អានតួអត្ថបទ

​ណូបែល​វេជ្ជសាស្ត្រផ្តល់​ជ័យលាភី​ដល់​​​ជីវវិទូ​​ជប៉ុន ឯកទេស​ផ្នែក​Autophagy

គណៈមេប្រយោគណូបែល​ នៅ​ស៊ុយអែត បាន​ប្រកាស​ នៅ​ថ្ងៃ​ចន្ទ​ទី ៣ តុលា នេះ ប្រគល់​ជ័យលាភី​​​រង្វាន់​ណូបែល​វេជ្ជសាស្ត្រ ​ទៅ​ឱ្យ​​​ជីវវិទូ​​​ជាតិ​ជប៉ុន លោក​ Yoshinori Ohsumi ​ដែល​បានស្រាវជ្រាវ​​រក​ឃើញ​យន្តការ​​ស្វ័យ​បរិភោគ​របស់​កោសិកា Autophagy។ ដំណើរ​ការ​ដែល​អាច​ត្រូវ​រំខាន ដោយ​សារ​ជំងឺញ័រដៃជើង​​ប៉ាគីសុន ឬ​ជំងឺ​ទឹក​នោម​ផ្អែម។

លោក​សាស្ត្រាចារ្យ Ohsumi នៃ​វិទ្យាស្ថានបច្ចេកទេស​តួក្យូ
លោក​សាស្ត្រាចារ្យ Ohsumi នៃ​វិទ្យាស្ថានបច្ចេកទេស​តួក្យូ © Reuters
ផ្សាយពាណិជ្ជកម្ម

លោក យូស្ហ៊ីណូរី អូស៊ុម៉ី មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង នៅ​បាន​ទទួល​ដំណឹង​ថា​ជាប់​ជ័យលាភី​រង្វាន់​ណូបែល​វេជ្ជសាស្ត្រ​ ក្នុង​វ័យ​៧១​ឆ្នាំ ចំពោះ​ការ​ងារ​ស្រាវជ្រាវ​ដំណើរ​ការ​ស្វ័យបរិភោគ​របស់​កោសិកា ឬ​ហៅ​ជា​ភាសា​អង់គ្លេស Autophagy។ ​​បទ​ពិសោធន៍​និង​ការសិក្សា​របស់​លោក អូស៊ុម៉ី គឺ​ជា​កូនសោ​ដ៏​សំខាន់​សម្រាប់​ពិភពលោក​អ្នក​វេជ្ជសាស្ត្រ ក្នុង​ការ​យល់​​អំពី​ដំណើរ​ផ្លាស់​ប្តូរ​កោសិកា​ចាស់ ទៅ​បង្កើត​កោសិកា​ថ្មី ភាព​ចាស់​ជរារបស់​កោសិកា និង​អំពី​​ចម្លើយ​​របស់សរីរាង្គ​​ប្រាណ​មនុស្ស​នៅ​ពេល​ឃ្លានអាហារ និង​នៅ​ពេល​មាន​ការ​បង្ក​រោគ។

ការ​សិក្សា​លើ​ប្រធានបទ​នេះ មាន​ការ​លំបាក​ខ្លាំង​ណាស់ ព្រោះ​ពី​មុន​មកគេ​មាន​ការ​យល់​ដឹង​អំពី​ដំណើរ​ការ​របស់​កោសិកា​នេះ​តិច​តួច​នៅ​ឡើយ។​ គេ​ត្រូវ​រង់​ចាំ​ទាល់​តែ​ដល់​ឆ្នាំ​១៩៩០​ ចាំ​លទ្ធផល​ការ​ងារ​ស្រាវជ្រាវ​របស់​លោក អូស៊ុម៉ី ធ្វើពិសោធន៍​​ដោយ​ប្រើ​មេ​ម្សៅ​​នំប៉័ង​ ទើប​អាច​​សម្គាល់​អត្តសញ្ញាណ​ហ្សែន​​ដែល​ចាំ​បាច់​ក្នុង​ដំណើរ​ការ​ស្វ័យ​បរិភោគ​របស់​កោសិកា Autophagyបាន។

 
តើអ្វី​ទៅ​ជា​Autophagy ?

Autophagy គឺ​ជាដំណើរ​ស៊ី​ស៊ី​សំណល់​ខ្លួន​ឯង​​ របស់​កោសិកា។ ដំណើរការ​នេះ​ចាំ​បាច់​ណាស់​សម្រាប់​ដំណើរ​ផលិត​កោសិកា​ថ្មី​ ហើយ​បំផ្លាញ​កោសិកា​ចាស់។ ដើម្បី​រក្សា​លំនឹង ​កោសិកា​មនុស្ស​ ចេះ​​បំផ្លាញ​ខ្លួន​ឯង​និង​បង្កើត​ថ្មី ជា​ធម្មតា។ ប៉ុន្តែ​នៅ​ក្នុង​ករណី​មាន​ភាព​មិន​ប្រក្រតី ​ដំណើរ​ស្វ័យបរិភោគ​​មាន​ភាព​រអាក់​រអួល​ និង​រំខាន នោះ​​នឹង​អាច​មាន​ជំងឺ​ជា​ច្រើន​លេច​​ចេញ​ឡើង ដូច​ជា​ជំងឺ​ទាក់ទង​នឹង​ហ្សែន​ Lysosomales ជំងឺ​វង្វេងវង្វាន់ ជំងឺ​ប្រព័ន្ធ​ប្រសាទ​ដែល​អាច​ពិការទាំង​រាងកាយ​និង​បញ្ញា Huntington ជំងឺរ​លាក​ប្រព័ន្ធ​អាហារ​រ៉ាំរៃ Cronh ឬ​ជំងឺ​ខូច​សាច់​ដុំ ។ល។ និង​។ល។

Autophagy មាន​​ដំណើរការ​មិន​ល្អនេះ គឺ​បណ្តាល​មក​ពី​មនុស្ស​យើង​មាន​ជំងឺ​ប៉ាគីសុន ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ទីពីរ និង​ជំងឺ​ផ្សេងៗ​ដែលជា​ជំងឺ​មនុស្សចាស់។ នេះ​បើ​តាម​ការ​ពន្យល់​បញ្ជាក់​របស់​គណៈ​មេប្រយោគ​ណូបែលវេជ្ជសាស្ត្រ។

ពាក្យ​ Autophagy សម្រាប់ហៅ​ដំណើរកោសិកា​ស៊ីខ្លួន​ឯងនេះ ត្រូវ​បាន​ផ្តល់​ដោយ​អ្នក​ស្រាវជាវ​ជាតិ​ប៊ែលហ្សិក Christian de Duve ដែល​ជាជ័យលាភី​ណូបែល​វេជ្ជសាស្ដ្រ​ដែរ​ កាលពី​ឆ្នាំ​១៩៧៤។ ហើយ​យន្តការ​នេះ​​ក៏​ត្រូវ​​អ្នក​ស្រាវជ្រាវ​អាមេរិក Irwin Rose ​និង​អ៊ីស្រាអែល Aaron Ciechanover និង Avram Hershko ​សិក្សា​​ស្រាវជ្រាវ​បន្ថែម​របស់ រហូត​បាន​រង្វាន់​ណូបែលគីមី​​ដែរ​នៅ​ឆ្នាំ​២០០៤ ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ