អានតួអត្ថបទ

អចលនទ្រព្យ​និង​បំណុល​ជួយអូសទាញ​​​កំណើនសេដ្ឋកិច្ចឱ្យ​នៅ​ថេរ

បើ​តាម​តួលេខរបស់​រដ្ឋាភិបាល​ចេញ​ផ្សាយ​​នៅ​ថ្ងៃពុធ​ទី ១៩​តុលានេះ បង្ហាញ​ថា កំណើនសេដ្ឋកិច្ចចិន​​ នៅ​ថេរ​ តាំង​ពី​ដើម​ឆ្នាំ​រហូត​ដល់​​ត្រីមាស​ទី​បី ក្នុង​កំរិត ៦,៧% ! ​លំនឹង​សេដ្ឋកិច្ច​ដែល​ត្រូវ​បាន​អូស​ទាញ​ដោយ​ទីផ្សារ​អចលនទ្រព្យ​។ ប៉ុន្តែ​ចិន​នៅពឹង​ផ្អែក​ខ្លាំង​ទៅ​បំណុល ដែល​ជាហេតុ​ធ្វើ​ឱ្យ​កំណើន​សេដ្ឋកិច្ច​នេះ​មាន​ភាពផុយស្រួយ។

​អចលនទ្រព្យ​ជួយ​អូសទាញ​កំណើន​សេដ្ឋកិច្ច​ចិន​ឱ្យ​កើន​ថេរ
​អចលនទ្រព្យ​ជួយ​អូសទាញ​កំណើន​សេដ្ឋកិច្ច​ចិន​ឱ្យ​កើន​ថេរ chinatourguide.com
ផ្សាយពាណិជ្ជកម្ម

នៅ​ត្រីមាស​ទីបី​នេះ ផលិតផល​សរុប​ក្នុង​ស្រុក​របស់​ចិន បាន​​កើន​ឡើង​ក្នុង​ល្បឿន​៦,៧% ក្នុង​មួយ​ឆ្នាំ ពោល​គឺ​​ជា​កំរិតស្មើ​​ថេរ​ តាំង​ពី​ដើម​ឆ្នាំ​២០១៦​មក។ នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ ​ការិយាល័យ​ស្ថិតិ​របស់​រដ្ឋាភិបាល​ចិន​បាន​កោត​សរសើរ​ ចំពោះ​តួលេខ​ដ៏​ល្អ​ ​លើស​ពីការ​ព្យាករ នាំ​ឱ្យ​ប្រទេស​អាច​សម្រេច​កម្មវត្ថុ​ប្រចាំ​ឆ្នាំ​ពី​៦,៥​ទៅ ​៧% បាន​មែន ប៉ុន្តែទទួល​ស្គាល់​ថា​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​នេះ ស្ថិត​ក្នុង​ស្ថានភាព​ផុយស្រួយ​​ និង​ត្រូវ​ខំ​កែខៃ​រក​លំនឹងទៀត។

ចំណែក​ឯ កំណើន​សេដ្ឋកិច្ចដ៏​​ថេរល្អ​​​ត្រីមាស​ទី​បី​​នេះ គឺ​ជា​ផ្លែផ្កា​នៃ​ការស្ទុះ​ឡើង​ខ្លាំង​ក្នុង​វិស័យ​អចលនវត្ថុ​ និង​កម្ចី​ ដែល​ក៏​អាច​ជា​ប្រភព​​អង្រួន​​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ដែរ។ គេ​សង្កេតឃើញ​ថា នៅ​ត្រីមាស​ទីបី​នេះ ទីផ្សារ​អចលនាទ្រព្យ​ចិន ដែល​តំណាង​ឱ្យ​១៥%​នៃ​ផលិតផល​សរុប​ក្នុងស្រុក ស្រាប់​មាន​លក្ខណៈ​ស្វាហាប់​ ស្ទើរ​ហួរ​ប្រមាណ​។ តម្លៃ​ផ្ទះថ្មី​ ឡើង​ថ្លៃ​ប្រមាណ​ជា​៤០% ក្នុង​មួយ​​ម៉ែត្រ​ការ៉េ។ នៅ​តាម​ក្រុង​ខ្លះ​ តម្លៃ​អចលនទ្រព្យ​ឡើង​លើស​៥០% ដែល​ប្រការ​នេះ​បាន​ចិញ្ចឹម​ចិត្ត​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​​ខ្លាច​ក្រែងការ​កំហិត​​ទប់​ស្កាត់​យ៉ាង​បន្ទាន់​មួយ​​ដាក់​ចេញ​ឡើង។

ម្យ៉ាង​វិញ​​ទៀត ចិន​រំពឹង​កាន់​តែ​ខ្លាំងឡើងៗ​ទៅ​ចំណាយ​និង​វិនិយោគ​សាធារណៈ​ ក្នុង​ខណៈ​ដែល​ការ​វិនិយោគ​ឯកជន​ធ្លាក់​ទាប​ខ្លាំង​បំផុត។ ឆ្លង​កាត់​ការ​បន្ធូរ​បន្ថយនយោបាយ​​រូបិយវត្ថុ​ ជា​បន្ត​បន្ទាប់​តាំង​ពី​ឆ្នាំ​២០១៤​មក ការ​ផ្តល់​សន្ទុះ​សេដ្ឋកិច្ច​តាម​រយៈ​បំណុល​ អាច​នឹង​ត្រូវ​ផ្ទុះ។ បំណុល​សារធារណៈ​និង​ឯកជន​ចិន មាន​ទំហំ​ជិត ២៥០%​នៃ​ផលិតផល​សរុប​ក្នុង​ស្រុក​។ មូលនិធិ​រូបិយវត្ថុ​បាន​ទាញ​សញ្ញា​អាសន្ន​តាំង​ពី​ខែ​មុន​មក​ម្ល៉េះ។

មហាយក្ស​ចិន​បានប្រកាន់​ជំហរ​នយោបាយ​មាន​កំណើន​សេដ្ឋកិច្ច​ទាប តែ​ថេរ ដោយ​បាន​​ធ្វើ​កំណែទម្រង់​សេដ្ឋកិច្ច​​កាត់បន្ថយ​​សមត្ថភាព​ឧស្សាហកម្ម​ខ្លាំង​ជ្រុលរបស់​ខ្លួន និង​ជំរុញ​ការ​ចាយ​វាយ​ក្នុង​ស្រុក​ ព្រម​ទាំង​អភិវឌ្ឍន៍​វិស័យ​សេវាកម្ម។ អន្តរកាល​សេដ្ឋកិច្ច​នេះ បាន​ធ្វើ​ឱ្យ​កំណើន​សេដ្ឋកិច្ច​​ជាតិ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង មិន​ធ្លាប់​មាន​ មក​ត្រឹម​៦,៩% នៅ​ឆ្នាំ​២០១៥ និង​៦,៦% នៅ​ឆ្នាំ​២០១៦៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ