្មាន​កងទ័ព (DMZ)។ ត្រើយ​ម្ខាង​ទៀត​ជា​កូរ៉េខាង​ជើង
ប៉ុស្តិ​ត្រួត​ពិនិត្យកូរ៉េខាងត្បូង នៅ​តំបន់គ្មាន​កងទ័ព (DMZ)។ ត្រើយ​ម្ខាង​ទៀត​ជា​កូរ៉េខាង​ជើង Kèoprasith Souvannavong / RFI
ផ្សាយពាណិជ្ជកម្ម

ទី​បញ្ជាការដ្ឋាន​​អង្គការ​សហប្រជាជាតិ នៅ​កូរ៉េ បាន​មើល​ឃើញ​យោធា​កូរ៉េខាង​ជើង កំពុង​ដាក់​ពង្រាយ​បង្កប់​គ្រាប់​មីន នៅ​តាម​បណ្តោយ​ច្រាំង​ភាគ​ខាងជើង​ស្ពាន​ “គ្មាន​ថ្ងៃ​ត្រលប់”។ ហើ​យ​អង្គការបាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ ​ធ្វើ​ការ​ថ្កោល​ទោស យ៉ាង​ចាស់ដៃ​ ​យោធាប្រជាមានិត​កូរ៉េខាង​ជើង ដោយ​បាន​គូស​បញ្ជាក់​ថា គ្រាប់​មីន​ និង​ជាតិ​ផ្ទុះ​ នៅ​លើ និង​ក្បែរ​ស្ពាន អាច​បង្ក​គ្រោះថ្នាក់ ដល់​មនុស្ស ទាំង​ពីរ​ប្រទេស។

 
មាន​មនុស្ស​រាប់​ពាន់​នាក់ ភាគ​ច្រើន​ជា​កុមារ​ក្នុង​វ័យ​សិក្សា តែង​នាំ​គ្នា​ឆ្លង​កាត់ និង​ទៅ​ទស្សនា​តំបន់​គ្មាន​កងទ័ព ដែល​ខ័ណ្ឌ​ចែកកូរ៉េ​ជា​ពីរ ខាង​ជើង​និង​ខាង​ត្បូង។ ផ្ទុយ​ស្រឡះ​ពី​ឈ្មោះ​ហៅ ​“តំបន់​គ្មាន​កងទ័ព”​​នេះ ជា​តំបន់​ដែល​មាន​ទាហាន​​ប្រចាំ​ការ​ច្រើន​​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក ជា​តំបន់​ដែល​មាន​ការ​ការពារ និង​បង្កប់​មីន​ស្ទើរ​ពេញ​ដី។ តំបន់​គ្មាន​កងទ័ព​នេះ ត្រូវ​ប្រើ​ជា​តំបន់​ទ្រនាប់​ លាត​សន្ធឹងប្រវែង​ពីរ​គីឡូម៉ែត្រ ពី​បន្ទាត់​ព្រំដែន​។

សង្គ្រាម​នៅ​ឧបទ្វីប​កូរ៉េ ពី​ឆ្នាំ​១៩៥០-៥៣ ត្រូវ​បាន​បិទ​បញ្ចប់​ដោយ​បទ​ឈប់​បាញ់ តែ​គ្មាន​ការ​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​គ្នា​ទេ ដូច្នេះ​បើ​តាម​ភាសា​បច្ចេកទេស កូរ៉េខាង​ជើង​និង​ខាង​ត្បូង​នៅ​មាន​សង្គ្រាម​នឹង​គ្នា​ជានិច្ច។

ទីបញ្ជាការដ្ឋាន​អង្គការ​សហប្រជាជាតិ បាន​បដិសេធ​មិន​​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទាំ​ងអស់​​ទាក់ទង​នឹង​ការ​ដាក់​ពង្រាយ​មីននេះ ប៉ុន្តែ​បើ​តាម​ប្រភព​យោធា​មួយ ពាំពាក្យ​បន្ត​ដោយ​ភ្នាក់ងារ​សារព័ត៌មាន​កូរ៉េខាង​ត្បូង យ៉ុងហាប់ សកម្មភាព​ពង្រាយ​មីន​នេះ គឺ​ដើម្បី​ទប់​ស្កាត់កុំ​ឱ្យ​ទាហាន​កូរ៉េខាង​ជើង នៅ​សមរភូមិ​មុខ​លួច​រត់​គេច​ខ្លួន​ ទៅ​ចុះ​ចូល​ជាមួយ​នឹង​កូរ៉េ​ខាង​ត្បូង​បាន។

ទំនាក់​ទំនងអន្តរកូរ៉េ ពេល​នេះ​កំពុង​ធ្លាក់​ក្នុង​ភាព​តាន​តឹង​បំផុត ដោយ​មាន​រលក​ផ្តាច់​ខ្លួន​សុំ​ជ្រកកោន​ជាមួយ​កូរ៉េ​សេរី​ច្រើន​។ កាលពី​ថ្ងៃ​ចន្ទ ព្យុងយ៉ាង​បាន​​គំរាម​ថា​នឹង​ធ្វើ​វាយប្រហារ​នុយក្លេអ៊ែរ នៅ​ថ្ងៃ​ទី​មួយ​នៃ​សមយុទ្ធ​ប្រចាំ​ឆ្នាំ​កូរ៉េខាង​ត្បូង-អាមេរិក។ ហើយ​កាលពី​ថ្ងៃអាទិត្យ អ្នក​ទទួល​ខុស​ត្រូវ​ក្រសួង​បង្រួបបង្រួម​កូរ៉េ បាន​លើក​ឡើង​អំពី​គ្រោះ​​ព្យុងយ៉ាង​បង្ក​ភេរវកម្ម​ ឬ​ ប្រហារ​ជីវិត​អ្នក​ចង់​ចុះចូល​នឹងសត្រូវកូរ៉េខាង​ត្បូង​ផង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ