អានតួអត្ថបទ
ភូមា

ភូមា៖​ប្រធានាធិបតី​បញ្ជា​ឲ្យ​ស៊ើបអង្កេត​រឿង​ទារុណកម្ម​លើ​ក្មេងស្រី​ទាសករ

នៅ​ក្នុង​ប្រទេស​ភូមា លោក​ប្រធានាធិបតី​ទីន ច​បាន​បញ្ជា​កម្លាំង​ប៉ូលិស​ឲ្យ​បើក​ការ​ស៊ើបអង្កេត​លើ​រឿង​ក្មេងស្រី​ទាសករ​ចំនួន​ពីរ​នាក់​ដែល​បាន​ធ្វើ​ជា​ខ្ញុំបម្រើ​រយៈពេល ៥ឆ្នាំ​នៅ​ក្នុង​គ្រួសារ​ភូមា​មួយ​រស់​ក្នុង​ទីក្រុង​រ៉ង់ហ្គូន។ ការ​បញ្ជា​ឲ្យ​ស៊ើបអង្កេត​របស់​លោក​ទីន ច​ពេល​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​ក្មេងស្រី​ទាំង​ពីរ​នាក់​បាន​និយាយ​រៀបរាប់​ថា គ្រួសារ​ដែល​ពួក​គេ​រស់នៅ​ជាមួយ​បាន​ប្រើ​ពួក​គេ​ដូច​ជា​ទាសករ​ដាច់ថ្លៃ ព្រម​ទាំង​បាន​វាយ​ធ្វើ​បាប​ទាំង​យប់ ទាំង​ថ្ងៃ​អស់​រយៈពេល ៥ឆ្នាំ។

លោក​​ប្រធានាធិបតី​ភូមា ទីន ច
លោក​​ប្រធានាធិបតី​ភូមា ទីន ច STR / AFP
ផ្សាយពាណិជ្ជកម្ម

នៅ​ពេល​នេះ ក្មេងស្រី​ភូមា​ទាំង​ពីរ​នាក់​ទទួល​បាន​សេរីភាព​ឡើង​វិញ​ហើយ តែ​រឿង​អាស្រូវ​មួយ​នេះ​បាន និង​កំពុង​បន្ត​ខ្ចរខ្ចាយ និង​ធ្វើ​ឲ្យ​ប្រជាជន​ភូមា​ទូទៅ​មាន​ការ​តក់ស្លុត​ខ្លាំង​ណាស់។ តក់ស្លុត​ក៏​ដោយសារ​ថា​ក្នុង​រយៈពេល ៥ឆ្នាំ ក្មេងស្រី​ទាំង​ពីរ​នាក់​ដែល​បាន​ទៅ​រស់នៅ​ស៊ីឈ្នួល​ជា​ខ្ញុំ​បម្រើ​នៅ​ក្នុង​គ្រួសារ​ភូមា​មួយ​ក្នុង​ទីក្រុង​រ៉ង់ហ្គូន ត្រូវ​បាន​គ្រួសារ​នោះ​វាយ​ធ្វើបាប​ទាំង​យប់ ទាំង​ថ្ងៃ អត់​ឲ្យ​ប្រាក់ខែ ឲ្យ​ញាំ​មិន​គ្រប់គ្រាន់ និង​ឲ្យ​ដេក​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ក្នុង​មួយ​យប់ៗ។ ឱពុក ម្តាយ​របស់​ក្មេងស្រី​ទាំង​ពីរ​បាន​ដឹង​ពី​រឿង​នេះ​ជា​ច្រើន​ឆ្នាំ ព្រម​ទាំង​បាន​រាយការណ៍​ប្រាប់​ប៉ូលិស តែ​ប៉ូលិស​មិន​បាន​អើពើ​បន្តិច​ណា​សោះ។

គឺ​នៅ​ក្នុង​ន័យ​នេះ​ហើយ​បាន​ជា​លោក​ប្រធានាធិបតី​ភូមា​ទីន ច​បាន​ចេញ​មុខ​អន្តរាគមន៍​ដោយ​ស្នើ​ក្រសួង​ទទួល​បន្ទុក​កិច្ចការ​សង្គម​ឲ្យ​ចុះ​ធ្វើ​របាយការណ៍​លំអិត​មួយ​ទាក់ទង​នឹង​ប្រសិទ្ធិភាព​ការងារ​របស់​មន្រ្តីប៉ូលិស​នៅ​សង្កាត់ Kyauktada។ ទន្ទឹម​គ្នា​នេះ លោក​ទីន ច​ក៏​បាន​ស្នើ​ឲ្យ​មាន​ការ​ពិនិត្យ​លើ​ប្រសិទ្ធិភាព​ការងារ​របស់​គណៈកម្មការ​សិទ្ធិមនុស្ស​ជាតិ​ដែរ។ ម្យ៉ាងទៀត រឿងអាស្រូវ​ក្មេងស្រី​ទាសករ​ទាំង​ពីរ​នាក់​បាន​បែក​ធ្លាយ បន្ទាប់​ពី​មាន​ការ​ស៊ើបអង្កេត​របស់​អ្នកកាសែត​ក្នុង​ស្រុក​ម្នាក់​ដែល​បាន​ជូន​ព័ត៌មាន​នេះ​ទៅ​ឲ្យ​គណៈកម្មការ​សិទ្ធិមនុស្ស​ជាតិ។

សូម​ជម្រាប​ជូន​ថា នៅ​ពេល​ចូល​ទៅ​ធ្វើ​ជា​អ្នកបម្រើ​នៅ​ក្នុង​គ្រួសារ​ភូមា​នោះ ក្មេងស្រី​ទាំង​ពីរ​នាក់​ទើប​មាន​អាយុ ១១ និង ១២ឆ្នាំ។ ក្រោយ​ពី​គណៈកម្មការ​សិទ្ធិមនុស្ស​ជាតិ​បាន​អន្តរាគមន៍​ដោះលែង ក្មេងស្រី​ទាំង​ពីរ​នាក់​ដែល​មាន​របួសស្នាម​នៅ​ដៃ ជើង និង​លើ​មុខ​បាន​រៀបរាប់​ពី​ជីវិត​វេទនា​គ្មាន​អ្វី​ប្រៀប​បាន​របស់​ខ្លួន​រយៈពេល ៥ឆ្នាំ។ ខណៈ​នេះ ក្មេងស្រី​ទាំង​ពីរ​នាក់​កំពុង​ស្ថិត​ដោយ​សុវត្ថិភាព​នៅ​ក្នុង​ការិយាល័យ​ប៉ូលិស។ គួរ​រម្លឹក​ជូន​ថា​នៅ​ភូមា មាន​ក្មេងស្រី​ជា​ច្រើន​ត្រូវ​បាន​គេ​សន្យា​ឲ្យ​ការងារ​ធ្វើ​ក្នុង​ទីក្រុង​ក្រុង តែ​ទីបំផុត​បាន​ចាញ់​បោក​គេ​ធ្លាក់​ខ្លួន​ធ្វើ​ជា​ទាសករ​ដាច់ថ្លៃ។

តាម​ស្ថិតិ​ជំរឿន​ឆ្នាំ ២០១៤ ឲ្យ​ដឹង​ថា ក្មេង​ម្នាក់​ក្នុង​ចំណោម​ក្មេង ៥នាក់​ដែល​មាន​អាយុ​ចន្លោះ ១០ និង ១៧ឆ្នាំ​បាន​ចេញ​ធ្វើ​ការងារ ពោល​មាន​ប្រមាណ​ជា ១លាន ៧សែននាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ