អានតួអត្ថបទ
ឥណ្ឌា-ប៉ាគីស្ថាន

ប៉ាគីស្ថាន​បរិហារ​លើ​ការ​វាយប្រហារ​របស់​ទ័ពឥណ្ឌា​លើ​តំបន់ Cachemire

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២៩ កញ្ញា ប្រទេស​ប៉ាគីស្ថាន តាម​រយៈ​លោក​នាយករដ្ឋមន្រ្តី​ណាវ៉ា ស្ហារីស្វ​បាន​ថ្កោលទោស​លើ​ការ​វាយប្រហារ​របស់​កងទ័ព​ឥណ្ឌា​លើ​ដែនដី Cachemire របស់​ខ្លួន។ ប្រតិកម្ម​របស់​លោក​ស្ហារីស្វ​បាន​កើត​មាន​ឡើង បន្ទាប់​ពី​ឥណ្ឌា​បាន​បើក​ការ​វាយប្រហារ​នៅ​តាម​បណ្តោយ​ព្រំដែន​ដែល​ចែក​តំបន់ Cachemire ជា​ពីរ​នៅ​រំលង​អធ្រាត្រ​យប់​ថ្ងៃ​ពុធ​ឆ្លង​ចូល​ព្រលឹម​ថ្ងៃ​ព្រហស្បតិ៍ ទី២៩ កញ្ញា។ នៅ​ក្នុង​ប្រតិបត្តិការ​សឹក​នោះ មាន​ស្លាប់​ទាហាន​ប៉ាគីស្ថាន​ចំនួន​ពីរ​នាក់ និង​របួស ៩នាក់​ផ្សេង​ទៀត។

លោក​ឧត្តមសេនីយ៍ឯក​ឥណ្ឌា Ranbir Singh
លោក​ឧត្តមសេនីយ៍ឯក​ឥណ្ឌា Ranbir Singh Reuters
ផ្សាយពាណិជ្ជកម្ម

តើ​ឥណ្ឌា និង​ប៉ាគីស្ថាន​ដែល​ជា​មហាអំណាច​នុយក្លេអ៊ែរ​ដូច​គ្នា​កំពុង​ត្រៀម​ធ្វើ​សង្រ្គាម​នឹង​គ្នា​ជា​ថ្មី​ឬ?។ នេះ​ជា​សំណួរ​ដែល​នៅ​មិន​ទាន់​មាន​ចម្លើយ​ទេ អ្វី​ដែល​គេ​ដឹង ស្ថានការណ៍​រវាង​អតីត​បងប្អូន​បង្កើត​ទាំង​ពីរ​ហាក់​ដូច​ជា​កំពុង​ឡើង​តានតឹង​នា​រយៈពេល​ចុង​ក្រោយ​នេះ ពិសេស​តាំង​ពី​មាន​ការ​វាយប្រហារ​លើ​មូលដ្ឋាន​យោធា​ឥណ្ឌា​ក្នុង​តំបន់ Cachemire ឥណ្ឌា​កាល​ពី ១០ថ្ងៃ​មុន​ដែល​បាន​ផ្តាច់​ជីវិត​ទាហាន​ឥណ្ឌា​ចំនួន ១៨នាក់។ នៅ​ក្នុង​សន្និសីទ​កាសែត​នា​ថ្ងៃ​ព្រហស្បតិ៍ ទី២៩ កញ្ញា លោក​ឧត្តមសេនីយ៍ឯក​ឥណ្ឌា Ranbir Singh បាន​ថ្លែង​ថា ប្រតិបត្តិការ​យោធា​ចូល​តំបន់ Cachemire ប៉ាគីស្ថាន ជា​ប្រតិបត្តិការ​វះស្នាមរបួស​លើ​ក្រុម​ភេរវជន​ដែល​មាន​បំណង​ចូល​ទៅ​បង្ក​ភេរវកម្ម​ក្នុង​តំបន់ Cachemire ឥណ្ឌា។

ចំណែក​អ្នក​ទទួល​ខុសត្រូវ​ម្នាក់​ក្នុង​រដ្ឋាភិបាល​ឥណ្ឌា​ដែល​មិន​ព្រម​បញ្ចេញ​ឈ្មោះ​បាន​និយាយ​ប្រាប់ AFP ថា ប្រតិបត្តិការ​យោធា​ឥណ្ឌា​បាន​ចាប់​ផ្តើម​នៅ​រំលង​អធ្រាត្រ​យប់​ថ្ងៃទី២៨ និង​បញ្ចប់​នៅ​ម៉ោង ៨ព្រឹក​ថ្ងៃទី២៩ កញ្ញា និង​ថា ការ​វាយប្រហារ​នោះ​បាន​ឆ្លង​ចូល​តំបន់ Cachemire ប្រមាណ​ពី ២ ទៅ ៣គីឡូម៉ែត្រ​ពី​ខ្សែព្រំដែន​ចែក​តំបន់ Cachemire ជា​ពីរ។ នៅ​ក្នុង​ប្រតិបត្តិការ​យោធា​ឥណ្ឌា​នោះ មាន​ស្លាប់​ទាហាន​ប៉ាគីស្ថាន​ចំនួន ២នាក់ និង​របួស ៩នាក់​ផ្សេង​ទៀត។ ប្រតិកម្ម​ភ្លាមៗ​ពី​ប៉ាគីស្ថាន ទីក្រុង​អ៊ីស្លាម៉ាបាត​បាន​បរិហារ​លើ​ការ​វាយប្រហារ​ឆ្លងដែន​របស់​ឥណ្ឌា ហើយ​លោក​នាយករដ្ឋមន្រ្តី​ប៉ាគីស្ថាន​ណាវ៉ា ស្ហារីស្វ​បាន​ថ្កោលទោស​លើ​ការ​វាយប្រហារ​នោះ។

សូម​ជម្រាប​ជូន​ថា នៅ​ក្រោយ​ការ​វាយប្រហារ​លើ​មូលដ្ឋាន​ទ័ព​ឥណ្ឌា​ដែល​បាន​បណ្តាល​ឲ្យ​ស្លាប់​ទាហាន​ឥណ្ឌា​ចំនួន ១៨នាក់​កាល​ពី ១០ថ្ងៃ​មុន លោក​នាយករដ្ឋមន្រ្តី​ឥណ្ឌា​ណារ៉េនដ្រា ម៉ូឌី​បាន​សន្យា​សងសឹក​ចាស់ដៃ​លើ​ក្រុមជនដៃដល់។ ទន្ទឹម​គ្នា​នេះ លោក​ម៉ូឌី​ក៏​បាន​ចោទ​ប៉ាគីស្ថាន​ចំ​មុខ​ថា​ជា​ប្រទេស​គាំទ្រ និង​នាំ​ចូល​ពួក​ភេរវជន។ ក្រៅ​ពី​ចំណាត់​ការ​លើ​ប៉ាគីស្ថាន​តាម​សមរភូមិ ឥណ្ឌា​ក៏​បាន​ចាត់​វិធានការ​តាម​ផ្លូវទូត​ដោយ​បាន​លប់​ចោល​ការ​ចូលរួម​ជំនួបកំពូល​តំបន់​ដែល​គ្រោង​រៀបចំ​ក្នុង​ទឹកដី​ប៉ាគីស្ថាន​នា​ខែ​តុលា​ខាង​មុខ។

គួរ​រម្លឹក​ជូន​ថា ឥណ្ឌា និង​ប៉ាគីស្ថាន​កំពុង​បន្ត​ដណ្តើម​គ្នា​កាន់កាប់​តំបន់ Cachemire តាំង​ពី​តំបន់​មួយ​នេះ​បាន​ពុះ​ចែក​គ្នា​​ក្នុងឆ្នាំ ១៩៤៧។ ជម្លោះ​ដែល​មក​ដល់​ពេល​នេះ​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ជា​ច្រើន​ពាន់នាក់ ក្នុង​នោះ​មាន​ភាគច្រើន​ជា​ជនស៊ីវិល​ស្លូតត្រង់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ