អានតួអត្ថបទ
បារាំង-វៀតណាម

បារាំង​ទាមទារ​ឲ្យ​វៀតណាម​ដោះលែង​សកម្មជន​សិទ្ធិមនុស្ស​៤​រូប​

នៅ​ឱកាស​ដំណើរ​ទស្សនៈកិច្ច​ផ្លូវ​រដ្ឋ​របស់​លោក François Hollande ប្រធានាធិបតី​បារាំងនៅ​​វៀតណាម ប្រទេស​បារំាង​ បាន​ទាមទារ​ឲ្យ​អាជ្ញាធរ​វៀតណាម ​ដោះលែង​សកម្មជន​ការពារ​សិទ្ធមនុស្ស​៤​រូប នេះ​បើ​យោង​តាម​ប្រភព​ជិតដិត​​ប្រធានាធិបតី​បារាំង​នៅ​ថ្ងៃ​ពុធ​៧​កញ្ញា​នេះ។

លោកហ្វ្រង់ស័រ ហូឡង់​( François Hollande)នៅក្នុងសន្និសីទកាសែត​នៅហាណូយ​ថ្ងៃទី៦កញ្ញា២០១៦.
លោកហ្វ្រង់ស័រ ហូឡង់​( François Hollande)នៅក្នុងសន្និសីទកាសែត​នៅហាណូយ​ថ្ងៃទី៦កញ្ញា២០១៦. REUTERS/Kham
ផ្សាយពាណិជ្ជកម្ម

 

សកម្មជន​ការពារ​សិទ្ធមនុស្ស​វៀតណាម​ទាំង​៤​រូប​នោះ មាន​ ​ម្នាក់​ជា​សកម្មជន​ការពារ​សាសនា​កាតូលីក​ ម្នាក់​ទៀត​ជា​ស្ថាបនិក​នៃ​គណបក្ស​នយោបាយ​មួយ ​ដែល​ក្នុង​ប្រទេស​នេះ​មាន​គណបក្ស​កុម្មុយនិស្ត​តែ​មួយ​គត់​ជា​អ្នក​ដឹកនាំ​​ប្រទេស  ម្នាក់​ទៀត​ជា​សកម្មជន​ប្រយុទ្ធ​ប្រឆាំង​ទល់​នឹង​អំពើ​ដក​ហូត​កម្មសិទ្ធ​ដីធ្លី​តាម​អំពើចិត្ត​និង​​អ្នក​សរសេរ​ប្លុក​មួយ​រូប។

 

នៅ​ក្នុង​ចំណោម​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​ទាំង​៤​រូប​នោះ មាន​ម្នាក់​​ជា​ស្រ្តី​​ភេទ។

អាជ្ញាធរ​វៀតណាម បាន​ផ្តន្ទា​ទោស​សកម្មជន​​ទាំង​៤​រូប​ដាក់​​គុក​ក្នុង​រយៈពេល​ដ៏​យូរ​ឆ្នាំ -នេះ​បើ​យោង​តាម​ប្រភព​ខាង​លើ​ដដែល តែ​ដោយ​គ្មាន​​បញ្ចេញ​អត្តសញ្ញាណ​របស់​​សកម្មជន​ទាំងនោះ​ឲ្យ​ដឹង​ឡើយ។

 

នៅ​មុន​ពេល​ដំណើរ​ទស្សនៈកិច្ច​របស់​លោក ហ្រ្វង់ស័រ ហូឡង់​នេះ អង្គការ​ក្រៅ​រដ្ឋាភិបាល​ចំនួន​៣ ដែល​​ក្នុង​នោះ​មាន អង្គការ​សហព័ន្ធ​អន្តរៈជាតិ​បន្ទុក​ខាង​ការពារ​​សិទ្ធ​មនុស្ស​(FIDH) បាន​ទាមទារ​ឲ្យ​លោក​ហូឡង់​លើក​និយាយ​ពី​បញ្ហា​សិទ្ធ​មនុស្ស​ជាមួយ​វៀតណាម​នៅ​ក្នុង​លិខិត​ចំហរ​​មួយ​របស់​ខ្លួន​និង​ក៏​បាន​អះអាង​បញ្ចាក់​​ផងដែរ​ពី​​ការ​ព្រួយបារម្ភ​រ​ជាពន់ពេក​របស​ខ្លួន​នៅ​លើ​​បញ្ហា​រំលោភ​សិទ្ធ​មនុស្ស​នេះ។

 

ចំណែក​លោកស្រី Cammille Blanc ដែល​ជា​ប្រធាន​អង្គការ​ការពារ​សិទ្ធ​មនុស្ស​ឈ្មោះ”Amnesty International” របស់​បារាំង​វិញ នៅ​ក្នុង​សេចក្តី​ជូន​ដំណឹង​មួយ​របស់​ខ្លួន បានបញ្ចេញ​ប្រតិកម្ម​ថា” បញ្ហា​សិទ្ធិ​មនុស្ស​ពុំ​ត្រូវ​ឲ្យ​គេ​ជាន់​ឈ្លី​ស្រេចតែ​អំពើចិត្ត​ដើម្បី​ប្តូរ​នឹង​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​នោះ​ទេ ដោយ​លោកស្រី​បាន​លើក​ឡើង​ផង​ដែរ​​ពី​បញ្ហា​សន្តិសុខ។​

 

លោក​ប្រធានាធិបតី​បារាំង​វិញ ​​ជា​សាធារណៈ​ធ្លាប់​បាន​ថ្លែង​ពី​បញ្ហា​សិទ្ធមនុស្ស​ពីរ​បី​ម៉ាត់​​ដែរ​នៅ​ឱកាស​ទស្សនកិច្ច​របស់​លោក​នៅ​វៀតណាម ហើយ​លោក​ក៏​បាន​អះអាង​បញ្ជាក់​ដែរ​ថា លោក​មាន​ការ​​យកចិត្តទុក​ដាក់​ខ្លាំង​​នៅ​លើ​បញ្ហា​នីតិរដ្ឋ”។

 

បន្ទាប់ពី​បាន​បំពេញ​ទស្សនកិច្ច​នៅ​ហាណូយ​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​មក លោក​ប្រធានាធិបតី​បារាំង នៅ​ថ្ងៃ​ពុធ​នេះ បាន​ជួប​ប្រាស្រ័យ​ជាមួយ​បណ្តា​អ្នក​ដឹកនាំ​ក្រុមហ៊ុន​បារាំង​ដែល​ទើប​បង្កើត​​ថ្មី​ថ្មោង​និង​សហគ្រាស​បារាំង​ផ្សេងៗ​ទៀត​នៅ​ហូជីមីញ​ក៏ព្រមទាំង​វិទ្យាស្ថាន​​វះកាត់​បេះដូង​មួយ​ដែល​ជា​និមិត្តរូប​នៃ​កិច្ចសហប្រតិបត្តិការ​ជា​មួយ​វៀតណាម​នៅ​លើ​វិស័យ​វិជ្ជសាស្ត្រ។

 

សូម​បញ្ជាក់​ថា​វិទ្យាស្ថាន​បេះដូង​នេះ ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៩២​ដោយ​សាស្រ្តាចារ្យ​វិជ្ជបណ្ឌិត​បារាំង លោក​ Alain Carpentier ​ជា​រចនា​សម្ព័ន​វះកាត់​បេះ​ដូង​លើក​ទី​មួយ​របស់​បារាំង​នៅ​ក្នុង​ប្រទេស​វៀតណាម៕

 

 

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ