អានតួអត្ថបទ
ចិន-កូរ៉េខាងជើង

នុយក្លេអ៊ែរកូរ៉េខាងជើង៖​ចិន​បើក​ការ​ស៊ើបអង្កេត​លើ​ធនាគារ​កូរ៉េខាងជើង​មួយ

ចិន​បាន​បើក​ការ​ស៊ើបអង្កេត​លើ​ធនាគារ​កូរ៉េខាងជើង​មួយ​ដែល​ជាប់​សង្ស័យ​ផ្តល់​លុយ​ទៅ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ក្នុង​ការ​អភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ នេះ​ជា​ព័ត៌មាន​ដែល​បាន​ចុះ​ផ្សាយ​ដោយ​កាសែត​ប្រចាំ​ថ្ងៃ​មួយ​នៅ​កូរ៉េខាងត្បូង​ឈ្មោះ JonngAng ចេញ​ផ្សាយ​នា​ថ្ងៃ​ចន្ទ ទី២៦ កញ្ញា​នេះ។ ព័ត៌មាន​មួយ​នេះ​បាន​ធ្លាក់​មក បន្ទាប់​ពី​ចិន និង​អាមេរិក​បាន​ព្រមព្រៀង​សហការណ៍​គ្នា​លើ​គ្រប់​វិស័យ​ដើម្បី​ដាក​គំនាប​លើ​កូរ៉េខាងជើង​ដែល​កំពុង​ផ្គើន​សហគមន៍​អន្តរជាតិ​តាម​រយៈ​ការ​សាកល្បង​នុយក្លេអ៊ែរ និង​ការ​បាញ់​គ្រាប់មីស៊ីល​អន្តរទ្វីប។

ជំនួប​រវាង​លោក​នាយករដ្ឋមន្រ្តី​ចិន​លី ខឺជាំង (រូបឆ្វេង) និង​លោក​ប្រធានាធិបតី​អាមេរិក​អូបាម៉ា​កាល​ពី​ថ្ងៃទី១៩ កញ្ញា​នា​ឱកាស​មហាសន្និបាត​អង្គការសហប្រជាជាតិ​ក្នុង​ទីក្រុង​ញូយ៉ក អាមេរិក
ជំនួប​រវាង​លោក​នាយករដ្ឋមន្រ្តី​ចិន​លី ខឺជាំង (រូបឆ្វេង) និង​លោក​ប្រធានាធិបតី​អាមេរិក​អូបាម៉ា​កាល​ពី​ថ្ងៃទី១៩ កញ្ញា​នា​ឱកាស​មហាសន្និបាត​អង្គការសហប្រជាជាតិ​ក្នុង​ទីក្រុង​ញូយ៉ក អាមេរិក REUTERS/Kevin Lamarque
ផ្សាយពាណិជ្ជកម្ម

ធនាគារ​កូរ៉េខាងជើង​ដែល​រដ្ឋអំណាច​ចិន​កំពុង​បើក​ការ​ស៊ើបអង្កេត​នោះ​មាន​ឈ្មោះ​ថា Kwangson Banking Corporation ដែល​មាន​សាខា​មួយ​ស្ថិត​ក្នុង​ស្រុក Dandong ដែល​ជា​ស្រុក​របស់​ចិន​ស្ថិត​ជាប់​ព្រំដែន​ជាមួយ​កូរ៉េខាងជើង នេះ​បើ​យោង​តាម​ព័ត៌មាន​ចុះ​ផ្សាយ​ដោយ​កាសែត​ប្រចាំ​ថ្ងៃ​នៅ​កូរ៉េខាងត្បូង JoongAng។ ប្រភព​ច្បាស់​ការ​មួយ​ដែល​ដឹង​លំអិត​រឿង​កិច្ចការ​ជំនួញ​របស់​កូរ៉េខាងជើង​បាន​រាយការណ៍​ប្រាប់​កាសែត JoongAng ថា លោក​រី អ៊ីលហូ ប្រធាន​សាខា​ធនាគារ Kwangson Banking Corporation ប្រចាំ​ស្រុក Dandong បាន​ត្រឡប់​ចូល​ទឹកដី​កូរ៉េខាងជើង​បណ្តោះអាសន្ន តែ​រូប​អនុប្រធាន​សាខា​កំពុង​ជាប់​អង្កេត​របស់​រដ្ឋអំណាច​ចិន។

ក្រៅ​ពី​ថ្នាក់ដឹកនាំ​របស់​ធនាគារ ការ​ស៊ើបអង្កេត​របស់​ចិន​ក៏​សំដៅ​លើ​បុគ្គលិក​របស់​ធនាគារ​ជា​ជនជាតិ​កូរ៉េខាងជើង​ដែល​កំពុង​រស់នៅ​ក្នុង​ទឹកដី​ចិន​ដែរ។ ចិន​កំពុង​សង្ស័យ​ថា ថ្នាក់ដឹកនាំ​របស់​ធនាគារ​កូរ៉េខាងជើង​នោះ​បាន​ផ្តល់​លុយ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ក្នុង​ការ​ទិញ​អាវុធ និង​សម្ភារៈ​មួយ​ចំនួន​ទាក់ទង​នឹង​កម្មវិធី​នុយក្លេអ៊ែរ។ សូម​ជម្រាប​ជូន​ថា នេះ​មិនមែន​ជា​លើក​ដំបូង​ទេ​ដែល​ធនាគារ​កូរ៉េខាងជើង​បាន​ជាប់សង្ស័យ​ឃុបឃិត​ជាមួយ​ក្រុង​ព្យុយ៉ាង​ក្នុង​កម្មវិធី​នុយក្លេអ៊ែរ។ កាល​ពី​ឆ្នាំ ២០០៩ ធនាគារ​មួយ​នេះ​ក៏​ស្ថិត​ក្នុង​ផ្ទាំងស៊ីប​នៃ​ការ​សង្ស័យ​របស់​ក្រសួង​សេដ្ឋកិច្ច​អាមេរិក​ពី​បទ​រត់ពន្ធ​គ្រឿងសព្វាវុធ ពិសេស​ការ​ទិញ​បច្ចេកវិទ្យា​ក្នុង​គោលដៅ​ស៊ីវិល និង​យោធា។

គួរ​រម្លឹក​ជូន​ថា នៅ​ក្នុង​ជំនួប​រវាង​លោក​នាយករដ្ឋមន្រ្តី​ចិន​លី ខឺជាំង និង​លោក​ប្រធានាធិបតី​អាមេរិក​អូបាម៉ា​កាល​ពី​ថ្ងៃទី១៩ កញ្ញា​នា​ឱកាស​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ក្នុង​ទីក្រុង​ញូយ៉ក អាមេរិក និង​ចិន​បាន​ព្រមព្រៀង​សហការណ៍​គ្នា​លើ​គ្រប់​វិស័យ​ដើម្បី​ដាក​គំនាប​លើ​កូរ៉េខាងជើង​ដែល​ទើប​បាន​សាកល្បង​នុយក្លេអ៊ែរ​លើកទី៥ ប្រកប​ដោយ​ជោគជ័យ​ក្នុង​ថ្ងៃទី៩ កញ្ញា។ ផ្ទាំងស៊ីប​អាទិភាព​របស់​ចិន និង​អាមេរិក គឺ​សំដៅ​លើ​ក្រុមហ៊ុនឯកជន ឬ​រដ្ឋ​បរទេស​ណា​​ដែល​បាន​ឲ្យ​លុយ​ទៅ​របប​ក្រុង​ព្យុងយ៉ាង​ក្នុង​ការ​អភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ និង​គ្រាប់មីស៊ីល​អន្តរទ្វីប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ