អានតួអត្ថបទ
ហ្វីលីពីន

ហ្វីលីពីន៖​ក្រុម​សកម្មជន​អ៊ីស្លាម​បាន​វាយប្រហារ​លើ​ពន្ធនាគារ​ដោយ​រំដោះ​បាន​អ្នកទោស ២៨នាក់

នៅ​ក្នុង​ប្រទេស​ហ្វីលីពីន ប៉ូលិស​ទើប​បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​អាទិត្យ ទី២៨ សីហា​នេះ​ថា ក្រុម​សកម្មជន​អ៊ីស្លាម​ប្រដាប់​ដោយ​អាវុធ​ពេញ​ដៃ​បាន​បើក​ការ​វាយប្រហារ​លើ​ពន្ធនាគារ​មួយ​ស្ថិត​ប៉ែក​ខាងត្បូង​ប្រទេស​នៅ​ថ្ងៃ​សៅរិ៍ ទី២៨ សីហា។ នៅ​ក្នុង​ការ​វាយប្រហារ​នោះ ក្រុម​សកម្មជន​អ៊ីស្លាម​រំដោះ​បាន​គ្នីគ្នា​គេ​ចំនួន ៨នាក់ ព្រម​ទាំង​អនុញ្ញាត​ឲ្យ​អ្នកទោស​ផ្សេង​ចំនួន ២០នាក់​រត់​រួច​ខ្លួន​ដែរ។

ទាហាន​​រដ្ឋាភិបាល​ហ្វីលីពីន​កំពុង​នាំ​ខ្លួន​សកម្មជន​អ៊ីស្លាម​​ចាប់​ខ្លួន​ក្នុង​ថ្ងៃ​ទី២២ សីហា ២០១៦
ទាហាន​​រដ្ឋាភិបាល​ហ្វីលីពីន​កំពុង​នាំ​ខ្លួន​សកម្មជន​អ៊ីស្លាម​​ចាប់​ខ្លួន​ក្នុង​ថ្ងៃ​ទី២២ សីហា ២០១៦
ផ្សាយពាណិជ្ជកម្ម

ដំណឹង​នេះ​ត្រូវ​បាន​ប្រកាស​ដោយ​មេបញ្ជាការ​ប៉ូលិស​លោក​អាហ្គ៊ូស្ទីន តេឡូ​ដែល​បញ្ជាក់​ថា ក្រុម​សកម្មជន​អ៊ីស្លាម​មាន​គ្នា​ប្រមាណ​ជា ៥០នាក់ ​និង​មាន​បំពាក់​ដោយ​អាវុធ​ធន់ធ្ងន់​គ្រប់ដៃ​បាន​បើក​ការ​វាយប្រហារ​លើ​ពន្ធនាគារ​មួយ​ក្នុង​ស្រុក Marawi ស្ថិត​ប៉ែក​ខាងត្បូង​ប្រទេស​កាល​ពី​ថ្ងៃ​សៅរ៍ ទី២៧ សីហា។ លោក​តេឡូ​បាន​លំអិត​ថា ក្រុម​សកម្មជន​អ៊ីស្លាម​ទាំង​នោះ​មិន​មាន​ពាក់ ឬ​ជូតកន្សែង​អ្វី​ដែល​ជា​សញ្ញា​របស់​អង្គការ​រដ្ឋអ៊ីស្លាម​ទេ តែ​ពួក​គេ​ជា​សមាជិក​របស់​ចលនា Maute ដែល​ជា​ចលនា​អ៊ីស្លាម​និយមជ្រុល​មួយ​ក្នុង​ចំណោម​ចលនា​អ៊ីស្លាម​ផ្សេង​ទៀត​ដែល​កំពុង​មាន​វត្តមាន​លើ​កោះ​មីនដាណាវ។

នៅ​ក្នុង​ការ​វាយប្រហារ​ក្រោម​ទ្រង់ទ្រាយ​ធំ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ ក្រុម​សកម្មជន​អ៊ីស្លាម​រំដោះ​បាន​អ្នកទោស​យុទ្ធជន​គ្នីគ្នា​គេ​ចំនួន ៨នាក់​ដែល​កងទ័ព​រដ្ឋាភិបាល​ទើប​បាន​ចាប់​ឃុំ​កាល​ពី​ថ្ងៃទី២២ សីហា​កន្លង​ទៅ​ថ្មីៗ​នេះ។ ការ​ឃាត់​ខ្លួន​យុទ្ធជន​អ៊ីស្លាម​ទាំង ៨នាក់​បាន​ធ្វើ​ឡើង​នៅ​ក្នុង​បេសកកម្ម​ឆែកឆេរ​ឡាន​ចៃដន្យ​មួយ​តាម​ផ្លូវ​របស់​កងទ័ព និង​ដែល​ពេល​នោះ កងទ័ព​បាន​ប្រទះ​ឃើញ​អាវុធ និង​ជាតិ​ផ្ទុះ​ជា​ច្រើន​នៅ​ក្នុង​ឡាន​នោះ។ ក្រៅ​ពី​រំដោះ​បាន​អ្នកទោស​គ្នីគ្នា​គេ​ទាំង ៨នាក់​វិញ ការ​វាយប្រហារ​របស់​ក្រុម​សកម្មជន​អ៊ីស្លាម​ក៏​បាន​អនុញ្ញាត​ឲ្យ​អ្នកទោស​ផ្សេង​ចំនួន ២០នាក់​រត់គេច​ខ្លួន​រួច​ដែរ។

រដ្ឋអំណាច​ហ្វីលីពីន​បាន​បញ្ជាក់​នៅ​ថ្ងៃ​នេះ​ថា ខ្លួន​កំពុង​បើក​ការ​ស៊ើបអង្កេត​ដើម្បី​ស្វែង​យល់​ពី​កម្រិត​សន្តិសុខ និង​កម្រិត​ប្រព័ន្ធ​ការពារ​ពន្ធនាគារ​នោះ ពិសេស​ចង់​ដឹង​ថា ហេតុអ្វី​បាន​ជា​គ្មាន​ការ​ពង្រឹង​សន្តិសុខ​បន្ថែម​នៅ​ក្រោយ​ការ​យក​យុទ្ធជន​អ៊ីស្លាម​ទាំង ៨នាក់​ទៅ​ឃុំ​នៅ​ទីនោះ។ សូម​ជម្រាប​ជូន​ថា នេះ​មិនមែន​ជា​លោកទី១ ទេ​ដែល​ពន្ធនាគារ​បាន​ទទួល​រង​ការ​វាយប្រហារ​ពី​ក្រុម​យុទ្ធជន​អ៊ីស្លាម​ក្នុង​ស្រុក។ កាល​ពី​ឆ្នាំ ២០០៩ មាន​ក្រុម​យុទ្ធជន​អ៊ីស្លាម​ប្រមាណ​ជា ៣០នាក់​បំពាក់​អាវុធ​គ្រប់​ដៃ​បាន​វាយប្រហារ​លើ​ពន្ធនាគារ​មួយ​លើ​កោះ​បាស៊ីឡាន​ដោយ​រំដោះ​បាន​អ្នកទោស​ចំនួន ៣១នាក់ ក្នុង​នោះ​ក៏​មាន​យុទ្ធជន​អ៊ីស្លាម​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ