ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 20/07 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 19/07 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/07 12h00 GMT
អាស៊ី

សមុទ្រចិនខាងត្បូង៖​ចិន​បរិហារ​វត្តមាន​នាវាចម្បាំង​អាមេរិក​ដោយ​ចាត់​ទុក​ជា​ទង្វើ​បង្ក​រឿង

media  
សមុទ្រចិនខាងត្បូង៖​ចិន​បរិហារ​វត្តមាន​នាវាចម្បាំង​អាមេរិក​ដោយ​ចាត់​ទុក​ជា​ទង្វើ​បង្ក​រឿង Reuters

នៅ​យប់​ថ្ងៃ​សុក្រ​ឆ្លង​ចូល​ថ្ងៃ​សៅរ៍ ទី២២ តុលា​នេះ ប្រទេស​ចិន​បាន​ចេញ​មុខ​បរិហារ​អាមេរិក​ដែល​បាន​បញ្ជូន​នាវាចម្បាំង​ខ្លួន​ចូល​ក្បែរ​តំបន់​ជម្លោះ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង។ សម្រាប់​ប៉េកាំង វត្តមាន​នាវាចម្បាំង​អាមេរិក​ក្នុង​សមុទ្រ​ចិន​ពេល​នេះ​ជា​រឿង​ខុសច្បាប់ និង​ជា​ទង្វើ​បង្ក​រឿង​ដោយ​ចេតនា។

ប្រតិកម្ម​របស់​ចិន​ប្រឆាំង​នឹង​វត្តមាន​នាវាចម្បាំង​អាមេរិក​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ត្រូវ​បាន​ធ្វើ​ឡើង​តាម​រយៈ​សេចក្តីប្រកាស​ព័ត៌មាន​ចំនួន​ពីរ​ដាច់​ដោយឡែក​ពី​គ្នា ទី១ ជា​របស់​ក្រសួង​ការពារជាតិ និង​ទី២ ជា​របស់​ក្រសួង​ការបរទេស។ ក្រសួង​ការពារជាតិ​ចិន​បាន​បញ្ជាក់​ថា នាវាចម្បាំង​ចិន​ចំនួន ២គ្រឿង​បាន​ចេញ​ប្រតិបត្តិការ​រារាំង​នាវាចម្បាំង​អាមេរិក​មិន​ឲ្យ​បន្ត​ដំណើរ​ទៅ​មុខ បន្ទាប់​ពី​នាវា​នោះ​បាន​ឆ្លង​ចូល​ក្នុង​ដែនទឹក​ចិន​ក្បែរ​ទីប្រជុំ​កោះ Paracels។ នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​នេះ​ដដែល ក្រសួង​ការពារជាតិ​ចិន​បាន​ចាត់ទុក​វត្តមាន​នាវាចម្បាំង​អាមេរិក​ជា​រឿង​ខុសច្បាប់ និង​ជា​ការ​បង្ករឿង​ដោយ​ចេតនា។

ចំណែក​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​វិញ​បាន​ថ្លែង​ថា ទង្វើ​របស់​អាមេរិក​របៀប​នេះ​បាន​រំលោភបំពាន​យ៉ាង​ធ្ងន់ធ្ងរ​លើ​អធិបតេយ្យភាព និង​ផលប្រយោជន៍​សន្តិសុខ​របស់​ចិន ព្រម​ទាំង​រំលោភបំពាន​លើ​ច្បាប់ចិន និង​អន្តរជាតិ​ផង​ដែរ។ ប្រតិកម្ម​ខ្លាំងៗ​របស់​ចិន​ពេល​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​ក្រសួង​ការពារជាតិ​អាមេរិក​បាន​បញ្ជាក់​នៅ​ថ្ងៃ​សុក្រ ទី២១ តុលា​ថា អាមេរិក​ពិត​ជា​បាន​បញ្ជូន​នាវាចម្បាំង​របស់​ខ្លួន​ទៅ​ក្បែរ​ទីប្រជុំកោះ Paracels ក្នុង​សមុទ្រ​ចិន​ខាងត្បូង​មែន តែ​បាន​គោរព​តាម​នីតិវិធី​ច្បាប់​អន្តរជាតិ​ដោយ​មិន​បាន​រំលោភ​លើ​ដែន​អធិបតេយ្យ​របស់​ប្រទេស​ណា​មួយ​ទេ។

គិត​តាំង​ពី​ដើម​ឆ្នាំ ២០១៦ មក នេះ​ជា​លើកទី៣ ហើយ​ដែល​អាមេរិក​បាន​បញ្ជូន​នាវាចម្បាំង​របស់​ខ្លួន​ទៅ​ក្បែរ​ទីប្រជុំ​កោះ Paracels ដើម្បី​ចង់​បញ្ជាក់​ពី​សេរីភាព​ក្នុង​ការ​ធ្វើ​ចរាចរណ៍​សមុទ្រ​ដែល​អាមេរិក​យល់​ថា ជា​ដែនទឹក​អន្តរជាតិ ពោល​មិនមែន​ជា​កម្មសិទ្ធិ​របស់​ប្រទេស​ណា​មួយ​ទេ។ តែ​បញ្ហា​នៅ​ត្រង់​ថា ចិន​មិន​បាន​យល់​ឃើញ​ដូច​អាមេរិក​ឯណា និង​បាន​បន្ត​ទាមទារ​ជា​របស់​ខ្លួន​ទាំង​ស្រុង​ដោយ​មិន​ញញើត​ប្រឈម​មុខ​ទល់​ប្រទេស​អាស៊ាន​មួយ​ចំនួន ពិសេស​វៀតណាម និង​ហ្វីលីពីន។ ដើម្បី​បង្ហាញ​ពី​សិទ្ធិ និង​មហិច្ឆិតា​របស់​ខ្លួន ចិន​ថែម​ទាំង​បាន​ធ្វើ​ការ​សាងសង់​កោះសិប្បនិម្មិត​នៅ​ក្នុង​តំបន់​ទៀត​ផង៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ