អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វី​ប្រធានាធិបតី​បារាំង​មិន​ទទួលជួប​​សម្តេចសង្ឃ​ដាឡៃឡាម៉ា ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជា​ជ័យលាភី​រង្វាន់​ណូបែល​សន្តិភាព ឆ្នាំ​១៩៨៩ ជាសម្តេច​សង្ឃ​ជា​ទី​សក្ការៈ ជា​ឥស្សរជន​​គួរ​ឱ្យ​គោរព ប៉ុន្តែបារាំង​ហាក់​ដូច​ជា​​មិន​ឈូរឆ​ទទួល​​សម្តេច​សង្ឃ​សោះ។ ទ្វារ​វិមាន​ប្រធានាធិបតី​ក៏​មិន​បើក ប្រមុខ​រដ្ឋាភិបាល​ក៏មិន​ខ្វល់ រដ្ឋមន្ត្រី​ការបរទេស​ថា​មិន​អាច​ ... គ្មាន​ថ្នាក់​ដឹកនាំ​នយោបាយ​បារាំង​ណា​ម្នាក់​ទទួល​ជួប​សម្តេច​សង្ឃ​ដាឡៃឡាម៉ា​សោះ​។ តើ​ហេតុអ្វី​បាន​ជា​ដូច្នេះ ?!

សម្តេចសង្ឃ​​ដាឡៃឡាម៉ា ព្រះជន្ម​៨១ឆ្នាំ ទទូរ​​កន្សែង​សើម​​ការ​ពារ​កម្តៅ​នៅ​ប៉ារីស​ថ្ងៃទី ១៣ កញ្ញា ២០១៦
សម្តេចសង្ឃ​​ដាឡៃឡាម៉ា ព្រះជន្ម​៨១ឆ្នាំ ទទូរ​​កន្សែង​សើម​​ការ​ពារ​កម្តៅ​នៅ​ប៉ារីស​ថ្ងៃទី ១៣ កញ្ញា ២០១៦ REUTERS/Charles Platiau
ផ្សាយពាណិជ្ជកម្ម

នៅ​ខែ​មីនា ឆ្នាំ​២០១១ សម្តេច​សង្ឃ​ដាឡៃឡាម៉ា បាន​បោះបង់​តួនាទី​នយោបាយ​​​ និង​តំណែង​ដឹក​នាំ​រដ្ឋាភិបាល​និរទេស​ទីបេ។ ចាប់​ពី​ពេល​នោះ​មក លោក “​គ្រាន់​តែ” ជា​​ប្រមុខ​ដឹកនាំ​​សាសនា​ម្នាក់​តែ​ប៉ុណ្ណោះ។ ហើយ​គឺ​ជា​មួយ​នឹង​តួនាទី​នេះ​ ដែល​សម្តេច​សង្ឃ​និមន្ត​មក​បំពេញ​ទស្សនកិច្ច​មួយ​សប្តាហ៍​នៅ​ប្រទេស​បារាំង ពី​ថ្ងៃទី ១២ ដល់​ថ្ងៃទី​១៨​កញ្ញា។ ឆ្លង​កាត់ ​ពី​ប៉ារីស​ រដ្ឋធានី​បារាំង ទៅ​ក្រុង​ស្ត្រាប្បួរ​ -ក្រុង​​សភា​អឺរ៉ុប សម្តេចសង្ឃ​ ​ បានធ្វើ​​សន្និសីទ​ផ្សព្វផ្សាយ​ អំពី​​ទស្សនៈ​វិស័យ នៃការ​រួម​រស់​​អន្តរ​សាសនា ទំនួល​ខុស​ត្រូវ​សកល បរិស្ថាន​ និង​វិទ្យាសាស្ត្រ។

ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​សង្ឃ​ដាឡៃឡាម៉ា ជា​ព្រឹត្តិការណ៍​​មួយ ប៉ុន្តែសម្តេច​សង្ឃ​មិន​បាន​ចូល​ជួប​ប្រមុខ​រដ្ឋ​ លោក​ហ្វ្រង់ស័រ ហូឡង់ ឬ​លោកនាយករដ្ឋមន្ត្រី​ទេ។ ​ភាព​ស្ងាត់​ជ្រងំ​របស់​រដ្ឋាភិបាល​បារាំង​បាន​បង្កើន​ការ​ងើយ​ឆ្ងល់​និង​ហួស​ចិត្ត​យ៉ាង​ខ្លាំង​។

​គេ​នៅ​ចង​ចាំ​បាន​ថា កាលពី​ឆ្នាំ​២០១២ ក្នុង​ពេល​ដែល​លោកហ្វ្រង់ស័រ​ហូឡង់ ជា​បេក្ខជន​ប្រធានាធិបតី​នៅ​ឡើយ លោក​បាន​ចំអក​ឱ្យ​ក្រុម​អ្នក​កាន់​អំណាច ថា​លោក​នឹង​ជួប​សម្តេច​សង្ឃ​ដាឡៃឡាម៉ា ប្រសិន​បើ​កាលៈទេសៈ​​ហុច​ឱ្យ។ លោកប្រមុខ​ការទូត​បារាំង ហ្សង់ម៉ាក អេរ៉ូ ​ដែល​ធ្លាប់​បាន​ទទួល​សម្តេច​សង្ឃដាឡៃឡាម៉ា នៅ​ឆ្នាំ​២០០៨​ក្នុង​នាមជា​សមាជិក​សភា​​ បាន​រិះគន់​រដ្ឋាភិបាល​របស់​លោកសាកូហ្ស៊ី​ថាមាន​កំហុស​នយោបាយ ​ដែល​មិន​ទទួល​សម្តេច​សង្ឃ​ តែ​ពេល​ក្លាយ​ជា​រដ្ឋមន្ត្រី​ការ​បរទេស លោក​​បែរ​គ្មានគម្រោង​ជួប​ទៅ​វិញ។
 

លោក​នីកូឡា សាកូហ្ស៊ី ជួប​សម្តេច​សង្ឃ​ដាឡៃឡាម៉ា នៅ​ប៉ូឡូញ កាលនៅ​ជា​ប្រធានាធិតី​បារាំង ឆ្នាំ​២០០៨
លោក​នីកូឡា សាកូហ្ស៊ី ជួប​សម្តេច​សង្ឃ​ដាឡៃឡាម៉ា នៅ​ប៉ូឡូញ កាលនៅ​ជា​ប្រធានាធិតី​បារាំង ឆ្នាំ​២០០៨ (Photo : Reuters)

តាមការពិត ថ្វីបើ​សម្តេច​សង្ឃ​បាន​លាលែង​ចេញ​ពី​តួនាទី​នយោបាយ​ក៏​ដោយ ក៏​សម្តេច​សង្ឃ​នៅ​តែ​និម្មិតរូប​របស់​ទីបេ ក្នុង​ការ​ទាមទារ​ស្វយ័តភាព​ ពី​ក្រុង​ប៉េកាំង ដែល​តាម​ដាន​យ៉ាង​ល្អិត​ល្អន់​រាល់​គ្រប់​ការ​ធ្វើ​បំល្លាស់​ទី​របស់​សម្តេច​សង្ឃ។ សម្រាប់​ចិន ការ​លាលែង​ចេញ​ពី​តួនាទី​នយោបាយ គ្រាន់តែ​ជាល្បិច​កល​​ប៉ុណ្ណោះ ដូច្នេះ​នរណា​ទទួល​នឹង​រង​ផលវិបាក​ការទូត​ជាក់​ជា​ប្រាកដ។ ផលវិបាក​ដែល​សម្តេច​សង្ឃ​ផ្ទាល់​បាន​យល់​ដឹង​យ៉ាង​ច្បាស់ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​សម្តេច​សង្ឃ​បាន​ប្រកាស​ប្រាប់​សារព័ត៌មាន​បារាំង​ថា “ខ្ញុំ​មិន​ប្រាថ្នា​បង្ក​បង្កើត​ការ​ទើស​ទាស់​ដល់​មេដឹកនាំ​ប្រទេស​ណា​ម្នាក់​ឡើយ និង​ក៏​មិន​ចង់​ជួប​អ្នក​នយោបាយ​ដែរ​ ខ្ញុំ​គ្មាន​អ្វី​ត្រូវ​និយាយ​ជាមួយ​ពួក​គេ​ទេ ខ្ញុំ​ត្រូវ​ការ​ទេសនា​អំពី​សេចក្តី​សុខ​​ អំពី​សន្តិភាព​រវាង​សាសនា​មួយ​ទៅ​សាសនា​មួយ​ ...

បើ​តាម​អ្នក​ឯកទេស​ស្តី​ពី​ចិន គ្មាន​រដ្ឋាភិបាល​ប្រទេស​ណា​មួយ ហ៊ាន​​ប្រថុយជ្រលរ​នឹង​គ្រោះ​ដែល​នាំ​ឱ្យ​បាត់បង់​​ផលប្រយោជន៍​ពាណិជ្ជកម្ម​និង​នយោបាយជាមួយ​ចិនមហាអំណាច​ដូច​យ៉ាង​ចិននេះ​ទេ។ សូម្បី​តែសម្តេច​ប៉ាប ហ្វ្រង់ស័រ ក៏​សុខ​ចិត្ត​មិន​ទទួល​ជួប​សម្តេច​សង្ឃ​​ដាឡៃឡាម៉ា​ដែរ នៅ​ពេល​សម្តេច​និមន្តមក​ក្រុង​រ៉ូម​កាលពី​ឆ្នាំ​២០១៤ ព្រោះ​ខ្លាច​ប៉េកាំង​ធ្វើ​បាប​គ្រិស្តសាសនិកជន​នៅ​ចិន។

ករណី​បារាំង​មិន​អាច​ប្រៀប​ប្រដូច​នឹង​វ៉ាទីកង់​មែន ប៉ុន្តែ​បារាំង​កំពុង​ស្ថិត​ក្នុង​ឡូស៊ិក​នៃ​ការ​ផ្សារ​ទំនាក់ទំនង​ជា​ធម្មតា​ជាមួយ​ចិន​​ឡើង​វិញ។ ហេតុដូច្នេះ​ហើយ​បាន​ជា​សម្តេច​ឡាឡៃឡាម៉ា មិន​ជួប​លោក ហូឡង់ ហើយ​លោក​ហូឡង់ ក៏​មិន​ដែល​បាន​សម្តេច​សង្ឃជា​រហូត​មក  គឺ​ផ្ទុយ​ពី​​លោក​នីកូឡា​សាកូហ្ស៊ី ដែលកាលនៅឆ្នាំ​២០០៨ ​ជា​​ប្រធានាធិបតី​បារាំង ​បាន​ជួបសម្តេច​សង្ឃ​នៅ​ប៉ូឡូញ និង​ដែល​បាន​ធ្វើ​ឱ្យ​ទំនាក់ទំនង​ដ៏​តាន​តឹងស្រាប់​​ជាមួយ​ចិន កាន់​តែ​ឡើង​ខ្លាំង​ រហូត​មានបាតុកម្ម​ប្រឆាំង​នឹង​ផលប្រយោជន៍​បារាំង​នៅ​ក្នុង​ប្រទេស​ចិន​ផង​ នា​ឆ្នាំ​​នោះ។

ស្ថានភាព​បារាំង​-ចិន បាន​ប្រសើរ​ឡើង​គិត​ចាប់​តាំង​ពី​ឆ្នាំ​២០១០។ ភាព​ល្អូកល្អើន​មាន​កាន់​តែ​ខ្លាំង​​ឡើង​វិញ​នៅ​ឆ្នាំ​២០១៣។ ​លោកហ្វ្រង់ស័រ​ហូឡង់ បាន​ក្លាយ​ជា​ប្រមុខរដ្ឋ​​​អឺរ៉ុប​​ ដំបូង​គេ​ ដែល​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​​នៅ​ចិន​របស់​លោក​ស៊ីជីនពីង។ ជា​លទ្ធផល ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​បារាំង-ចិន​ជា​ច្រើន​ត្រូវ​បាន​ចុះ​ហត្ថលេខា​ក្នុងតម្លៃ​រាប់​ពាន់​លាន​អឺរ៉ូ។ ថ្មីៗ​នេះ លោកហ្វ្រង់ស័រ​ហូឡង់​បាន​បញ្ចុះ​បញ្ចូល​ឱ្យ​ចិន​ ជើងឯក​ផ្នែក​បញ្ចេញ​ផ្សែងពុល ផ្តល់​សច្ចាប័ន​​លើ​កិច្ចព្រមព្រៀង​អាកាសធាតុអន្តរជាតិ COP២១ ​​​ចុះ​ហត្ថលេខា​កាល​ពី​ខែ​ធ្នូ​ឆ្នាំ​២០១៥ នៅ​ក្រុង​ប៉ារីស។ ដូច្នេះ យោង​តាម​ទស្សនៈRealdiplomatie រាល់​ប្រធានបទ​ដែល​នាំ​ភាព​ក្តៅ​ក្រហាយ ដូច​យ៉ាង​បញ្ហាទីបេ ​មិន​មែន​​ជា​អាទិភាព​​ចំបង​ទេ ! និង​គ្មាន​ហេតុផល​អ្វី​ត្រូវ​បញ្ចេះ​កំហឹង​ចិន​ឡើយ។

​បារាំងមិន​ទទួល​​មែន ប៉ុន្តែក៏​មាន​​មេ​ដឹកនាំ​ផ្សេង​ទៀតមិន​ខ្លាច​នឹង​​ទទួល​ជួប​សម្តេច​សង្ឃ​ដាឡៃឡា​ម៉ា។ លោក​ស្រី​ប្រមុខ​រដ្ឋាភិបាលអាល្លឺម៉ង់​បាន​ទទួល​សម្តេច​សង្ឃ​ដាឡៃឡាម៉ា​ម្តង​នៅ​ឆ្នាំ​២០០៧ ក្រោម​កំហឹង​របស់​ចិន តាម​រយៈ​ការលុប​ចោល​​ជំនួប​មួយ​ចំនួន។​ ជំនួប​លើក​ទី​៦​ រវាង​សម្តេច​ដាឡៃឡាម៉ា​និង​អូបាម៉ា កាលពី​ខែ​មិថុនា បាន​ធ្វើ​ប៉េកាំង​ក្រេវក្រោធ​​យ៉ាង​ខ្លាំង  តែ​ទាំង​អាល្លឺម៉ង់ ទាំង​​អាមេរិក​ នៅ​តែ​អាច​ចុះ​​​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ចិន​​​បាន​ដដែល៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ