ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 17/08 12h00 GMT
អាស៊ី

សម្តេចសង្ឃ​ដាឡែ ឡាម៉ា​សម្លឹង​ឃើញ​អឺរ៉ុប​ជា​គំរូ​នៃ​ក្តី​សង្ឃឹម​សម្រាប់​ទីបេ

media  
សម្តេចសង្ឃ​ទីបេ​ដាឡៃ ឡាម៉ា និង​លោក​ប្រធាន​សភា​អឺរ៉ុប Martin Schulz Reuters

សម្តេច​សង្ឃ​ទីបេ​ដាឡែ ឡាម៉ា​កំពុង​បន្ត​ដំណើរ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​បារាំង។ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១៥ កញ្ញា ព្រះអង្គ​បាន​យាង​ទៅ​កាន់​ទីក្រុង​ស្រ្តាស្បួរ​តាម​ការ​អញ្ជើញ​របស់​សភា​អឺរ៉ុប និង​ក្រុមប្រឹក្សា​អឺរ៉ុប។ នៅ​ក្នុង​ទីក្រុង​ស្រ្តាស្បួរ សម្តេចសង្ឃ​ដាឡៃ ឡាម៉ា​បាន​សម្តែង​សាទរ​សហភាពអឺរ៉ុប​ដែល​បាន​កសាង​ឡើង​ដោយ​ផ្អែក​លើ​ស្មារតី​សន្តិភាព និង​ប្រជាធិបតេយ្យ។ ស្មារតី​សន្តិភាព និង​ប្រជាធិបតេយ្យ​ដែល​សម្តេចសង្ឃ​ដាឡៃ ឡាម៉ា​សង្ឃឹម​ធ្វើ​ជា​គំរូ​សម្រាប់​ដោះស្រាយ​បញ្ហា​ទីបេ​នា​ពេល​អនាគត។

គឺ​នៅ​ចំពោះ​គណៈកម្មការ​អឺរ៉ុប​ទទួល​បន្ទុក​កិច្ចការ​បរទេស​ដែល​សម្តេចសង្ឃ​ដាឡៃ ឡាម៉ា​បាន​បញ្ជាក់​ច្បាស់ៗ​ថា ព្រះអង្គ​នៅ​តែ​ចាប់​អារម្មណ៍ និង​កោត​សរសើរ​ចំពោះ​ស្មារតី​សន្តិភាព និង​ប្រជាធិបតេយ្យ​របស់​សហភាព​អឺរ៉ុប។ សម្តេចសង្ឃ​ដាឡៃ ឡាម៉ា​បាន​កត់សសម្គាល់​ឃើញ​ថា ទ្វីប​អឺរ៉ុប​បាន​ស្គាល់​ការ​បង្ហូរ​ឈាម​គ្នា​មែន តែ​ទ្វីប​មួយ​នេះ​បាន​ដោះស្រាយ​បញ្ហា​ដោយ​ជោគជ័យ​គួរ​ឲ្យ​កោតសរសើត។ ដោយ​មិន​និយាយ​ចំៗ​លើ​ជម្លោះ​រវាង​ទីបេ និង​ចិនប៉េកាំង សម្តេចសង្ឃ​ដាឡៃ ឡាម៉ា​ចង់​ឃើញ​ស្មារតី​សន្តិភាព និង​ប្រជាធិបតេយ្យ​របស់​សហភាព​អឺរ៉ុប​បន្ត​សាយភាព​ទៅ​កាន់​តំបន់​ផ្សេង​ទៀត​នៅ​ទូទាំង​ពិភពលោក។

សូម​ជម្រាប​ជូន​ថា មាន​ព្រះជន្ម ៨១ព្រះវស្សា សម្តេចសង្ឃ​ដាឡៃ ឡាម៉ា​បាន​លា​ឈប់​ពី​តួនាទី​នយោបាយ​ក្នុង​ឆ្នាំ ២០១១ តែ​នៅ​បន្ត​តស៊ូ​ដើម្បី​ទាមទារ​ស្វ័យភាព​ឲ្យ​ដែនដី​ទីបេ​ដែល​ត្រូវ​បាន​ចិនប៉េកាំង​ក្តោបក្តាប់​តាំង​ពី​ឆ្នាំ ១៩៥០។ នៅ​ក្នុង​ទីក្រុង​ស្រ្តាស្បួរ ប្រទេស​បារាំង សម្តេចសង្ឃ​ដាឡៃ​ ឡាម៉ាបាន​រម្លឹក​ជា​ថ្មី​ម្តង​ទៀត​ថា ដែនដី​ទីបេ និង​ប្រជាជន​ទីបេ​មិន​ចង់​ផ្តាច់​ខ្លួន​ចេញ​ពី​ពលរដ្ឋ​ចិន និង​ពី​ប្រទេស​ចិន​ទេ តែ​សុំ​ត្រឹម​ស្វ័យភាព​ដោយ​មាន​ការ​គោរព និង​រក្សា​ទុក​នូវ​ភាសា និង​វប្បធម៌​របស់​ប្រជាជន​ទីបេ។

មាន​ហេតុផល​សំខាន់​ពីរ​ដែល​សម្តេចសង្ឃ​ដាឡៃ ឡាម៉ា​សង្ឃឹម​ក្នុង​ការ​ស្វែង​រក​ដំណោះស្រាយ​ឲ្យ​ទីបេ ទី១ ថា្នក់ដឹកនាំ​ចិន​សព្វថ្ងៃ​ដឹង​ខ្លួន​ថា នយោបាយ​ក្នុង​អតីតកាល​របស់​គេ​លែង​មាន​ប្រសិទ្ធិភាព​ទៀត​ឡើយ នោះ​បើ​ទោះ​បី​ជា​ចិន​កំពុង​បន្ត​ដឹកនាំ​ដោយ​គណបក្ស​កុម្មុយនិស្ត​ដូច​មុន និង​មាន​រដ្ឋធម្មនុញ្ញ​ដូច​មុន​ក៏​ដោយ និង​ទី២ ពលរដ្ឋ​ចិន​អ្នក​កាន់សាសនា​ព្រះពុទ្ធ​ប្រមាណ​ជា ៤០លាននាក់​ក៏​បាន​ផ្តើម​យល់​កាន់​តែ​ច្បាស់​ពី​ទំនៀមទំលាប់​ពិត​នៃ​ប្រជាជន​ទីបេ​អ្នកកាន់សាសនា​ព្រះពុទ្ធ​ដូច​គ្នា។

ទន្ទឹម​គ្នា​នេះ សម្តេចសង្ឃ​ដាឡៃ ឡាម៉ា​ក៏​បាន​អំពាវនាវ​សុំ​ឲ្យ​អឺរ៉ុប​ចូលរួម​ជួយ​ដោះស្រាយ​បញ្ហា​ទីបេ​ឲ្យ​បាន​ច្រើន​ជាង​នេះ។ សម្តេចសង្ឃ​ដាឡៃ ឡាម៉ា​មិន​បាន​ហាម​អឺរ៉ុប​មិន​ឲ្យ​រិះគន់ ទិតៀន​ចិន​ក្នុង​បញ្ហា​នេះ​ទេ តែ​ជា​ការ​រិះគន់ ទិតៀន​ក្នុង​ន័យ​ស្ថាបនា ពោល​មិនមែន​ក្នុង​ន័យ​បំបែកបំបាក់​ទីបេ និង​ចិន​ឲ្យ​ឃ្លាត​គ្នា​កាន់​តែ​ឆ្ងាយ​នោះ​ទេ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ