អានតួអត្ថបទ

ឥណ្ឌូណេស៊ី​ចង់​យក​គំរូ​តាម​ហ្វីលីពីន​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំងនឹង​ការ​ជួញ​ដូរ​គ្រឿង​ញៀន

បន្ទាប់​ពី​ក្រុង​ម៉ានីល ដល់​វេន​ក្រុង​ហ្សាការតា​ម្តង ដែល​ត្រូវ​​​រឹត​បន្តឹង​បន្ថែម​ទៀត​ការ​ប្រយុទ្ធ​ប្រឆាំង​​នឹង​ការ​ជួញ​ដូរគ្រឿង​ញៀន។ នេះ​ជា​សេចក្តី​ប្រកាស​របស់​ប្រមុខ​ភ្នាក់ងារ​ជាតិ​ប្រឆាំង​គ្រឿង​ញៀន​ឥណ្ឌូណេស៊ី ដែល​បាន​ថែម​ទាំង​ព្រលយ​ពាក្យ​ឥណ្ឌូណេស៊ី​អាច​ធ្វើ​កាច​ដូច​ហ្វីលីពីន​ដែរ​ក្នុង​យុទ្ធនាការ​នេះ។

នៅ​ឆ្នាំ​២០១៥ មាន​៣៣​ប្រទេស​នៅ​លើ​ពិភពលោក​ ប្រើ​ទោស​ប្រហារ​ជីវិត​ប្រឆាំង​នឹង​ការ​ជួញដូរ​គ្រឿង​ញៀន
នៅ​ឆ្នាំ​២០១៥ មាន​៣៣​ប្រទេស​នៅ​លើ​ពិភពលោក​ ប្រើ​ទោស​ប្រហារ​ជីវិត​ប្រឆាំង​នឹង​ការ​ជួញដូរ​គ្រឿង​ញៀន amnesty International
ផ្សាយពាណិជ្ជកម្ម

ឥណ្ឌូណេស៊ី​ដែល​តុលាការ​បាន​បង្កើន​ការ​កាត់​ទោស​​ប្រហារ​ជីវិត​ច្រើនឡើង ជន​ជាប់​ចោទ​ក្នុងសំណុំ​រឿង​រត់​ពន្ធ​គ្រឿង​ញៀន បាន​ប្រកាស​នៅ​ថ្ងៃ​នេះ ថា​នឹង​ពង្រឹង​យុទ្ធនាការ​​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំនួញ​គ្រឿង​ញៀន​ ដោយ​បន្ថែម​ចំនួន​ប៉ូលិស និង​ធ្វើ​ទំនើប​កម្ម​​អាវុធ​យុទ្ធភ័ណ្ឌ ព្រមទាំង​​មធ្យោបាយ​ផ្នែក​បច្ចេកវិទ្យា​ផ្សេងៗ ឱ្យ​បាន​កាន់​តែ​ប្រសើរ​ឡើង ផ្តល់​ជូន​ភ្នាក់ងារ​​មាន​សមត្ថកិច្ច​ក្នុង​វិស័យ​នេះ។

សម្រាប់​អាជ្ញាធរ​ឥណ្ឌូណេស៊ី​​ ការ​រត់​ពន្ធ​គ្រឿង​ញៀនគឺ​ជា​បញ្ហា​ដ៏​ធ្ងន់ធ្ងរគួរ​ឱ្យ​ព្រួយ​បារម្ភ​​របស់​ប្រទេស ធ្ងន់ធ្ងរ​មិន​ចាញ់​ប្រទេស​ហ្វីលីពីន​ទេ ដូច្នេះ​ការ​ប្រយុទ្ធ​ប្រឆាំងត្រូវ​តែ​ខ្លាំង​និង​កាច​សាហាវ​ដូច​នៅ​ហ្វីលីពីន​ដែរ។ ផ្តាច់​ជីវិត​របស់​អ្នក​ជួញ​ដូរ​គ្រឿង​ញៀន​ម្នាក់​ជាទោស​​ស្តួចស្តើង​ណាស់ ព្រោះ​ម្នាក់​នេះ អាច​បង្ក​ឧក្រិដ្ឋកម្ម​សម្លាប់​មនុស្ស​បាន​ទាំង​ហ្វូង។ នេះ​ជា​ការ​អះអាង​របស់​ប្រមុខ​ទី​ភ្នាក់ងារ​ប្រឆាំង​គ្រឿង​ញៀនឥណ្ឌូណេស៊ី មុន​នឹង​បាន​ឮ​អ្នក​នាំ​ពាក្យ​ជួយ​សម្រួល​ស្ថានការណ៍បន្តិច​ឡើង​វិញ ដោយ​គូស​បញ្ជាក់​ថា រាល់​ការ​បង្ក្រាប​យ៉ាង​តឹង​តែង​របស់​ឥណ្ឌូណេស៊ី​ តែង​ធ្វើ​ឡើង​ក្នុង​ក្រប​ខ័ណ្ឌ​ច្បាប់​ និង​ដោយ​គោរព​តាម​បទ​ដ្ឋានជាតិ​និង​អន្តរជាតិ។

សូម​បញ្ជាក់​ថា ច្បាប់​ប្រឆាំង​នឹង​គ្រឿង​​ញៀន ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​មាន​លក្ខណៈ​តឹង​តែង​ខ្លាំង​ណាស់។ សព្វ​ថ្ងៃ​នេះ​ឥណ្ឌូណេស៊ី​មាន​អ្នកជាប់​ទោស​ប្រហារ​ជីវិត រង់ចាំ​ថ្ងៃ​ស្លាប់ ចំនួន​១៥២​នាក់។ កាលពី​ខែ​មុន​ ឥណ្ឌូណេស៊ី​បាន​ប្រហារ​ជីវិត​​អ្នក​ទោស​ពាក់​ព័ន្ធ​គ្រឿង​ញៀន​ជាង​១០​នាក់ ជិត​ពាក់កណ្តាល​ជា​ជន​បរទេស។ ទោះបី​ជា​មាន​ការ​អំពាវនាវ​ពី​សំណាក់​សហគមន៍​អន្តរជាតិ កុំ​ឱ្យ​ប្រហារ​ជីវិត​ជនជាប់​ទាំង​នោះ​ក្តី​ ក៏​ក្រុងហ្សាការតា មិន​យក​ត្រចៀក​ស្តាប់​ដែរ។ សំណុំ​រឿង​ប្រហារ​ជីវិត​អ្នក​ទោស​គ្រឿង​ញៀន​បរទេស​ ដែល​ពេល​ខ្លះ​បាន​ល្អក់​កករ​ដល់​​ទំនាក់ទំនង​ការទូត​​ជាមួយ​ប្រទេស​កំណើត​របស់​អ្នក​ទោស​ផង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ