អានតួអត្ថបទ
កូរ៉េខាងជើង

កូរ៉េខាងជើង​បញ្ចេញ​ប្រតិកម្ម​តប​នឹង​ការ​ថ្កោលទោស​របស់​អ.ស.ស.ដោយ​គំរាម​កម្ទេច​អាមេរិក

នៅ​ថ្ងៃ​អាទិត្យ ទី២៨ សីហា​នេះ កូរ៉េខាងជើង​បាន​បញ្ចេញ​ប្រតិកម្ម​ខ្លាំងៗ​ដោយ​គំរាម​កម្ទេច​កម្លាំង​អាមេរិកាំង​ឲ្យ​ក្លាយ​ជា​ផេះ។ ប្រតិកម្ម​របៀប​នេះ​របស់​ក្រុង​ព្យុងយ៉ាង​គឺ​ដើម្បី​ឆ្លើយ​តប​នឹង​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសប្រជាជាតិ​ដែល​កាល​ពី​ថ្ងៃ​សុក្រ ទី២៦ សីហា បាន​ថ្កោលទោស​ចំពោះ​ការ​បាញ់​គ្រាប់មីស៊ីល​អន្តរទ្វីប​ពី​នាវាមុជ​ទឹក​របស់​កូរ៉េខាងជើង​នា​ថ្ងៃ​ពុធ ទី២៤ សីហា។

កូរ៉េខាងជើងបញ្ចេញប្រតិកម្មតបនឹងការថ្កោលទោសរបស់អ.ស.ស.ដោយគំរាមកម្ទេចអាមេរិក
កូរ៉េខាងជើងបញ្ចេញប្រតិកម្មតបនឹងការថ្កោលទោសរបស់អ.ស.ស.ដោយគំរាមកម្ទេចអាមេរិក REUTERS/KCNA
ផ្សាយពាណិជ្ជកម្ម

វា​មិន​ជា​រឿង​ថ្មី និង​ក៏​មិន​មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ដែរ​ចំពោះ​ប្រតិកម្ម​របស់​កូរ៉េខាងជើង​តប​នឹង​ការ​រិះគន់ ឬ​តប​នឹង​ការ​ថ្កោលទោស​របស់​សហគមន៍​អន្តរជាតិ។ ថ្មីៗ​ចុង​ក្រោយ គឺ​ការ​ថ្កោលទោស និង​ចំណាត់ការ​មួយ​ចំនួន​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ចំពោះ​ការ​បាញ់​គ្រាប់មីស៊ីល​អន្តរទ្វីប​ពី​នាវាមុជទឹក​របស់​កូរ៉េខាងជើង។ នៅ​ថ្ងៃ​អាទិត្យ ទី២៨​សីហា​នេះ អ្នកនាំ​ពាក្យ​ក្រសួង​ការបរទេស​កូរ៉េខាងជើង​បាន​ថ្លែង​ចាត់​ទុក​សេចក្តីសម្រេច​ចិត្ត​របស់​ក្រុមប្រឹក្សា​សន្តិសុខ​ថា ជា​ទង្វើ​ចោរភាព​របស់​សហរដ្ឋអាមេរិក។

អ្នកនំាពាក្យ​ក្រសួង​ការបរទេស​កូរ៉េខាងជើង​រូប​នេះ​ដដែល​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា ឥឡូវ​នេះ សហរដ្ឋអាមេរិក​បាន​ចេញ​មុខ​គំរាម​លើ​សេចក្តីថ្លៃថ្នូរ និង​សិទ្ធិអត្ថិភាព​នៃ​សាធារណរដ្ឋ​ប្រជាមានិតុប្រជាធិបតេយ្យ​កូរ៉េ​ដោយ​ធ្វើ​ព្រងើយ​កន្តើយ​ចំពោះ​ការ​ព្រមាន​របស់​ក្រុង​ព្យុងយ៉ាង​នោះ កូរ៉េខាងជើង​នឹង​បន្ត​ចាត់​វិធានការ​ខ្លាំងៗ​ជា​ច្រើន​ក្នុង​នាម​ជា​មហាអំណាច​យោធា​ពេញ​លក្ខណៈ។

ការ​ថ្លែង​របស់​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កូរ៉េខាងជើង​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​តាម​ទីភ្នាក់ងារ​ផ្លូវការ​ក្រុង​ព្យុងយ៉ាង KCNA បាន​បន្ថែម​ថា កូរ៉េខាងជើង​មាន​លទ្ធភាព និង​មធ្យោបាយ​គ្រប់គ្រាន់​ដើម្បី​កម្ទេច​ឲ្យ​ក្លាយ​ជា​ផេះ​លើ​ពួក​ឈ្លានពាន​នៅ​លើ​ទឹកដី​អាមេរិក និង​នៅ​លើ​សមរភូមិ​ក្នុង​សមុទ្រ​ប៉ាស៊ីហ្វិក។ គួរ​រម្លឹក​ជូន​ថា សង្រ្គាមពាក្យ​សម្តី​រវាង​សហគមន៍​អន្តរជាតិ និង​របប​ក្រុង​ព្យុងយ៉ាង​ពេល​នេះ​បាន​កើត​មាន​ជា​ថ្មី ក្រោយ​ពី​កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​គ្រាប់មីស៊ីល​អន្តរទ្វីប (SLBM) ពី​នាវាមុជទឹក​កាល​ពី​ថ្ងៃ​ពុធ ទី២៤ សីហា។

គ្រាប់មីស៊ីល​អន្តរទ្វីប (SLBM) នោះ​បាន​ហោះ​ក្នុង​ចម្ងាយ ៥០០គីឡូម៉ែត្រ មុន​នឹង​ធ្លាក់​ក្នុង​សមុទ្រ​ជប៉ុន។ យោង​តាម​ក្រុម​អ្នកជំនាញ ការ​បាញ់​គ្រាប់មីស៊ីល​ប្រភេទ​នេះ​ជា​សក្ខីកម្ម​ដែល​បញ្ជាក់​យ៉ាង​ច្បាស់​ពី​ការ​បោះ​មួយ​ជំហាន​ទៅ​មុខ​នៅ​ក្នុង​កម្មវិធី​គ្រាប់មីស៊ីល​អន្តរទ្វីប​របស់​កូរ៉េខាងជើង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ