អានតួអត្ថបទ

IMF ៖ ​​ក្រុម​ប្រទេស​កំពុង​លូត​លាស់​នៅ​តែ​​ជា​ទម្រសេដ្ឋកិច្ច​ពិភពលោក

នៅ​ថ្ងៃអង្គារ​នេះ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​បាន​ចេញ​របាយការណ៍​ បង្ហាញ​ថា​កំណើន​សេដ្ឋកិច្ច​ពិភពលោក​មិន​បាន​ប្រសើរ​ឡើង​ទេ។ មូលនិធិ​ព្រួយ​បារម្ភ​ខ្លាំង​នឹង​​សុខភាព​​សេដ្ឋកិច្ច​ពិភពលោក​ដែល​បណ្តាល​មក​ពី​​នយោបាយ​អាត្មានិយម​ ការពារ​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​របស់​ក្រុម​ប្រទេស​មហាអំណាច​ ដូច​យ៉ាង​អាមេរិក អង់គ្លេស អឺរ៉ុប... ផ្ទុយ​ទៅ​វិញ ក្រុម​ប្រទេស​​ដែល​មាន​សេដ្ឋកិច្ច​កំពុង​លូតលាស់ ថ្វីបើ​មាន​គម្លាត​ផ្ទៃក្នុង​និង​ការ​បន្ថយ​ល្បឿន​បន្តិច​ក្តី ក៏​នៅ​តែ​ដើរ​តួ​ក្បាល​ម៉ាស៊ីន​អូស​ទាញ​ពិភពលោក​ដដែល។

នៅ​ទីស្នាក់ការ​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ នា​ទីក្រុង​វ៉ាស៊ីនតោន​ថ្ងៃទី ៣០ កញ្ញា ២០១៦
នៅ​ទីស្នាក់ការ​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ នា​ទីក្រុង​វ៉ាស៊ីនតោន​ថ្ងៃទី ៣០ កញ្ញា ២០១៦ ©AFP
ផ្សាយពាណិជ្ជកម្ម

បណ្តា​ប្រទេស​កំពុង​មាន​សេដ្ឋកិច្ច​លូតលាស់ខ្លាំង បាន​ប្រឈម​នឹង​ការ​លំបាកច្រើន​​ណាស់ នៅ​ឆ្នាំ​នេះ ព្រោះតែ​មហាយក្ស​ចិន​ចុះ​ខ្សោយ​មាន​ដំណើរ​សេដ្ឋកិច្ច​យឺត ​វត្ថុ​ធាតុដើម​ធ្លាក់​ថ្លៃ​ ឬ​ក៏​ភាព​តាន​តឹង​នយោបាយ … ក្រុមប្រទេសកំពុង​អភិវឌ្ឍន៍​នេះ ពិបាក​តម្រង់ខ្លួន​ណាស់ តាំងពី​មាន​វិបត្តិហិរញ្ញវត្ថុ​ពិភពលោក វិបត្តិ​បំណុល​ និង​វិបត្តិសេដ្ឋកិច្ច​នៅ​បស្ចឹម​លោក​មក ប៉ុន្តែ​ក្រុម​ប្រទេស​នេះ ឆ្លៀត​បាន​ស្គាល់​ភាព​ស្ងប់ស្ងាត់​ជាង​គេ​បើ​ នា​រយៈ​ពេល​ប៉ុន្មាន​ខែ​ក្រោយនេះ ពោល​គឺ​​បន្ទាប់ការ​បោក​កញ្ជ្រោលព្រួយ​បារម្ភ​​របស់​ពិភពលោក ​ចំពោះ​សេដ្ឋកិច្ចចិន។ ជាពិសេស​ទៅ​ទៀត ក្រុមប្រទេស​កំពុង​អភិវឌ្ឍន៍​ខ្លាំង​នេះ នៅ​តែ​ជា​ទម្រ​សេដ្ឋកិច្ច​ពិភពលោក ​និង​បាន​ចូល​រួម​ចំណែក​លើក​តម្កើង​ផលិតផល​សរុប​របស់​ពិភពលោក ដល់​ទៅ​បី​ភាគបួន។

 

បើ​តាម​ការ​ព្យាករ​របស់​មូលនិធិរូបិយវត្ថុចេញ​ផ្សាយ​នៅ​ថ្ងៃ​នេះ ក្រុម​ប្រទេស​មាន​សេដ្ឋកិច្ច​លូតលាស់ខ្លាំង និង​ប្រទេស​កំពុងអភិវឌ្ឍន៍ អាច​មាន​​កំណើន​សេដ្ឋកិច្ច​ប្រមាណ​ជាង​៤,២% នៅ​ឆ្នាំ​២០១៦។ ប៉ុន្តែវិសមភាព​ និង​គម្លាត​មាន​ខ្លាំង។​

ឥណ្ឌា​ មានសុខភាព​​សេដ្ឋកិច្ច​លោត​ខ្លាំង​ដាច់​គេ ក្លាយ​ជា​ជើង​ឯក ជាមួយ​នឹង​កំណើន​សេដ្ឋកិច្ច  ៧,៦% នៅ​ឆ្នាំ​២០១៦ និង​២០១៧។ តែ​រុស្ស៊ី​និង​ប្រេស៊ីល កំពុង​មាន​សេដ្ឋកិច្ច​ដើរ​ថយ​ក្រោយ ហើយ​ងើប​ឡើង​វិញ​បាន​ នៅ​ឆ្នាំ​២០១៧​ប៉ុណ្ណោះ។ ក្រុមប្រទេស៥​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន ថៃ​ និង​វៀតណាម​ ​មាន​សេដ្ឋកិច្ច​ស្វាហាប់​​និង​រឹង​មាំ​ខ្លាំង​ដែរ តែ​មាន​​កំណើន​ត្រឹម ​៤,៨% នៅ​ឆ្នាំ​២០១៦។

ចិន​ដែល​ធ្លាប់​ជា​ក្បាល​ម៉ាស៊ីន​ដឹកនាំ​សេដ្ឋកិច្ច​ពិភពលោក កំពុង​ធ្វើ​​កំណែទម្រង់​ ដើម្បី​លំនឹងសេដ្ឋកិច្ច ​ដោយ​ផ្តល់​សន្ទុះ​ដល់​ការ​ចាយវាយ​ក្នុង​ស្រុក កាត់​បន្ថយ​ការរំពឹង​លើ​វិនិយោគ​និង​នាំ​ចេញ មាន​​សេដ្ឋកិច្ច​បន្ថយ​ល្បឿន​ខ្លាំងត្រឹម​ ៦,៦​%​នៅ​ឆ្នាំ​២០១៦ និង​៦,២% នៅ​ឆ្នាំ​២០១៧។ ប៉ុន្តែ​កំណើន​សេដ្ឋកិច្ច​ចិន​ខ្សោយ​ ​តម្លៃ​​ផលិតផលជា​មូលដ្ឋាន​ទាប គឺ​ជា​ថ្នាំ​ប៉ូវ​សម្រាប់​កំណត់​ជោគវាសនា​ប្រទេស​​កំពុងលូត​លាស់​មួយ​ចំនួន​ធំ។ នេះ​បើ​តាម​​កំណត់​សម្គាល់​របស់​មូលនិធិរូបិយវត្ថុ​អន្តរជាតិ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ