អានតួអត្ថបទ
ហ្វីលីពីន

Standard & Poor’s៖ចំណាត់​ការ​ប្រឆាំង​គ្រឿងញៀន​របស់​លោក​ឌុយទែរតេ​កំពុង​គំរាម​សេដ្ឋកិច្ច និង​ស្ថាប័នប្រជាធិបតេយ្យ

នៅ​ថ្ងៃ​ពុធ ទី២១ កញ្ញា ទីភ្នាក់ងារ​វាយតម្លៃ​ហានិភ័យ​បំណុល​ដែល​ហៅកាត់​ជា​ភាសា​អង់គ្លេស​ថា Standard & Poor’s បាន​ចាប់​អារម្មណ៍​លើ​ចំណាត់ការ​សម្លាប់​មនុស្ស​របស់​លោក​ប្រធានាធិបតី​ហ្វីលីពីន​ឌុយទែរតេ​នៅ​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​គ្រឿង​ញៀន។ Standard & Poor’s ទង្វើ​បង្រ្កាប​គ្រឿងញៀន​ដោយ​សម្លាប់​មនុស្ស​ឆាប់ៗ​របស់​លោក​ឌុយទែរតេ​កំពុង​គំរាមកំហែង​លើ​វិស័យ​សេដ្ឋកិច្ច និង​ស្ថាប័ន​ប្រជាធិបតេយ្យ។ ការ​ព្រមាន​របស់​ Standard & Poor’s បាន​ធ្លាក់​មក ចំ​ពេល​ដែល​លោក​ឌុយទែរតេ​បាន​ដៀមដាម​ដាក់​សភា​អឺរ៉ុប បន្ទាប់​ពី​សភាអឺរ៉ុប​បាន​ថ្កោលទោស​ទង្វើ​សម្លាប់​រង្គាល​របស់​លោក​ឌុយទែរតេ។

Standard & Poor’s៖​ការ​ប្រឆាំង​គ្រឿងញៀន​ដោយ​សម្លាប់​មនុស្ស​របស់​លោក​ឌុយទែរតេ​កំពុង​គំរាម​សេដ្ឋកិច្ច និង​ស្ថាប័នប្រជាធិបតេយ្យ
Standard & Poor’s៖​ការ​ប្រឆាំង​គ្រឿងញៀន​ដោយ​សម្លាប់​មនុស្ស​របស់​លោក​ឌុយទែរតេ​កំពុង​គំរាម​សេដ្ឋកិច្ច និង​ស្ថាប័នប្រជាធិបតេយ្យ DR
ផ្សាយពាណិជ្ជកម្ម

ទីភ្នាក់ងារ Standard & Poor’s មិន​ជំទាស់​នឹង​នយោបាយ​បំបាត់​គ្រឿងញៀន​ដែល​កំពុង​គ្របដណ្តប់​ខ្លាំង​លើ​ប្រទេស​ហ្វីលីពីន​ទេ តែ​មិន​យល់ស្រប​នឹង​ចំណាត់ការ​កណ្តាប់ដៃដែក និង​ជ្រុលហួសហេតុ​របស់​លោក​ប្រធានាធិបតី​ឌុយតែរតេ។ នៅ​ពេល​នេះ Standard & Poor’s បន្ត​រក្សា​ពិន្ទុ​ស្ថានភាព​សេដ្ឋកិច្ច​របស់​ហ្វីលីពីន តែ​បាន​គូស​បញ្ជាក់​ពី​ចំណុច​ខ្សោយ​មួយ​ចំនួន​នៃ​នយោបាយ​របស់​រដ្ឋាភិបាល​លោក​ឌុយទែរតេ។ អ្វី​ដែល​Standard & Poor’s បាន​ចាប់​អារម្មណ៍​ខ្លាំង​ជាង​គេ​នោះ គឺ​ការ​ដែល​លោក​ឌុយទែរតេ​បាន​រឹតបន្តឹងច្បាប់ និង​សណ្តាប់ធ្នាប់​ដែល​ញុះញង់​ឲ្យ​មាន​ឃាតកម្ម​ក្រៅ​ប្រព័ន្ធ​តុលាការ។

Standard & Poor’s បាន​យល់​ឃើញ​ថា វិធានការ​របស់​លោក​ឌុយទែរតេ​របៀប​នេះ​អាច​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​គោរព​នីតិរដ្ឋ សិទ្ធិមនុស្ស សេរីភាព​សារព័ត៌មាន និង​ស្ថាប័ន​ប្រជាធិបតេយ្យ​ផ្សេង​ទៀត។ សូម​ជម្រាប​ជូន​ថា លោក​ឌុយទែរតេ​ដែល​បាន​ជាប់​ឆ្នោត​ប្រធានាធិបតី​ហ្វីលីពីន​ក្នុង​ខែ​ឧសភា បាន​សន្យា​កំចាត់​ការ​ជួញដូរ​គ្រឿងញៀន​ឲ្យ​អស់​ពី​ប្រទេស ទោះ​បី​ជា​ត្រូវ​បង់​ថ្លៃ​ប៉ុន្មាន​ក៏​ដោយ។ គ្រាន់​តែ​កាន់​តំណែង​បាន​ប៉ុន្មាន​ខែ មាន​មនុស្ស​ប្រមាណ​ជា ៣ ០០០នាក់​ត្រូវ​បាន​សម្លាប់ ក្នុង​នោះ មាន ១ភាគ៣​សម្លាប់​ដោយ​ប៉ូលិស។ ក្រៅ​ពី​បញ្ជា​ឲ្យ​ប៉ូលិស និង​ទាហាន​សម្លាប់​អ្នក​ជួញដូរ​គ្រឿងញៀន លោក​ឌុយទែរតេ​ក៏​បាន​បើក​ដៃ​ឲ្យ​ប្រជាជន​ហ្វីលីពីន​សម្លាប់​អ្នក​ជួញដូរ​គ្រឿងញៀន​ដោយ​ខ្លួន​ឯង​ដែរ។

ចំណាត់ការ​របស់​លោក​ឌុយទែរតេ​បាន​ទទួល​រង​ការ​រិះគន់ ទិតៀននិង​ថ្កោលទោស​យ៉ាង​ខ្លាំង​ពី​ប្រទេស​បស្ចិមលោក។ តែ​លោក​ឌុយទែរតេ​ដែល​គេ​ស្គាល់​ជា​ប្រធានាធិបតី​មាត់ដាច ចូលចិត្ត​ប្រើ​សម្តីថ្លោស​ក៏​មិន​ញញើត​នឹង​ឆ្លើយតប​ដោយ​សម្តី​ជេរប្រមាថ​ចំពោះ​បុគ្គល ប្រទេស ឬ​ស្ថាប័ន​អន្តរជាតិ​ណា​ដែល​លូកដៃ​ចូល​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ហ្វីលីពីន។ លោក​ឌុយទែរតេ​បាន​ប្រមាជ​តាំង​ពី​ប្រមុខ​សង្ឃកាតូលិក​សម្តេចប៉ាប​ហ្រ្វង់ស័រ រហូត​ដល់​លោក​ប្រធានាធិបតី​អាមេរិក​អូបាម៉ា​ថា​ជា​កូន​មីសំផឹង។ ថ្មីៗ​ចុង​ក្រោយនេះ លោក​ឌុយទែរតេ​បាន​លើកចង្អុលដៃ​ឲ្យ​ក្ត​សហភាព​អឺរ៉ុប​ដែល​ទើប​ថ្កោលទោស​លើ​ទង្វើ​របស់​លោក។

ទន្ទឹម​គ្នា​នេះ លោក​ឌុយទែរតេ​ក៏​បាន​ប្រកាស​បន្ត​យុទ្ធនាការ​បោសសំអាត​គ្រឿងញៀន​រយៈពេល ៦ខែ​បន្ថែម​ទៀត​ដោយ​លោក​យល់​ឃើញ​ថា បញ្ហា​គ្រឿង​ញៀន​ដែល​ហ្វីលីពីន​កំពុង​ជួបប្រទះ​សព្វថ្ងៃ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ជាង​អ្វី​ដែល​លោក​បាន​រង់ចាំ​ទៅ​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ