អានតួអត្ថបទ
តៃវ៉ាន់-ទេសចរណ៍

បាតុកម្ម​នៅតៃវ៉ាន់​ព្រោះតែ​វិស័យ​ទេសចរណ៍​ធ្លាក់ចុះ​ដុនដាប

នៅ​តៃវ៉ាន់ ​បុគ្គលិក​រាប់​​ពាន់​នាក់​នៅ​ក្នុង​វិស័យ​ទេសចរ បាន​នាំ​គ្នា​ចុះ​ក្នុង​ផ្លូវ​ថ្នល់​​នៅ​ថ្ងៃ​ចន្ទនេះ ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​តៃវ៉ាន់ ចាត់​វិធានការ​នានា​ជា​បន្ទាន់​ប្រឈម​មុខ​នឹង​ការធ្លាក់​ចុះ​នៃ​ចំនួន​ភ្ញៀវ​ទេសចរ​ចិន​មក​កាន់​តៃវ៉ាន់​។ ការ​ថយ​ចុះ​យ៉ាង​ខ្លាំង​នៃ​ចំនួន​ភ្ញៀវ​ទេសចរ​ចិន​នេះ គឺ​នៅ​ខណៈពេល​ដែល​ទំនាក់​ទំនង​រវាង​ក្រុង​តៃប៉ិះ​និង​ប៉េកាំង កាន់តែ​មានការ​យ៉ាប់យឺន។

ប្រធានាធិបតីតៃវ៉ាន់​លោកស្រី​​Tsai Ing-wen
ប្រធានាធិបតីតៃវ៉ាន់​លោកស្រី​​Tsai Ing-wen REUTERS/Tyrone Siu
ផ្សាយពាណិជ្ជកម្ម

 

ឧស្សាហកម្ម​នៅ​លើ​វិស័យ​​ទេសចរណ៍​​​តៃវ៉ាន់ ​ធ្លាប់​បាន​ទទួល​ផល​ប្រយោជន៍​​យ៉ាង​ច្រើន​ដោយ​សារ​​​ការ​ពង្រឹង​​ទំនាក់​ទំនង​យ៉ាង​កក់ក្តៅ​ជាមួយ​ទីក្រុង​ប៉េកាំង ក្រោម​រដ្ឋាភិបាល​លើក​មុន​របស់​លោក​ប្រធានាធិបតី Ma Ying-Jeu ។ ជំនាន់​នោះ អ្នកទេសចរ​ចំនួន​៤០% ក្នុងចំណោម​អ្នកទេសចរ​​​១០​លាន​នាក់​ដែល​ធ្វើ​ដំណើរ​កំសាន្ត​នៅ​កោះ​តៃវ៉ាន់​នា​ឆ្នាំ​២០១៥​​គឺ​ជា​ជន​ជាតិ​ចិន-​នេះ​បើយោងតាម​តួលេខ​ផ្លូវការ​តៃវ៉ាន់។​

 

ក៏ប៉ុន្តែ ចាប់តាំង​ពី​លោកស្រី Tsai Ing-Wen បាន​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​តៃវ៉ាន់​​មក ចំនួន​អ្នកទេសចរ​ចិន បាន​ស្រុត​ចុះ​រហូត​ជិត​២៤%​​នៅ​ក្នុង​រយៈពេល​តែ​មួយ​ឆ្នាំ។

 

នៅ​ពេល​ដង្ហែរ​ក្បួន​បាតុកម្ម បាតុករ​តៃវ៉ាន់ បាន​លើក​បដា​​ដែល​មាន​សរសេរ​ជា​ពាក្យ​ពេជន៍​ថា” បើ​គ្មាន​ការងារ​ធ្វើ​ ក៏​គ្មាន​ជីវិត​ដែរ”។ នៅ​ក្នុង​ចំណោម​បាតុករ​ជាង​មួយ​ម៉ឺន​នាក់​នោះ មាន​​ក្រុម​​អ្នក​ជូន​ដំណើរ​ភ្ញៀវ​ទេសចរ អ្នក​បើកបរ​រថយន្ត​ជូន​ភ្ញៀវ​និង​បុគ្គលិក​ធ្វើការ​នៅ​ភោជនីយដ្ឋាន បាន​កែណ្ឌ​ប្រមូល​គ្នា​នៅ​ពី​មុខ​ការរិយាល័យ​ប្រធានាធិបតី​តៃវ៉ាន់​នៅ​ទីក្រុង​តៃប៉ិះ ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​តៃវ៉ាន់​ចាត់​វិធានការ​ជា​បន្ទាន់​ដើម្បី​ដោះស្រាយ​លើ​បញ្ហា​នេះ។

 

បាតុករ​ជា​ស្រ្តី​ភេទ​ម្នាក់​ដែល​ជា​អ្នកនាំ​ផ្លូវទេសចរ​អាយុ​៤៣​ឆ្នាំ ​បាន​និយាយ​រៀបរាប់ប្រាប់​ថា គាត់​ពុំ​មាន​ការងារ​ធ្វើ​ទេ​​ចាប់តាំង​ពី​១​ខែ​កន្លង​មក​ហើយ ហើយ​គាត់​ជឿជាក់​ដែរ​ថា ពុំមែន​មាន​តែ​វិស័យ​ទេសចរ​តែ​មួយ​គត់​នោះ​ទេ​​ដែល​​​ប៉ះពាល់​ដោយ​វិបត្តិ​នេះ។ មិនតែប៉ុណ្ណោះ គាត់​បាន​ទាមទារ​ផង​ដែរ​ឲ្យ​ប្រធានាធិបតី​តៃ​វ៉ាន់ ​លោកស្រី Tsai Ing-Wen ​ធ្វើការផ្តួច​ផ្តើម​គំនិត​​មួយ​​ដើម្បី​ទាក់​ទង​និង​ចចារ​ជាមួយ​ប្រទេស​ចិន។ សកម្មភាព​ទេសចរណ៍​នេះ ចាប់តាំង​ពី​ខែ​ឧសភា​កន្លង​មក បាន​ធ្លាក់​ចុះ​៤០%។

 

នៅ​ខណៈ​នេះ រដ្ឋាភិបាល​តៃវ៉ាន់ បាន​អះអាង​​ថា​ខ្លួន​នឹង​ព្យាយាម​ធ្វើការ​​អភិវឌ្ឈន៍​លើ​​វិស័យ​ទេសចរ​នេះ មក​ពី​ខាង​​តំបន់​​​ភូមិភាគ​អាស៊ី​អគ្នេយ៍​ថែម​ទៀត​ ដើម្បី​ទូទាត់​រាល់​ការ​ខាតបង់​ទាំង​ឡាយ។ ហើយ​​កាលពី​សប្តាហ៍​មុន រដ្ឋាភិបាល​តៃវ៉ាន់ ក៏​បាន​ផ្តល់​ការ​អនុញ្ញាត​របស់ខ្លួន​នៅ​លើ​កម្មវិធី​ជំនួយ​មួយ​នៅ​ក្នុង​វិស័យ​ទេសចរ​នេះ ដែល​មាន​ទឹកប្រាក់​ចំនួន​៣​ម៉ឹន​លាន​ដុល្លារ​តៃវ៉ាន់​ឬ​ប្រមាណ​ជា​៨៤៤​លាន​អឺរ៉ូ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ