អានតួអត្ថបទ
បារាំង-ទីបេ

សម្តេចសង្ឃ​ដាឡែ ឡាម៉ា​ផ្តើម​ទស្សនកិច្ច​រយៈពេល​ ១សប្តាហ៍​ក្នុង​ប្រទេស​បារាំង

សម្តេច​សង្ឃ​ទីបេ​ដាឡែ ឡាម៉ា​ផ្តើម​ទស្សនកិច្ច​ក្នុង​ប្រទេស​បារាំង​រយៈពេល ១សប្តាហ៍​ចាប់​ពី​ថ្ងៃ​ចន្ទ ទី១២ ដល់​ថ្ងៃ​អាទិត្យ ទី១៨ កញ្ញា។ គោលដៅ​នៃ​ទស្សនកិច្ច​របស់​សម្តេចសង្ឃ​ដាឡៃ ឡាម៉ា​នៅ​ក្នុង​ទីក្រុង​ប៉ារីស ក៏​ដូច​ជា​នៅ​ក្នុង​ទីក្រុង​ស្រ្តាស្បួរ​នឹង​ផ្តោត​សំខាន់​លើ​ផ្លូវសាសនា ដោយ​គ្មាន​គម្រោង​ជំនួបណា​មួយ​ជាមួយ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​បារាំង​ត្រូវ​បាន​ព្រៀង​ទុក​ឡើយ។ ក៏​ប៉ុន្តែ ព្រះអង្គ​នឹង​ទទួល​ជួប​ដោយ​ក្រុម​អ្នកតំណាងរាស្ត្រ​បារាំង​នៅ​ព្រឹទ្ធសភា។

Le Dalaï Lama, lors d'un débat public donné à Bruxelles, le 11 septembre 2016.
Le Dalaï Lama, lors d'un débat public donné à Bruxelles, le 11 septembre 2016. REUTERS/Eric Vidal
ផ្សាយពាណិជ្ជកម្ម

គឺ​នៅ​ក្រោយ​ទស្សនកិច្ច​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ក្នុង​ទីក្រុង​ព្រុចសែល ប្រទេស​បែលហ្ស៊ិក​ដែល​សម្តេចសង្ឃ​ទីបេ​ដាឡៃ ឡាម៉ា​បាន​ផ្តើម​ទស្សនកិច្ច​ក្នុង​ប្រទេស​បារាំង​រយៈពេល ១សប្តាហ៍​ពី​ថ្ងៃ​ចន្ទ ទី១២ ដល់​ថ្ងៃ​អាទិត្យ ទី១៩ កញ្ញា។ នេះ​ជា​លើកទី១ ក្នុង​រយៈពេល ៥ឆ្នាំ​កន្លង​ទៅ​ដែល​ព្រះអង្គ​បាន​យាង​មក​កាន់​ប្រទេស​បារាំង និង​ដែល​កម្មវិធី​នៃ​ទស្សនកិច្ច​នៅ​ក្នុង​ទីក្រុង​ប៉ារីស ក៏​ដូច​ជា​នៅ​ក្នុង​ទីក្រុង​ស្រ្តាស្បួរ​នឹង​ផ្តោត​សំខាន់​លើ​ផ្នែក​សាសនា​ច្រើន​ជាង​ផ្នែក​នយោបាយ។

នៅ​ក្នុង​ទីក្រុង​ប៉ារីស សម្តេចសង្ឃ​ដាឡៃ ឡាម៉ា​នឹង​មាន​បន្ទូល​ស្តីពី​វិញ្ញាណ វិទ្យាសាស្រ្ត និង​បរិស្ថាន។ បន្ទាប់​មក ព្រះអង្គ​នឹង​ចូលរួម​នៅ​ក្នុង​ជំនួប​ស្តីពី​អន្តរសាសនា​ដើម្បី​និយាយ​ពី​ការ​គោរព និង​ការ​អត់ឱន​ឲ្យ​គ្នា​ទៅ​វិញ ទៅ​មក​រវាង​អ្នក​កាន់សាសនា​ខុស​គ្នា។ ទន្ទឹម​គ្នា​នេះ សម្តេចសង្ឃ​ដាឡៃ ឡាម៉ា​ក៏​នឹង​មាន​បន្ទូល​អំពី​វប្បធម៌​ទីបេ​ទៅ​កាន់​ប្រជាជន​ទីបេ​ជា​ច្រើន​ពាន់​នាក់​ដែល​កំពុង​រស់ជ្រកកោណ​ក្នុង​ទឹកដី​បារាំង។ នៅ​ក្នុង​ទីក្រុង​ស្រ្តាស្បួរ កម្មវិធី​របស់​សម្តេចសង្ឃ​ដាឡៃ ឡាម៉ា​ក៏​នឹង​ផោ្តត​សំខាន់​លើ​ប្រធានបទ​ដងខ្លួន វិញ្ញាណ និង​វិទ្យាសាស្រ្ត​ដែរ។

ព្រះអង្គ​នឹង​គ្មាន​គម្រោង​ចូល​ជួប​សន្ទនា​ជាមួយ​ថ្នាក់ដឹកនាំ​ណា​ម្នាក់​នៅ​ក្នុង​រដ្ឋាភិបាល​បារាំង​ទេ តែ​ព្រះអង្គ​នឹង​ទទួល​ជួប​ដោយ​ក្រុម​អ្នកតំណាង​រាស្រ្ត​បារាំង​នៅ​ព្រឹទ្ធសភា​នៅ​ថ្ងៃ​ពុធ ទី១៤ កញ្ញា។ យ៉ាង​ណា​ក៏​ដោយ មាន​អ្នក​តំណាងរាស្រ្ត​មួយ​ចំនួន​បាន​ទាមទារ​ឲ្យ​លោក​ប្រធានាធិបតី​បារាំង​ហ្រ្វង់ស័រ ហូឡង់ ឬ​លោក​នាយករដ្ឋមន្រ្តី​ម៉ានុយអែល វ៉ាល្ស​ទទួល​ជួប​សម្តេចសង្ឃ​ដាឡៃ ឡាម៉ា។ ការ​ទាមទារ​របៀប​នេះ​ដោយ​ពួក​គេ​យល់​ឃើញ​ពី​សារៈសំខាន់​នៃ​ការ​រួម​ចំណែក​ផ្តល់​ដំណើរ​ស្វែង​រក​សន្តិភាព​រវាង​ទីបេ និង​ចិន។

គួរ​រម្លឹក​ជូន​ថា តាំង​ពី​ក្រោយ​លា​ឈប់​ពី​តួនាទី​នយោបាយ​ទីបេ​ក្នុង​ឆ្នាំ ២០១១ មក សម្តេច​សង្ឃ​ទីបេ​ដាឡៃ ឡាម៉ា​ដែល​មាន​ព្រះជន្ម៨១ព្រះវស្សា និង​ជា​ជ័យលាភី​រង្វាន់​ណូបែល​សន្តិភាព​ឆ្នាំ ១៩៨៩ តែង​បន្ត​ព្រះរាជ្យ​ទស្សនកិច្ច​ផ្លូវ​សាសនា​នៅ​ក្នុង​ប្រទេស​បស្ចិមលោក។ ព្រះរាជ្យ​ទស្សនកិច្ច​ដែល​តែង​តែ​បញ្ឆេះ​កំហឹង​ចិន​ប្រឆាំង​នឹង​ប្រទេស​ដែល​បាន​ទទួល​សម្តេច​សង្ឃ​ដាឡៃ ឡាម៉ា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ