អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ភូមា៖​វិញ្ញាសាថ្មី​របស់​លោកស្រី​អ៊ុង សានស៊ូជី គឺ​ស្វែង​រក​សន្តិភាព​ជាមួយ​ក្រុម​ឧទ្ទាម​ជនជាតិ​ភាគតិច

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​ប្រទេស​ភូមា រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​សម្ព័ន្ធជាតិប្រជាធិបតេយ្យ​ផ្តើម​កិច្ចចរចា​ស្វែង​រក​សន្តិភាព​ជាមួយ​ក្រុម​ឧទ្ទាម​ជនជាតិ​ភាគតិច​នៅ​ក្នុង​ទីក្រុង​ណៃពីដ៏។ កិច្ចចរចា​សន្តិភាព​ដែល​ដឹកនាំ​ដោយ​លោកស្រី​រដ្ឋមន្រ្តី​ការបរទេស​អ៊ុង សានស៊ូជី និង​ដោយ​មាន​ការ​ចូលរួម​ពី​គ្រប់​អ្នកតំណាង​ជនជាតិ​ភាគិតិច​ចំនួន ៧០០នាក់។ ក្រៅ​ពី​នោះ កិច្ចចរចា​សន្តិភាព​នេះ​ក៏​មាន​ការ​ចូលរួម​ពី​លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បាន គីមូន​ដែរ។ សូម​ជម្រាប​ជូន​ថា អស់​ជា​ច្រើន​ទសវត្ស​មក​ហើយ​ដែល​ចលនា​ឧទ្ទាម​ជនជាតិ​ភាគតិច​ភូមា​បាន​តស៊ូប្រដាប់​អាវុធ​ប្រឆាំង​នឹង​រដ្ឋអំណាចកណ្តាល​ភូមា។

ភូមា៖​វិញ្ញាសាថ្មី​របស់​លោកស្រី​អ៊ុង សានស៊ូជី គឺ​ស្វែង​រក​សន្តិភាព​ជាមួយ​ក្រុម​ឧទ្ទាម​ជនជាតិ​ភាគតិច
ភូមា៖​វិញ្ញាសាថ្មី​របស់​លោកស្រី​អ៊ុង សានស៊ូជី គឺ​ស្វែង​រក​សន្តិភាព​ជាមួយ​ក្រុម​ឧទ្ទាម​ជនជាតិ​ភាគតិច REUTERS/Soe Zeya Tun
ផ្សាយពាណិជ្ជកម្ម

គឺ​សុឆន្ទៈ​របស់​រដ្ឋាភិបាល​ថ្មី​ដឹក​នាំ​ដោយ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ ពិសេស​គឺ​រូប​លោកស្រី​អ៊ុង សានស៊ូជី​ដែល​បាន​ជំរុញ​ឲ្យ​មាន​កិច្ចចរចា​សន្តិភាព​រវាង​រដ្ឋាភិបាល​ភូមា និង​ក្រុមឧទ្ទាម​ជនជាតិ​ភាគតិច​ពេល​នេះ។ តាំង​ពី​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត រហូត​ទទួល​បាន​ជោគជ័យ​យ៉ាង​ធំធេង​នា​ការ​បោះឆ្នោតជាតិ​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ ២០១៥ កន្លង​ទៅ លោកស្រី​អ៊ុង សានស៊ូជី​ដែល​បច្ចុប្បន្ន​មាន​តួនាទី​ជា​រដ្ឋមន្រ្តី​ការបរទេស និង​ជា​ទីប្រឹក្សា​ពិសេស​របស់​រដ្ឋ​បាន​ចាត់​ទុក និង​បន្ត​ចាត់​ទុក​បញ្ហា​ជនជាតិ​ភាគតិច​ជា​សំណុំរឿង​អាទិភាព​ដែល​ត្រូវ​ដោះស្រាយ​ឲ្យ​ខាន​តែ​បាន។ កម្មវត្ថុ​របស់​លោកស្រី​អ៊ុង សានស៊ូជី គឺ​បិទបញ្ចប់​ជម្លោះ​ជាមួយ​ក្រុម​ឧទ្ទាម​ជនជាតិ​ភាគតិច​ដែល​បាន និង​កំពុង​ស៊ីរូង​ប្រទេស​ដ៏​រុំារ៉ៃ។

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ក្នុង​ប្រទេស​ចិន​នា​សប្តាហ៍​កន្លង​ទៅ​ថ្មីៗ​នេះ លោកស្រី​អ៊ុង សានស៊ូជី​បាន​អះអាង​ដោយ​ទទួល​ស្គាល់​ជា​សាធារណៈ​ថា បើ​គ្មាន​សន្តិភាព​រវាង​រដ្ឋអំណាចកណ្តាល និង​ក្រុម​ឧទ្ទាម​ជនជាតិ​ភាគតិច​ទេ ភូមា​នឹង​មិន​អាច​ធ្វើ​ការ​អភិវឌ្ឍន៍​បាន​ឡើយ។ ម្យ៉ាង​ទៀត និង​ដើម្បី​ពន្លឿន​កិច្ចចរចា​សន្តិភាព​ជាមួយ​ក្រុម​ឧទ្ទាម​ជនជាតិ​ភាគតិច លោកស្រី​អ៊ុង សានស៊ូជី​បាន​អំពាវនាវ​សុំ​ជំនួយ​ពី​អ្នក​ដទែ ពិសេស​ពី​ចិន​ដែល​លោកស្រី​ដឹង​ថា ជា​ប្រទេស​ដែល​មាន​ឥទ្ធិពល និង​មាន​ទឹកមាត់ប្រៃ​អាច​និយាយ​បញ្ចុះបញ្ចូល​លើ​ក្រុម​ឧទ្ទាម​ជនជាតិ​ភាគតិច​សំខាន់ៗ​មួយ​ចំនួន។

បន្ទាប់​មក កិច្ចចរចា​ពេល​នេះ​ក៏​មាន​ការ​ចូលរួម​ពី​មេទ័ព​ភូមា​ដែល​កំពុង​បន្ត​ក្តាប់​ក្រសួង​សំខាន់ៗ ដូច​យ៉ាង​ក្រសួង​ការពារជាតិ និង​ក្រសួង​មហាផ្ទៃ និង​ការ​ចូល​រួម​របស់​លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បាន គីមូន​ដែរ។ នេះ​ជា​លើកទី១ ដែល​មាន​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​មា្នក់​ចូលរួម​ផ្ទាល់​នៅ​ក្នុង​ជម្លោះផ្ទែក្នុង​ភូមា។ គួរ​បញ្ជាក់​ជូន​ថា អស់​ជា​ច្រើន​ទសវត្ស​មក​ហើយ​ដែល​រដ្ឋអំណាចកណ្តាល​ភូមា​បាន​ប្រឈម​មុខ​ផ្លូវអាវុធ​ទល់​នឹង​ក្រុមឧទ្ទាម​ប្រដាប់អាវុធ​ជនជាតិ​ភាគតិច។

តើ​មាន​ក្រុមឧទ្ទាម​ជនជាតិ​ភាគតិច​ណា​ខ្លះ​ដែល​បាន​យល់ព្រម​ចូល​អង្គុយ​តុចរចា​ជាមួយ​លោកស្រី​អ៊ុង សានស៊ូជី?

គ្រប់​ក្រុមឧទ្ទាម​ជនជាតិ​ភាគតិច​ទាំង​អស់ ពោល​ក្រុមឧទ្ទាម​ជនជាតិ​ភាគតិច​ដែល​កំពុង​តស៊ូប្រដាប់អាវុធ​ប្រឆាំង​នឹង​រដ្ឋអំណាច​កណ្តាល​បាន​យល់ព្រម​តាម​ការ​អញ្ជើញ​របស់​លោកស្រី​អ៊ុង សានស៊ូជី។ ជា​សរុប មាន​អ្នកតំណាង​ក្រុមឧទ្ទាម​ជនជាតិ​ភាគតិច​ប្រមាណ​ជា ៧០០នាក់។ នៅ​ភូមា មាន ១៣៥ជនជាតិ​ភាគតិច​ខុសៗ​គ្នា​ដែល​តំណាង​ឲ្យ ១ភាគ៣ នៃ​ប្រជាជន​ភូមា​សរុប​ជាង ៥០លាននាក់។ កិច្ចចរចា​សន្តិភាព​ពេល​នេះ​ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា « ប៉ងឡុង​នៃ​សតវត្សទី២១ »។ ការ​ដាក់​ឈ្មោះ​កិច្ចចរចា​របៀប​នេះ​ត្រូវ​បាន​លោកស្រី​អ៊ុង សានស៊ូជី​យក​គំរូ​តាម​កិច្ចព្រមព្រៀង​សន្តិភាព​ជា​ប្រវត្តិសាស្រ្ត​កាល​ពី​ឆ្នាំ ១៩៤៧ ដែល​ឱពុក​លោកស្រី គឺ​លោក​អ៊ុង សាន​នាយករដ្ឋមន្រ្តី​ជំនាន់​នោះ​បាន​ចុះ​ហត្ថលេខា​ជាមួយ​ក្រុមឧទ្ទាម​សំខាន់ៗ​មួយ​ចំនួន។

គឺ​តាម​រយៈ​កិច្ចព្រមព្រៀង​សន្តិភាព​ជា​ប្រវត្តិសាស្រ្ត​នោះ​ឯង​ដែល​លោក​អ៊ុង សាន​បាន​នាំ​ឯករាជ្យភាព​ឲ្យ​ប្រទេស​ភូមា​ចេញ​ពី​អាណានិគមនិយម​អង់គ្លេស​ក្នុង​ឆ្នាំ ១៩៤៨។ តែ​មិន​យូរ​ប៉ុន្មាន​ក្រោយ​មក វីរបុរស និង​បិតាឯករាជ្យជាតិ​រូប​នេះ​ត្រូវ​បាន​គេ​ធ្វើ​ឃាត។ នៅ​ក្រោយ​ឃាតកម្ម​សម្លាប់​លោក​អ៊ុង សាន ភូមា​ក៏​បាន​ធ្លាក់​ក្នុង​សង្រ្គាម​ហែកហួរ​គ្នា​រហូត​ដល់​មាន​រដ្ឋប្រហារ​យោធា​ក្នុង​ឆ្នាំ ១៩៦២ ដែល​លោក​ឧត្តមសេនីយ​នេ វីន​ឡើង​កាន់អំណាច។ គឺ​នៅ​ពេល​ដែល​ភូមា​ធ្លាក់​ក្នុង​របបសឹក​ដែល​ចលនា​ឧទ្ទាម​ជនជាតិ​ភាគតិច​បាន​ផ្តើម​កាន់​អាវុធ​តស៊ូ​ជា​ថ្មី និង​មាន​ចលនា​ខ្លះ​បាន​បន្ត​តស៊ូ​មក​ដល់​សព្វថ្ងៃ។

ក្នុង​ឆ្នាំ ២០១៥ ពោល​ក្នុង​ពេល​ភូមា​ស្ថិត​ក្នុង​សម័យ​រដ្ឋាភិបាល​ស៊ីវិល​អន្តរកាល មាន​ក្រុមឧទ្ទាម​ចំនួន ៨ បាន​យល់ព្រម​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព តែ​មាន​ក្រុមឧទ្ទាម​សំខាន់ៗ​មួយ​ចំនួន​បាន​ជ្រើសរើស​យក​ផ្លូវតស៊ូ​ប្រដាប់​អាវុធ ពិសេស​ចលនា​ឧទ្ទាម​នៅ​ក្នុង​តំបន់​កាឈីន និង​តំបន់​ឆាន។

កិច្ចចរចា​សន្តិភាព​ត្រូវ​ការ​ពេល​វែង និង​ស្មុគស្មាញ

របៀបវារៈ​នៃ​កិច្ចចរចា​មាន​ច្រើន តែ​ក្តី​សង្ឃឹម​មាន​តែ​មួយ​គត់ គឺ​សន្តិភាព ពោល​កិច្ចព្រមព្រៀង​សន្តិភាព​មួយ​ដែល​ឈាន​ទៅ​បិទបញ្ចប់​ជម្លោះ​ដ៏​រុំាំរ៉ៃ និង​យូរលង់​ជាង​គេ​ក្នុង​លោក​រវាង​រដ្ឋអំណាចកណ្តាល និង​ក្រុមឧទ្ទាម​ជនជាតិ​ភាគតិច​ទាំង​អស់​នៅ​ភូមា។ បើ​តាម​មើល​ទៅ ប្រហែល​ជា​មិន​ងាយ​ស្រួល​ដូច​ការ​គិត និង​ការ​ចង់​បាន​របស់​លោកស្រី​អ៊ុង សានស៊ូជី​នោះ​ទេ។ រូប​លោកស្រី​អ៊ុង សានស៊ូជី​ខ្លួន​ឯង​ធ្លាប់​បាន​ទទួល​សារភាព និង​ដឹង​ខ្លួន​ជា​មុន​ថា នៅ​ក្នុង​កិច្ចចរចា​សន្តិភាព​លើកទី១​ពេល​នេះ លោកស្រី​នឹង​មិន​អាច​ជំនះ​ក្រុមឧទ្ទាម​ជនជាតិ​ភាគតិច​ឲ្យ​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​អ្វី​ទេ។

រីឯ​ក្រុមឧទ្ទាម​ក៏​នៅ​មិន​ទាន់​បាន​ត្រៀម​ខ្លួន​ដើម្បី​ផ្តល់​ហត្ថលេខី​អ្វី​ទៅ​ឲ្យ​លោកស្រី​អ៊ុង សានស៊ូជី​ដែរ។ សូម​ជម្រាប​ជូន​ថា ភូមា​ជា​រដ្ឋសហព័ន្ធ​ដែល​មាន​ក្រុមឧទ្ទាម​ជនជាតិ​ភាគតិច​ធំៗ​កំពុង​បន្ត​ទាមទារ​ផ្តាច់ទឹកដី​ដែល​ខ្លួន​កំពុង​កាន់កាប់​ចេញ​ពី​រដ្ឋអំណាច​កណ្តាល ឬ​ក៏​យ៉ាង​ហោចណាស់ ក៏​ទទួល​បាន​ជា​ដែនដី​ស្វយ័ត។ ដូច្នេះ​មាន​បញ្ហា​ជា​ច្រើន​ដែល​ភាគី​ទាំង​ពីរ​ត្រូវ​លើក​យក​ទៅ​ពិភាក្សា​យ៉ាង​លំអិត និង​ត្រូវ​ប្រើ​ពេល​យូរ។ លោកស្រី​អ៊ុង​សានស៊ូជី​បាន​ប្រាប់​រួច​ហើយ​ថា ជំនួប​ចរចា​សន្តិភាព​ដូច​ពេល​នេះ​នឹង​ត្រូវ​ធ្វើ​ឡើង​រៀងរាល់ ៦ខែ​ម្តង។

ដូច្នេះ​ឃើញ​ថា គេ​ត្រូវ​ប្រើ​ពេល​ជា​ច្រើន​ឆ្នាំ​ទៅ​មុខ មុន​នឹង​ទទួល​បាន​កិច្ចព្រមព្រៀង​មួយ​ដែល​អាច​ទទួល​យក​បាន​ទាំង​អស់​គ្នា។ អ្វី​ដែល​សំខាន់​នៅ​ក្នុង​កិច្ចចរចា​សន្តិភាព​ពេល​នេះ គឺ​ការ​ស្វែង​យល់​ចិត្ត​គ្នា និង​ស្តាប់​ពី​ការ​ទាមទារ​ចង់​បាន​របស់​ភាគី​ពាក់ព័ន្ធ​នីមួយៗ។ សម្រាប់​លោកស្រី​អ៊ុង សានស៊ូជី ការ​ដែល​លោកស្រី​អាច​ហៅ​គ្រប់​ភាគី​ជម្លោះ​ទាំង​អស់​ឲ្យ​ចូល​អង្គុយ​ត ចរចា​ពេល​នេះ គឺ​ជា​ជោគជ័យ​មួយ​ធំ​ណាស់។ រឿង​រក​បាន ឬ​មិន​បាន​កិច្ចព្រមព្រៀង​សន្តិភាព​នា​ពេល​ខាង​មុខ វា​អាស្រ័យ​លើ​ឆន្ទៈ​របស់​ភាគី​ម្នាក់ៗ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ