អានតួអត្ថបទ

ប្រធានាធិបតី​ហ្វីលីពីន​ប្រកាស​ចេញ​ទៅធ្វើ​​ទស្សនកិច្ច​នៅ​ចិន​ក្នុង​ពេល​ឆាប់ៗ

ប្រធានាធិបតី​ហ្វីលីពីន លោក ឌុយទែរតេ បាន​ប្រកាស​ឱ្យ​ដឹង​នៅ​ថ្ងៃ​អង្គារនេះ ថា​នឹង​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន ក្នុង​ពេល​ឆាប់ៗ​ខាង​មុខនេះ។​ ទន្ទឹម​នឹង​ការ​បន្ត​រិះគន់​​សហរដ្ឋ​អាមេរិកអតីត​សម្ព័ន្ធមិត្ត​ លោក​បាន​បង្ហាញ​ក្តី​​សង្ឃឹម​​ថា​​​នឹង​អាច​ធ្វើ​ដំណើរ​ទៅ​ប្រទេស​រុស្ស៊ី ឆាប់ៗ​នេះ​ដែរ។

លោក Rodrigo Duterte ប្រធានាធិបតី​ហ្វីលីពីន
លោក Rodrigo Duterte ប្រធានាធិបតី​ហ្វីលីពីន REUTERS/Lean Daval Jr/File Photo
ផ្សាយពាណិជ្ជកម្ម

“ចិន​បាន​អញ្ជើញ​ញយ​ដងហើយ ! ហើយ​ខ្ញុំ​ក៏​ព្រមទៅ​តាម​ការ​​អញ្ជើញ ​!” នេះ​ជា​ប្រសាសន៍​របស់​លោក ឌុយទែរតេ នៅ​ក្នុង​សុន្ទរកថា​​ពី​វិមាន​ប្រធានាធិបតី​។ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​អំពី​កាលបរិច្ឆេទ​នៃ​ដំណើរ​ទស្សនកិច្ច​នេះ​ទេ ដោយ​គ្រាន់​តែ​បញ្ជាក់​នឹង​ប្រព្រឹត្ត​ទៅ​មុន​ការ​អញ្ជើញ​ទៅ​ប្រទេស​ជប៉ុន ដែល​គ្រោង​ធ្វើ​ពី​ថ្ងៃ​ទី ២៥ ដល់​២៧ តុលា បើ​យោង​តាម​ប្រភព​ក្រុង​តូក្យូ។ បន្ទាប់​ពី​តូក្យូ លោក​ទំនង​ជា​នឹង​បង្ហួស​ទៅ​រុស្ស៊ី ! នេះ​ការ​បន្ថែម​របស់​លោក​ឌុយទែរតេ។

ជា​ច្រើន​លើក​ច្រើន​សា​មក​ហើយ ដែល​លោក​ឌុយទែរតេ បាន​ទន្ទេញ​ដដែល​ថា​ខិត​ទៅ​ស្និទ្ធស្នាល​ជាមួយ​ក្រុង​ប៉េកាំង និង​ម៉ូស្គូ ហើយ​​ដក​ខ្លួនកាន់​តែ​ឆ្ងាយ​ឡើងៗ​ពី​សហរដ្ឋអាមេរិក​​​ដែល​ធ្លាប់​ជា​សម្ព័នមិត្ត​​យោធា​ផង និង​ជា​អតីត​ប្រទេស​ធ្វើ​អាណានិគមនិយម​លើ​ហ្វីលីពីន​ផង។

 
ដូច​ជា​រាល់​លើក ក្រៅ​អំពី​ប្រកាស​ងាក​ទៅ​ក្រសោប​ចិន​និង​រុស្ស៊ី លោក ឌុយទែរតេ បាន​ធ្វើ​ការ​រិះគន់​ជា​ថ្មី នៅ​ថ្ងៃអង្គារ​នេះ ចោទ​អាមេរិក​ថា​ក្អេងក្អាង​ អសមត្ថភាព​ទប់​ស្កាត់​រុស្ស៊ី​មិន​ឱ្យ​យក​តំបន់​គ្រីមេ ពី​អ៊ុយក្រែន។
ហ្វីលីពីន​របស់​លោក​ឌុយទែរតេ ក្រឡាស់​ចិត្ត​​​រិះគន់​អាមេរិក ខុស​ពី​រដ្ឋាភិបាល​ហ្វីលីពីនមុនៗ ក៏​ព្រោះ​តែ​វ៉ាស៊ីនតោន​បាន​បញ្ចេញ​ប្រតិកម្ម​រិះគន់​ខ្លាំង​នយោបាយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​គ្រឿង​ញៀន ដែល​បាន​សម្លាប់​មនុស្ស​អស់​ប្រមាណ​ជាង​៣៣០០​នាក់ គិត​ចាប់​ពី​មាន​​រដ្ឋាភិបាល​ហ្វីលីពីន​ថ្មី​មក។

លោកប្រធានាធិបតី​ហ្វីលីពីន​មាត់​ឆៅ​នេះ​ បាន​លុប​ចោល​សមយុទ្ធ​រួម​ជា​មួយ​អាមេរិក ដោយ​យល់​ថា​ជា​សន្ធិសញ្ញា​ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ គ្រាន់​តែ​ជា​លេស​របស់​អាមេរិក​សម្រាប់​ពង្រាយ​វត្តមាន​ទ័ព​នៅ​ហ្វីលីពីន និង​គំរាម​កាត់​ផ្តាច់​រាល់​ទំនាក់ទំនង​ទ្វេ​ភាគី។ លោក​ឌុយទែរតេ ធ្លាប់​ជេរ​សម្តេច​ប៉ាប និង​លោក​អូបាម៉ា តែ​បាន​សរសើរប្រធានាធិបតី​ចិន​​លោក ស៊ីជីនពីង​ ថា​ជាមហាប្រធានាធិបតី​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ