អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

​កូរ៉េខាងជើងនឹង​​មាន​កម្មវិធី​​បាលីស្ទិក​អន្តរទ្វីប​ក្នុង​ពេល​ឆាប់ៗ​មែនឬ ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជា​ការ​បាញ់​សាកល្បង​ ប្រកប​ដោយ​ជោគជ័យ។ បាញ់​ចេញ​​នាវា​មុជទឹក ​ទៅ​លើ​ផ្ទៃ​អាកាសសំដៅ​ប្រទេស​ជប៉ុន។ ចំណោល​គ្រាប់​មីស៊ីល​ បានហោះ​​ចម្ងាយ​ជិត​៥០០​គីឡូម៉ែត្រ មុន​នឹង​ធ្លាក់​ទៅ​ក្នុង​ដែនតំបន់​ហោះហើរ​ហាមឃាត់​​របស់​​ជប៉ុន។ ប្រតិកម្ម​របស់​សហគមន៍​អន្តរជាតិ បាន​ធ្លាក់​មក​ជា​បន្ត​បន្ទាប់​ថ្កោល​ទោស​ទង្វើ​របស់​ព្យុងយ៉ាង។ តែ​សម្រាប់​អ្នក​ឯកទេស ការ​បាញ់​​មីស៊ីលរបស់​កូរ៉េ​ខាង​ជើងថ្ងៃ​នេះ ​បញ្ជាក់​បាន​យ៉ាង​ច្បាស់​ថា កម្មវិធី​មីស៊ីល​បាលីស្ទិក​កូរ៉េខាង​ជើង មានការ​​ជឿន​លឿន​ខ្លាំង។

ការ​បាញ់​មីស៊ីល​ចេញ​ពីនាវាមុជទឹក​របស់​កូរ៉េខាង​ជើង (រូបថត​ឯកសារ)
ការ​បាញ់​មីស៊ីល​ចេញ​ពីនាវាមុជទឹក​របស់​កូរ៉េខាង​ជើង (រូបថត​ឯកសារ) KCNA/File Photo via REUTERS
ផ្សាយពាណិជ្ជកម្ម

មីស៊ីល​បាលីស្ទិក បាញ់​ចេញ​ពី​នាវា​មុជទឹក នៅ​ថ្ងៃពុធ​នេះ ទំនង​ជា​មីស៊ីល​ប្រភេទ KN-11 ដែល​ប្រើ​​បច្ចេកវិទ្យាមីស៊ីល​ក្រោម​ទឹក​ MLBM (Submarine launched Ballistic Missile)​ប្រកប​ដោយ​យុទ្ធសាស្ត្រ​បំផុត ព្រោះ​​ការ​បាញ់​បែប​នេះ ​សត្រូវ​ពិបាក​ចាប់ ជាង​បាញ់​ពី​ដី​ឆ្ងាយ​ណាស់។

ពីមុនៗ​មក កូរ៉េខា​ងជើង​បាន​បាញ់​មីស៊ីល​ប្រភេទ​នេះ ជា​ច្រើន​ដង​ដែរ តែ​គ្មាន​គ្រាប់​ណា​មួយ​អាច​បាញ់​ឆ្លង​ បាន​ហួស​ពី​ ៣០​គីឡូម៉ែត្រ​ទេ។ នៅ​លើក​នេះ រយៈ​ចម្ងាយ​​របស់​ចំណោល​គ្រាប់ មាន​ប្រវែង​ដល់​ទៅ ៤៨០​គីឡូម៉ែត្រ- ធ្លាក់​ក្នុង​តំបន់​ហាមឃាត់​ហោះហើរ​របស់​ជប៉ុន ដែល​សូម្បី​យន្តហោះ​ធម្មតា​ក៏​ត្រូវ​សុំ​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​ជប៉ុនផង។ ជាង​នេះ​ទៅទៀត បើ​តាម​ភ្នាក់ងារ​សារព័ត៌មាន​យ៉ុងហាប់​កូរ៉េខាង​ត្បូង មុំ​នៃ​ការ​បាញ់​មាន​រង្វាស់​ធំខ្លាំង ដែល​នាំ​ឱ្យគេ​អាច​គុណ​គិត​បាន​ថា មីស៊ីល​បាលីស្ទិក​កូរ៉េខាង​ជើងនេះ អាច​បាញ់​បាន​ចម្ងាយ​ដល់​ប្រមាណ​មួយ​ពាន់​គីឡូម៉ែត្រ បើតាម​​ក្បួន។

 
នៅ​មាន​សំណួរ​ជា​ច្រើន​ដែល​អ្នក​ឯកទេស​កំពុង​ស្វែង​ចម្លើយ​នៅ​ឡើយ​ទាក់ទង​នឹង​ការ​បាញ់​មីស៊ីល​បាលីស្ទិក​នេះ ប៉ុន្តែអ្វី​ដែល​ច្បាស់​លាស់​ខ្លាំង គឺ​កូរ៉េខាង​ជើង​សម្រេច​បាន​ជោគជ័យ។ ​ព្យុងយ៉ាងកំពុង​បន្ត​អភិវឌ្ឍ​ប្រព័ន្ធ​​បាលីស្ទិករបស់​ខ្លួន តែ​ភាព​ជឿន​លឿន​មាន​ច្រើន​ខ្លាំង​មែន។ សមត្ថភាព​មីស៊ីលបាលីស្ទិក​នេះ បាន​និង​កំពុង​បង្កើន​​ការគំរាម​កំហែង​នុយក្លេអ៊ែរ​មួយ​កំរិត​ទៀត។

បើ​តាម​រដ្ឋមន្ត្រីក្រសួងការពារ​ជាតិ​កូរ៉េខាង​ត្បូង ​នៅ​រវាង​បី​ឬ​បួន​ឆ្នាំ​ទៀត ​មីស៊ីស​បាលីស្ទិក​បាញ់​ចេញ​នាវាមុជទឹក​កូរ៉េខាង​ជើង​អាច​ចេញ​ធ្វើ​ប្រតិបត្តិការ​បាន ហើយ​ក្នុង​ករណី​នេះ​ព្យុងយ៉ាង ពិត​ជា​នឹង​សម្រេច​គម្រោង​ធ្វើ​មីស៊ីល​រយៈ​ឆ្ងាយ​ និង​ទប់ទល់​បាន​ ក្នុង​ករណី​មាន​ការ​វាយប្រហារ​នុយក្លេអ៊ែរ។ អ្នក​ឯកទេស​ជា​ច្រើន​បាន​មើល​ឃើញ​ដូច​គ្នា​ថា ព្យុងយ៉ាង​​បាន​ធ្វើ​ដំណើរ​ទៅ​មុខ​ខ្លាំង ក្នុង​​ការ​សម្រេច​ផលិត​មីស៊ីល​អន្តរទ្វីប ដែល​មាន​សមត្ថភាព​ពាំភ្លើង​នុយក្លេអ៊ែរ ទៅ​ដល់​ទ្វីប​អាមេរិក។

កូរ៉េខាង​ជើង​ ​មិន​គំរាម​ចោល

ជា​ច្រើន​ថ្ងៃ​មក​ហើយ ដែល​ព្យុងយ៉ាង​បាន​ស្រែក​ក្តែងៗ ថា​បាន​ត្រៀម​ជា​ស្រេច​នឹង​ធ្វើ​ការ​វាយប្រហារ ជា​កិច្ចការពារ​ខ្លួន ប្រឆាំងគ្រប់​ការ​ប៉ុនប៉ុង​វាយ​លុក​របស់​សត្រូវ។ ហើយ​តាំង​ពី​ថ្ងៃ​ចន្ទ​មក អាមេរិក​និង​កូរ៉េខាង​ត្បូង បាន​ដឹកនាំ​ធ្វើ​សមយុទ្ធ​រួមគ្នា ដោយ​មាន​ទាហាន​កូរ៉េខាងត្បូង​៥ម៉ឺន​នាក់ និង​ទាហាន​អាមេរិក​២៥០០០​នាក់​ ចូល​រួម។

បើ​ទោះ​បី​ជា​អាមេរិក​និងកូរ៉េខាង​ត្បូង បាន​អះអាង​ហើយ អះអាង​ទៀតថា​សមយុទ្ធ Ulchi Freedom ធ្វើ​ឡើង​ក្នុង​កម្មវត្ថុ​ហាត់​ការពារ​ខ្លួន​យ៉ាង​សុទ្ធសាធ​យ៉ាងណា​ក៏​ដោយ​ ក៏សម្រាប់​​កូរ៉េខាងជើង សមយុទ្ធ​នេះ មានទម្រង់​ជា​លក្ខណៈ​ត្រៀម​ចូល​ឈ្លានពាន។ ហេតុ​ដូច្នេះ​ហើយ​បាន​ព្យុងយ៉ាង​ត្រូវ​បាញ់​មីស៊ីល​បាលីស្ទិក​ឡើង ទុក​ឱ្យ​​ប្រទេស​ជិត​ខាង​នាំ​គ្នា​​បញ្ចេញ​ប្រតិកម្ម​ថ្កោលទោស និង​ព្រួយ​បារម្ភ។

​ឧបទ្វីប​កូរ៉េ​ធ្លាក់​ក្នុង​ភាព​​តាន​តឹង ខ្លាំង​មិន​ធ្លាប់​មាន​ឡើយ​គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៧០​មក ដោយនា​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ ​ព្យុងយ៉ាង​បាន​បាញ់​មីស៊ីល​ច្រើន​ដង​ ​ជាពិសេស​ទៅ​ទៀត កូរ៉េខាង​ជើង​បាន​កាត់​ផ្តាច់​គ្រប់​ទំនាក់ទំនង​ជាមួយ​កូរ៉េខាងត្បូង។ មាន​ទម្លាប់​គំរាមស្រាប់ ឥលូវ​មាន​ការ​បាញ់​ដោយ​​ជាក់ស្តែង និង​ញយៗ​ដង​ដូច្នេះ ហានិភ័យ​នៃ​ការ​ប៉ះទង្គិច​ ជា​ហថាហេតុ ឬ​ដោយ​អចេតនា ​មាន​ខ្ពស់​ខ្លាំង​ណាស់។ ការជ្រុលជ្រួសតែ​បន្តិច​បន្តួច​ ផ្នែក​យោធា​ ទោះ​បី​ជា​តូច​តាច​ក្តី ក៏​អាច​ផ្តល់​ផលវិបាក​ធ្ងន់ធ្ងរ​​ណាស់។

ជំនួបត្រីភាគី ចិន ជប៉ុន​ កូរ៉េខាង​ត្បូង បាំង​ជិត​ដោយ​ការ​បាញ់​មីស៊ីលរបស់​ព្យុងយ៉ាង

នៅ​ថ្ងៃ​នេះ រដ្ឋមន្ត្រីការបរទេស​ចិន ជប៉ុន និង​កូរ៉េខាងត្បូង ត្រូវ​បើក​ជំនួប​ត្រីភាគី ដែល​គ្រប់គ្នា​ព្រួយ​ខ្លាច​លុប​ចោល​ទៅ​វិញ ដោយ​សារ​តែ​ចិន​និង​ជប៉ុន​កំពុង​តានតឹង​ដាក់​គ្នា​ខ្លាំងផង។ នៅ​ទីបំផុត​ ជំនួប​ត្រីភាគី​អាច​ប្រព្រឹត្ត​ទៅ​បាន រដ្ឋមន្ត្រីការ​បរទេស​​ចិន បាន​មក​ធ្វើ​ទស្សនកិច្ច​នៅ​ជប៉ុន ជា​លើក​ទី​មួយ​គិត​ចាប់​តាំង​ពី​ឆ្នាំ​២០១២​មក ស្រាប់​តែ​ត្រូវ​មក​ប្រលាក់ប្រលូក បាំងជិត​ដោយ​ការ​បាញ់​មីស៊ីលរបស់​កូរ៉េខាង​ជើង​ទៅ​វិញ។

ក្នុង​ពេលកំពុង​​ស្ថិត​នៅ​ក្រុងតូក្យូ និង​ក្រោយ​ពី​បាន​ជួប​ពិភាក្សា​ជាមួយ​សមភាគី ជប៉ុន​និង​កូរ៉េខាង​ត្បូង លោក យ៉ាង យី ប្រមុខ​ការទូត​ចិន បាន​ប្រកាស​ថា​ “ប៉េកាំង​ជំទាស់​នឹង​ការ​អភិវឌ្ឍ​នុយក្លេអ៊ែរ​របស់​កូរ៉េខាង​ជើង ហើយ​ចិន​ប្រឆាំង​នឹង​ការ​រំលោភ​សេចក្តី​សម្រេច​ចិត្ត​របស់ក្រុមប្រឹក្សា​សន្តិសុខ​​អង្គការ​សហប្រជាជាតិ លេខ ២២៧០”។

សេចក្តី​សម្រេច​ចិត្ត​ដែល​បាន​ហាមឃាត់​មិន​ឱ្យ​ព្យុងយ៉ាង​អភិវឌ្ឍ​កម្មវិធី​បាលីស្ទិក​ទេ។ ប៉ុន្តែ​ កូរ៉េ​ខាង​ជើង ហាក់​មិន​ខ្វល់​នឹង​ទណ្ឌកម្ម​​របស់ក្រុមប្រឹក្សា​សន្តិសុខ​ ឯ​ចំណែក​ចិន​ដែល​រង​ការ​រិះគន់​ពី​អន្តរជាតិ​ថា​មិន​បាន​ប្រឹង​ទប់​កូរ៉េខាង​ជើង ក៏​ទំនង​ជា​មិន​មាន​ឥទ្ធិពល​លើព្យុងយ៉ាង​ដូច​មុន​ដែរ។

កូរ៉េខាង​ជើង​ក្រោម​ការ​ដឹងនាំដ៏​ក្មេង​ខ្ចី​របស់ ​គីមជុនអ៊ុន ហាក់​ដូច​ជា​មុះមុត​បំផុត​ក្នុង​ការ​សម្រេច​បំណង​ដ៏​ថ្លៃថ្លា គឺ​ការ​មាន​អាវុធ​នុយក្លេអ៊ែរ។ ការវិភាគ​ពី​មុន​ដែល​ថា​ កូរ៉េខាង​ជើង តែង​បង្ក​ហេតុ​ដើម្បី​ទាក់ទាញ​ចំណាប់​អារម្មណ៍ ឬ​ជា​ថ្នូរ​នឹង​សម្បទាន​សេដ្ឋកិច្ច​ឬ​ការទូត ដូច​ជា​លែង​សូវ​ត្រូវ​ហើយ ពេល​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ