អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

​Samsung ខាត​ទាំង​ប្រាក់​ បង់​ទាំង​កត្តិយស ហើយ​ប្រឈម​នឹង​ការ​ប្តឹង​ទារ​សំណង​ជំងឺ​ចិត្តទៀត

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រោយ​ពី​ជួប​ភាព​វឹកវរ​ប្រកាស​ឈប់​ផលិត​ទូរស័ព្ទ​ប្រភេទ Galaxy Note7 នៅ​ថ្ងៃនេះ​ក្រុមហ៊ុន​អាច​ត្រូវ​ប្រឈម​នឹង​ការ​ប្តឹង​ផ្តល់​នៅ​តុលាការ​ទៀត។ ការិយាល័យ​មេធាវី​​កូរ៉េខាង​ត្បូង​មួយ​បាន​ប្រកាស​នៅ​ថ្ងៃ​នេះ ថា​នឹង​ដាក់​បណ្តឹង​រួម ក្នុង​នាម​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ចំនួន​៥២៧​នាក់ ដែល​បាន​ទិញ​Galaxy Note 7 ​​ប្រឆាំង​នឹង​ក្រុមហ៊ុន​Samsung ដើម្បី​ទាមទារ​សំណង​និង​ជំងឺ​ចិត្ត​ ជា​ទឹក​ប្រាក់​ចំនួន ៥០​ម៉ឺន វ៉ុន ឬ​៤០៣​អឺរ៉ូ។

ក្រុមហ៊ុន​Samsung​ប្រកាស​ឈប់​ផលិតទូរស័ព្ទ Galaxy Note 7 ដែល​មាន​បញ្ហា​ថ្ម​
ក្រុមហ៊ុន​Samsung​ប្រកាស​ឈប់​ផលិតទូរស័ព្ទ Galaxy Note 7 ដែល​មាន​បញ្ហា​ថ្ម​ REUTERS/Kim Hong-Ji
ផ្សាយពាណិជ្ជកម្ម

ការិយាល័យ​មេធាវី Harvest Law តំណាង​ឱ្យ​អតិថិជន​ចំនួន​៥២៧​នាក់ បាន​ដាក់​ពាក្យ​បណ្តឹងរួម​​រួច​ហើយ​កាលពី​ថ្ងៃ​ចន្ទ។ លោក​មេធាវី Peter Koh បាន​ពន្យល់​ថា ពាក្យ​បណ្តឹង​នេះ​កើត​ចេញ​ពី​កំហឹង​ដ៏​ខ្លាំងឡើងៗរបស់​អ្នក​ប្រើប្រាស់។ រហូត​មក​ទល់​នឹង​ថ្ងៃ​អង្គារ​ទី ២៥​តុលា​នេះ គេ​រាប់​ឃើញ​មាន​អតិថិជន​កូរ៉េខាង​ត្បូង ទាំង​រយៗ​នាក់​ជា​រៀង​រាល់​ថ្ងៃ ទាក់ទង​មក​ការិយាល័យ​មេធាវី​យើង ក្នុង​នោះ​មាន​​ជាង​បី​រយ​នាក់ បាន​ចុះ​ហត្ថលេខា​កាលពី​ថ្ងៃ​ចន្ទ។ បើ​តាមមេធាវី​​តំណាង​ការិយាល័យ​​​  Harvest Law ចំនួន​អ្នក​ដាក់​ពាក្យ​បណ្តឹង​អាច​នឹង​កើន​ឡើង​ដល់៣ពាន់​នាក់​បន្ថែម​ទៀត។

មូលហេតុ​ដែល​ជំរុញ​ឱ្យ​ពួក​គេ​ឈាន​ដល់​ថ្នាក់​ប្តឹង​ទារ​សំណង​មក​ពី​អតិថិជន​ទាំងអស់​នោះ​រង​ផល​ប៉ះពាល់​ខ្លាំង​​ អំពី​ប្រតិបត្តិការ​ប្រមូល​យក​ទូរស័ព្ទ​Galaxy Note7 វិញ។ ពួក​គេ​ត្រូវ​បង្ខំ​ចិត្ត​​ធ្វើ​បំលាស់​ទី​ជា​ញយដង​ទៅ​កាន់​ហាង​លក់​ទូរស័ព្ទ​ ដើម្បី​ដោះដូរ និង​ត្រូវ​ស្វែង​រក​ជួល​ឬ​ទិញ​ទូរស័ព្ទ​ថ្មី ក្រោយ​ពេល​មាន​បម្រាម​​ហាមឃាត់​មិន​យក​ទូរស័ព្ទ​Samsung ឡើង​យន្តហោះ សម្រាប់​ជើង​ហោះហើរ​អន្តរជាតិ។

ផល​រំខាន​ទាំង​នេះ បាន​រុញ​ច្រាន​ឱ្យ​ពួក​គេ​ដាក់​​បណ្តឹង​ ទាមទារ​​សំណង​ជំងឺ​ចិត្ត និង​ការ​ប្រាក់​ សម្រាប់​ម្នាក់ៗ ចំនួន​៥០​ម៉ឺនwons (ស្មើ​នឹង​ប្រមាណ​៤០៣​អឺរ៉ូ)។ ជា​តម្លៃ​សំណង​ដ៏​​តិច​តួច​ណាស់ សម្រាប់​ក្រុមហ៊ុន​ទំហំ​យក្ស​ដូច​យ៉ាង​Samsung ទោះបី​ត្រូវ​​គុណ​នឹង​៥២៧​នាក់ ឬ ៣ពាន់​នាក់ក៏ដោយ។ គេ​ក៏​ឃើញ​មាន​ការ​ប្តឹង​ផ្តល់​ស្រដៀង​គ្នា​នេះ​ដែរ កំពុង​រៀប​ចំ​ឡើង​ដែរ នៅ​សហរដ្ឋ​អាមេរិក។

ប៉ុន្តែ​បញ្ហា​មិន​មែន​ស្ថិត​នៅត្រឹម​លុយសំណង​​តែ​ម្យ៉ាង​ទេ ! ការ​ដែល​សំខាន់​នោះ គឺ​ការ​ខូច​ឈ្មោះ និង​កិត្តិយស។ រូបភាព​ក្រុមហ៊ុន​ដ៏ធំ ថ្នាក់​ពិភពលោក​ ដ៏​ល្បីល្បាញ​នឹង​ត្រូវ​ប្រលាក់​ប្រលូស ទោះបី​ជា​បណ្តឹង​នោះ​ត្រូវ​ចាញ់ ឬ​ត្រូវ​ឈ្នះ​ក៏​ដោយ។ សូម្បី​តែ​ក្រុមប្រឹក្សា​រដ្ឋបាល​របស់​ក្រុមហ៊ុន​ក៏​មិន​អាច​ចៀស​ផុត​អំពី​ព្យុះ​ព្យោមា​នេះ​ដែរ ជាក់ស្តែង​ក្រោយ​ពី​បាន​ឃើញ​មាន​បណ្តឹង​​ថ្មី​នេះ ការិយាល័យ​ក្រុមប្រឹក្សា​រដ្ឋបាល​បាន​ផ្តល់​អនុសាសន៍​ឱ្យម្ចាស់​ភាគ​ហ៊ុន​ទាំង​អស់ បោះឆ្នោត​ប្រឆាំង​នឹង​ការ​តាំង​តែង លោក J.Y. Lee ជា​​​អគ្គនាយក​រង​ក្រុមហ៊ុន​Samsung អេឡិចត្រូនិក​។ លោកលី ដែល​ទំនង​ជា​អ្នក​ស្នង​មរតក​របស់​ត្រកូល​ក្រុមហ៊ុន​ផង។

សូម​បញ្ជាក់​ថា កាលពី​ដើម​ខែ​កញ្ញា ក្រុមហ៊ុន​លំដាប់​លេខ​មួយ​ពិភពលោក ខាង​ផ្នែក​ទូរស័ព្ទ​ បាន​បង្ខំ​ចិត្ត​ប្រកាស​ប្រមូល​យក​​ទូរស័ព្ទ​Galaxy Note7 ចំនួន​២​លាន​គ្រឿង​កន្លះ​ នៅ​ទូទាំង​ពិភពលោក​ ដោយ​ហេតុ​តែ​មាន​បញ្ហា​ថ្ម។ វិបត្តិ​នោះ​អាច​នឹង​ត្រូវ​បិទ​បញ្ចប់​ ប្រសិន​បើ​ក្រោយ​ពី​បាន​ប្តូរ​គ្រឿង​បំលាស់​ថ្មីនិង​ចែក​ចាយលក់​​Galaxy Note7 ថ្មីបន្ត​ទៀត​​ទៅ​ ទូរស័ព្ទមាន​ដំណើរ​ការ​ស្រួល។ ​ជា​អកុសល​ មូដែល​កែប្រែ​ថ្មីនៅ​តែ​ជួប​បញ្ហា​ផ្ទុះ​និង​ឆេះ​ទៀត ទើប​ក្រុមហ៊ុន​សម្រេច​ឈប់​ផលិត​តែ​ម្តង។

តាំងពី​មាន​ហេតុការណ៍​ផ្ទុះ និង​ឆេះ​ ទាំង​ថ្មី​ស្រឡាង​មក ដើម្បីការពារ​រូបភាព​​របស់​ខ្លួន ក្រុមហ៊ុន​Samsung បាន​ប្រើ​គ្រប់​មធ្យោបាយ​ ​បញ្ចុះ​បញ្ចូល​អតិថិជន​របស់​ខ្លួន​ឱ្យ​ឈប់​ប្រើ​​ទូរស័ព្ទ​ប្រភេទ​នេះ​ទាំ​ងអស់  តាម​រយៈ​ការ​សង​លុយទាំង​ស្រុង ឬ​ប្តូរ​យក​មូដែល​ថ្មី។ ក្រុមហ៊ុន​ត្រូវ​បង្ខំ​ចិត្ត​ដាក់​បញ្ជរ​របស់​ខ្លួន​នៅ​តាម​អាកាសយានដ្ឋាន​ ដើម្បី​ឆ្លើយ​តប​​ទៅ​នឹង​ការ​ទាមទារ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ខ្លះ​ដែល​មិន​អនុញ្ញាត​ឱ្យ​អ្នក​ដំណើរ​យក​ទូរស័ព្ទ Galaxy Note7 ចូល​យន្តហោះ​ឡើយ ដោយ​ក្រែង​មាន​ករណី​ឆេះ​ផ្ទុះ​ជា​យថាហេតុ​កើត​ឡើង។

ប៉ុន្តែ​គំនិត​ផ្តួច​ផ្តើម​ទាំង​អម្បាល​ម៉ាន​នេះ មិន​គ្រប់គ្រាន់​ទេ ! មុន​នឹង​ឈាន​ដល់​ដំណាក់កាល​ផ្តាច់​ប្រព័ន្ធ​ទូរស័ព្ទ​Galaxy Note 7 ពី​ចម្ងាយតែ​ម្តង​ ដើម្បី​កុំ​ឱ្យ​មាន​ករណី​ផ្ទុះ​ឬ​ឆេះ កើត​ឡើង​បន្ថែម​ទៀត នាំ​ខូច​ឈ្មោះកាន់​តែ​ ពេល​នេះ​ក្រុមហ៊ុន​Samsung បាន​ងាក​ទៅ​ធ្វើ​យុទ្ធនាការ​ពាណិជ្ជកម្ម​ទ្រង់ទ្រាយ​ធំ មិន​ធ្លាប់​មាន​ឡើយ។ ក្រុម​ហ៊ុន​ដឹង​ច្បាស់​ណាស់​ពេល​នេះ ទីផ្សារ​ប្រកួត​ប្រជែង​ចង្អៀត​ណាស់ ក្នុង​ពេល​ដែល​Samsung កំពុង​លុង​វិបត្តិ​ដូច្នេះ ​ក្រុមហ៊ុន​ទូរស័ព្ទ​ផ្សេង​ទៀត ដូច​ជា​Iphone LG អាច​ឆ្លៀត​ឆក់​ឱកាស​បាន​យ៉ាង​ងាយ។ សម្រាប់​អតិថិជនកូរ៉េខាង​ត្បូង ដែល​នៅ​បន្ត​ប្រើ​ទូរស័ព្ទ​Galaxy Note7 បើ​សុខ​ចិត្ត​ប្តូរមូដែល នឹង​ត្រូវ​បាន​ទទួល​ការ​ចុះ​តម្លៃ​ពាក់កណ្តាល នៅ​ពេល​ទិញ​ទូរស័ព្ទ​ថ្មី​ទំនើប​ចុងក្រោយ Note8 ឬS8 ដែល​នឹង​ត្រូវ​ចេញ​លក់​លើ​ទីផ្សារ​នៅ​ឆ្នាំ​ក្រោយ។

កាលពី​១០​ថ្ងៃ​មុន ក្រុមហ៊ុន​បាន​ប្រកាសបង្ហាញ​ចេតនា​ ចង់​​ផ្តល់​សំណង​ជំងឺ​ចិត្ត​​​ប៉ះប៉ូវ​ជា​ថវិកា​ដល់​​អតិថិជន​កូរ៉េខាងត្បូង និង​អាមេរិក (ឱ្យ​បង្កាន់​ដៃ​១០០​ដុល្លារ) ដែល​សុខចិត្ត​ប្តូរ​យក​ទូរស័ព្ទ​ម៉ាក​Samsungដដែល ប៉ុន្តែ​នៅ​គ្រប់​គ្រាន់​ល្មម​ស្ងប់​ចិត្ត​ទេ។ សុខ​ចិត្ត​ប្តូរ បង់ខាត​ថវិកា​ហើយ ត្រូវ​ប្រឈម​នឹង​ការ​ប្តឹង​ទារ​សំណង​ជំងឺ​ចិត្ត​ទៀត។ ក្នុង​សំណុំ​រឿង​Galaxy Note7 មួយ​ ​Samsung ក្រុមហ៊ុន​ទូរស័ព្ទ​ដ៏​ធំ​ជាង​គេ​នៅ​លើ​ពិភពលោក​និង​តំណាង​ឱ្យ​១២%​នៃ​ផលិតផល​សរុប​ក្នុង​ស្រុក​ បាន​ខាត​បង់​យ៉ាង​ហោច​៥ពាន់​លាន​អឺរ៉ូ​ និងអាច​ដល់​រាប់​សិប​ពាន់​លាន​ បើ​គិត​បញ្ចូល​ទាំង​តម្លៃ​ផលិត​ទូរស័ព្ទ តម្លៃ​វិនិយោគ​រយៈ​ពេល ១៨​ខែ​ចុងក្រោយ ព្រមទាំង​ចំណាយ​របស់​ក្រុមហ៊ុន​ខាង​ផ្នែកmaketing​និង​ពាណិជ្ជកម្ម។ តែ​គ្មាន​អ្វី​ត្រូវ​ព្រួយ​បារម្ភ​ខ្លាច​ក្រុមហ៊ុន​នៃ​ដួល​រលំឡើយ៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ