ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 19/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/08 12h00 GMT
អាស៊ី

ចិន​អនុម័ត​​ច្បាប់​សន្តិសុខ​អ៊ីនធ័រនែត ដើម្បីងាយ​​​​ត្រួត​ពិនិត្យអ្នក​ប្រើប្រាស់

media  
ចិនមាន​ប្រព័ន្ធ​ទំនើប ឈ្មោះ​​ មហាកំផែង​អេឡិចត្រូនិច អាច​​បិទ​ខ្ទប់​វិបសៃត៍​បរទេសពី​ចម្ងាយ​ AFP

សភា​ចិន​បាន​អនុម័ត​នៅ​ថ្ងៃចន្ទ​នេះ ច្បាប់​សន្តិសុខ​អ៊ីនធ័រនែត​ដ៏​ចម្រូង​ចម្រាស​ ដោយ​រឹត​បន្តឹងការ​ត្រួត​ពិនិត្យ​លើ​សេរីភាព​នៃការ​បញ្ចេញ​មតិ​តាម​ប្រព័ន្ធ​អ៊ីនធ័រនែត​ និង​បង្ខំ​ឱ្យ​ក្រុមហ៊ុន​សហគ្រាស​ទាំង​អស់ រាប់​ទាំង​ក្រុមហ៊ុន​បរទេស​ផង ឱ្យ​សហការ​ជាមួយ​នឹង​អាជ្ញាធរ​ ក្នុង​កិច្ចការពារ​សន្តិសុខ​ជាតិ។

គណបក្ស​កុម្មុយនិស្ត​ចិន ដ៏​មាន​អំណាច​នៅ​ចិន បាន​បិទ​ខ្ទប់​​​វិបសៃត៍បរទេស​​ជា​ច្រើន  ដូច Google Facebook Twitter You tube Instagram Dailymotion ... មិន​ឱ្យ​មាន​ប្រើ​បាន​នៅ​ចិន​ទេ។ ប្រព័ន្ធ​បិទ​ខ្ទប់​ដ៏​ទំនើប​នោះ​មានរហ័សនាម​ថា មហា​កំផែង​អេឡិចត្រូនិក។ អត្ថបទ​ ប្លុក វេទិកា​អ៊ីនធ័រនែត​ផ្សេងៗ ឬ​ការ​បញ្ចេញ​មតិ​ធ្វើ​អត្ថាធិប្បាយ​​លើ​ប្រព័ន្ធ​សង្គម​ចិន ក៏​អាច​ត្រូវ​លុប​ចោល​ និង​ហាមឃាត់​បាន​ដែរ។

ហើយ​នៅ​ថ្ងៃ​ចន្ទ​នេះ គណៈកម្មការ​អចិន្ត្រៃយ៍​នៃ​សភាប្រជាជន​ចិន បាន​​ផ្តល់​ក្របខ័ណ្ឌ​ស្រប​ច្បាប់ដល់​ការ​ត្រួត​ពិនិត្យ​អ៊ីនធ័រនែត តាម​រយៈ​ការ​​អនុម័ត​ច្បាប់​សន្តិសុខ​អ៊ីនធ័រនែតថ្មី​។ ច្បាប់​ដែល​ត្រូវ​មក​ការពារ​​បណ្តាញ​ជាតិ និង​ទិន្នន័យ​ឯកជនរបស់​អ្នក​ប្រើប្រាស់​ចិន​​ចំនួន ៧១០​លាន​នាក់។

លើស​ពីនេះទៅ​ទៀត ច្បាប់​បាន​ហាម​ឃាត់​មិន​អ្នក​ប្រើប្រាស់​អ៊ីនធ័រនែត​​បង្ហោះ​ផ្សាយសារ​ណា​ដែល​មាន​​ខ្លឹមសារប៉ះពាល់​ដល់​កិត្តិយស​ជាតិ ​ដល់​សណ្តាប់​ធ្នាប់​សេដ្ឋកិច្ច/សង្គម​ ឬ​ប្រឆាំង​ប្រព័ន្ធ​សង្គមនិយម ពោល​គឺ​បក្ស​កុម្មុយនិស្ត​ចិន​ឡើយ។ ច្បាប់​ដែល​នឹង​​ចូល​ជា​ធរមាន​ចាប់​ពី​ថ្ងៃទី ១ មិថុនា​២០១៧នេះ​​ ក៏​តម្រូវ​ឱ្យ​ក្រុមហ៊ុន​អ៊ីនធ័រនែតធ្វើ​ប្រតិបត្តិការ​នៅ​​ចិន​ទាំង​អស់ ទោះបី​ជា​ក្រុមហ៊ុន​បរទេស​ក៏​ដោយ ត្រូវ​តែផ្ទៀង​ផ្ទាត់​អត្តសញ្ញាណ​អ្នក​ប្រើប្រាស់​ និង​មិន​អាច​លាក់​មុខ​បាន​ឡើយ។ ក្រុមហ៊ុន​ដាច់​ខាត​ត្រូវ​ផ្តល់​ជំនួយ​បច្ចេកទេស និង​ជួយ​អាជ្ញាធរ​ក្នុង​រក​ធ្វើ​ការ​ធ្វើ​អង្កេត​វែក​រក​មុខ​ជន​ល្មើស​ឬ​ជន​ឧក្រិដ្ឋ។

​ ពិភព​អ្នក​សេដ្ឋកិច្ច​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ពាក្យ​ថា​ “ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ ដើម្បី​ការពារ​សន្តិសុខ​ជាតិ”។  អង្គការ​ការពារ​សិទ្ធិមនុស្ស​​បាន​បរិហារ​ច្បាប់​ថ្មី​នេះ​ថាអ្នក​ប្រើប្រាស់​អ៊ីនធ័រនែត​ ​ក្រុមហ៊ុន​រក​ស៊ី​នៅ​និង​ជាមួយ​ចិន កំពុង​ស្ថិត​ក្នុង​គ្រោះ​ថ្នាក់​ហើយ។

សូម​បញ្ជាក់​ថា ចិន​បាន​បិទ​ខ្ទប់ និង​ត្រួត​ពិនិត្យ​​ខ្លឹម​សារ​បង្ហោះ​លើ​ប្រព័ន្ធ​អ៊ីនធ័រនែត តាំង​ពី​ឆ្នាំ​២០១៣​មក​។ តាម​រយៈ​វិធានការ​​ត្រួត​ពិនិត្យ​នេះ អ្នក​ប្រើប្រាស់​អ៊ីនធ័រនែត អាច​នឹង​ត្រូវ​ជាប់​ពន្ធនាគារ​បី​ឆ្នាំ​​ពី​បទ​បង្ហោះ​សារ​បង្ខូច​ឈ្មោះ លើ​ស​ពី​៥រយ​ដង ឬ​មាន​អ្នក​ចូល​មើល​លើស​ពី​៥ពាន់​ដង។ ខំមិន​នៅ​ក្នុង​ប្រព័ន្ធ​សង្គម​អាច​នឹង​ត្រូវ​យក​ទៅ​ប្រើប្រាស់​នៅ​ពេល​សវនការ​កាត់​ទោស​សកម្មជន​បក្ស​ផង​ក៏​មាន៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ