អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តើ​ជប៉ុន និង​ហ្វីលីពីន​កំពុង​ពង្រឹង​សម្ព័ន្ធមិត្ត​ដើម្បី​ប្រឆាំង​ចិន​ឬ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២៧ តុលា​នេះ​ជា​ថ្ងៃ​ទី៣ និង​ថ្ងៃ​ចុង​ក្រោយ​នៃ​ដំណើរ​ទស្សនកិច្ច​រយៈពេល ៣ថ្ងៃ​របស់​លោក​ប្រធានាធិបតី​ហ្វីលីពីន​ឌុយទែរតេ​ក្នុង​ប្រទេស​ជប៉ុន។ នៅ​ក្នុង​ជំនួប​ជាមួយ​លោក​នាយករដ្ឋមន្រ្តី​ជប៉ុន​ស្ហ៊ីនហ្សូ អាបេ លោក​ឌុយទែរតេ​បាន​គូស​បញ្ជាក់​ពី​តួនាទី​មិន​អាច​ខ្វះ​បាន​របស់​ជប៉ុន​នៅ​ក្នុង​ការ​ធានា​សុវត្ថិភាព និង​សន្តិសុខ​នៅ​ក្នុង​តំបន់។ តែ​ទន្ទឹម​គ្នា​នេះ លោក​ឌុយទែរតេ​ក៏​មិន​ភ្លេច​និយាយ​រឿង​ច្រំដែល​ទាក់ទង​នឹង​វត្តមាន​ទាហានអាមេរិក​លើ​ទឹកដី​ហ្វីលីពីន​ដែល​លោក​មិន​ចង់​ឃើញ​មាន​ទៀត​ទេ​នៅ ២ឆ្នាំ​ខាង​មុខ។

លោក​ប្រធានាធិបតី​ហ្វីលីពីន​ឌុយទែរតេ (រូបឆ្វេង) និង​លោក​នាយរដ្ឋមន្រ្តីជប៉ុន​ស្ហ៊ីនហ្សូ អាបេ
លោក​ប្រធានាធិបតី​ហ្វីលីពីន​ឌុយទែរតេ (រូបឆ្វេង) និង​លោក​នាយរដ្ឋមន្រ្តីជប៉ុន​ស្ហ៊ីនហ្សូ អាបេ Reuters
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ជំនួប​រវាង​លោក​ឌុយទែរតេ និង​លោក​ប្រមុខ​រដ្ឋាភិបាល​ជប៉ុន​ស្ហ៊ីនហ្សូ អាបេ ឥស្សរជន​ទាំង​ពីរ​បាន​លើ​យក​ប្រធានបទ​ជា​ច្រើន​ទៅ​ជជែក តាំង​ពី​ទំនាក់ទំនង​ទ្វេភាគី​រហូត​ដល់​បញ្ហា​តំបន់​ដោយ​ផ្តោត​ពិសេស​លើ​ជម្លោះ​នៅ​ក្នុង​សមុទ្រចិន។ ចូរ​កុំ​ភ្លេច​ថា ជប៉ុន និង​ហ្វីលីពីន​ជា​សម្ព័ន្ធមិត្ត​ចាក់​ទឹកមិន​លិច​ជាមួយ​អាមេរិក​ដូច​គ្នា ហើយ​ក៏​កំពុង​មាន​ជម្លោះ​ទល់​នឹង​ចិន​ដូច​គ្នា​ទាក់ទង​នឹង​ជម្លោះ​នៅ​ក្នុង​សមុទ្រ​ចិន។ ហ្វីលីពីន និង​ចិន​កំពុង​ប្រឈម​មុខ​ដាក់​គ្នា​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ចំណែក​ជប៉ុន និង​ចិន​កំពុង​ប្រឈម​មុខ​ដាក់​គ្នា​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​កើត។

តែ​នៅ​ក្នុង​ជំនួប​ទ្វេភាគី​រវាង​គ្នា លោក​ឌុយទែរតេ និង​លោក​ស្ហ៊ីនហ្សូ អាបេ​បាន​បញ្ជាក់​ពី​សារៈសំខាន់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​តាម​សន្តិវិធី​ដោយ​ផ្អែក​លើ​មូលដ្ឋាន​ច្បាប់​អន្តរជាតិ​ស្តីពី​ច្បាប់​សមុទ្រ។ ដោយឡែក លោក​ប្រមុខ​រដ្ឋាភិបាល​ជប៉ុន​អាបេ​ក៏​បាន​ឆ្លៀត​និយាយ​អំពី​សេចក្តីសម្រេចចិត្ត​របស់​តុលាការ​អាជ្ញាកណ្តាល​អន្តរជាតិ​ក្រុង​ឡាអេ​ដែល​បាន​សម្រេច​ឲ្យ​ហ្វីលីពីន​ឈ្នះ​ចិន​នៅ​ក្នុង​បណ្តឹង​ដែល​ហ្វីលីពីន​ប្តឹង​ចិន​រឿង​សមុទ្រ​ចិន​ខាងត្បូង។ លោក​អាបេ​បាន​ភ្ជាប់​រឿង​សមុទ្រចិន​ខាង​ត្បូង​ដែល​ចិន​កំពុង​មាន​ជម្លោះ​ជាមួយ​ប្រទេស​អាស៊ាន​មួយ​ចំនួន​ទៅ​នឹង​រឿង​សមុទ្រ​ចិន​ខាង​កើត​ដែល​ជប៉ុន​កំពុង​ប្រឈម​មុខ​នឹង​ចិន​ទាក់ទង​នឹង​ទីប្រជុំ​កោះ​សេនកាគុ។

លោក​អាបេ​បាន​យល់​ឃើញ​ថា រឿង​សមុទ្រ​ចិន​ខាង​កើត​ក៏​ជា​ប្រធានបទ​សំខាន់​ដែល​គ្រប់​គ្នា​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ដូច​រឿង​សមុទ្រចិន​ខាងត្បូង​ដែរ ព្រោះ​វា​មាន​ជាប់​ទាក់ទង​ផ្ទាល់​នឹង​សន្តិភាព និង​ស្ថិរភាព​នៅ​ក្នុង​តំបន់។ ជា​ចម្លើយ​តប​វិញ លោក​ឌុយទែរតេ​បាន​គូសបញ្ជាក់​ថា ជប៉ុន​ជា​ដៃគូ​សន្ទនា​ដ៏​សំខាន់​មួយ​ដើម្បី​ធានា​សន្តិសុខ​ផ្លូវសមុទ្រ​នៅ​ក្នុង​តំបន់ រួម​ទាំង​នៅ​សមុទ្រ​ចិន​ខាង​កើត​ផង។ ទន្ទឹម​គ្នា​នេះ លោក​ឌុយទែរតេ​ក៏​បាន​ប្តេជ្ញា​បន្ត​ធ្វើ​កិច្ចសហប្រតិបត្តិការ​ធ្លុងមួយ​ជាមួយ​ជប៉ុន​ដើម្បី​ប្រយោជន៍​រួម​នៅ​ក្នុង​តំបន់ និង​ដើម្បី​ការពារ​តម្លៃរួម​នៃ​លទ្ធិប្រជាធិបតេយ្យ។

លោក​អាបេ​សាទរ​ហ្វីលីពីន​បង្កើន​ទំនាក់ទំនង​ទ្វេភាគី​ជាមួយ​ចិន

ដំណើរ​ទស្សនកិច្ច​របស់​លោក​ឌុយទែរតេ​ក្នុង​ប្រទេស​ចិន​ថ្មីៗ​នេះ​ត្រូវ​បាន​លោក​ស្ហ៊ីនហ្សូ អាបេ​សាទរ។ លោក​អាបេ​បាន​យល់​ឃើញ​ថា វា​ជា​រឿង​ល្អ​ទៅ​វិញ​ទេ​ដែល​លោក​ឌុយទែរតេ​បាន​ជ្រើស​យក​ផ្លូវ​សម្របសម្រួល​ជាជាង​ផ្លូវ​ប្រឈម​មុខ​ដាក់​ចិន​ដូច​ដែល​លោក​អតីត​ប្រធានាធិបតី​ហ្វីលីពីន​អាគីណូ​បាន​ធ្វើ​កន្លង​មក។ គួរ​ជម្រាប​ជូន​ថា មិនមែន​មាន​តែ​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​ទេ សូម្បី​តែ​ជម្លោះ​សមុទ្រ​ចិន​ខាង​កើត​ដែល​ជប៉ុន និង​ចិន​កំពុង​ប្រឈម​មុខ​ដាក់​គ្នា​ទាក់ទង​នឹង​ទីប្រជុំ​កោះ​សេនកាគុ​ក៏​ជប៉ុន​ចង់​បាន​ដំណោះស្រាយ​ដោយ​សន្តិវិធី​ដែរ នោះ​បើ​ទោះ​បី​សព្វថ្ងៃ​នេះ ទីប្រជុំ​កោះ​សេនកាគុ​កំពុង​ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​ជប៉ុន​ក៏​ដោយ។

ដោយឡែក ការ​គំរាម​របស់​លោក​ឌុយទែរតេ​ដែល​ចង់​ឲ្យ​អាមេរិក​ដក​ទាហាន​របស់​ខ្លួន​ទាំង​អស់​ចេញ​ពី​ទឹកដី​ហ្វីលីពីន​មិន​បាន​ក្លាយ​ជា​ប្រធានបទ​នៃ​ជំនួប​រវាង​លោក​ឌុយទែរតេ និង​លោក​អាបេ​ទេ។ គេ​អាច​និយាយ​បាន​ថា នេះ​ជា​ប្រធានបទ​រសើប​មួយ​ដែល​ភាគី​ទាំង​ពីរ​ចៀសវាង​មិន​លើក​យក​ទៅ​និយាយ។ ជា​ប្រធានបទ​រសើប ព្រោះ​ហ្វីលីពីន​របស់​លោក​ឌុយទែរតេ និង​ជប៉ុន​របស់​លោក​អាបេ​យល់​ឃើញ​មិន​ដូច​គ្នា​ទេ។ លោក​ឌុយទែរតេ​ចង់​បណ្តេញ​ទាហាន​អាមេរិក​ទាំង​អស់​ចេញ​ទឹកដី​ហ្វីលីពីន តែ​លោក​អាបេ​បន្ត​ត្រូវ​ការ​វត្តមាន​ទាហាន​អាមេរិក​ដើម្បី​ជួយ​ការពារ​ជប៉ុន​ពី​សត្រូវ​ក្នុង​តំបន់។

លោក​អាបេ​បាន​ព្យាយាម​មិន​លូកដៃ​ក្នុង​រឿង​នេះ​ដោយ​ទុក​ឲ្យ​ប្រទេស​ពាក់ព័ន្ធ​ផ្ទាល់​ជា​អ្នក​សម្រេចចិត្ត​ដោយ​ខ្លួន​ឯង។ យ៉ាង​ណា​ក៏​ដោយ និង​ដើម្បី​រំងាប់​ភាព​មន្ទិលសង្ស័យ លោក​ឌុយទែរតេ​បាន​និយាយ​ធានា​ថា ការ​ដែល​លោក​ចង់​លែងលះ​ជាមួយ​អាមេរិក​មិនមែន​ដើម្បី​ទៅ​ឱបរឹត​ចិន​តាម​ផ្លូវយោធា​ទេ និង​ថា​ជាមួយ​ចិន លោក​និយាយ​តែ​ពី​រឿង​ជំនួញ ដោយ​មិន​និយាយ​ពី​អាវុធ ឬ​មួយ​ពី​ការ​ដាក់​ពង្រាយ​ទ័ពចិន​លើ​ទឹកដី​ហ្វីលីពីន​ឡើយ។

ហ្វីលីពីន និង​ជប៉ុន​ព្យាយាម​ទុក​រឿង​អាតីតកាល​មួយ​ឡែក

គេ​អាច​និយាយ​បាន​ជា​ទូទៅ​ថា ហ្វីលីពីន និង​ជប៉ុន​មាន​ទំនាក់ទំនង​រវាង​គ្នា នោះ​បើ​ទោះ​បី​ជា​មាន​បង្កប់​ដោយ​រឿងអាស្រូវ​ក្នុង​អតីតកាល​មួយ​ចំនួន​ក្តី ពិសេស​ក្នុង​អំឡុង​សង្រ្គាមលោក​លើក​ទី២ ដែល​ហ្វីលីពីន​ជា​ប្រទេស​រងគ្រោះ​មួយ​ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​កងទ័ព​ជប៉ុន ហើយ​ក្នុង​អំឡុង​ពេល​នោះ ​ស្រ្តីហ្វីលីពីន​ជា​ច្រើន​នាក់​ត្រូវ​បាន​ទាហាន​ជប៉ុន​ចាប់បង្ខំ​ឲ្យ​ធ្វើ​ជា​ស្រ្តី​បម្រើ​ផ្លូវភេទ។ នៅ​ក្រោយ​សង្រ្គាមលោក​លើក​ទី២ រដ្ឋាភិបាល​ក្រុង​តូក្យូ​មិន​ដែល​បាន​ទទួល​ស្គាល់​ពេញមាត់ និង​ស្មោះ​អស់​ពី​ចិត្ត​នូវ​​កំហុស​របស់​ខ្លួន​ទេ។

ទោះ​ជា​យ៉ាង​នេះ​ក្តី រឿងរ៉ាវ​ប្រវត្តិសាស្រ្ត​មួយ​នេះ​មិន​បាន​រារាំង​ជប៉ុន និង​ហ្វីលីពីន​ឲ្យ​បង្កើន​ទំនាក់ទំនង​ល្អ​រវាង​គ្នា​ទេ ពិសេស​ទំនាក់ទំនង​ល្អូកល្អឺន​ខ្លាំង​ក្នុង​ជំនាន់​លោក​ប្រធានាធិបតី​ហ្វីលីពីន​អាគីណូ។

នៅ​ក្នុង​ជំនាន់​លោក​អាគីណូ តូក្យូ និង​ម៉ានីល​បាន​ពង្រឹង​ទំនាក់ទំនង​នៅ​លើ​គ្រប់​វិស័យ តាំង​ពី​សេដ្ឋកិច្ច​ដល់​យោធា​ដោយ​បើក​ធ្វើ​សមយុទ្ធ​រួម​គ្នា​ដើម្បី​ការពារ​ប្រយោជន៍​ក្នុង​តំបន់ និង​មិន​ញញើត​ចេញ​មុខ​ដំឡើង​សាច់ដុំ​ដាក់​ចិន​ទេ។ នៅ​ក្នុង​វិស័យ​សេដ្ឋកិច្ច ជប៉ុន​បាន​ផ្តល់​លុយ​ជា​ច្រើន​ឲ្យ​ហ្វីលីពីន ហើយ​ជា​រៀងរាល់​ឆ្នាំ ទឹកប្រាក់​នៃ​ការ​ដោះដូរ​ពាណិជ្ជកម្ម​រវាង​គ្នា​មាន​ជា​ច្រើន​ពាន់​លានដុល្លារ ជាក់ស្តែង​ក្នុង​ឆ្នាំ ២០១៥ មាន​ជាង ១៨ ០០០លានដុល្លារ។

នៅ​ក្នុង​ជំនាន់​លោក​ឌុយទែរតេ ហ្វីលីពីន​ក៏​បាន​ប្តេជ្ញា​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​ជប៉ុន ហើយ​ជប៉ុន​ក៏​មិន​បាន​ប្តូរ​ជំហរ​របស់​ខ្លួន​ដែរ។ ជាកស្តែង លោក​អាបេ​បាន​ផ្តល់​ប្រាក់កម្ចី​ក្នុង​ការប្រាក់​ទាប​ឲ្យ​ហ្វីលីពីន​ចំនួន​ជាង ២០០លានដុល្លារ។ លោក​ឌុយទែរតេ​បាន​ដឹង​ខ្លួន​ថា ពិត​មែន​តែ​លោក​យល់ព្រម​ចរចា​ជាមួយ​ចិន​នៅ​ក្នុង​ជម្លោះ​សមុទ្រចិន​ខាងត្បូង​ក៏​ដោយ ក៏​លោក​មិន​ច្បាស់​ថាចិន​យល់ព្រម​ចែក​ប្រយោជន៍​ជាមួយ​លោក​ដែរ ហើយ​ការ​រឹតចំណង​ជាមួយ​ជប៉ុន គឺ​ជា​បច្ច័យ​មួយ​ធំ​ណាស់​ដើម្បី​ដាក់​គំនាប​បន្ថែម​លើ​ចិន​នៅ​ក្នុង​តំបន់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ