អានតួអត្ថបទ

វិនិយោគិនបរទេស​​រត់​ចេញ ​ហ្វីលីពីន​ងាក​ទៅអោប​​ប៉េកាំង​និង​ម៉ូស្គូ

ក្នុង​ខណៈ​ដែល​​រូបិយវត្ថុ​ជាតិ​ធ្លាក់​ថ្លៃ ទីផ្សារ​ភាគ​ហ៊ុន​ដាំក្បាល​ចុះ​ ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូឌ្រីហ្កោ ឌុយទែរតេ បាន​ប្រកាស​នៅ​ថ្ងៃ​ចន្ទ​នេះ​ស្វែង​រក​ការ​រឹត​ចំណង​​សេដ្ឋកិច្ច​ជា​មួយ​ប្រទេស​ចិន និង​រុស្ស៊ី និង​ស្រែក​បណ្តេញ​អ្នក​វិនិយោគ​សាសន៍​ដទៃ​ឱ្យ​ចេញ​ពី​ប្រទេស។ សម្រាប់​លោក ការ​ចាកចេញ​របស់​អ្នកវិនិយោគ​បរទេស មិន​បាន​បង្ក​បញ្ហា​ដល់​ប្រទេស​ឡើយ។

ប្រធានាធិបតី​ហ្វីលីពីន​ លោក Rodrigo Duterte និង​​លោកនាយក​រដ្ឋមន្ត្រី​រុស្ស៊ី ម៉េតវេដេវ (ឆ្វេង)
ប្រធានាធិបតី​ហ្វីលីពីន​ លោក Rodrigo Duterte និង​​លោកនាយក​រដ្ឋមន្ត្រី​រុស្ស៊ី ម៉េតវេដេវ (ឆ្វេង) REUTERS/Jorge Silva
ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃ​ចន្ទ​នេះ លុយ​Peso ហ្វីលីពីន បាន​ធ្លាក់​ថ្លៃ​យ៉ាង​ទាប​បំផុត​មិន​ធ្លាប់​ឡើយ គិត​តាំង​ពី​២០០៩​មក ដោយ​អាច​ប្តូរ​បាន​ ៤៨,២៥ ទល់​នឹង​មួយ​ដុល្លារ​អាមេរិក។ ចំណែក​ក្រុមហ៊ុន​វិនិយោគ​បរទេស ក៏​បាន​ផ្តើម​លក់​ភាគហ៊ុន​របស់​ខ្លួន ជាប​ន្ត​បន្ទាប់​ជាប់ៗ​គ្នា​រយៈ​ពេល​២៣​ថ្ងៃ​ហើយ។ និន្នាការ​នេះ គឺ​បណ្តាល​មក​ពី​ភាព​មិន​ទុក​ចិត្ត​កាន់​តែ​ខ្លាំងឡើងៗ លើ​ចំណាត់ការ​ដឹកនាំ​​សេដ្ឋកិច្ច​​របស់​​ប្រធានាធិបតី​ ឌុយទែរតេ ដែល​វក់​ខ្លាំង​នឹង​ការ​ធ្វើ​សង្គ្រាម​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ជួញ​ដូរ​គ្រឿង​ញៀន។ គិត​ចាប់​ខែ​មិថុនា ២០១៦ ថ្ងៃ​ឡើង​កាន់​អំណាច​មក​ មាន​មនុស្ស​មិន​តិច​ជាង​៣៣០០​នាក់​ទេ ត្រូវ​បាន​ប្រហារ​ជីវិត​​ព្រោះ​មាន​ពាក់ព័ន្ធ​នឹង​ការ​ជួញ​ដូរ​គ្រឿងញៀន។

ហ្វីលីពីន​ជា​ប្រទេសមាន​សេដ្ឋកិច្ច​រឹង​មាំ​ខ្លាំងមួយ​ ក្នុង​ចំណោម​ប្រទេសនៅ​តំបន់​អាស៊ី ប៉ុន្តែ កាលពី​សប្តាហ៍​មុន ភ្នាក់ងារ Standard & Poor's បាន​ព្រមាន​ហ្វីលីពីន​ថា​នឹង​សង្គ្រាម​ប្រឆាំង​ឧក្រិដ្ឋកម្ម​របស់​ក្រុង​ម៉ានីល កំពុង​តែ​គំរាមកំហែង​​ស្ថិរភាព​សេដ្ឋកិច្ច​ជាតិ​យ៉ាង​ខ្លាំង និង​បាន​អះអាង​នយោបាយ​ការបរទេស​​របស់​​ហ្វីលីពីន​បច្ចុប្បន្ន និង​សេចក្តីថ្លែងការណ៍​ពី​សុវត្ថិភាព​ជាតិ​របស់​អាជ្ញាធរ មិន​អនុញ្ញាត​ឱ្យ​ភ្នាក់ងារ​​ដំឡើង​​ចំណាត់​ថ្នាក់​ហ្វីលីពីន​ឱ្យ​បាន​ប្រសើរ​ឡើង​ឡើយ។

ជាប្រតិកម្ម​ប្រឆាំង​នឹង​ការ​រិះគន់ លោក ឌុយទែរតេ បែរ​ជា​បាន​បង្កើន​ពាក្យ​អសុរស​ជេរ​​អង្គការ​សហប្រជាជាតិ សហភាព​អឺរ៉ុប​ និង​បាន​បង្ហាញ​ចេតនា​ដក​ខ្លួន​ចេញ​ពីអាមេរិក ដែល​ធ្លាប់​ជា​សម្ព័ន្ធ​មិត្ត​ដ៏​ស្អិត​ល្មួត​ មាន​សន្ធិសញ្ញា​ការពារ​ជាតិ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​។

ហើយ​នៅ​ថ្ងៃ​នេះ លោក​បានប្រកាស​ផ្តើម​រឹត​ចំណង​​មេត្រីភាព​ពាណិជ្ជកម្ម​ជាមួយ​ប៉េកាំង និង​ម៉ូស្គូ ​ដោយ​ស្រែក​ជេរក្តែងៗ “​ខ្ញុំ​នឹង​សម្ព័ន្ធ​​ភាព​ជាមួយ​រុស្ស៊ី​និង​ចិន ឯ​អ្នក​វិនិយោគ​ផ្សេងបរទេស​ផ្សេង​ទៀត ចេញ​ទៅចុះ ! គ្មាន​​បញ្ហាទេ”។

ជាមួយ​នឹង​សេចក្តី​ថ្លែងការណ៍​ថ្មី លោក​ឌុយទែរតេ បាន​បង្ហាញ​ដោយ​ត្រង់ៗ ថា​ហ្វីលីពីន​ពេល​នេះ ពិត​ជាប្តូរ​ទិស​​ងាក​ទៅរក​ចិន​និ​ងម៉ូស្គូ។ លោក​ ឌុយទែរតេ ថែម​ទាំង​បាន​អះអាង​ថា បាន​ជួប​ពិភាក្សា​ដោយ​ស្ងាត់ៗ​ជាមួយ​ប្រធានាធិបតី​ចិន ស៊ីជិនពីង និង​នាយក​រដ្ឋមន្ត្រី​​រុស្ស៊ី លោក ឌីមីទ្រី ម៉េតវេដេវ តែ​មិន​បញ្ជាក់​ថា​បាន​​ជួប​គ្នាតាំង​ពី​អង្កាល​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ