អានតួអត្ថបទ

ចិន បណ្តេញ​​អតីត​ប្រធានការិយាល័យ​ស្ថិតិ​ពី​បក្ស​ពីបទ​ល្មោភកាម

អតីត​បុរស​ខ្លាំង​នៃ​ការិយាល័យជាតិ​ផ្នែក​ស្ថិតិ តែ​ជា​មនុស្ស​ខ្វះ​សីលធម៌ ត្រូវ​បាន​បណ្តេញ​ចេញ​ពីជួរ​​បក្ស​កុម្មុយនិស្តចិន​ហើយ​នៅ​ថ្ងៃ​នេះ ពី​បទមាន​ជំនក់​ចិត្ត​ក្នុង​ភាព​មាន​បាន ​ល្មោភ​អំណាច ល្មោភ​កាម​។ នេះ​បើ​តាម​សេចក្តី​ប្រកាស​​របស់​គណៈកម្មាធិការមជ្ឈិម​​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយចិន នា​ថ្ងៃ​សុក្រ​ទី ២៦​សីហា ២០១៦។

លោក  Wang Baoan អតីត​ប្រធានការិយាល័យជាតិ​ផ្នែក​ស្ថិតិ
លោក Wang Baoan អតីត​ប្រធានការិយាល័យជាតិ​ផ្នែក​ស្ថិតិ DR Caixin
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ គណៈកម្មាធិការ​មជ្ឈិម​ផ្នែក​អធិការកិច្ច​​វិន័យ​ ដែល​ជា​ស្ថាប័ន​ប្រយុទ្ធ​ប្រឆាំ​ងនឹង​អំពើ​ពុក​រលួយ​របស់​បក្ស​កុម្មុយនិស្ត​ចិន បាន​អះអាង​ លោក វង់ បាអ័ន គ្មានមុខក្នុង​នយោបាយ​ចិន​ទៀត​ឡើយ។ ព្រោះ​លោក វង់ បាន​ប្រព្រឹត្ត​ជា​ប្រចាំ​ នូវ​ទង្វើ​ជា​ជំនឿ​អរូបិយ រំលោភ​ច្បាប់​និង​វិន័យ​របស់​បក្ស ព្រមទាំង​បាន​បញ្ចេញគំនិត​យោបល់​​ផ្ទុយ​ពី​​ទស្សនៈ​​នយោបាយ​របស់​គណៈកម្មការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន ក្នុង​សំណុំ​រឿង​សំខាន់ៗ។

 
មិន​តែ​ប៉ុណ្ណោះ គណៈកម្មការ​បក្សកុម្មុយនិស្ត​ចិន បាន​ថែម​ទាំង​សរសេរ​រៀប​រាប់​ថា​លោក វង់ បាអ័ន ជា​មនុស្ស​គ្មាន​​​សីលធម៌ ចូល​ចិត្ត​ទៅ​រក​សណ្ឋាគារ​ប្រណិតៗ រក​កន្លែង​សប្បាយៗ​ដែល​ថ្លៃ និង​ប្រើ​តួនាទីយក​អំណាច​ទៅ​ទាក់​ប្រយោជន៍​​បម្រើ​កាមគុណ។ លោក វង់ បានជាប់​សង្ស័យ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ​ទទួល​កាដូ លុយ និង​ប្រើ​ឥទ្ធិពល​​ដើម្បី​ទាញ​ផល​ប្រយោជន៍​សេដ្ឋកិច្ច​​ឱ្យ​គ្រួសារ​ និង​សាច់​ញាតិមិត្តភ័ក្រ្ត បើ​តាម​ប្រភព​ដដែលដែល​បាន​បញ្ជាក់​ថា​បាន​បញ្ជូន​សំណុំ​រឿង​ទៅ​តុលាការ​រួច​រាល់​ហើយ។

សូម​បញ្ជាក់​ថា​លោក វង់ បាអ័ន ​ជា​ផ្ទាំង​ស៊ីប​ថ្មី​ចុងក្រោយ​នៃ​យុទ្ធនាការ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​ របស់​លោក​ស៊ីជិនពីង ដែលពេល​ខ្លះ​មាន​ទម្រង់​ជា​ប្រយុទ្ធ​ដណ្តើម​អំណាច​ក្នុង​ផ្ទៃ​បក្ស​ផង។ លោកវង់ ជា​ប្រធាន​ការិយាល័យ​ជាតិ​ផ្នែក​ស្ថិតិ ដែល​ជា​ស្ថាប័ន​ដ៏​រសើប​ទទួល​បន្ទុក​គុណ​គិត និង​ផ្សព្វផ្សាយ​​សន្ទស្សន៍​សេដ្ឋកិច្ច​របស់​ប្រទេស រហូត​មក​ទល់​នឹង​​ខែ​មករា ឆ្នាំ​២០១៦។ លោក​ត្រូវ​​បានដាក់​ឱ្យ​​ជាប់​អង្កេត តាំង​ពី​ខែ​មករា​ដដែល​នោះ ​ពី​របី​ម៉ោង​ក្រោយ​​សន្និសីទ​កាសែត ស្តីពីសេដ្ឋកិច្ច និង​មួយ​សប្តាហ៍ប៉ុណ្ណោះ ​ក្រោយ​ការ​ផ្សព្វផ្សាយ​របាយការណ៍​សេដ្ឋកិច្ច ថា​ចិន​មាន​កំណើន​យឺត​បំផុត​មិន​ធ្លាប់​មាន​ នៅ​ឆ្នាំ​២០១៥។

របាយការណ៍ដែល​​តែង​ទទួល​ការ​រិះគន់​ជា​រឿយៗ​ ពីសំណាក់​អ្នក​តាមដាន​សេដ្ឋកិច្ច​ ដោយ​យល់​ថា ស្ថិតិ​អា​ច​គ្មាន​ភាព​ត្រឹមត្រូវ​ ព្រោះ​ស្ថាប័ន​នេះ​ស្ថិត​ក្រោម​ខ្សែ​ញាក់​របស់ប៉េកាំង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ