អានតួអត្ថបទ
អូស្ត្រាលី-បរិស្ថាន

កិច្ចព្រមព្រៀង​ជា​ប្រវត្តិសាស្រ្ត​ស្តីពី​ការ​បង្កើត​តំបន់​ជម្រក​ពិសេស​សំរាប់​សត្វ និង​រុក្ខជាតិ​​នៅ​មហាសមុទ្រ​អង់តាក់ទិក

ប្រទេស​ចំនួន​២៤​និង​សហភាព​អឺរ៉ុប បន្ទាប់​ពី​បាន​​ចចារ​គ្នា​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​កន្លងមក ទើប​​សម្រេច​បាន​កិច្ច​ព្រមព្រៀង​ជា​ប្រវត្តិសាស្ត្រ​មួយ​នៅ​ថ្ងៃ​សុក្រ​២៨​តុលា​នេះ​នៅ​ប្រទេស​អូស្រ្តាលី​។ ​ជា​កិច្ច​ព្រមព្រៀង ដើម្បី​បង្កើត​តំបន់​ពិសេស​មួយ​សម្រាប់​ទុក​​ជា​ជម្រក​របស់​សត្វ​និង​រុក្ខជាតិ​សមុទ្រ​ចំរុះ​នៅ​ក្នុង​មហា​សមុទ្រ​អង់តាក់ទិក​ ដែល​មាន​​ផ្ទៃ​ក្រឡា​ប្រវែង ១ លាន​៥​សែន​៥​ម៉ឺន​គីឡូ​ម៉ែត្រ​ការ៉េ។ ប្រព័ន្ធ​បរិស្ថាន​​ក្នុង​​តំបន់​ពិសេស​​នេះ​នឹង​ត្រូវ​គេ​គាំពារ​ថែ​រក្សា​ចាប់​ពី​អំណេះ​តទៅ​​ដោយ​មាន​ការ​​ហាម​នេសាទ​ក្នុង​រយៈ​ពេល​ដ៏​វែង។

Des manchots empereurs photographiés en 2006.
Des manchots empereurs photographiés en 2006. Wikimedia Commons / Domaine public
ផ្សាយពាណិជ្ជកម្ម

រួម​ប្រជុំ​គ្នា​នៅ Hobart ក្នុង​ប្រទេស​អូស្ត្រាលី សមាជិក​របស់​គណៈកម្មការ​ដើម្បី​ការ​អភិរក្ស​ធនធាន​សមុទ្រ​មហា​សមុទ្រ អង់តាក់ទិក​ បាន​សម្រេចចិត្ត​ហាម​នេសាទ​ក្នុង​រយៈ​ពេល​៣៥​ឆ្នាំ​នៅ​ក្នុង​តំបន់​ការពារ​បរិស្ថាន​សំរាប់​សត្វ​សមុទ្រ​នៅ Ross ដែល​ជា​ឆក​សមុទ្រ​ដ៏​ធំ​ធេង​មួយ​នៅ​ខាង​មហា​សមុទ្រ​ប៉ាស៊ីហ្វីក​និង​ដែល​ស្ថិត​នៅ​ក្រោម​យុត្តាធិការ នូវែលហ្សេឡង់។ ​គំរោង​អភិរក្ស​ធនធាន​សមុទ្រ​នេះ ត្រូវ​បាន​​ស្នើ​ឡើង​ដោយ​សហរដ្ឋអាមេរិក​និង​នូវែលហ្សេឡង់។ ​រុស្ស៊ី​បន្ទាប់​ពី​បាន​បដិសេធ​៥​ដង​រួច​មក នៅ​ទីបំផុត​បាន​សុខចិត្ត​យល់ព្រម​ចុះហត្ថលេខា​លើ​គម្រោង​បង្កើត​តំបន់​ការពារ​សត្វ​សមុទ្រ​នេះ​ដែរ។​

យោងតាម​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​នូវែលហ្សេឡង់ លោក Murray McCully ​តំបន់​ជម្រកសត្វ​សមុទ្រ​នេះ មាន​ផ្ទៃ​ក្រឡា​ជាង​១​លាន​៥​សែន​៥​ម៉ឺន​គីឡូម៉ែត្រ​ការ៉េ  ដែល​ក្នុង​នោះ ​ផ្ទៃ​សមុទ្រ​ទំហំ ​១​លាន​១២​សែន​គីឡូ​ម៉ែត្រ​ការ៉េ ត្រូវ​បាន​គេ​ហាម​នេសាទ​ក្នុង​រយៈ​ពេល​៣៥​ឆ្នាំ។​ ម្យ៉ាងទៀត ក្រុម​អ្នក​វិទ្យាសាស្ត្រ​និង​​អ្នក​ការពារ​បរិស្ថាន បាន​វាយ​តម្លៃ​ថា ការ​បង្កើត​ដែន​ពិសិដ្ឋ​ដើម្បី​ការ​អភិវឌ្ឈ​សត្វ​សមុទ្រ គឺ​ជា​សេចក្តី​សម្រេចចិត្ត​ជា​ប្រវត្តិសាស្ត្រ​មួយ​។ ក្រៅ​ពី​កិច្ច​ការ​អភិរក្ស​លើ​តំបន់ ក្រុម​អ្នក​វិទ្យាសាស្ត្រ កាន់តែ​មាន​លទ្ធភាព​ច្រើន​ថែម​ទៀត​ក្នុង​ការសិក្សា​ស្រាវជ្រាវ​របស់​ខ្លួន​នៅ​លើ​ផល​ប៉ះ​ពាល់​នៃ​ការ​ផ្លាស់ប្តូរ​អាកាសធាតុ-នេះ​ជា​ការ​គូសបញ្ជាក់​បន្ថែម​របស់​ក្រុម​អ្នកវិទ្យាសាស្ត្រ។

គួរ​រំលឹក​ថា មហា​សមុទ្រ​អង់តាក់ទិក គឹ​ជា​តំបន់​ទី​ជម្រក​បរិស្ថាន​ដ៏​ពិសេស​បំផុត​មួយ​​ពីព្រោះ​វា​ជាទី​​សម្បូរ​ទៅដោយ​សត្វ​និង​រុក្ខជាតិ​សមុទ្រ​ចំរុះចំនួន​ជាង​១​ម៉ឺន​ជំពូក​និង​ដែល​កំពុង​តែ​ត្រូវ​បាន​ទទួល​ការ​គំរាម​កំហែង​កាន់តែខ្លាំងឡើងៗ​ដោយសារ​ការ​អភិវឌ្ឈន៍​ជលផល​និង​ការដឹក​ជញ្ជូន​តាម​ផ្លូវ​សមុទ្រ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ