អានតួអត្ថបទ
អាមេរិក-កូរ៉េខាងជើង

នុយក្លេអ៊ែរ​កូរ៉េខាងជើង៖​វ៉ាស៊ីនតោន និង​ព្យុងយ៉ាង​បាន​ជួប​គ្នា​ស្ងាត់ៗ​ក្នុង​ប្រទេស​ម៉ាឡេស៊ី

នៅ​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ អតីត​មន្រ្តីការទូត​អាមេរិក និង​មន្រ្តីជាន់ខ្ពស់​កូរ៉េខាងជើង​បាន​ជួប​សន្ទនា​គ្នា​ស្ងាត់ៗ​នៅ​ក្នុង​ទីក្រុង​គូឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី។ ជំនួប​នេះ​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​សហគមន៍​អន្តរជាតិ​កំពុង​ព្យាយាម​ស្វែង​រក​ទ័ណ្ឌកម្ម​ថ្មី​ដាក់​លើ​កូរ៉េខាងជើង​ទាក់ទង​នឹង​ទង្វើ​សាកល្បង​នុយក្លេអ៊ែរ និង​បាញ់​សាកល្បង​គ្រាប់មីស៊ីល។

លោក Han Song-Ryol អនុរដ្ឋមន្រ្តី​ការបរទេស និង​ជា​អតីត​ឯកអគ្គរដ្ឋទូតរង​​កូរ៉េខាងជើង​ប្រចាំ​អង្គការ​សហប្រជាជាតិ។
លោក Han Song-Ryol អនុរដ្ឋមន្រ្តី​ការបរទេស និង​ជា​អតីត​ឯកអគ្គរដ្ឋទូតរង​​កូរ៉េខាងជើង​ប្រចាំ​អង្គការ​សហប្រជាជាតិ។ YONHAP / AFP
ផ្សាយពាណិជ្ជកម្ម

ជា​ផ្លូវការ អាមេរិក និង​កូរ៉េខាងជើង​គ្មាន​ទំនាក់ទំនង​ផ្លូវទូត​រវាង​គ្នា​ទេ តែ​ជំនួប​ស្ងាត់ៗ​ពេល​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​ទំនាក់ទំនង​ក្រៅ​ផ្លូវការ​ដែល​គេ​ឲ្យ​ឈ្មោះ​ថា « Track ២ »។ ជា​ទូទៅ ជំនួប​ក្រៅ​ផ្លូវការ​រវាង​មន្រ្តី​អាមេរិក និង​កូរ៉េខាងជើង​មួយ​នេះ​បាន​ធ្វើ​នៅ​ក្រៅ​ទឹកដី​អាមេរិក និង​កូរ៉េខាងជើង ពិសេស​នៅ​ក្នុង​ទឹកដី​អាស៊ី ដូច​យ៉ាង​សិង្ហបុរី ឬ​ចិន។ នៅ​ក្នុង​ជំនួប​ក្នុង​ទឹកដី​ម៉ាឡេស៊ី​រយៈពេល ២ថ្ងៃ​កន្លង​ទៅ ភាគី​អាមេរិក​ដឹកនាំ​ដោយ​លោក Robert Galluci ចំណែក​ខាង​ភាគី​កូរ៉េខាងជើង​ដឹកនាំ​ដោយ​លោក Han Song-Ryol អនុរដ្ឋមន្រ្តី​ការបរទេស និង​ជា​អតីត​ឯកអគ្គរដ្ឋទូត​រង​ប្រចាំ​អង្គការ​សហប្រជាជាតិ។

សូម​ជម្រាប​ជូន​ថា ក្រៅ​ពី​ជំនួប​ក្រៅផ្លូវការ​ដែល​គេ​ឲ្យ​ឈ្មោះ​ថា « Track ២ » នេះ អាមេរិក និង​កូរ៉េខាងជើង​ក៏​មាន​កាណាល់ទូត​ក្រៅ​ផ្លូវការ​មួយ​ទៀត​ដែល​គេ​ហៅ​ថា « កាណាល់​ញូយ៉ក »។ « កាណាល់​ញូយ៉ក » នេះ​អនុញ្ញាត​ឲ្យ​មាន​ការ​ដោះដូរ​ព័ត៌មាន​គ្នា​រវាង​មន្រ្តីអាមេរិក និង​មន្រ្តី​កូរ៉េខាងជើង​នៅ​អង្គការសហប្រជាជាតិ។ ខណៈ​នេះ ភាគី​អាមេរិក និង​កូរ៉េខាងជើង​មិន​បាន​ប្រាប់​ឲ្យ​ដឹង​ពី​ប្រធានបទ និង​ខ្លឹមសារ​នៃ​ជំនួប​ស្ងាត់ៗ​នោះ​ទេ ​តែបើ​យោង​តាម​លោក Leon Sigal អ្នក​ឯកទេស​កូរ៉េ​ដែល​បាន​ចូលរួម​នៅ​ក្នុង​កិច្ចសន្ទនា​ដែរ​នោះ​ឲ្យ​ដឹង​ថា ភាគី​ទាំង​ពីរ​បាន​និយាយ​ច្រើន​លើ​កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េខាងជើង។

តាម​លោក Leon Sigal ដដែល ភាគី​កូរ៉េខាងជើង​បាន​បញ្ជាក់​ប្រាប់​ភាគី​អាមេរិក​ជា​ថ្មី​ថា មុន​នឹង​និយាយ​ដល់​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង ទីក្រុង​វ៉ាស៊ីនតោន និង​ព្យុងយ៉ាង​ត្រូវ​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​សន្តិភាព​រវាង​គ្នា​ជា​មុន​សិន។ តែ​ភាគី​អាមេរិក​បាន​ឆ្លើយ​តប​វិញ​ដោយ​រម្លឹក​សារ​ជា​ថ្មី​ថា វ៉ាស៊ីនតោន​អាច​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​សន្តិភាព​ជាមួយ​ព្យុងយ៉ាង​បាន លុះត្រា​ណា​តែ​កូរ៉េខាងជើង​បិទបញ្ចប់​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​ជា​មុន​សិន។ ការ​ឆ្លើយឆ្លង​គ្នា​របៀប​នេះ​ជា​សក្ខីកម្ម​ថ្មី​មួយ​ទៀត​ដែល​បញ្ជាក់​ពី​ភាព​មិន​ចុះ​សម្រុង​គ្នា និង​ការ​មិន​ទុកចិត្ត​គ្នា​រវាង​វ៉ាស៊ីនតោន និង​ព្យុងយ៉ាង។

អ្វី​ជា​ការ​កត់សម្គាល់ ជំនួប​ស្ងាត់ៗ​រវាង​អាមេរិក និង​កូរ៉េខាងជើង​ពេល​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​គ្រាប់មីស៊ីល​ជា​ថ្មី និង​ចំ​ពេល​ដែល​ក្រុមប្រឹក្សាសន្តិសុខ​កំពុង​ស្វែង​រក​ទ័ណ្ឌកម្ម​ថ្មី​ដាក់​លើ​កូរ៉េខាងជើង ក្រោយ​ពី​បាន​សាកល្បង​នុយក្លេអ៊ែរ​លើក​ទី៥ កាល​ពី​ថ្ងៃទី៩ កញ្ញា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ