អានតួអត្ថបទ
ហ្វីលីពីន អាមេរិក

ហ្វីលីពីន៖​តើ​លោក​ប្រធានាធិបតី​ឌុយទែរតេ​កំពុង​ប្រើ​ព្រួញ​មួយ​ដើម្បី​បាញ់​សត្វ​ពីរ​ឬ?

នៅ​ក្នុង​ប្រទេស​ហ្វីលីពីន បន្ទាប់​ពី​បញ្ចប់​ដំណើរ​ទស្សនកិច្ច​រយៈពេល ៤ថ្ងៃ​ក្នុង​ប្រទេស​ចិន និង​ទើប​បាន​ត្រឡប់​ដល់​ទឹកដីកំណើត​ភ្លាម លោក​ប្រធានាធិបតី​ឌុយទែរតេ​បាន​ថ្លែង​ពី​ជំហរ​បញ្ច្រាស​វិញ​នៅ​ថ្ងៃ​សៅរ៍ ទី២២ តុលា​នេះ​ថា លោក​មិន​ផ្តាច់​ទំនាក់ទំនង​ជាមួយ​អាមេរិក​ទេ។ ការ​ថ្លែង​របស់​លោក​ឌុយទែរតេ​របៀប​នេះ​បាន​ធ្វើ​ឡើង ក្រោយ​ពី​លោក​បាន​សំដែង​ចេញ​នូវ​កាយវិការ និង​ពាក្យសម្តី​ជា​ច្រើន​ប្រឆាំង​អាមេរិក​នា​រយៈពេល​ចុង​ក្រោយ​នេះ។

លោក​ប្រធានាធិបតី​ហ្វីលីពីន​រ៉ូឌ្រីហ្គោ ឌុយទែរតេ
លោក​ប្រធានាធិបតី​ហ្វីលីពីន​រ៉ូឌ្រីហ្គោ ឌុយទែរតេ REUTERS/Lean Daval Jr
ផ្សាយពាណិជ្ជកម្ម

គឺ​ពី​ទីក្រុង​ដាវ៉ាវ​ស្ថិត​ប៉ែក​ខាងត្បូង​ហ្វីលីពីន​ដែល​លោក​ឌុយទែរតេ​បាន​ប្រកាស​ឲ្យ​ដឹង​ភ្លាមៗ​នា​ថ្ងៃ​សៅរ៍ ទី២២ តុលា​នេះ​ថា លោក​មិន​អាច​កាត់​ផ្តាច់​ចំណង​ទាក់ទង​ជាមួយ​អាមេរិក​បាន​ទេ។ សម្រាប់​លោក​ឌុយទែរតេ កាត់ផ្តាច់​ចំណង​ទាក់ទង​មាន​ន័យ​ស្មើ​នឹង​កាត់ផ្តាច់​ទំនាក់ទំនង​ផ្លូវទូត​រវាង​ហ្វីលីពីន និង​អាមេរិក។ លោក​ឌុយទែរតេ​បាន​ពន្យល់​ច្បាស់ៗ​ថា លោក​មិន​អាច​ធ្វើ​អ៊ីចឹង​ទៅ​កើត​ទេ ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​ប្រយោជន៍​របស់​ប្រទេស​ហ្វីលីពីន។

គួរ​ជម្រាប​ជូន​ថា ការ​ថ្លែង​របស់​លោក​ឌុយទែរតេ​យ៉ាង​ដូច​នេះ​បាន​ផ្ទុយ​ទាំង​ស្រុង​នឹង​អ្វី​ដែល​លោក​បាន​ថ្លែង​នា​រយៈពេល​ចុងក្រោយ​នេះ ពិសេស​ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល ៤ថ្ងៃ​ក្នុង​ប្រទេស​ចិន​ដែល​ទើប​បិទបញ្ចប់​នៅ​ថ្ងៃ​សុក្រ ទី២១ តុលា។ នៅ​ក្នុង​ប្រទេស​ចិន លោក​ឌុយទែរតេ​បាន​ប្រាប់​ឲ្យ​ដឹង​ពី​ការ​លែងលះ​គ្នា​ជាមួយ​អាមេរិក​ដើម្បី​ងាក​មក​រឹតចំណង​ជាមួយ​ចិន និង​រុស្ស៊ី​ដើម្បី​ប្រឆាំង​ពិភពលោក។ នៅ​អាមេរិក​ឯណោះ ទីក្រុង​វ៉ាស៊ីនតោន​មិន​បាន​ឆ្លើយ​តប​នឹង​ខ្លឹមសារ​នៃ​ការ​ថ្លែង​របស់​លោក​ឌុយទែរតេ​របៀប​នេះ​ទេ តែ​ចង់​ឲ្យ​លោក​ឌុយទែរតេ​បំភ្លឺ​ឲ្យ​បាន​ច្បាស់​បន្ថែម​ទៀត។

លោក​ចន គៀប៊ី អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក​បាន​ថ្លែង​ថា អ្វីៗ​ហាក់​នៅ​ស្រពិចស្រពិល​ចំពោះ​អាមេរិក​នៅ​ពេល​ដែល​លោក​ឌុយទែរតេ​បាន​និយាយ​ពី​ការ​លែងលះ​ជាមួយ​អាមេរិក​នោះ។ សម្រាប់​លោក​ចន គៀប៊ី អ្វី​ដែល​លោក​ឌុយទែរតេ​បាន​និយាយ គឺ​ផ្ទុយ​ស្រឡះ​នឹង​ការ​ពិត​ដែល​អាមេរិក និង​ហ្វីលីពីន​កំពុង​មាន​ទំនាក់ទំនង​យ៉ាង​ស្អិតរមួត​ជា​មួយ​គ្នា​នៅ​លើ​គ្រប់​វិស័យ។ គួរ​រម្លឹក​ជូន​ថា តាំង​ពី​អាមេរិក​បាន​លូកដៃ​ក្នុង​យុទ្ធនាការ​សម្លាប់​អ្នក​ជួញដូរ​គ្រឿងញៀន​​របស់​លោក​ឌុយទែរតេ​មក ប្រធានាធិបតី​មាត់ដាច​រូប​នេះ​មិន​ញញើត​នឹង​ជេរប្រមាថ​អាមេរិក​ដោយ​ដៀល​លោក​អូបាម៉ា​ជា​កូន​មីសំផឹង​ទៀត​ផង។

តែ​យ៉ាង​ណា​ក៏​ដោយ ក្រុម​អ្នកវិភាគ​បាន​មើល​ឃើញ​ជំហរ​ឡប់ឡែ​របស់​លោក​ឌុយទែរតេ​ពេល​នេះ​ថា ជា​ល្បិច​នយោបាយ​ព្រួញ​មួយ​បាញ់​បាន​សត្វ​ពីរ និង​ថា គ្មាន​ថ្ងៃ​ដែល​សម្ព័ន្ធមិត្ត​ហ្វីលីពីន អាមេរិក​មាន​ចំណាស់ ៧០ឆ្នាំ​អាច​នឹង​បាក់បែក​បាន​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ